ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង ១០ស្ថាប័ន គ្រោងរៀបចំសន្និសីទជាតិរយៈពេលមួយថ្ងៃ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា សម្រាប់ឆ្នាំ២០២៦ នេះ ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងស្ថិតក្នុងបញ្ហាប្រឈមច្រើន។
អង្គការសង្គមស៊ីវិលជាង ១០ស្ថាប័ន រួមមាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) ជាដើម បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃទី២៧ មេសា ថា សន្និសីទនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវដើម្បីសន្តិភាព និងការអភិវឌ្ឍ»។
ប្រភពដដែល អះអាងថា សន្និសីទនេះមានគោលបំណងបញ្ជាក់ជាថ្មីនូវគោលការណ៍ជាមូលដ្ឋាននៃសេរីភាពក្នុងការបញ្ចេញមតិ និងដើម្បីទទួលស្គាល់តួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះ ក្នុងការជំរុញសិទ្ធិមនុស្ស លើកកម្ពស់អភិបាលកិច្ចល្អ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាព។
ចំណែកឯកិច្ចពិភាក្សាជុំវិញសន្និសីទនេះ គឺផ្ដោតលើចំណុចសំខាន់ៗចំនួនបី រួមមាន ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ការរាយការណ៍ព័ត៌មានអំឡុងពេលមានវិបត្តិ និងតួនាទីរបស់បញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ បន្ថែមពីនេះ ក៏មានការបង្ហាញពីរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ របស់អ្នកសារព័ត៌មានគ្មានព្រំដែនថែមទៀត។
ជាងនេះទៀត ក៏នឹងរួមបញ្ចូលនូវការបង្ហាញរបាយការណ៍សិក្សាថ្មីមួយស្ដីពីសារព័ត៌មានបរិស្ថាននៅកម្ពុជា ដែលបង្ហាញអំពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានបរិស្ថាននៅកម្ពុជា និងតម្រូវការគាំទ្រនានារបស់ពួកគេផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១ ខែមេសា ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងថា ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ត្រូវបានផ្អាកសម្រាប់ឆ្នាំ២០២៦ នេះ។
គេសង្កេតឃើញថា អ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ជុំវិញជម្លោះរវាងប្រទេសទាំងពីរ តែងតែត្រូវបានចាប់ខ្លួន និងដកហូតអាជ្ញាបណ្ណជាបន្តបន្ទាប់ រួមទាំងត្រូវចោទប្រកាន់ពីបទញុះញង់ថែមទៀត។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្ស (លីកាដូ) បានអះអាងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃនេះ អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារដោយសារការបញ្ចេញមតិជិត ១០០នាក់ហើយ (៩៧នាក់)។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ កាលពីខែឧសភា ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៦១ ក្នុងចំណោមប្រទេសចំនួន ១៧៨ នៅលើពិភពលោក។
ជុំវិញបញ្ហានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងកាលពីចុងសប្តាហ៍កន្លងទៅថា នៅសហរដ្ឋអាមេរិកមិនមានតម្រូវការផ្តល់អាជ្ញាបណ្ណសម្រាប់អ្នកកាសែតឡើយ ហើយនោះក៏ជាហេតុផលមួយដែលសហរដ្ឋអាមេរិកគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកលដែរ។
លោកថា ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា គឺកម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្ដីពីការផ្តល់អាជ្ញាបណ្ណដល់អ្នកកាសែតទាំងនោះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

