ក្រុមជនរងគ្រោះដែលចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ជិត ៦ពាន់នាក់ ព្រមានតវ៉ាទ្រង់ទ្រាយធំនៅចុងខែមេសា ឆ្នាំ២០២៦ នេះ ដើម្បីស្នើសុំឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អន្តរាគមន៍ពន្លឿនយុត្តិធម៌ដល់ជនរងគ្រោះ ក្រោយពីយុត្តិធម៌របស់ពួកគេត្រូវបានរដ្ឋាភិបាលកប់ចោលជាង ២ឆ្នាំ ដែលធ្វើឱ្យពួកគេជួបវិបត្តិបំណុលធ្ងន់ធ្ងរ។
លោក អៀ សុផល ជាជនរងគ្រោះម្នាក់ បានប្រាប់សារព័ត៌មាន The Cambodia daily ថា ក្រុមជនរងគ្រោះគ្រោងតវ៉ាទ្រង់ទ្រាយធំនៅចុងខែមេសា នេះ ដើម្បីឱ្យតុលាការជួយរកយុត្តិធម៌ រឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ឡេង ចាន់ណា យកមកសងក្រុមជនរងគ្រោះវិញ។
លោកត្អូញត្អែរថា មកទល់ពេលនេះ លោកកំពុងជួបវិបត្តិជីវភាពធ្ងន់ធ្ងរ ក្រោយចាញ់បោកអតីតឧកញ៉ារូបនេះជិត ២ម៉ឺនដុល្លារ ដែលជាលុយខ្ចីពីធនាគារ ហើយក្នុងមួយខែ លោកត្រូវបង់សងទៅធនាគារជិត ៣០០ដុល្លារ។
លោក អៀ សុផល អះអាងថា បច្ចុប្បន្នលោកកំពុងធ្វើចំណាកស្រុកទៅថៃ ទាំងប្រថុយប្រថាន ដើម្បីរកលុយដោះបំណុលធនាគារ ដោយភាគីធនាគារបានព្រមានថានឹងប្រើវិធានការច្បាប់ ប្រសិនបើលោកមិនមានលទ្ធភាពសងត្រឡប់ទៅធនាគារវិញបានទេនោះ។
ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ទៀត អ្នកស្រី សាតី ណាស់ បានស្នើឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ពន្លឿនយុត្តិធម៌ដល់ជនរងគ្រោះសរុបមានចំនួន ៦ពាន់នាក់។
អ្នកស្រីបានរិះគន់ប្រព័ន្ធតុលាការខេត្តសៀមរាប ថាកំពុងគេចវេះមិនរកដំណោះស្រាយឱ្យជនរងគ្រោះ ដោយតែងតែសន្យាថាឱ្យជនរងគ្រោះរង់ចាំយុត្តិធម៌ជាង ២ឆ្នាំហើយ តែគ្មានដំណោះស្រាយ ធ្វើឱ្យអ្នកស្រីអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
អ្នកស្រីថារឿងក្ដីនេះមិនអាចរកយុត្តិធម៌បានទេ ព្រោះវាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចនៅពីក្រោយ ដែលអ្នកស្រីថាតុលាការហាក់គ្មានឆន្ទៈរកដំណោះស្រាយឱ្យជនរងគ្រោះទេ មានតែលេសពន្យារពេលតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន «ប្រ៊ីលាន ស៊ីធី វើលដ៍» និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើសឆបោកលុយពលរដ្ឋរាប់លានដុល្លារ តាមរយៈការវិនិយោគទិញផ្ទះ-ដីធ្លី ដោយសន្យាផ្តល់ការប្រាក់ខ្ពស់។
តុលាការខេត្តសៀមរាប បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ឡេង ចាន់ណា ចំនួន ៣បទល្មើស គឺបទឆបោកមានស្ថានទម្ងន់ទោស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតសាច់ប្រាក់ដែលសរុបជាទឹកប្រាក់មានទំហំជាង ៣០០លានដុល្លារអាមេរិក។
ពាក់ព័ន្ធករណីនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ បានប្រគល់សិទ្ធិឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ដោះស្រាយករណីបោកប្រាស់ពលរដ្ឋពីសំណាក់អ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

