TAG
features2
ក្រសួងអប់រំនិយាយថាពិន្ទុប្រឡងបាក់ឌុបរក្សាទុកឲ្យនៅដដែលក្រោយការពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ
កាលពីម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ក្នុងចំណោមពាក្យបណ្តឹងរបស់ខ្លួនទទួលបានពីសិស្សដែលមិនពេញចិត្តនឹងការផ្តល់ពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) របស់ពួកគេ គ្មានការកែសម្រួលពិន្ទុនោះឡើយ ហើយថា អត្រាសិស្សប្រឡងជាប់នៅតែ៥៦ភាគរយដដែល។
មុនការប្រឡងមកដល់ ក្រសួងបានប្រាប់បេក្ខជនចំនួន៨៣.៣៤១នាក់ថា នឹងគ្មានការប្រឡងឡើងវិញឡើយសម្រាប់អ្នកដែលប្រឡងធ្លាក់ មិនដូចឆ្នាំ២០១៤ទេ។ ប៉ុន្តែ ក្រសួងទុកពេលវេលា៣០ថ្ងៃឲ្យដាក់ពាក្យប្តឹងតវ៉ាចំពោះពិន្ទុរបស់ពួកគេ។
យោងតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានសិស្សជាង១០០នាក់បានដាក់ពាក្យប្តឹងតវ៉ានៅពេលនោះ ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ក្រសួងបានលើកឡើងថា ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ គ្មានពាក្យបណ្តឹងណាមួយយកជាការបានឡើយ។
សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារដូច្នេះថា "លទ្ធផលនៃការប្រឡងដែលបានប្រកាស គឺពិតជាឆ្លុះបញ្ចាំងទៅលើសមត្ថភាពរបស់បេក្ខជន"។
សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បន្ទាប់ពីត្រួតពិនិត្យលើពាក្យបណ្តឹង គណៈកម្មការទទួលបន្ទុកផ្នែកសើុបអង្កេតពាក្យបណ្តឹងបានរកឃើញថា ការផ្តល់ពិន្ទុពិតជាត្រឹមត្រូវ ហើយថា ប្រព័ន្ធកុំព្យូទ័រដែលត្រូវបានប្រើប្រាស់ដើម្បីបូកស្រង់ពិន្ទុរបស់បេក្ខជនទាំង៧មុខវិជ្ជា ដំណើរការបានល្អ។
ដើម្បីដាក់ពាក្យបណ្តឹង បេក្ខជន ឬអាណាព្យាបាលរបស់បេក្ខជនត្រូវតែផ្តល់ភ័ស្តុតាងទាក់ទិនលទ្ធផលនៃការសិក្សាដែលបង្ហាញថា ពិន្ទុរបស់បេក្ខជនមិនស្របតាមប្រវត្តិសិក្សាពីមុន។
លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍កាលពីម្សិលមិញថា "យើងមានករណីខ្លះដែលផ្តល់ភ័ស្តុតាងមួយចំនួន ឬការលើកឡើងពីគ្រូបង្រៀន ឬសាលាដែលថា បេក្ខជនគឺជាសិស្សពូកែ ឬជាសិស្សពូកែបំផុតនៅក្នុងសាលា ហេតុដូច្នេះយើងអាចពិនិត្យ បាន”។
រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ បានបន្ថែមថា គ្រូបង្រៀនដែលកែសន្លឹកកិច្ចការបានប្រើប្រាស់គំរូចម្លើយស្តង់ដារ ហើយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រផ្តល់ពិន្ទុដែលមានភាពសុក្រឹត ។
លោកបានថ្លែងថា "គ្រូបង្រៀនបានផ្តល់ពិន្ទុយ៉ាងត្រឹមត្រូវ មានន័យថា ពួកគាត់ផ្តល់ពិន្ទុមិនខុសឡើយ។ ហេតុដូច្នេះអ្នកដែលពិនិត្យសន្លឹកកិច្ចការមិនបានឲ្យពិន្ទុខុសទេ"។
បេក្ខជនម្នាក់ឈ្មោះ ផាន ឆលីដា អាយុ១៨ឆ្នាំ ដែលប្រឡងនៅវិទ្យាល័យ ជា សីុម បឹងកេងកង ក្នុងរាជធានីភ្នំពេញ និងដែលបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងអប់រំ បន្ទាប់ពីប្រឡងធ្លាក់ បាននិយាយថា នាងមានការបាក់ទឹកចិត្តពេលដឹងថា ខ្លួនប្រឡងធ្លាក់។ "ខ្ញុំមិនដែលរំពឹងថា នឹងទទួលបាននិទេ្ទសល្អទេ ប៉ុន្តែ យោងតាមប្រវត្តិនៃការសិក្សារបស់ខ្ញុំនៅក្នុងសាលាខ្ញុំគួរតែប្រឡងជាប់។ ខ្ញុំចង់ឲ្យក្រសួងពិនិត្យលទ្ធផលប្រឡងរបស់ខ្ញុំ ព្រោះខ្ញុំមានមិត្តភក្តិម្នាក់ដែលមិនដែលមករៀនសោះ ប៉ុន្តែ នាងបានប្រឡងជាប់។ តើនាងប្រឡងជាប់ដោយរបៀបណាទៅ"។
បេក្ខជនម្នាក់ទៀតឈ្មោះ ឆុន សិលា ដែលមានអាយុ១៨ឆ្នាំដែរ ហើយប្រឡងនៅវិទ្យាល័យច្បារអំពៅបានឲ្យដឹងថា ពិន្ទុរបស់ខ្លួនមិនសមហេតុសមផលសោះ។
បេក្ខជនរូបនេះ បាននិយាយថា "ខ្ញុំប្តឹងតវ៉ាទៅកាន់ក្រសួង ព្រោះខ្ញុំជាប់បីមុខវិជ្ជា ហើយទទួលបានពិន្ទុត្រឹមតែ២៨ភាគរយ។ ហើយបេក្ខជនម្នាក់ដែលប្រឡងនៅក្នុងបន្ទប់ជាប់បន្ទប់របស់ខ្ញុំ ជាប់ត្រឹមតែពីរមុខវិជ្ជាប៉ុណ្ណោះ តែទទួលបាន៥៨ភាគរយ។ ខ្ញុំគិតថា វាជាកំហុសបច្ចេកទេសរបស់ក្រសួងអប់រំ ព្រោះអ្នកដែលទទួលបានពិន្ទុខ្ពស់បែរជាធ្លាក់ទៅវិញ"៕ស៊ុយឈាង
រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែគោលក្នុងវិស័យកាត់ដេរត្រឹម១៤០ដុល្លារសម្រាប់ឆ្នាំ២០១៦
កាលពីម្សិលមិញ រដ្ឋាភិបាលបានកំណត់ប្រាក់ខែគោលថ្មីសម្រាប់ឧស្សាហកម្មកាត់ដេរដែលមានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លាររបស់កម្ពុជា ត្រឹម១៤០ដុល្លារ គឺកើនពី១២៨ដុល្លារ បន្ទាប់ពីការចរចារាប់ខែយ៉ាងស្វិតស្វាញដែលមិនអាចសូម្បីធ្វើឲ្យនិយោជក និងសហជីពខិតជិតទៅរកការឯកភាពរួម។
សេចក្ដីសម្រេចនេះកើតមានឡើងបន្ទាប់ពីការដំឡើង២៨ដុល្លារលើប្រាក់ខែគោលកាលពីខែមករា និងធ្វើឡើងបន្ទាប់ពីការបោះឆ្នោតនៅពេលព្រឹកដោយគណៈកម្មការប្រឹក្សាការងារ (LAC) សម្រេចយក១៣៥ដុល្លារ ប៉ុន្តែតួលេខនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំឡើងភ្លាមៗដល់១៤០ដុល្លារ។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា "ថ្ងៃនេះ យើងសម្រេចយក១៣៥ដុល្លារ។ នេះជាចំនួនសមរម្យ ទោះបីជាយើងមិនអាចបំពេញតាមសំណើរបស់ភាគីនីមួយៗបានក្ដី។ សហជីពមិនសប្បាយចិត្ត ហើយនិយោជកតវ៉ា ចំណែកឯភាគីផ្សេងទៀតនិយាយថា មិនសមហេតុផល។ ប៉ុន្តែ យើងគ្មានជម្រើសទេ ពីព្រោះការដំឡើងរបស់យើងធ្វើឡើងផ្អែកទៅលើកត្តាចំនួនប្រាំពីរ។ បន្ថែមពីលើ១៣៥ដុល្លារ សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែម៥ដុល្លារទៀត ដូច្នេះប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៦ គឺ១៤០ដុល្លារ"។
សូមបញ្ជាក់ថា ប្រាក់ខែគោលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា។...
