ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា លើកឡើងថា អត្តចរិតនយោបាយថៃ មិនដែលបិទផ្លូវក្រោយខ្លួនឯងដើម្បីទាញយកផលប្រយោជន៍ពីមហាអំណាចណាមួយដែលពួកគេអាចកេងចំណេញបាននោះទេ។
លោក គិន ភា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ វិច្ឆិកា នេះថា វង់សម្ដែងនយោបាយថៃ មានអ្នកធ្វើឆ្កួត ហើយក៏មានអ្នកធ្វើជាដែរ និងមានអ្នកដើរតួអាក្រក់ ក៏មានអ្នកសម្ដែងធ្វើជាតួល្អថែមទៀត ប៉ុន្តែគឺជាល្ខោនដែលគេតាក់តែងឡើងប៉ុណ្ណោះ។
មន្ត្រីរដ្ឋាភិបាលរូបនេះលើកឡើងថា ក្នុងពេលដែលរដ្ឋាភិបាលថៃ សេពគប់ជាមួយមហាអំណាចណាមួយ ពួកគេក៏នឹងបង្កើតក្រុមប្រឆាំងឱ្យវាយប្រហារនឹងមហាអំណាចនោះដែរ ហើយពេលដែលមហាអំណាចនោះអស់ឥទ្ធិពល និងលែងមានប្រយោជន៍សម្រាប់ពួកគេ ក្រុមប្រឆាំងទាំងនោះនឹងចេញមកវាយប្រហារលើមហាអំណាចនោះដោយត្រង់ៗតែម្តង រហូតទម្លាក់រដ្ឋាភិបាលចាស់ចោល និងបង្កើតរដ្ឋាភិបាលថ្មីថែមទៀត ដើម្បីផ្លាស់ប្ដូរទំនាក់ទំនងជាមួយមហាអំណាចនោះថែមទៀត។
បណ្ឌិត គិន ភា បញ្ជាក់ថា រដ្ឋាភិបាលថ្មីដែលពួកគេបង្កើតឡើង នឹងងាកទៅស្និទ្ធស្នាលជាមួយមហាអំណាចម្ខាងទៀតដែលមានឥទ្ធិពល និងមានផលប្រយោជន៍សម្រាប់ពួកគេ ហើយដោយសារតែបែបនេះ ទើបបានជាទឹកដីថៃ ចេះតែរីកធំ សេដ្ឋកិច្ចក៏រឹង កងទ័ពក៏ខ្លាំង ខណៈនយោបាយការទូតរបស់ពួកគេក៏មានតុល្យភាពដែរ។
ជុំវិញបញ្ហានេះ កាសែតថៃ ខៅស៊ុត (Khaosod) បានចេញផ្សាយអត្ថបទវិចារណកថាមួយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា នយោបាយថៃ កំពុងប្រឈមនឹងឧបសគ្គបន្ទាប់ពីនាយករដ្ឋមន្ត្រីចៃដន្យរបស់ថៃ គឺលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានទាញប្រទេសថៃ ឱ្យធ្លាក់ទៅក្នុងគ្រោះថ្នាក់ ក្រោយនាយករដ្ឋមន្ត្រីថៃ រូបនេះ យកផលប្រយោជន៍របស់ថៃ ទៅលលេងជាមួយអំណាចប្រធានាធិបតីអាមេរិក។
ប្រភពដដែល អះអាងថា គ្រោះថ្នាក់សម្រាប់ថៃ គឺបន្ទាប់ពីលោក អនុធីន ឆានវីរៈគុល ហ៊ានប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា កាលពីថ្ងៃទី១២ វិច្ឆិកា ដោយមិនរាយការណ៍ទៅសហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ ចេញមុខផ្ដួចផ្ដើមដោយផ្ទាល់នោះ។ បន្ថែមពីនេះ លោក អនុធីន ឆានវីរៈគុល ក៏បានគំរាមបោះបង់ពន្ធបដិការរបស់សហរដ្ឋអាមេរិក ដោយជំនួសមកវិញនូវប្រទេសផ្សេងផងដែរសម្រាប់ការនាំចេញផលិតផលរបស់ថៃ ទៅថ្ងៃក្រោយ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កាសែតថៃ The Nation ចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានអមដំណើរមហាក្សត្រថៃ Maha Vajiralongkorn និងមហាក្សត្រី Suthida ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ជុំវិញដំណើរទស្សនកិច្ចនេះ កាសែតចិន ស៊ីនហួរ (Xinhua) បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ស្តេចថៃ ថា ចិននិងថៃ ស្និទ្ធស្នាលដូចក្រុមគ្រួសារតែមួយ ដែលនឹងរួមគ្នាសរសេរជំពូកថ្មីមួយនៃមិត្តភាពចិន និងថៃ ទៅថ្ងៃមុខ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

