26.3 C
Phnom Penh

អ្នក​ឃ្លាំមើល​សាទរ​ចំណាត់ការ​ផ្អាក​មុខងារ​លោក ស៊ាន បូរ៉ាត ពី​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម សាទរ​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក្នុង​ការ​ចាត់​វិធានការ​ផ្អាក​មុខងារ​លោក ស៊ាន បូរ៉ាត ពី​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជុំវិញ​ករណី​ពាក់ព័ន្ធ​អំពើ​ឆបោក​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្នុង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ សីហា នេះ ដោយ​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​នីតិវិធី​ទៅ​តុលាការ​មួយ​ជំហាន​ទៀត​នៅ​ពេល​ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់​លើ​ករណី​ឆបោក​របស់​លោក ស៊ាន បូរ៉ាត ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ និង​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

លោក សេក សុជាតិ លើកឡើង​ថា ការ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហ៊ាន​វះកាត់​សាច់​ស្អុយ​បែប​នេះ គឺជា​មោទនភាព​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ហើយ​ការ​ធ្វើ​បែប​នេះ ក៏​នឹង​ទទួល​បាន​មក​វិញ​នូវ​ការ​ជឿ​ទុកចិត្ត​ពី​ពលរដ្ឋ​ចំពោះ​សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ក្នុង​ការ​បោស​សម្អាត​អំពើពុករលួយ​ដែរ។

អ្នក​ឃ្លាំមើល​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​ធានា​នូវ​ការ​លុប​បំបាត់​អំពើពុករលួយ​កាន់តែ​ខ្ពស់។

កាលពី​ថ្ងៃទី​១១ ខែ​សីហា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្តី​សម្រេច ស្ដីពី​ការ​ផ្អាក​មុខងារ​របស់​លោក ស៊ាន បូរ៉ាត អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​តម្រូវ​ឱ្យ​បង្ហាញ​ខ្លួន​រៀង​រាល់​ថ្ងៃ​ធ្វើការ​នៅ​អង្គភាព​ជា​កំហិត។

ការ​ប្រកាស​ផ្អាក​មុខងារ​លោក ស៊ាន បូរ៉ាត នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​រូបលោក​កាលពី​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាង​ថា លោក ស៊ាន បូរ៉ាត ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្នុង​ករណី​ឆបោក​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ចាញ់បោក​រាប់​ពាន់​នាក់ និង​គិត​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ក្រោយ​ការ​ស៊ើបអង្កេត​ជិត ២​ឆ្នាំ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជាក់​ថា ក្រោយ​ពិនិត្យ​ផ្ទៀងផ្ទាត់ ACU បាន​រក​ឃើញ​ថា លោក ស៊ាន បូរ៉ាត គឺជា​ជនសង្ស័យ​ក្នុង​អំពើ​ឆបោក​នេះ។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស (ជា​ក្រុម​មាន​ការ​ចាត់តាំង)» និង​ចោទប្រកាន់​ពី​បទ «សម្អាត​ប្រាក់» ព្រមទាំង​ចោទប្រកាន់​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​ចេញ​សែក​ស្អុយ។

បន្ទាប់ពី​អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន រូបថត​ជាច្រើន​សន្លឹក​របស់​លោក ស៊ាន បូរ៉ាត ក៏​ត្រូវ​បាន​គេ​ទម្លាយ​ជា​ហូរហែ ដែល​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​ពិត​ជា​បាន​សហការ​គ្នា​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​អាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស