យោងតាមតួលេខសកលថ្មីដែលផ្អែកលើទិន្នន័យផ្កាយរណបរបស់សហរដ្ឋអាមេរិកឲ្យដឹងថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជាចន្លោះពីឆ្នាំ២០០១ដល់ឆ្នាំ២០១៤ មានអត្រាលឿនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោក។
យោងតាមតួលេខបញ្ចេញនៅខែនេះដោយវិទ្យាស្ថានធនធានពិភពលោក (World Resources Institute) ហៅកាត់ WRI ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយផ្អែកលើទិន្នន័យប្រមូលដោយសាកលវិទ្យាល័យម៉ារីលែន (University of Maryland) និងក្រុមហ៊ុនហ្គូហ្គល (Google) ដោយប្រើប្រាស់រូបភាពផ្កាយរណបបានបង្ហាញថា អត្រាប្រចាំឆ្នាំដែលកម្ពុជា បានបាត់បង់គម្របព្រៃឈើរបស់ខ្លួនក្នុងរយៈពេល១៤ឆ្នាំមកនេះ បានកើនឡើង១៤,៤ភាគរយ។
លោក មែស៊ូ ហ៊ែនសិន (Matthew Hansen) ដែលបានដឹកនាំការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យនេះ បានលើកឡើងតាមអុីម៉េលថា “ជារួម កម្ពុជានៅតែមានអត្រាខ្ពស់ជាងគេបំផុត”។
ប្រទេសសៀរ៉ាឡេអូន បានជាប់ចំណាត់ថ្នាក់លេខ២ ដោយកើនឡើង១២,៨ភាគរយ បន្ទាប់មកគឺប្រទេសម៉ាដាហ្គាស្កា អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ។ ប្រទេសលីបេរីយ៉ា ហ្គីណេ ហ្គីណេប៊ីស្យូ វៀតណាម និងម៉ាឡេស៊ី ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០។
វិទ្យាស្ថាននេះបានលើកឡើងថា ទិន្នន័យថ្មីបំផុតនេះបានរកឃើញ “ការកើនឡើងគួរឲ្យព្រួយបារម្ភ” នូវការបាត់បង់ព្រៃឈើនៅក្នុង “តំបន់ក្ដៅ” ចំនួន៤ជុំវិញពិភពលោក ដោយក្នុងនោះរួមមានទាំងអាងទន្លេមេគង្គផងដែរ។
លោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយអមដោយទិន្នន័យថ្មីនេះថា ”ជាមួយនឹងប្រព័ន្ធផ្កាយរណប Landsat ដែលអាចផ្ដល់ការគ្របដណ្តប់ទូទាំងពិភពលោករាល់៨ថ្ងៃម្តង ធ្វើឲ្យយើងមានសមត្ថភាពមិនធ្លាប់មាននៅក្នុងការឃ្លាំមើលការប្រែប្រួលព្រៃឈើទូទាំងសាកលលោក។ ទិន្នន័យស្តីពីការបាត់បង់គម្របព្រៃឈើឆ្នាំ២០១៤ ដែលដាក់បញ្ចូលរូបភាព Landsat រាប់សែនសន្លឹកបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសនានាមិនត្រឹមតែខ្ពស់ទេ ពោលគឺវាកំពុងតែបង្កើនល្បឿនទៀតផង។ ជំហានបន្ទាប់គឺត្រូវប្រើប្រាស់ព័ត៌មាននេះដើម្បីពង្រឹងការការពារព្រៃឈើ និងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសេវាធម្មជាតិដ៏មានតម្លៃដែលព្រៃឈើផ្ដល់ឲ្យ”។
មន្ត្រីក្រសួងកសិកម្ម និងមន្ត្រីរដ្ឋបាលព្រៃឈើមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ដែលជាកម្មវិធីមួយរបស់វិទ្យាស្ថានធនធានពិភពលោក និយាយថា កម្ពុជា បានបាត់បង់ព្រៃសរុប១,៤៤លានហិកតា ឬ១៤.៤៧១គីឡូម៉ែត្រក្រឡានៃព្រៃឈើចន្លោះពីឆ្នាំ២០០១ដល់ឆ្នាំ២០១៣។ នោះបានធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២៣ក្នុងពិភពលោកសម្រាប់ការបាត់បង់គម្របព្រៃឈើសរុប ហើយជាប់លេខ៩ជាចំណែកនៃគម្របព្រៃឈើដែលប្រទេសកម្ពុជា មាននៅក្នុងឆ្នាំ២០០០។