ប៉ូលិសរាំងផ្លូវអ្នកហែក្បួននៅទិវាសិទ្ធិលំនៅដ្ឋានពិភពលោក
អ្នកតវ៉ាជាង១.០០០នាក់មកពីសហគមន៍ប្រហែល៥០នៅទូទាំងប្រទេសបានជួបជុំគ្នាកាលពីថ្ងៃច័ន្ទដើម្បីចូលរួមទិវាសិទ្ធិលំនៅដ្ឋានពិភពលោករបស់អង្គការសហប្រជាជាតិ និងតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីដីធ្លីនិងផ្ទះសំបែង ប៉ុន្តែការហែក្បួនរបស់ពួកគេត្រូវបានរារាំងដោយអាជ្ញាធរក្រុង ដែលបានអះអាងថា អ្នកតវ៉ាបានបង្កហានិភ័យដល់សន្តិសុខ។
ចាប់ផ្តើមការហែក្បួននៅម៉ោងប្រហែល៩ព្រឹកនៅអតីតតំបន់ដីក្រហម ជាទីតាំងនៃការបណ្តាញចេញដោយបង្ខំនិងហិង្សាក្នុងឆ្នាំ២០០៩ អ្នកតវ៉ា ដែលនាំមុខដោយក្រុមមួយមានកាន់ផ្ទះឈើគំរូដ៏ធំ បានដើរទៅកាន់រដ្ឋសភានៅក្បែរនោះ ឈប់រយៈពេលប្រហែល៣០នាទី ខណៈដែលតំណាង៤រូបបានដាក់ញត្តិទៅតំណាងរាស្ត្រនៅខាងក្នុងអគារសភា។
កាន់បដាជាច្រើនដែលរួមមានពាក្យស្លោក "គ្មានផ្ទះ គ្មានដីធ្លី គ្មានជីវិត" និង "ដីធ្លី និងទីលំនៅ អ្នកតវ៉ាមិនមែនជាអ្នកបដិវត្តពណ៌" អ្នកដែលបានជួបជុំគ្នា បន្ទាប់មកបានដើរហែឆ្ពោះទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅជិតវិមានឯករាជ្យ ប៉ុន្តែត្រូវបានរាំងផ្លូវដោយនគរបាលក្រុងនិងកម្លាំងរាជអាវុធហត្ថជាង១០០នាក់...
ភេរវករក្លាយជាអ្នកនយោបាយធ្វើមាតុភូមិនិវត្តន៍
ភេរវករដែលទទួលបានការលើកលែងទោស និងជាអ្នកនយោបាយ លោក សួន សេរីរដ្ឋា បានវិលត្រឡប់មកប្រទេសវិញពីការនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ហើយបានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយទទួលបានការស្វាគមន៍យ៉ាងស្ងាត់ស្ងៀមពីអ្នកគាំទ្រប្រហែល២០០នាក់ ចំណែកឯអ្នកគាំទ្រមួយចំនួនបានដឹងតិចតួចថា ហេតុអ្វីពួកគេបានមកទីនេះ ហើយមកទីនេះដោយសារពួកគេទទួលបានអង្ករនិងប្រាក់។
ការវិលត្រឡប់មកមាតុប្រទេសវិញរបស់លោក សេរីរដ្ឋា គឺជាសំណាងដ៏ចម្លែកសម្រាប់អ្នកប្រឆាំងរូបនេះដែលត្រូវបានចាត់ទុកថា ជាភេរវករដោយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣ ដោយសំអាងលើភ័ស្តុតាងតិចតួចបំផុត ហើយក៏ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំដោយកំបាំងមុខកាលពីខែមករា។
ដោយនឹកស្មានមិនដល់ និងពុំមានការពន្យល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នករិះគន់ខ្លាំងបំផុតទៅលើលោក សេរីរដ្ឋា បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ កាលពីខែកក្កដា។ ពីរបីថ្ងៃក្រោយមក ក្រសួងមហាផ្ទៃក៏បានអនុញ្ញាតឲ្យគណបក្សអំណាចខ្មែរចុះឈ្មោះដោយមានលោក សេរីរដ្ឋា ជាមេដឹកនាំ។
លោក សេរីរដ្ឋា បានមកដល់ពីការធ្វើដំណើរតាមយន្តហោះពេលព្រឹកពីក្រុងបាងកក ដោយមានជំនួយការនិងទីប្រឹក្សាមួយចំនួនតូច ហើយក៏បានលុតជង្គង់នៅខាងក្រៅកន្លែងមកដល់នៅព្រលានយន្តហោះដោយទទួលបានការប្រោះព្រំទឹកមន្តនិងផ្កាម្លិះពីព្រះសង្ឃ។ ក្រោយមកទៀត លោកក៏ចាប់ផ្តើមរិះគន់រដ្ឋាភិបាល។
