28 C
Phnom Penh

សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​រយៈពេល​ជាង ២៦​ឆ្នាំ​មក​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ដើរតួ​ជា​ប្រភព​ចំណូល​ដែល​អាច​ពឹងផ្អែក​បាន​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ២​ទសវត្សរ៍ (ជាង ២៦​ឆ្នាំ) មក​ហើយ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​កំពុង​រង់ចាំ​តែ​រដ្ឋសភា​ខ្មែរ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក (reciprocal trade agreement) ដែល​បាន​ធ្វើឡើង​កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ប៉ុណ្ណោះ។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​ប្រចាំ​ប្រទេស​កម្ពុជា លោក Casey Barnett បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​មករា នេះ​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅតែ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ និង​អាច​ទុកចិត្ត​បាន ដោយ​ផ្តល់​ចំណូល​ស្ថិតស្ថេរ​ជាបន្តបន្ទាប់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ទោះបីជា​ប្រទេស​កម្ពុជា​រង​នូវ​ការ​វាយប្រហារ​ពី​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ​ក៏ដោយ។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក រូប​នេះ លើកឡើង​ថា កាលពី​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំចេញ​ទៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​ជាង ១២​ពាន់​លាន​ដុល្លារ​អាមេរិក (១២,៧​ពាន់​លាន​ដុល្លារ) ស្មើ​នឹង ២៨% ក្នុង​នោះ​ការ​នាំចេញ​ស្បែកជើង​កើន​ឡើង​ដល់​ជាង ៨០០​លាន​ដុល្លារ​អាមេរិក (៨៦៩​លាន​ដុល្លារ) ស្មើ​នឹង ៥២%។ ចំណែកឯ​ការ​នាំចេញ​សម្បក​កង់​ក៏បាន​កើន​ឡើង​ដល់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ (១,១​ពាន់​លាន​ដុល្លារ) ដែល​ស្មើ​នឹង ៤៥%។

លោក Casey Barnett បញ្ជាក់​ថា តាម​លក្ខណៈ​រដូវកាល ការ​នាំ​ទំនិញ​ចេញពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋ​អាមេរិក ជាទូទៅ​គឺ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៤ ដែល​មាន​ន័យ​ថា ធ្លាក់​ចុះ​នៅ​រាល់​ចុង​ឆ្នាំ ព្រោះ​អ្នក​លក់​រាយ​អាមេរិក ស្តុក​សម្លៀកបំពាក់​ច្រើន​នៅ​ត្រីមាស​ទី​៣ ដើម្បី​ត្រៀម​សម្រាប់​ក្នុង​រដូវកាល​ត្រឡប់​ទៅ​សាលារៀន និង​រដូវកាល​លក់​ពេល​ថ្ងៃ​បុណ្យ​ចុង​ឆ្នាំ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ខ្លះ​ក្រោយ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ចុង​ឆ្នាំ​២០២៥ កន្លង​ទៅ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពន្ធ​បដិការ ១៩% សម្រាប់​កម្ពុជា ខណៈ​កម្ពុជា ក៏​សម្រេច​យក​ពន្ធ​សូន្យ (០%) លើ​មុខទំនិញ​របស់​អាមេរិក​ខាង​វិស័យ​កសិកម្ម និង​ខាង​វិស័យ​ឧស្សាហកម្ម​នា​ពេល​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ថា កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ឯកភាព​គ្នា​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​គន្លឹះ​មួយ​ចំនួន ដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារ​ជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​កាលពី​ចុង​ខែ​តុលា កន្លង​ទៅ។

ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្នុង​ប្រទេស​ជាប់​នឹង​ប្រទេស​កម្ពុជា សាធារណរដ្ឋ​សង្គម​និយម​យៀកណាម បាន​ងាក​ទៅ​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​នឹង​សហភាព​អឺរ៉ុប វិញ ដោយ​ប្រទះ​បញ្ហា​ជាមួយ​ទីផ្សារ​សហរដ្ឋ​អាមេរិក​រឿង​អត្រា​ពន្ធ​ទំនិញ​នាំចូល​ទីផ្សារ​អាមេរិកាំង ដោយ​ហេតុ​ថា​មិន​អាច​សង្ឃឹម​លើ​ផ្សារ​សហរដ្ឋ​អាមេរិក​ទាំងស្រុង​បាន។

ប្រទេស​ថៃឡង់ដ៍ វិញ ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រុង​ដាវ៉ូស ប្រទេស​ស្វីស ឆ្នាំ​២០២៦ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​នាំ​ក្រុមហ៊ុន​វិនិយោគទុន​បរទេស​ទៅ​ដាក់​ទុន​ស្រុក​សៀម មាន​ទឹកប្រាក់​ស្មើ​នឹង ១៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណែកឯ​គណៈប្រតិភូ​ខ្មែរ​ដែល​មាន​លោក សុក ស៊ីផាន់ណា និង​លោក ស៊ុន ចាន់ថុល ជា​អ្នកដឹកនាំ ពុំ​មាន​កាសែត​ណា​ផ្សាយ​ថា​បាន​នាំ​វិនិយោគទុន​បរទេស​ចូល​ដាក់​ទុន​ស្រុក​ខ្មែរ​មាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ទេ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅតែ​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន។ លោក​បន្ត​ថា កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក (៩,៩១៦​ពាន់​លាន​ដុល្លារ) ដែល​ស្មើ​នឹង ៩៧% ខណៈ​ទំនិញ​ដែល​នាំ​ពី​អាមេរិក​ទៅ​កម្ពុជា វិញ គឺ​មាន​ត្រឹមតែ​ជាង ២០០​លាន​ដុល្លារ​ប៉ុណ្ណោះ (២៥៦​លាន​ដុល្លារ) ដែល​ស្មើ​នឹង ៣%។

លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា ក្នុង​ទំហំ​ពាណិជ្ជកម្ម​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​បាន​ចំណេញ​ពី​ការ​នាំចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​អាមេរិក រហូត​ដល់​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក (៩,៦៥២​ពាន់​លាន​ដុល្លារ) ដែល​ស្មើ​នឹង ៩៧% ឯណោះ។

ជុំវិញ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ថា ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០២៥ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មាន​ទឹកប្រាក់​ជាង ១០,៧​ពាន់​លាន​ដុល្លារ កើន​ឡើង ២៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៤ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៨,២​ពាន់​លាន​ដុល្លារ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​ជា​ទីផ្សារ​ចម្បង​សម្រាប់​កម្ពុជា លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​បង្គំ​ផ្សេងៗ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស