អនុរដ្ឋមន្ត្រីការពារជាតិថៃ នាយឧត្ដមសេនីយ៍ ណាតាផុន ណាក់ផានិត (Nattapon Narkphanit) ព្រមានបាញ់សម្លាប់យោធាកម្ពុជា ប្រសិនបើយោធាថៃ ចាប់បានពេលទាហានកម្ពុជា កំពុងដាក់បង្កៃគ្រាប់បែកក្នុងទឹកដីថៃ។
យោងតាមការចេញផ្សាយរបស់កាសែតថៃ The Nation ស្រង់សម្ដីលោក ណាតាផុន ណាក់ផានិត នៅថ្ងៃទី២ កញ្ញា នេះថា ទាហានថៃ នឹងបាញ់សម្លាប់កងទ័ពកម្ពុជា គ្មានការលើកលែងឡើយ បើទាហានថៃ ចាប់បានទាហានកម្ពុជាណាដែលហ៊ានលួចដាក់បង្កៃគ្រាប់បែកនៅលើទឹកដីថៃ។
លោក ណាតាផុន ណាក់ផានិត អះអាងថា លោកបានទទួលរបាយការណ៍ពីកងទ័ពភូមិន្ទថៃ (RTA) ដែលបញ្ជាក់ថាការបង្កៃគ្រាប់បែកដែលផលិតឡើងពីគ្រាប់បែកត្បាល់ ត្រូវបានរកឃើញនៅជិតប្រាសាទតាក្របី កាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា កន្លងទៅនេះ។
អនុរដ្ឋមន្ត្រីការពារជាតិថៃ រូបនេះ បញ្ជាក់ទៅកាន់ពលរដ្ឋថៃ ថា ភាពមិនប្រាកដប្រជានយោបាយរបស់ប្រទេសថៃ បច្ចុប្បន្ន នឹងមិនធ្វើឱ្យសន្តិសុខព្រំដែនជាមួយកម្ពុជា ចុះខ្សោយឡើយ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅប្រទេសម៉ាឡេស៊ី ដោយព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់ ដែលមានលក្ខខណ្ឌចំនួន ១៣ចំណុច។ ក្នុងចំណោមលក្ខខណ្ឌទាំង ១៣ចំណុចនេះ ក៏បានចែងដែរថា ភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ ពាក់ព័ន្ធនឹងអាវុធគ្រប់ប្រភេទទាំងអស់ រួមទាំងការវាយប្រហារលើជនស៊ីវិល វត្ថុស៊ីវិល និងគោលដៅយោធានៃភាគីទាំងសងខាង ក្នុងគ្រប់ករណី និងតំបន់ទាំងអស់។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាចៀសវាងការបាញ់ប្រហារ ការបង្កហេតុ សំដៅទៅលើទីតាំង ឬកងទ័ពរបស់ភាគីម្ខាងទៀត និងបានកំណត់មិនឲ្យភាគីទាំងសងខាងបំពានដាច់ខាត ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា កងកម្លាំងកម្ពុជាប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់នូវការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ និងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌទាំង ១៣ចំណុចដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ អះអាងថា ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព កម្ពុជាសម្រេចជ្រើសយកការសន្ទនាកិច្ចសហប្រតិបត្តិការដោយមិនទទួលយកការប្រឈមមុខដាក់គ្នា និងជម្លោះដាច់ខាត។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

