30.7 C
Phnom Penh

ក្រសួង​មហាផ្ទៃ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​លោក ធឿន រដ្ឋា មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​លោក ធឿន រដ្ឋា ប្រធាន​នាយកដ្ឋាន​សិទ្ធិមនុស្ស​នៃ​គណបក្ស​ដើម្បី​កម្ពុជា មិនមែន​ជា​រឿង​នយោបាយ​ទេ បន្ទាប់ពី​ជនរងគ្រោះ​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍ ថា​មិន​បាន​បំពេញ​ភារកិច្ច​ស៊ើបអង្កេត​បទល្មើស​ចរាចរណ៍។

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បណ្តឹង​ដែល​ចោទប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍​ថា​មិន​បាន​បំពេញ​ភារកិច្ច​ស៊ើបអង្កេត​បទល្មើស​ចរាចរណ៍ និង​ជួយ​សម្រួល​ឲ្យ​ជន​បង្ក​គ្រោះថ្នាក់​រត់​គេច​ខ្លួន នោះ​គឺ​ខាង​នាយកដ្ឋាន​ជំនាញ​នឹង​ស៊ើបអង្កេត​លើ​ករណី​នេះ។

កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៥ លោក ធឿន រដ្ឋា បាន​ដាក់​លិខិត​ជូន​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​សុំ​ឲ្យ​ពិនិត្យ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ចំនួន ២​នាក់ និង​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ។ បណ្តឹង​នោះ​បាន​ចោទប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍​ថា​មិន​បាន​បំពេញ​ភារកិច្ច​ស៊ើបអង្កេត​បទល្មើស​ចរាចរណ៍ និង​ជួយ​សម្រួល​ឲ្យ​ជន​បង្ក​គ្រោះថ្នាក់​រត់​គេច​ខ្លួន។

នៅ​ក្នុង​លិខិត​ដដែល​បាន​អះអាង​ថា កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ម៉ោង ៧​ល្ងាច រថយន្ត​របស់​លោក​ត្រូវ​បាន​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ធុន​ធ្ងន់​ជិះ​ស្រប​ទិស​គ្នា បាន​បើក​មក​បុក​នៅ​ចំណុច​ស្តុប​ផ្សារ​ចម្ការដូង បណ្តាល​ឲ្យ​លោក និង​កូន​របស់​លោក​រង​របួស​ខ្នង ក និង​ក្បាល ដោយសារ​អំបែង​កញ្ចក់​រថយន្ត​ដែល​បែក។

លោក ធឿន រដ្ឋា អះអាង​ថា នៅ​ពេល​កើតហេតុ​មិន​មាន​មន្ត្រី​ចរាចរណ៍​នៅ​ទីនោះ​ទេ ប៉ុន្តែ ២​ម៉ោង​ក្រោយ​មក ទើប​ឃើញ​មាន​មន្ត្រី ២​នាក់ ដែល​អះអាង​ថា​មកពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ចុះ​មក​វាស់វែង តែ​ប៉ូលិស​បាន​បដិសេធ​វាស់​ជាតិ​អាល់កុល​ជន​បង្ក និង​បណ្តោយ​ឲ្យ​ជន​បង្ក​គេច​ខ្លួន​បាត់។

នៅ​ក្នុង​លិខិត​ដដែល លោក​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ទង្វើ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ ដោយ​ដក​ស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស