27.3 C
Phnom Penh

មានសេចក្តីរាយការណ៍ថា ការរំលោភសិទ្ធិអ្នកកាសែតថយចុះ ប៉ុន្តែ រដ្ឋអំណាចប្រើច្បាប់គម្រាមវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានឱ្យដឹងថា ករណីរំលោភបំពានសំដៅលើអ្នកសារព័ត៌មាននៅប្រទេសកម្ពុជាបានថយចុះក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ប៉ុន្តែការប្រើប្រាស់វិធានការច្បាប់ ប្រើតុលការជាត្រីមុខ និងការគំរាមកំហែងតាមផ្លូវច្បាប់លើអ្នកកាសែតនៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ។ ខណៈនោះ ក្រសួងព័ត៌មានអះអាងថា អ្នកសារព័ត៌មានដែលគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈ នឹងទទួលបានការការពារស្របតាមច្បាប់។ 

នៅក្នុងសេចក្តីរាយការណ៍ប្រចាំត្រីមាស ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ ខេមបូចា បានកត់ត្រាករ ណីរំលោភបំពានលើអ្នកសារព័ត៌មានចំនួន ១១ករណី។ តួលេខនេះបានថយចុះពី ១៤ករណី ដែលត្រូវបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ 

ទោះជាយ៉ាងណាក្តី អង្គការនេះបានលើកឡើងថា ការថយចុះនៃចំនួនករណីមិនមានន័យថាបរិយាកាសសម្រាប់ការងារសារព័ត៌មានមានភាពប្រសើរឡើងទាំងស្រុងនោះទេ ដោយសារការចាត់វិធានការតាមផ្លូវច្បាប់ និងការគំរាមកំហែងផ្នែកច្បាប់នៅតែបន្តកើតមានលើអ្នកសារព័ត៌មាន។ សេចក្តីរាយការណ៍ដដែលក៏បានរំលេចអំពីកង្វះខាតនៃការការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហាប្រឈមចំពោះការធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយឯករាជ្យនោះដែរ។ 

ការលើកឡើងពីអង្គការ ខេមបូចា ធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានចេញផ្សាយលទ្ធផលស្ទង់មតិស្តីអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាឆ្នាំ២០២៦ កាលពីខែមេសា ដោយបង្ហាញថា ភាគច្រើននៃអ្នកចូលរួមផ្តល់យោបល់វាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានមានភាពវិជ្ជមាន ទោះបីជានៅមានបញ្ហាប្រឈមមុខមួយចំនួនក៏ដោយ។ អាជ្ញាធរតែងតែចោទអ្នកកាសែតថា ផ្សាយព័ត៌មានបំពុលសង្គម បង្កឲ្យមានអំពើអសន្តិសុខសាធារណៈ ជាដើម។ល។

ខេមបូចា បានអះអាងថា ការរកឃើញរបស់ខ្លួនខុសគ្នាពីលទ្ធផលស្ទង់មតិពីក្រសួងព័ត៌មាន ជាពិសេសការអះអាងថា អ្នកឆ្លើយសំណួរ ៨១ភាគរយ ពេញចិត្តនឹងសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា។ អង្គការនេះបាននិយាយថា ការវាយតម្លៃនោះមិនស្របទៅនឹងការសង្កេតពីសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ និងអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួននោះទេ។ 

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងព័ត៌មាន ទេព អស្នារិទ្ធ បាននិយាយថា ក្រសួងបានបន្តធ្វើអន្តរាគមន៍ក្នុងវិវាទពាក់ព័ន្ធនឹងការងារសារព័ត៌មាន ដោយបានដោះស្រាយករណីចំនួន ១៥ ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌ មាន ២៥នាក់ និងបណ្តឹងលើអ្នកបង្កើតមាតិកាចំនួន ៥នាក់។ 

លោកបានបន្ថែមថា ក្រសួងបានជួយសម្របសម្រួលឱ្យមានការផ្សះផ្សាក្រៅប្រព័ន្ធតុលាការក្នុងករណីជាច្រើន ហើយក៏បានផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មានក្នុងករណីចំនួន ៦ ដែលបណ្តឹងបានបញ្ជូនទៅដល់តុលាការ។ 

លោក ទេព អស្នារិទ្ធ បានអំពាវនាវឱ្យអ្នកសារព័ត៌មានគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានដើម្បីកាត់បន្ថយវិវាទផ្លូវច្បាប់ និងអាចទទួលបានការគាំទ្រផ្នែកច្បាប់ពីក្រសួងព័ត៌មាន៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស