32 C
Phnom Penh

នាយករដ្ឋមន្ត្រី​គំរាម​មន្ត្រី​សមគំនិត​លាក់​ឧក្រិដ្ឋជន​ឆបោក​អនឡាញ ខណៈ​អង់គ្លេស ជំរុញ​ឱ្យ​បង្ក្រាប​ឱ្យ​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​គំរាម​ដាក់​ទណ្ឌកម្ម​មន្ត្រី​រាជការ​ណា​ដែល​លាក់​បិទបាំង​ឧក្រិដ្ឋជន​បរទេស​ជំពាក់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​ការ​បង្ក្រាប​មេខ្លោង​នៅ​ពី​ក្រោយខ្នង និង​អ្នក​រៀបចំ​ចាត់ចែង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ ព្រោះ​ករណី​នេះ​គឺជា​រឿង​ចាំបាច់​ដែល​ប្រទេស​កម្ពុជា ត្រូវតែ​ធ្វើ។

ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២០ មករា នេះ បាន​ស្រង់​សម្ដី​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក ឆៃ ស៊ីណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពី​ថ្ងៃទី​១៦ ខែ​មករា ថា ចក្រភព​អង់គ្លេស និង​ប្រទេស​កម្ពុជា បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នានា​ដែល​កំពុង​រីក​រាលដាល​នា​ពេល​បច្ចុប្បន្ន។

ស្ថានទូត​អង់គ្លេស បញ្ជាក់​ថា លោក Dominic Williams បាន​ស្វាគមន៍​នូវ​សកម្មភាព​ថ្មីៗ​នៃ​រាជរដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​គឺ​ការ​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ការងារ​នេះ​បន្ថែម​ទៀត ដើម្បី​បង្ក្រាប​មេខ្លោង​នៅ​ពី​ក្រោយខ្នង និង​អ្នក​រៀបចំ​ចាត់ចែង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ឱ្យខាងតែបាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា បើក​ប្រតិបត្តិការ​បោស​សម្អាត​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​អនឡាញ​ជាបន្តបន្ទាប់​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​ព្រមាន​ថា សមត្ថកិច្ច​ដែល​លាក់បាំង​ជនបរទេស​ឲ្យ​ស្នាក់នៅ​ប្រមូលផ្ដុំ​ខុស​ច្បាប់ នឹង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ព្រមទាំង​ត្រូវ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត គំរាម​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មិន​បាន​បំពេញ​មុខនាទី​របស់​ខ្លួន​ដោយ​ស្មោះត្រង់​ក្នុង​ចេតនា​លាក់បាំង​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​ស្នាក់នៅ​ក្នុង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ណា​មួយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​វិន័យ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ការងារ ខណៈ​ម្ចាស់​ទីតាំង​ក៏​ត្រូវ​រង​នូវ​វិធានការ​ច្បាប់​ដែរ។

ក្រោយ​ការ​ព្រមាន​នេះ មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ចុះ​ទៅ​បង្ក្រាប​កាលពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃទី​១៥​ខែ​មករា ឆ្នាំ​២០២៦ ដោយ​ការ​បាញ់​រះ​ជាច្រើន​គ្រាប់​រហូត​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស​មួយ​ចំនួន ខណៈ​ជនបរទេស​ដែល​រង​ការ​បង្ខាំង​ខាង​ក្នុង​អគារ​រាប់​រយ​នាក់ ក៏បាន​នាំគ្នា​សម្រុក​ចេញ​ទាំង​កណ្ដាល​យប់​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អតីត​ឧកញ៉ា ហេង សិទ្ធី ធ្លាប់​បាន​ទម្លាយ​មុន​ពេល​សមត្ថកិច្ច​ខ្មែរ​ចាប់​ខ្លួន​ថា ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Pentor ជា​មេ​ឧក្រិដ្ឋជន​អនឡាញ​ខុស​ច្បាប់​ដ៏​ធំ​ដែល​កំពុង​ត្រូវ​បាន​លោក ហ៊ុន តូ ទទួល​ការពារ​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ថ្នូរ​នឹង​ការ​សូក​លុយ​ពី​ឧក្រិដ្ឋជន​រូប​នោះ​ចំនួន ៦​លាន​ដុល្លារ​អាមេរិក។ ជាង​នេះ​ទៀត ឧក្រិដ្ឋជន​ជនជាតិ​ថៃ រូប​នេះ ក៏បាន​ទិញ​នាឡិកា​ម៉ាក Richard Mille តម្លៃ ២​លាន​ដុល្លារ​ឱ្យ​លោក ហ៊ុន តូ ថែមទៀត ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​លិខិតឆ្លងដែន​សញ្ជាតិ​ខ្មែរ​ផង​ដែរ ដែល​ករណី​នេះ​បញ្ជាក់​ថា លោក ហ៊ុន តូ គឺជា​មេខ្លោង​នៅ​ពីក្រោយ​អំពើ​ឧក្រិដ្ឋ​របស់​ឧក្រិដ្ឋជន​អនឡាញ​នៅ​កម្ពុជា សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៤ លោក ហ៊ុន តូ ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រូបិយប័ណ្ណ​គ្រីបតូ Chainalysis ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​របស់​ក្រុមហ៊ុន Huione ផង​ដែរ ដែល​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ខ្មៅ​ងងឹត ក្នុង​តម្លៃ​ទឹកប្រាក់​រហូត​ដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ​២០២១ មក។