វិទ្យាស្ថានធនធានពិភពលោកមិនបានផ្ដល់គម្របព្រៃឈើសរុបដែលកម្ពុជា បានបាត់បង់នៅក្នុងឆ្នាំ២០១៤នោះទេ។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានវិភាគទិន្នន័យផ្កាយរណបផ្ដល់ដោយសាកលវិទ្យាល័យម៉ារីលែន បានឲ្យដឹងថា កម្ពុជាបានបាត់បង់ប្រហែល១៥៦.០០០ហិកតានៃគម្របព្រៃកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ យោងតាមការវិភាគរបស់អង្គការលីកាដូលើទិន្នន័យនេះបានឲ្យដឹងថា ជិត១ភាគ៣នៃគម្របព្រៃឈើដែលកម្ពុជា បានបាត់បង់កាលពីឆ្នាំមុន បានបាត់ព្រៃក្នុងតំបន់ការពារ។ ៤៥ភាគរយនៃការបាត់បង់នោះបានកើតឡើងនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុនឯកជនសម្រាប់ប្រតិបត្តិការកសិឧស្សាហកម្មដែលភាគច្រើនជាចម្ការកៅស៊ូ។
រដ្ឋាភិបាលនឹងមិនបញ្ចេញបញ្ជីពិស្ដារ នៃដីសម្បទានសេដ្ឋកិច្ចសកម្មទាំងអស់ និងព្រំប្រទល់នីមួយៗឡើយ។ អង្គការលីកាដូ បញ្ជាក់ពីបញ្ជីមួយដែលផ្អែកលើកំណត់ត្រាបន្តិចម្តងៗដែលរដ្ឋាភិបាលបញ្ចេញ និងប្រភពផ្ទាល់ខ្លួនរបស់រដ្ឋាភិបាល។
លោក ម៉ាតស៊ូ ពេឡឺរីន (Mathieu Pellerin) អ្នកប្រឹក្សាយោបល់របស់អង្គការលីកាដូ ផ្នែកបញ្ហាដីធ្លី បានមានប្រសាសន៍ថា ដោយសារតែមានការរឹតបន្តឹងក្នុងប្រមូលទិន្នន័យ តួលេខសម្រាប់ការបាត់បង់ព្រៃឈើនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ជាចំណែកនៃការបាត់បង់ព្រៃឈើសរុបនៅក្នុងឆ្នាំ២០១៤ [ពោលគឺ៤៤,៩ភាគរយ] គឺប្រហែលជាតួលេខមិនច្រើនទេ។
លោកមានប្រសាសន៍ថា “តួលេខនេះនឹងកើនឡើងដល់យ៉ាងតិច៥០ភាគរយ ប្រសិនបើយើងបន្ថែមចម្ការដែលឃើញយ៉ាងច្បាស់ថា ហួសពីព្រំប្រទល់របស់វា និងប្រសិនបើយើងមានរបាយការណ៍ស្តីពីដីសម្បទានសេដ្ឋកិច្ចសេសសល់មួយចំនួនដែលយើងគ្មាន”។
តាមពិត ផែនទីស្តីពីការបាត់បង់ព្រៃឈើពិភពលោកដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់សាកលវិទ្យាល័យម៉ារីលែន បានបង្ហាញថា កម្ពុជាកំពុងបន្តបាត់បង់ព្រៃឈើយ៉ាងច្រើននិងយ៉ាងឆាប់រហ័សនៅក្នុង និងជំុវិញតំបន់ដីសម្បទានសេដ្ឋកិច្ច ក្នុងនោះមានខ្លះនៅក្នុងតំបន់ការពារ។ ផែនទីនេះបង្ហាញពីការបាត់បង់ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយចំនួននៅក្នុង និងជុំវិញតំបន់ដីសម្បទានសេដ្ឋកិច្ចដែលស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភាគខាងត្បូងខេត្តព្រះវិហារ និងក្នុងតំបន់អភិរក្សជីវៈចម្រុះស្នួលសីមា ដែលស្ថិតនៅតាមបណ្តោយព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
រដ្ឋាភិបាលអះអាងថា ខ្លួនផ្តល់ដីសម្បទានសេដ្ឋកិច្ចណាដែលមានព្រៃរេចរិលត្រូវកាប់បំផ្លាញដោយអ្នកតាំងទីលំនៅថ្មី អ្នកបរបាញ់សត្វ និងអ្នកកាប់ឈើខុសច្បាប់រួចហើយប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងចំណោមតំបន់ការពារនៅកម្ពុជា គ្មានតំបន់ណាមួយមានផែនទីបញ្ជាក់ទីតាំងឲ្យបានត្រឹមត្រូវដែលអាចបង្ហាញថា កន្លែងណាជាកន្លែងដែលមានការកាប់បំផ្លាញព្រៃឈើនោះឡើយ ហើយដីសម្បទានសេដ្ឋកិច្ចមួយចំនួនត្រូវបានផ្តល់មុនពេលមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានដែលច្បាប់តម្រូវ។