លោកបាននិយាយថា "ខ្ញុំមិនដែលទទួលស្គាល់ថា ខ្ញុំមានទោសទេ ហើយខ្ញុំក៏មិនដែលទទួលស្គាល់លើប្រព័ន្ធតុលាការនៅកម្ពុជាដែរ។ តុលាការគ្មានយុត្តិធម៌ទេ ហើយគេមិនអាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះបានឡើយ។ ដូច្នេះទីបញ្ចប់ អ្នកដែលប្តឹងខ្ញុំគឺជាអ្នកដែលលើកលែងទោសឲ្យខ្ញុំ"។
លោក សេរីរដ្ឋា បានទម្លាក់ចោលគំនិតធំៗរបស់លោកគឺ ការបះបោរបែបបដិវត្តផ្កាម្លិះ និងការដាក់មូលដ្ឋានទ័ពអាមេរិកនៅលើកោះភូកុក ដែលកម្ពុជាមិនមែនជាម្ចាស់ ប៉ុន្តែ លោកបានសន្យាកាលពីម្សិលមិញថា នឹងជំរុញឲ្យមានការកែទម្រង់រួមមាន ការបោះឆ្នោតជាដើម។
លោក សេរីរដ្ឋា បាននិយាយថា "ប្រសិនបើប្រព័ន្ធបោះឆ្នោតមិនផ្លាស់ប្តូរឲ្យមានយុត្តិធម៌និងសេរី ពលរដ្ឋនឹងនៅតែចាញ់។ យើងមិនចង់ឲ្យពលរដ្ឋចាញ់ទេ យើងចង់ឲ្យពលរដ្ឋឈ្នះ ដូច្នេះគេអាចសម្រេចវាសនាជាតិបាន"។
លោក សេរីរដ្ឋា បានឃ្លាតចាកពីប្រទេសកម្ពុជារយៈពេលប្រាំបួនឆ្នាំ គឺភាគច្រើនរស់នៅសហរដ្ឋអាមេរិក ដែលលោកទទួលបានការគាំទ្រពីសហគមន៍ខ្មែរទូទាំងសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប ដោយធ្វើការរិះគន់យ៉ាងខ្លាំងក្លាទៅលើគណបក្សកាន់អំណាចដ៏យូររបស់លោក ហ៊ុន សែន។
អ្នកប្រឆាំងរូបនេះបានអួតថា មានសមត្ថភាពអំពាវនាវដល់អ្នកគាំទ្ររាប់រយរាប់ពាន់នាក់ទូទាំងប្រទេសកម្ពុជាតាមដែលលោកចង់បាន។ ប៉ុន្តែ មិនមានសញ្ញាណាមួយដែលថា វាជាករណីបែបនោះទេ ហើយប្រជាប្រិយភាពរបស់លោកនៅក្នុងប្រទេសមិនទាន់មានការការសាកល្បងនៅឡើយទេ។
ទោះជាយ៉ាងនេះក្តី ដោយសង្ឃឹមថា នឹងទទួលបានការគាំទ្រ គណបក្សនេះបានរៀបចំតម្រង់ជួរអ្នកគាំទ្រប្រហែល២០០នាក់ ដោយពាក់អាវពណ៌បៃតងរបស់គណបក្សអំណាចខ្មែរ ដោយគ្រវីទង់ជាតិខ្មែរនិងអាមេរិកាំង ដើម្បីទទួលស្វាគមន៍លោក សេរីរដ្ឋា នៅឯព្រលានយន្តហោះកាលពីម្សិលមិញ។
ក្នុងចំណោមអ្នកគាំទ្រប្រាំមួយនាក់ពាក់អាវពណ៌បៃតងដែលសម្ភាសដោយអ្នកយកព័ត៌មាន គ្មាននរណាម្នាក់ដឹងអំពីគណបក្សអំណាចខ្មែរទេ លើកលែងតែថា គណបក្សនេះដឹកនាំដោយលោក សេរីរដ្ឋាតែប៉ុណ្ណោះ។ ស្ត្រីម្នាក់បាននិយាយថា អ្នកស្រីបានក្លាយជាអ្នកគាំទ្របក្សដោយសារតែគណបក្សអំណាចខ្មែរបានជួយផ្តល់អំណោយដល់អ្នកស្រីនិងអ្នកជិតខាង។
អ្នកស្រី ចក់ លីណា ដែលធ្វើដំណើរពីខេត្តតាកែវ តាមរថយន្តទួរីសជាមួយអ្នកជិតខាង បាននិយាយថា "ខ្ញុំស្រឡាញ់គណបក្សនេះពីព្រោះ ជាមនុស្សល្អ។ គាត់ជួយប្រជាពលរដ្ឋ ពីព្រោះគាត់ឲ្យអង្ករយើងរាល់ខែ"។
អ្នកស្រីបាននិយាយថា គ្រួសារអ្នកស្រីទទួលបានជំនួយជាអង្ករ៥០គីឡូក្រាមនិងប្រាក់៥០.០០០រៀលរាល់ខែពីគណបក្សអំណាចខ្មែរអស់រយៈពេលបីខែមកហើយ ជាពេលដែលលោក សេរីរដ្ឋា ទទួលបានការលើកលែងទោស។ អ្នកស្រីមិនបានដឹងអំពីគោលនយោបាយរបស់បក្សទេ ហើយបាននិយាយថា ការទទួលបានអំណោយគឺជាហេតុផលដែលអ្នកស្រីយល់ព្រមធ្វើដំណើរមកក្រុងភ្នំពេញ ដើម្បីទទួលស្វាគមន៍លោកប្រធានបក្ស។
អ្នកស្រីបាននិយាយថា "អ្នកផ្សេងទៀតក៏ដូចគ្នាដែរ"។
អ្នកស្រីនិងអ្នកជិតខាងបានប្រមូលគ្នាធ្វើដំណើរមកភ្នំពេញដោយលោក ឈាង រុន ជាប្រធានគណបក្សអំណាចខ្មែរប្រចាំស្រុកសំរោង។ លោក រុន បាននិយាយថា លោកមិនបានដឹងអ្វីទាំងអស់ទាក់ទងនឹងគណបក្សអំណាចខ្មែរ ហើយក៏មិនបានឮអំពីគណបក្សនេះដែរ ទើបតែដឹងបីខែមុនប៉ុណ្ណោះ។
លោក រុន បាននិយាយថា លោកមិនទាន់បានទទួលអំណោយជាអង្ករ ឬជាលុយកាក់ទេ ប៉ុន្តែ លោកជឿថា លោកនឹងទទួលបាន។
លោកបាននិយាយថា "ខ្ញុំសង្ឃឹមថា គណបក្សអំណាចខ្មែរនឹងជួយខ្ញុំឆាប់ៗនេះ"។
គម្រោងគណបក្ស
លោក សេរីរដ្ឋា មិនបង្អែរបង្អង់យូរទេ ព្រោះថាលោកវិលមកវិញហើយ។
គណបក្សអំណាចខ្មែរ នឹងធ្វើសមាជបក្សដំបូងនៅថ្ងៃនេះ ហើយនឹងមានសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់ព្រះសង្ឃ និងនិស្សិតអំពីភាពជាអ្នកនយោបាយនៅថ្ងៃសៅរ៍។ បន្ទាប់មកលោក សេរីរដ្ឋា នឹងធ្វើដំណើរទៅកាន់ការិយាល័យនានាតាមខេត្តរបស់គណបក្សអំណាចខ្មែរ។
ប៉ុន្តែ ទោះបីជាមានសកម្មភាពជាផ្លូវការទាំងនេះក៏ដោយ ក៏លោក សេរីរដ្ឋា មិនទាន់ដាក់បេក្ខជនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនាឆ្នាំ២០១៧ និងឆ្នាំ២០១៨ដែរ។
លោកមានលក្ខខណ្ឌមួយចំនួនដែលរដ្ឋាភិបាលត្រូវបំពេញមុននឹងលោកចូលរួមប្រកួតប្រជែង រួមមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីលុបបំបាត់សមាជិកភាពដែលមាននិន្នាការនយោបាយទាំងអស់។
ប្រសិនបើគណបក្សអំណាចខ្មែរចូលរួម លោក ឡេវ តុល ចង់ធ្វើជាបក្ខជនគណបក្សប្រចាំខេត្តសៀមរាប។ លោកបានធ្វើដំណើរមកព្រលានយន្តហោះកាលពីម្សិលមិញដោយពាក់អាវបក្ស ហើយកាន់ក្បាលមេក្រូ។
លោកបាននិយាយថា "ខ្ញុំគាំទ្រ សួន សេរីរដ្ឋា ពីព្រោះគណបក្សអំណាចខ្មែរ មានចំណុចបីធំៗ។ គាត់ជួយពលរដ្ឋ គាត់ចង់លុបចោលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយ សួន សេរីរដ្ឋា ចង់ឲ្យពលរដ្ឋទាំងអស់មានសិទ្ធិបោះឆ្នោត សូម្បីតែអ្នកនៅក្រៅប្រទេសក៏អ៊ីចឹងដែរ"។
លោក តុល បាននិយាយថា លោកក៏ចូលចិត្តគម្រោងរបស់លោកប្រធានបក្សក្នុងការពង្រីកការបង្រៀនតាមសាលាសាធារណៈពីកន្លះថ្ងៃទៅពេញមួយថ្ងៃ ហើយលុបបំបាត់ឲ្យអស់នូវពលរដ្ឋវៀតណាមដែលគ្មានសញ្ញាតិខ្មែរចេញពីបញ្ជីបោះឆ្នោត។
ការយល់ព្រមចូលរួមការបោះឆ្នោតនឹងជាការផ្លាស់ប្តូរចិត្តសម្រាប់លោក សេរីរដ្ឋា ដែលបានរិះគន់យ៉ាងច្រើនទៅលើគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការអះអាងថា គណបក្សនេះកាន់អំណាចជាង២២ឆ្នាំ ដោយសារតែប្រព័ន្ធបោះឆ្នោតពុករលួយ។
ការប្តឹងផ្តល់របស់រដ្ឋាភិបាលប្រឆាំងនឹងលោក សេរីរដ្ឋា បានផ្អែកលើការប្រឹងប្រែងមិនបានសម្រេចក្នុងការចែកចាយអាវយឺតទូទាំងប្រទេសមុននឹងមានការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលមានសារអំពាវនាវឲ្យពលរដ្ឋមិនចូលរួមបោះឆ្នោត។ រឿងក្តីនេះក៏ជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងរបស់លោក ក្នុងពេលមានការតវ៉ាតាមដងផ្លូវដែលកើតឡើងបន្ទាប់ពីការបោះឆ្នោត ដើម្បីចែកផ្កាកុលាប១.០០០ទងឲ្យប៉ូលិសនិងទាហានទូទាំងភ្នំពេញ រួមមានក្រដាសបិទផ្សព្វផ្សាយដែលជំរុញឲ្យពួកគេ "បែរកាណុងកាំភ្លើងដាក់ជនផ្តាច់ការ" ដែលជាការសំដៅទៅលើលោក ហ៊ុន សែន។
