33.8 C
Phnom Penh

ក្រុម​បក្ស​ប្រឆាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាលពី ២៩​ឆ្នាំ​មុន​នៅ​មុខ​រដ្ឋសភា​ចាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រឆាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា​ចាស់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បន្ទាប់ពី​រយៈពេល ២៩​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ជនរងគ្រោះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ បាន​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បង្សុកូល​នៅ​ស្តូប​ជនរងគ្រោះ ស្ថិត​នៅ​ខាង​មុខ​អតីត​រដ្ឋសភា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ដែល​កើតឡើង​ជិត ៣០​ឆ្នាំ​មុន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លុបបំបាត់​និទណ្ឌភាព និង​ពន្លឿន​ការ​ស្វែងរក​ជន​ដៃ​ដល់ ដើម្បី​យក​មក​ដាក់​ទោស​តាម​ច្បាប់។

លោក​ថា ការ​បន្ត​ឱ្យ​មាន​និទណ្ឌភាព និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម នឹង​ធ្វើ​ឱ្យ​កម្ពុជា​អាប់ឱន​ទាំង​កិត្តិយស និង​ទាំង​ទំនុកចិត្ត​ពី​ពលរដ្ឋ។

លោក រ៉ុង ឈុន បន្ថែម​ថា លោក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាប់ចង ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​សហជីព​ឯ​ទៀត ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ​ថា​កម្ពុជា​មាន​ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​តែ​មួយ។

គ្រួសារ​ជនរងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​យក​មក​ផ្ដន្ទាទោស ព្រោះ​រយៈពេល ២៩​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​បាន​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២៦ នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​ទាន់​វែក​មុខ​រក​ឃើញ​ឃាតករ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ទេ។

ជុំវិញ​រឿង​នេះ កាលពី​ថ្ងៃទី​២៩ ខែ​មីនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​ជា​ថ្មី​ទៀត​ទៅ​តុលាការ​បារាំង ឱ្យ​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ចេញ​សំណើ​ឱ្យ​ចាប់​ខ្លួន​មេ​អង្គរក្ស​ដ៏​មាន​ឥទ្ធិពល​ពីរ​រូប​របស់​អតីត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោ ហ៊ីង ប៊ុនហៀង ដែល​ពួកគេ​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​រឿងក្ដី​គប់​គ្រាប់បែកដៃ​ចូល​ក្រុម​បាតុករ​ដែល​មាន​លោក សម រង្ស៊ី ជា​អ្នក​ដឹកនាំ​កាលពី ២៩​ឆ្នាំ​មុន។

ការ​ជំរុញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ចៅក្រម លោក សាប៊ីន ឃើរីស (Sabine Kheris) ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​កោះហៅ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស