សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាត់ទុកការកោះហៅ ការឃាត់ខ្លួន ការចាប់ខ្លួន និងឃុំខ្លួនអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅឆ្នាំ២០២៦ នេះ ដើរផ្ទុយពីច្បាប់ស្ដីពីរបបសារព័ត៌មាន និងបានធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិមួយប្រកបដោយនីតិរដ្ឋ។
ការអះអាងនេះ ធ្វើឡើងដំណាលពេលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងព្យាយាមពន្យល់បរទេសនៅរដ្ឋធានីវ៉ាស៊ីនតុន អំពីសុច្ឆន្ទៈរាជរដ្ឋាភិបាលដើម្បីរក្សាសន្តិភាព។
អ្នកសង្កេតការណ៍ខ្លះនិយាយថា សន្តិភាពដោយការបំបិទមាត់។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលធ្លាប់តែស្និទ្ធនឹងរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ កុម្ភៈ នេះថា ការអនុវត្តន៍វិធានការលើអ្នកសារព័ត៌មានក្នុងរយៈពេលចុងក្រោយនេះ បានបង្កើតជារូបភាពឱ្យបរទេសចោទប្រកាន់ដោយអយុត្តិធម៌លើរាជរដ្ឋាភិបាល ថាបានបំភិតបំភ័យ បំបាក់ស្មារតី និងធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។
ប្រភពដដែល លើកឡើងថា នីតិវិធី និងរបៀបរបបនៃការអនុវត្តលើករណីមួយចំនួនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បានឃ្លាតឆ្ងាយពី «គោលការណ៍សច្ចធារណ៍នៃនិរទោស» ដែលជាគោលការណ៍ច្បាប់ជាមូលដ្ឋាន និងជាសិទ្ធិមួយដែលត្រូវបានការពារតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិផងដែរ ហើយនីតិវិធីបែបនេះក៏មិនគួរបន្តឱ្យកើតមានទៀតឡើយ។
សច្ចធារណ៍នៃនិរទោស គឺជាគោលការណ៍គ្រឹះនៃយុត្តិធម៌ព្រហ្មទណ្ឌ ដែលសន្មតថា ជនជាប់ចោទគ្រប់រូប គឺជា “អ្នកគ្មានទោស” រហូតមានភស្តុតាងច្បាស់លាស់ និងសាលក្រមស្ថាពរតុលាការបញ្ជាក់ថាមានទោសពិតប្រាកដ។ គោលការណ៍នេះការពារសិទ្ធិ និងភាពស្អាតស្អំរបស់ជនសង្ស័យ ដោយបន្ទុកនៃការស្វែងរកភស្តុតាងទម្លាក់កំហុស គឺជារបស់ស្ថាប័នចោទប្រកាន់។
សេចក្តីរាយការណ៍ពីអង្គការការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា អាដហុក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា រយៈពេលមិនដល់ពីរខែ នៅដើមឆ្នាំ២០២៦ នេះ មានអ្នកសារព័ត៌មានចំនួន ៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិយោបល់ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ ជាដើម។
ទាក់ទិននឹងការអនុវត្តច្បាប់នៅកម្ពុជា គម្រោងយុត្តិធម៌ពិភពលោក The World Justice Project បានចេញសេចក្តីរាយការណ៍ស្ដីពីនីតិរដ្ឋសម្រាប់ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៤១ ដែលជាចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោម ១៤៣ប្រទេស៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