លោក សេរីរដ្ឋា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីខែមករាពីបទញុះញង់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងរារាំងការបោះឆ្នោត។
ក្រុមការពារសិទ្ធិមនុស្សបានទាត់ចោលករណីនេះថាគ្មានមូលដ្ឋានច្បាស់លាស់ និងថាជារឿងនយោបាយ ហើយចាប់តាំងពីការលើកលែងទោសរបស់លោក សេរីរដ្ឋានោះមក រដ្ឋាភិបាលមិនដែលពន្យល់អំពីការផ្លាស់ប្តូរចិត្តរបស់ខ្លួនទាក់ទងនឹងភេរវកររូបនេះទេ។ មន្ត្រីក្រសួងមហាផ្ទៃគ្រាន់តែនិយាយថា លោក សេរីរដ្ឋា បានផ្លាស់ប្តូរឥរិយាបថរបស់លោក ហើយនិងស្វាគមន៍ឲ្យលោកមកវិញ។
អ្នកសង្កេតការណ៍នយោបាយបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាចង់ឲ្យលោក សេរីរដ្ឋា វិញមកកម្ពុជាវិញ ដើម្បីឲ្យលោកអាចអូសទាញសន្លឹកឆ្នោតចេញពីគណបក្សប្រឆាំងពិតប្រាកដគឺគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតខាងមុខ។ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សអំណាចខ្មែរ បានបដិសេធចំពោះការអះអាងនេះ។
ទោះជាយ៉ាងនេះក្តី លោក តុល មានទស្សនៈមួយ។
លោក តុល បាននិយាយថា "សួន សេរីរដ្ឋា និយាយការពិត។ ប្រហែលសហរដ្ឋអាមេរិកដាក់គំនាបលើរដ្ឋាភិបាល ពីព្រោះគាត់ជាអ្នកប្រជាធិបតេយ្យពិតប្រាកដ"។
ដោយមានមេដឹកនាំរបស់លោកវិលមកមាតុភូមិវិញ លោក តុល ជឿជាក់ថា គណបក្សនឹងរុញឲ្យគណបក្សប្រជាជនកម្ពុជាខ្ទាតចេញពីអំណាចនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
លោកបាននិយាយថា "នៅខេត្តសៀមរាប មានពលរដ្ឋច្រើនដែលគាំទ្រគណបក្សអំណាចខ្មែរគឺប្រហែល២០០នាក់"៕រើន
លោក ហ៊ុន សែន ថា គោលនយោបាយដីធ្លីរបស់គណបក្សសង្គ្រោះជាតិនឹងបណ្ដាលឲ្យមានសង្គ្រាម
លោក សម រង្ស៊ី មានប្រសាសន៍ថា ការរឹបអូសនឹងត្រូវធ្វើឡើងដោយតុលាការ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ នឹងឈានទៅរកសង្គ្រាមដោយចៀសមិនផុត នៅពេលគណបក្សប្រឆាំងមួយនេះចាប់ផ្ដើមបែងចែកឡើងវិញនូវដីបានពីអ្នកមានឲ្យទៅអ្នកក្រ ជាអ្វីដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា នឹងត្រូវធ្វើឡើងដោយតុលាការឯករាជ្យតែម្នាក់គត់។
នៅឯសិក្ខាសាលាមួយស្ដីពីអនាគតទេសចរណ៍ក្នុងទីក្រុង ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ លោកបានថ្លែងថា ទោះបីជាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតក៏ដោយ ក៏គណបក្សនេះនឹងត្រូវតស៊ូប្រឆាំងក្រុមកាន់អំណាចចាក់ឫសរឹងមាំនៅក្នុងប្រទេស។
លោកមានប្រសាសន៍សំដៅដល់ពាណិជ្ជករមានខ្នងបង្អែកក្រាស់ជាច្រើនដែលចូលរួមក្នុងពិធីនោះថា "បើបោះឆ្នោតឲ្យគេ បានវាដោះស្រាយនេះដោះស្រាយនោះ ក៏ប៉ុន្តែខ្ញុំហ៊ាននិយាយ អស់លោកនៅទីនេះសុទ្ធតែសត្រូវរបស់ពួកគេ។ អញ្ចឹង តើអាហ្នឹងសុខទេ អាហ្នឹង?...
