អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ និងជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាលើលក្ខខណ្ឌសមស្រប និងអាចទៅរួចមួយចំនួន ដើម្បីដោះស្រាយវិបត្តិប្រេងឡើងថ្លៃដែលកំពុងប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងវិស័យកសិកម្មនៅប្រទេសកម្ពុជា នាពេលនេះ។
លោក សុន ឆ័យ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ មីនា នេះថា ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈនៅកម្ពុជា រដ្ឋាភិបាលត្រូវតែកាត់បន្ថយពន្ធនាំចូល និងអាករពិសេសនៅពេលនេះ គឺការកាត់បន្ថយភាគរយនៃពន្ធលើតម្លៃបន្ថែម (VAT) ឬពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យតម្លៃប្រេងលក់រាយនៅតាមស្ថានីយធ្លាក់ចុះភ្លាមៗ។
ជាងនេះទៀត ក៏ត្រូវការលុបបំបាត់កម្រៃសេវារដ្ឋបាលមិនចាំបាច់ផ្សេងៗទៀតដែរ ដូចជា ការកាត់បន្ថយការចំណាយលើការរៀបចំលិខិតស្នាម ឬកម្រៃផ្សេងៗដែលបូកបញ្ចូលក្នុងតម្លៃប្រេងនាពេលកន្លងមកនោះ។
បន្ថែមលើនេះ រដ្ឋាភិបាលក៏ត្រូវចាត់វិធានការផ្ដល់ការឧបត្ថម្ភធនដល់កសិករផងដែរ ព្រោះកសិករប្រើប្រាស់ប្រេងឥន្ធនៈច្រើនសម្រាប់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនភ្ជួរដី និងម៉ាស៊ីនច្រូតកាត់ ដោយការផ្តល់បណ្ណសាំងសង្គ្រោះ (Fuel Vouchers) ដែលជាបណ្ណបញ្ចុះតម្លៃប្រេងសម្រាប់អ្នកប្រកបរបរកសិកម្មពិតប្រាកដ។ លើសពីនេះ រដ្ឋក៏ត្រូវបន្ធូរបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត ដើម្បីជំរុញឱ្យមានការប្រើប្រាស់អគ្គិសនីក្នុងតម្លៃថោកសម្រាប់បូមទឹកជំនួសឱ្យការប្រើម៉ាស៊ីនដែលដំណើរការដោយឥន្ធនៈនោះ។
លោក សុន ឆ័យ លើកឡើងថា ក្រៅពីនេះ រដ្ឋក៏មានភារកិច្ចគ្រប់គ្រងទីផ្សារ និងតម្លាភាពក្នុងការលក់ប្រេងនៅទូទាំងប្រទេសឱ្យតឹងរ៉ឹងដែរ ដោយកំណត់ក្នុងតម្លៃសមស្របមួយ និងមានការត្រួតពិនិត្យឱ្យកាន់តែខ្លាំង ដើម្បីការពារកុំឱ្យក្រុមហ៊ុនឯកជនកេងចំណេញក្នុងពេលមានវិបត្តិ។
លោកបន្ថែមថា រដ្ឋក៏ត្រូវបង្កើនទុនបម្រុងប្រេងជាតិផងដែរ ដើម្បីជំរុញឱ្យរដ្ឋមានឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រសម្រាប់បញ្ចេញលក់ក្នុងតម្លៃធូរថ្លៃ នៅពេលដែលទីផ្សារប្រេងលើពិភពលោកហក់ឡើងកាន់តែខ្លាំងនោះ។
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ ស្នើឱ្យរដ្ឋាភិបាលដាក់ចេញនូវដំណោះស្រាយរយៈពេលវែង ដើម្បីជំរុញថាមពលជំនួស គឺការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ (Solar) ឱ្យបានច្រើន ជាពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់ប្រេងនៅថ្ងៃមុខ។
ជាមួយគ្នានេះ ក៏ត្រូវពង្រឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈបន្ថែមទៀតដែរ ដើម្បីបង្កើនការប្រើប្រាស់ឡានក្រុងសាធារណៈ ឬផ្លូវរថភ្លើង ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់សាំងក្នុងជីវភាពប្រចាំថ្ងៃនៃពលរដ្ឋទីក្រុង។
លោក ស៊ុន ឆ័យ បញ្ជាក់ថា វិធានការទាំងនេះ គឺដើម្បីរក្សាការចំណាយរបស់ពលរដ្ឋ តាមរយៈការបញ្ចុះពន្ធ និងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជួយដល់កសិករ និងពលរដ្ឋដែលមានជីវភាពទន់ខ្សោយ ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិប្រេងនាពេលនេះ។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះថា តម្លៃប្រេងត្រូវដំឡើង ៣០០រៀលបន្ថែមទៀតក្នុង ១លីត្រ គឺពី ៥២០០រៀល ទៅ ៥៥០០រៀលសម្រាប់ប្រេងសាំង ខណៈតម្លៃប្រេងម៉ាស៊ូត ក៏ត្រូវដំឡើង ១៥០រៀលទៀតដែរនៅក្នុង ១លីត្រ គឺពី ៦៤០០រៀល ទៅ ៦៥៥០រៀល។
ជុំវិញបញ្ហានេះ កសិករនៅតំបន់បឹងទន្លេសាប ដែលប្រមូលផលស្រូវប្រាំង បានត្អូញត្អែរប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៧ មីនា នេះថា ពេលនេះថ្លៃឈ្នួលម៉ាស៊ីនច្រូតបានហក់ឡើងខ្ពស់ខ្លាំង គឺ ១ហិកតាចាប់ពី ៣៥ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ខណៈតម្លៃស្រូវក្នុង ១គីឡូក្រាមមិនដល់ ៨០០រៀលផងនោះ។
ប្រភពកសិករទាំងនេះបញ្ជាក់ថា ការប្រមូលផលស្រូវឆ្នាំនេះនឹងបង់ខាតកាន់តែខ្លាំងជាងឆ្នាំមុន ព្រោះការចំណាយថ្លៃជី ថ្លៃថ្នាំ គឺថ្លៃរួចទៅហើយ ប៉ុន្តែចុងក្រោយនេះ តម្លៃប្រេងស្រាប់តែឡើងថ្លៃថែមទៀត ដែលត្រូវប្រឈមនឹងការខាតបង់ដោយចៀសមិនរួច ក្នុងពេលដែលតម្លៃស្រូវចេះតែបន្តធ្លាក់ចុះ ខណៈរដ្ឋាភិបាលក៏មិនមានវិធានការជួយកសិករផងនោះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

