ឈានចូលសប្តាហ៍ទី២ ក្នុងខែមេសា នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាធ្លាក់ចុះ ១៣០០រៀលក្នុង ១លីត្រ ខណៈតម្លៃប្រេងសាំងក៏ធ្លាក់ចុះ ៣០០រៀលក្នុង ១លីត្រដែរ។
ក្រសួងពាណិជ្ជកម្ម បានចេញតារាងកំណត់តម្លៃប្រេងឥន្ធនៈឡើងវិញសម្រាប់ថ្ងៃទី១០ ខែមេសា នេះ ដោយទម្លាក់តម្លៃប្រេងម៉ាស៊ូតក្នុង ១លីត្រ ៨២០០រៀលមកនៅត្រឹម ៦៩០០រៀលក្នុង ១លីត្រ ខណៈតម្លៃប្រេងសាំងធ្លាក់មកនៅត្រឹម ៥២០០រៀលក្នុង ១លីត្រ។
ក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រដ្ឋាភិបាលបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារក្នុង ១លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ។
ប្រភពដដែលឲ្យដឹងថា រដ្ឋាភិបាលក៏បានបញ្ចុះ ១សេនដុល្លារក្នុង ១លីត្របន្ថែមទៀត ដោយសារប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុង ១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារក្នុង ១បារ៉ែលដែរនោះ។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ផ្អែកតាមសភាពការណ៍ និងតម្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ កម្ពុជាសម្រេចទម្លាក់ពន្ធគយមកនៅត្រឹមសូន្យដុល្លារ និងបញ្ចុះពន្ធអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកនៅត្រឹមសូន្យដុល្លារដែរ រួមទាំងបញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មកនៅ ១៥% និងប្រេងម៉ាស៊ូតពី ៤% មកនៅ ០% ថែមទៀត។ លើសពីនេះ កម្ពុជាក៏បានបញ្ចុះអាករលើតម្លៃបន្ថែមចំពោះប្រេងសាំងពី ១០% មកនៅត្រឹម ៤% និងប្រេងម៉ាស៊ូតពី ១០% មកនៅត្រឹម ០% ផងដែរ ដ្បិត ៦% សម្រាប់ប្រេងសាំង និង ១០% ទៀតសម្រាប់ប្រេងម៉ាស៊ូត គឺរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួស។
ប្រភពដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែមេសា នេះតទៅ តម្លៃប្រេងម៉ាស៊ូត គឺត្រូវកំណត់ ៦៩០០រៀលក្នុង ១លីត្រ ចំណែកតម្លៃប្រេងសាំងត្រូវកំណត់ ៥២០០រៀលក្នុង ១លីត្រ រហូតមានការកំណត់តម្លៃសាជាថ្មី។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងកាលពីចុងខែមីនា ឆ្នាំ២០២៦ នេះថា ក្នុងស្ថានភាពនាពេលនេះ មិនមែនមានលុយហើយអាចទិញប្រេងបានតាមចិត្តនោះទេ។
លោក កែវ រតនៈ អំពាវនាវឱ្យពលរដ្ឋចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន LGP ដោយការសន្សំសំចៃខ្ពស់ ដែលមានន័យថាត្រូវកាត់បន្ថយការប្រើប្រាស់ឱ្យបានកាន់តែច្រើន ទោះបីរដ្ឋាភិបាលប្រឹងប្រែងរកប្រភពប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់ក្នុងកាលៈទេសៈដ៏លំបាកនេះបានក៏ដោយ។
នៅថ្ងៃទី១០ ខែមេសា នេះ ស្ថានីយប្រេងឥន្ធនៈលក់រាយនៅកម្ពុជា ដូចជា ក្រុមហ៊ុន TOTAL របស់បារាំង និងក្រុមហ៊ុន CALTEX របស់អាមេរិក ជាដើម បានកំណត់តម្លៃសាំងធម្មតា ៥២០០រៀលក្នុង ១លីត្រ ខណៈប្រភេទសាំងស៊ូពែត្រូវបានកំណត់ ៦២០០រៀលក្នុង ១លីត្រ ចំណែកប្រេងម៉ាស៊ូតត្រូវបានកំណត់ ៦៩០០រៀលក្នុង ១លីត្រ។
ដោយឡែកតម្លៃហ្គាស៍ ឬឧស្ម័ន LPG ក៏ត្រូវក្រុមហ៊ុន តេលាខ្មែរ កំណត់តម្លៃ ៣៩០០រៀលក្នុង ១លីត្រដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុគង់ បានអះអាងកាលពីថ្ងៃទី៩ ខែមេសា ថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ជាពិសេសប្រេងម៉ាស៊ូតកំពុងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ សហគ្រាស និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ។
លោក ហេង សុគង់ បញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនេះក្តី មកទល់ពេលនេះ មិនទាន់មានរោងចក្រសហគ្រាសណាមួយកាត់បន្ថយផលិតកម្ម ឬបិទទ្វារដោយសារបញ្ហានេះនៅឡើយទេ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