កម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើលឿនបំផុតនៅក្នុងពិភពលោក
យោងតាមតួលេខសកលថ្មីដែលផ្អែកលើទិន្នន័យផ្កាយរណបរបស់សហរដ្ឋអាមេរិកឲ្យដឹងថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជាចន្លោះពីឆ្នាំ២០០១ដល់ឆ្នាំ២០១៤ មានអត្រាលឿនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោក។
យោងតាមតួលេខបញ្ចេញនៅខែនេះដោយវិទ្យាស្ថានធនធានពិភពលោក (World Resources Institute) ហៅកាត់ WRI ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយផ្អែកលើទិន្នន័យប្រមូលដោយសាកលវិទ្យាល័យម៉ារីលែន (University of Maryland) និងក្រុមហ៊ុនហ្គូហ្គល (Google) ដោយប្រើប្រាស់រូបភាពផ្កាយរណបបានបង្ហាញថា អត្រាប្រចាំឆ្នាំដែលកម្ពុជា បានបាត់បង់គម្របព្រៃឈើរបស់ខ្លួនក្នុងរយៈពេល១៤ឆ្នាំមកនេះ បានកើនឡើង១៤,៤ភាគរយ។
លោក មែស៊ូ ហ៊ែនសិន (Matthew Hansen) ដែលបានដឹកនាំការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យនេះ បានលើកឡើងតាមអុីម៉េលថា "ជារួម កម្ពុជានៅតែមានអត្រាខ្ពស់ជាងគេបំផុត"។
ប្រទេសសៀរ៉ាឡេអូន បានជាប់ចំណាត់ថ្នាក់លេខ២...
ប្រទេសកម្ពុជាត្រៀមពិនិត្យមើលជនភៀសខ្លួនបន្ថែមទៀតដែលអូស្ត្រាលីឃុំខ្លួននៅលើកោះណូរូ
ទីប្រឹក្សាម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយលោក ភីធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ដែលបានមកបំពេញទស្សនកិច្ចកាលពីម្សិលមិញថា ប្រទេសកម្ពុជាត្រៀមចាប់ផ្ដើមពិនិត្យមើលជនភៀសខ្លួនបន្ថែមទៀតដែលប្រទេសអូស្ត្រាលីសង្ឃឹមថា នឹងមកតាំងទីលំនៅនៅទីនេះពីប្រទេសដែនកោះណូរូក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក ដាត់ធិន ធ្វើឡើងដោយគ្មានការប្រកាស និងធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ព្រោងព្រាតថា កិច្ចព្រមព្រៀងនេះប្រហែលជាជិតបរាជ័យបន្ទាប់ពីប្រទេសកម្ពុជាបានលើកឡើងថា ខ្លួននឹងមិនទទួលយកជនភៀសខ្លួនណាម្នាក់បន្ថែមទៀតឡើយ លុះណាតែជនភៀសខ្លួនបួននាក់ដំបូងដែលបានមកដល់កាលពីខែមិថុនា ត្រូវបានបញ្ចូលទៅក្នុងសង្គមពេញលេញសិន។
ក៏មានការលើកឡើងកាលពីសប្ដាហ៍មុនដែរថា ជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួនបួននាក់ដំបូង គឺបុរសជនជាតិរ៉ូហុីងយ៉ាដែលបានភៀសខ្លួនពីប្រទេសភូមា ដោយសង្ឃឹមថា នឹងបានទៅដល់ប្រទេសអូស្ត្រាលីនោះ បានស្នើសុំត្រឡប់ទៅស្រុកកំណើតវិញ។
លោក ស្រី ថាំរុង្គ ទីប្រឹក្សាលោក ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរការតាំងទីលំនៅដល់ជនភៀសខ្លួនបួននាក់ដំបូងដែលស្ថិតនៅក្នុងកន្លែងស្ងប់ស្ងាត់បិទរបងជិតនៅជាយរាជធានីភ្នំពេញនោះ បានធ្វើឲ្យដំណើរការនេះជាប់គាំង។
លោក ថាំរុង្គ បានថ្លែងទៅកាន់អ្នកយកព័ត៌មានថា "យើងចង់ឲ្យប្រទេសអូស្ត្រាលីបញ្ជូនអ្នកស្ម័គ្រចិត្តមកបន្ថែមទៀត។ ប៉ុន្តែយើងកំពុងប្រឈមការលំបាកក្នុងការនាំពួកគេបន្ថែមទៀតមកទីនេះដោយសារការបញ្ចូលជនភៀសខ្លួនបួននាក់ដំបូងទៅក្នុងសង្គមនោះ...