ទិន្នន័យផ្កាយរណបក្នុងពេលថ្មីៗនេះប្រមូលដោយអង្គការណាសាដែលវាស់វែងថ្លឹងថ្លែងអំពីការបំភាយកាបូនចេញពីការឆេះព្រៃបង្ហាញថា តាមពិតទៅ ដីសម្បទានសេដ្ឋកិច្ចត្រួតសីុគ្នានឹងដីព្រៃរេចរិលតិចតួចតួចមួយចំនួនក្នុងប្រទេសកម្ពុជា។
កាលពីខែកក្កដា អង្គការសិទ្ធិបរិស្ថានឈ្មោះ និន្នាការព្រៃឈើ (Forest Trends) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនបានពិនិត្យមើលទិន្នន័យឆេះព្រៃរបស់អង្គការណាសា សម្រាប់រដូវប្រាំងចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣នៅកម្ពុជា។ អង្គការនេះបានលើកឡើងបន្តថា ការបំភាយកាបូនចេញពីព្រៃស្រោងដែលត្រូវបានកាប់បំផ្លាញនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច គឺខ្ពស់ជាងការបំភាយចេញពីព្រៃដែលនៅខាងក្រៅតំបន់ដីសម្បទានសេដ្ឋកិច្ច១០ដង “ដោយវាបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនកំពុងតែផ្តោតទៅលើព្រៃដែលមានឈើដ៏ចំណាស់បំផុត និងមានតម្លៃបំផុតដែលភាគច្រើនស្ថិតនៅក្នុងដីព្រៃរបស់រដ្ឋ”។
បណ្តាអង្គការសិទ្ធិមនុស្សដែលរួមមានដូចជា អង្គការលីកាដូជាដើម បានចោទប្រកាន់ជាយូរមកហើយថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងច្រើនជាវិធីសាស្ត្រគេចវេះពីបម្រាមផ្លូវការ ក្នុងគោលបំណងកាប់ឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច។ ដោយរងសម្ពាធយ៉ាងខ្លាំងពីសំណាក់អ្នករិះគន់ទាំងក្នុងស្រុក និងក្រៅប្រទេស រដ្ឋាភិបាលបានផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីកាលពីពាក់កណ្តាលឆ្នាំ២០១២ តែទោះជាយ៉ាងណា សម្បទានដីសេដ្ឋកិច្ចចំនួន៣០ត្រូវបានផ្តល់ឲ្យនៅប៉ុន្មានខែក្រោយមកទៀត។
ទោះបីជាកម្ពុជាជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីនៃប្រទេសដែលមានកំណើនកាប់បំផ្លាញព្រៃឈើលឿនបំផុតក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះក្តី តែការបាត់បង់គម្របព្រៃឈើពីមួយឆ្នាំទៅមួយឆ្នាំរបស់កម្ពុជា តាមពិតទៅបានថយចុះនៅក្នុងឆ្នាំ២០១៤។ លោក ម៉ាតស៊ូ ពេឡឺរីន អ្នកផ្តល់ប្រឹក្សាយោបល់របស់អង្គការលីកាដូបានលើកឡើងថា ការផ្អាកផ្តល់ ដីសម្បទានសេដ្ឋកិច្ចថ្មីកាលពីឆ្នាំ២០១២ អាចនឹងមានលទ្ធផលល្អនៅទីបំផុត ប៉ុន្តែ លោកបានបន្ថែមថា វាលឿនពេកហើយដែលនិយាយថា តើកម្ពុជាចាប់ផ្តើមមានភាពប្រសើរឡើង ឬយ៉ាងណានោះ។
លោកមានប្រសាសន៍ថា ”ការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី បានចាប់ផ្តើមមានប្រសិទ្ធភាពក្នុងឆ្នាំ២០១៤ ចំណែកឯនៅក្នុងឆ្នាំមុនៗដីសម្បទានសេដ្ឋកិច្ចថ្មីៗត្រូវបានផ្តល់នៅជិតពេលផ្អាក ឬក្រោយការផ្អាក”។
យោងតាមវិទ្យាស្ថានធនធានពិភពលោកបានឲ្យដឹងថា ពិភពលោកបានបាត់បង់គម្របព្រៃឈើជាង១៨លានហិកតាក្នុងឆ្នាំ២០១៤ ដែលស្មើនឹង២ដងនៃផ្ទៃដីរបស់ប្រទេសព័រទុយហ្គាល់៕ សុខុម និង ស៊ុយឈាង