ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលគេហៅថាជាកំពូលជនផ្ដាច់ការបំផុតនៅរុស្ស៊ី បាននិយាយថា ទឹកដីនៃតំបន់ដូណែត និងលូហ្គាន់ នឹងត្រូវតែរំដោះបាននៅពេលណាមួយ។
លោក ពូទីន រំលឹកថាសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន ជាការរង់ចាំតែថ្ងៃត្រូវបានរំដោះទឹកដីទាំងពីរនេះ។ លោក ពូទីន បានហៅតំបន់ដូណែត និងលូហ្គាន់ គឺជាសាធារណរដ្ឋប្រជាមានិតមួយរបស់រុស្ស៊ី។
លោក ពូទីន បានកត់សម្គាល់ដូចនេះក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន India Today ដែលលោក ពូទីន ថាតំបន់ទាំងពីរនេះជិតរំដោះបានហើយ។ មេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាក់ថា ការរឹបអូសតំបន់ពីរនេះបាន គឺជាជោគជ័យដោយកម្លាំងទ័ព ហើយទ័ពអ៊ុយក្រែន ត្រូវតែដកចេញពីតំបន់ខ្សែប្រយុទ្ធ បើចង់បានសន្តិភាព។ លោកបន្ថែមថា កងទ័ពរុស្ស៊ី កំពុងវាយរុលទៅមុខដោយគ្មានការវាយរុញច្រានពីទ័ពអ៊ុយក្រែន ទេ។
លោក ពូទីន ទៅដល់ឥណ្ឌា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រា មូឌី។
ឥណ្ឌា ជាប្រទេសនៅតែមានភាពស្និទ្ធស្នាលខ្លាំងជាមួយរុស្ស៊ី គឺដូចប្រទេសចិន ស្និទ្ធនឹងរុស្ស៊ី ដែរ។ ចិន ជាប្រទេសដ៏ធំដែលនៅបន្តទិញប្រេងពីរុស្ស៊ី តែចុងក្រោយនេះ ក្រុមហ៊ុនឥណ្ឌា មួយចំនួនបានងាកចេញពីការទៅនាំប្រេងពីរុស្ស៊ី ដោយសារតែបារម្ភពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ប៉ុន្តែចិន នៅតែបន្តទិញប្រេងពីរុស្ស៊ី ដូចធម្មតា ដោយមិនចូលទណ្ឌកម្មជាមួយប្រទេសដែលប្រឆាំងនឹងប្រទេសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នោះទេ។
ជំនួបចរចារវាងប្រេសិតពិសេសអាមេរិក និងលោក ពូទីន នៅមូស្គូ ដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ពុំទទួលបានលទ្ធផលអ្វីឡើយ។ ជំនួបនេះធ្វើឡើងនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២ ធ្នូ ដែលលោក Steve Witkoff ប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានមកជួបលោក ពូទីន ជាថ្មីទៀត។ រួមដំណើរជាមួយនឹងលោក Jared Kushner កូនប្រសារបស់លោក ដូណាល់ ត្រាំ។ អ្នកទាំងពីរបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដែលអាចឈានទៅបិទបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ប៉ុន្តែផ្ទុយពីការរំពឹងទុក ជំនួបពិសេសនេះពុំមានលទ្ធផលអ្វីឡើយ។ លោក Ouchakov ទីប្រឹក្សាការទូតរបស់លោក ពូទីន បានថ្លែងនៅចំពោះមុខអ្នកកាសែតថា គិតមកទល់ពេលនេះ អាមេរិក និងរុស្ស៊ី នៅពុំទាន់រកឃើញកិច្ចព្រមព្រៀងណាមួយជាផ្លូវការនៅឡើយនោះទេ។
អ្នកកាសែតថាហេតុផលសំខាន់បំផុតមួយដែលធ្វើឱ្យកិច្ចចរចាមិនអាចបោះជំហានទៅមុខបាន ព្រោះតែលោក ពូទីន នៅតែប្រកាន់ជំហរមិនព្រមបោះបង់ការវាយដណ្ដើមទឹកដីពីទ័ពអ៊ុយក្រែន។
នៅមុនជំនួបជាមួយលោក Steve Witkoff លោក ពូទីន បាននិយាយទាំងគំរាមថាត្រូវតែវាយឱ្យបានតំបន់ដូណែត និងលូហ្គាន់ ពីដៃទ័ពអ៊ុយក្រែន។ តំបន់ទាំងពីរនេះស្ថិតក្នុងតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន ដែលមានផ្ទៃដីសរុបជាង ៥៣០០០គីឡូម៉ែត្រការ៉េ។
យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែធ្នូ ថា រូបលោកផ្ទាល់ជឿថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បើទោះជាកិច្ចចរចានៅមូស្គូ មិនអាចសម្រេចបានលទ្ធផលក៏ដោយ។
លោក ត្រាំ នៅតែចាត់ទុកថាជំនួបរបស់ប្រេសិតលោក និងលោក ពូទីន នៅតែជាសញ្ញាល្អសម្រាប់ជំនួបខាងមុខទៀត។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក ពូទីន ពិតជាចង់បញ្ចប់សង្គ្រាម ប៉ុន្តែលោក ត្រាំ ថាវាហាក់ដូចជាលឿនពេកដែលត្រូវប្រាប់ថា តើនឹងមានរឿងអ្វីកើតឡើង ពីព្រោះនេះជាបញ្ហាដែលគូជម្លោះពីរត្រូវស្វែងរកការឯកភាពគ្នាដើម្បីរកដំណោះស្រាយ។
បើតាមក្រុមមន្ត្រីអាមេរិក លោក Witkoff និងលោក Kushner នឹងត្រូវជួបក្រុមអ្នកចរចារបស់អ៊ុយក្រែន ដែលដឹកនាំដោយលោក Rustem Umerov នៅរដ្ឋ Florida នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយផ្ដោតលើជំនួបនៅទីក្រុងមូស្គូ រវាងលោក Witkoff លោក Kushner និងលោក ពូទីន ដែលគេថាវាជួបរឿងបរាជ័យ។
ជុំវិញស្ថានការណ៍សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃទី៤ ធ្នូ នេះ នៅទីក្រុងប៉េកាំង ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានស្នើដល់សមភាគីចិន លោក ស៊ី ជីនពីង ឱ្យជំរុញកិច្ចសហប្រតិបត្តិការខាងភូមិសាស្ត្រនយោបាយ ដែលលោក ម៉ាក្រុង បានស្នើចិន ជួយបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ក្នុងឱកាសនៃជំនួបនៅឯមហាសាលប្រជាជននៃទីក្រុងប៉េកាំង លោក ម៉ាក្រុង បានស្នើឱ្យចិន ត្រូវតែបន្តការជួបជុំគ្នាដើម្បីសន្តិភាព និងស្ថិរភាពក្នុងពិភពលោក ដែលលោកទទូចថា ចិនត្រូវដើរតួនាទីជួយរុញរុស្ស៊ី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