អូស្ត្រាលី បដិសេធបរាជ័យនៃកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនមកតាំងលំនៅក្នុងប្រទេសកម្ពុជា
កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី បានអះអាងថា កិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសមួយជាមួយប្រទេសកម្ពុជា នៅតែមានសុពលភាព ហើយបានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មានរបស់អូស្ត្រាលីដែលលើកឡើងថា កិច្ចប្រឹងប្រែងតាំងលំនៅជនភៀសខ្លួនបន្ថែមទៀតដែលមកពីកោះណូរូ បានបរាជ័យ។
មនុស្សបួននាក់ដំបូងមកពីជំរំជនភៀសខ្លួនរបស់អូស្ត្រាលី នៅលើប្រទេសដែនកោះកណ្ដាលមហាសមុទ្របា៉ស៊ីហ្វិកខាងត្បូងនេះ បានមកដល់ប្រទេសកម្ពុជា កាលពីខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា ដើម្បីទទួលយកជនភៀសខ្លួនក្នុងចំនួនមិនបញ្ជាក់ច្បាស់លាស់ក្នុងរយៈពេល៤ឆ្នាំជាថ្នូរនឹងជំនួយបន្ថែមចំនួន៤០លានដុល្លារអូស្ត្រាលី (ប្រហែល២៨,៥លានដុល្លារ)។ ប៉ុន្តែចាប់តាំងពីពេលនោះមក គ្មានជនភៀសខ្លួនណាម្នាក់ស្ម័គ្រចិត្តឡើយ។
កាលពីថ្ងៃសុក្រ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជា "គ្មានគម្រោង" ទទួលតាំងលំនៅជនភៀសខ្លួនបន្ថែមទៀតដែលមកពីកោះណូរូ ឡើយ...
លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ចសម័យខ្មែរក្រហម ទទួលមរណភាពក្នុងវ័យ៨៣ឆ្នាំ
លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម ដែលស្ថិតក្នុងចំណោមក្រុមដ៏មានឥទ្ធិពលរបស់ ប៉ុល ពត បានទទួលមរណភាពក្នុងវ័យ៨៣ឆ្នាំកាលពីថ្ងៃសៅរ៍ ក្នុងខេត្តប៉ៃលិន កន្លែងដែលគ្រួសាររបស់លោកស្រីនៅតែមានឥទ្ធិពល។
ជាញឹកញាប់ លោកស្រី អៀង ធីរិទ្ធ ដែលត្រូវជាភរិយារបស់លោក អៀង សារី រដ្ឋមន្ត្រីក្រសួងការបរទេសក្រោមរបប ប៉ុល ពត ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៣ ត្រូវបានគេហៅថា "ជំទាវទី១" ក្នុងរបបនោះ និងជាស្ត្រីតែម្នាក់គត់ដែលកាន់មុខតំណែងខ្ពស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ដោយត្រូវបានអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នីតិវិធីប្រឆាំងលោកស្រី...
អតីតប្រធានសាលាដំបូងរាជធានីត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល
ក្រុមមន្ត្រីនិយាយថា កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ទៅសាលាដំបូងខេត្តកណ្តាល ទីដែលព្រះរាជអាជ្ញាបានចោទប្រកាន់លោកជាបណ្តោះអាសន្នពីបទគៃបំបាត់ចំពោះការរឹបអូសរថយន្តទំនើបមួយគ្រឿងពីអ្នកជួញដូរគ្រឿងញៀនម្នាក់ ហើយបានប្រគល់រថយន្តនោះទៅកូនប្រុសរបស់លោក។
លោក អាំង មាលតី ត្រូវបានចាប់ខ្លួននៅទីស្នាក់ការ អ.ប.ព. ក្នុងរាជធានីភ្នំពេញនៅម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ រយៈពេលប្រហែល៦ខែបន្ទាប់ពី លោកត្រូវបានបណ្តេញចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយបានទទួលតួនាទីនៅក្រសួងយុត្តិធម៌។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាព អ.ប.ព. បានលើកឡើងតាមសារជាអក្សរកាលពីម្សិលមិញថា សាលាដំបូងខេត្តកណ្តាលនឹងសាកសួរលោក អាំង មាលតី ជុំវិញអ្វីដែលបានកើតឡើងចំពោះរថយន្តអូឌី (Audi) ដែលត្រូវបានរឹបអូសជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សាលាដំបូងរាជធានីភ្នំពេញពីអ្នកជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី។
លោក ឱម យ៉ិនទៀង បានលើកឡើងថា "យើងបានរកឃើញថា លោក ថាវ ថាវី ដែលពីដំបូងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នោះ បានជាប់ពាក់ព័ន្ធជាមួយលោក អាំង មាលតី ក្នុងការប្រើប្រាស់រថយន្តអូឌី មិនត្រឹមត្រូវកាលពីឆ្នាំ២០១០ ដែលមានតម្លៃ៦៧.០០០ដុល្លារ ហើយ បានរឹបអូសយករថយន្តនោះដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន"។
កាលពីថ្ងៃសៅរ៍ លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា អ.ប.ព. បានចាប់ខ្លួនអតីតប្រធានតុលាការរូបនេះ បន្ទាប់ពីលោកត្រូវបានសាកសួរនៅទីស្នាក់ការ អ.ប.ព....
Latest news
© 2021, ដេលី. All rights reserved.