យ៉ាងណាក៏ដោយ គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន បើក​ការ​ស៊ើបអង្កេត​លើ​សាច់ញាតិ​របស់​ខ្លួន​ម្នាក់​នេះ​ឡើយ ទោះបីជា​លោក ហ៊ុន តូ ត្រូវ​សារព័ត៌មាន​អន្តរជាតិ​ផ្សាយ និង​បង្ហាញ​ភស្តុតាង​ជាបន្តបន្ទាប់​ក៏ដោយ។

វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក (Humanity Research Consultancy) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៥ មាន​ចំណងជើង​ថា «រដ្ឋ​គាំពារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆបោក​សកលលោក ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន យ៉ាង​ធំធេង» ដោយ​ស្រង់​ស្ថិតិ​ពី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (UNODC) ដោយ​រក​ឃើញ​ថា​ចំណូល​បាន​ពី​ការ​នាំចេញ​សម្លៀកបំពាក់​លក់​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​បាន​តែ​ប្រមាណ​ជាង ៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ ៣០% នៃ​ផលទុន​ក្នុង​ស្រុក​សរុប (GDP) ប៉ុណ្ណោះ ពី​អំឡុង​ឆ្នាំ​២០២២-២០២៤។

វិទ្យាស្ថាន​នេះ បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ចំណូល​បាន​ពី​របរ​ឧក្រិដ្ឋ​ឆបោក​ពី​អំឡុង​ឆ្នាំ​ដដែល មាន​ចំនួន​ពី​ជិត ១៣ ដល់ ១៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ ៦០% នៃ​ផលទុន​ក្នុង​ស្រុក​សរុប (GDP) ដែល​មាន​ន័យ​ថា បុគ្គលិក​បម្រើ​មុខរបរ​ឆបោក​នេះ ទាំង​ពី ១​សែន​ទៅ ១​សែន ៥​ម៉ឺន​នាក់ បាន​ចំណូល ៣៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ ក្រុមហ៊ុន​បណ្ដុំ​ឧកញ៉ា ចេន ហ្ស៊ី រក​ចំណូល​បាន​ក្នុង​មួយ​ខែ ៣០​លាន​ដុល្លារ។

ដោយ​ហេតុ​នេះ ក្នុង​ខែ​តុលា ឆ្នាំ​២០២៥ សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ព្រាងច្បាប់​លេខ H.R 5490 បាន​កំណត់​មុខសញ្ញា​លើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន ដូចជា លោក នេត សារឿន ឧកញ៉ា ហ៊ុន តូ ឧកញ៉ា កុក អាន លោក ចេន ហ្ស៊ី លោក លី យ៉ុងផាត់ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា លោក គួច ចំរើន មេ​ឧក្រិដ្ឋជន​ឈ្មោះ យ៉ាន ណារ៉ុង លោក យឹម ល័ក្ខ សាច់ថ្លៃ​សមាជិក​រដ្ឋសភា លោក ហ៊ុន ម៉ានី និង​មនុស្ស​ជាច្រើន​ទៀត​ផង​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស