គណបក្សប្រជាធិបតេយ្យជឿនលឿន អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទ និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គមដទៃទៀតឱ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីឱ្យរួបរួមកម្លាំងអភិវឌ្ឍប្រទេសជាតិ។
គណបក្សក្រៅរដ្ឋាភិបាលនេះ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៣ កុម្ភៈ នេះថា ការផ្សះផ្សាជាតិដើម្បីរួមសាមគ្គីគ្នាជាធ្លុងមួយ គឺជាបន្ទាត់នយោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពាននាពេលនេះ។
គណបក្សប្រជាធិបតេយ្យជឿនលឿន គាំទ្រឱ្យរដ្ឋាភិបាលបន្តគោលនយោបាយសាមគ្គី ផ្សះផ្សាជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវបើកលម្ហសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិផងដែរ ដើម្បីជាផលប្រយោជន៍ដល់សង្គមជាតិខ្មែរទាំងមូល។
ប្រភពដដែល បញ្ជាក់ថា ជាលទ្ធផលនៃការបើកឱ្យមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិកន្លងមក បានបង្ហាញឱ្យឃើញថា អំពើឈ្លានពានរបស់ថៃ មកលើអធិបតេយ្យជាតិរបស់កម្ពុជា ត្រូវបានលាតត្រដាងនៅជុំវិញពិភពលោកនាពេលនេះ។
ប្រធានគណបក្សសង្គ្រះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
គេសង្កេតឃើញថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ មក កម្លាំងនយោបាយជាតិរបស់ប្រទេសកម្ពុជា បានប្រេះឆា និងបែកខ្ចាត់ខ្ចាយយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ក្រោយពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ទាំងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី តែងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរមានការរួមចិត្តរួមថ្លើម និងទុកចិត្តលើរដ្ឋាភិបាលដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។
ជាក់ស្តែងក្នុងពិធីបិទកិច្ចប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីចុងឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត លើកឡើងថា ទាល់តែខ្មែរមានស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំងក្នុងការប្ដូរផ្ដាច់ការពារទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បរទេសជិតខាង។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត លើកឡើងកាលពីពេលថ្មីៗនេះថា បើជាតិខ្មែរទាំងមូលចង់បានឯកភាពជាតិ សាមគ្គីជាតិ ទាល់តែពលរដ្ឋ និងអ្នកនយោបាយគ្រប់រូបត្រូវហ៊ានឈរជាមួយភាពយុត្តិធម៌ ប៉ុន្តែសង្គមខ្មែរទំនងជាមិនងាយនឹងស្វែងរកការរួបរួមជាតិបានទេ ព្រោះតែខ្វះមនុស្សឱ្យតម្លៃលើការពិត។
លោក វ៉ន ចាន់ឡូត អះអាងថា ម្ខាងអាងជេរ ចោទ លាបពណ៌ ខណៈម្ខាងទៀតអាងចាប់ អាងចង ដូច្នេះសង្គមខ្មែរក្នុងពេលនេះ ត្រូវប្រឈមនឹងក្រុមអ្នកនយោបាយគ្មានសីលធម៌ដល់ទៅពីរក្រុម ដែលនឹងធ្វើឱ្យសង្គមជាតិមួយនេះពិបាករកការផ្សះផ្សា និងឯកភាពជាតិខ្លាំងណាស់៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

