លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម ដែលស្ថិតក្នុងចំណោមក្រុមដ៏មានឥទ្ធិពលរបស់ ប៉ុល ពត បានទទួលមរណភាពក្នុងវ័យ៨៣ឆ្នាំកាលពីថ្ងៃសៅរ៍ ក្នុងខេត្តប៉ៃលិន កន្លែងដែលគ្រួសាររបស់លោកស្រីនៅតែមានឥទ្ធិពល។

ជាញឹកញាប់ លោកស្រី អៀង ធីរិទ្ធ ដែលត្រូវជាភរិយារបស់លោក អៀង សារី រដ្ឋមន្ត្រីក្រសួងការបរទេសក្រោមរបប ប៉ុល ពត ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៣ ត្រូវបានគេហៅថា “ជំទាវទី១” ក្នុងរបបនោះ និងជាស្ត្រីតែម្នាក់គត់ដែលកាន់មុខតំណែងខ្ពស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ដោយត្រូវបានអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នីតិវិធីប្រឆាំងលោកស្រី អៀង ធីរិទ្ធ ត្រូវបានផ្អាក នៅពេលលោកស្រីមិនស័ក្តិសមនឹងឡើងសវនាការដោយសារជំងឺវង្វេងវង្វាន់ ហើយត្រូវបានដោះលែងពីមន្ទីរឃុំឃាំងវិញនៅក្នុងឆ្នាំ២០១២។
យោងតាមកូនស្រីពៅរបស់លោកស្រី អៀង ធីរិទ្ធ បានឲ្យដឹងថា លោកស្រីបានទទួលមរណភាពនៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃសៅរ៍នៅគេហដ្ឋានរបស់កូនប្រុសលោកស្រីឈ្មោះ អៀង វុធ ដែលជាអភិបាលរងខេត្តប៉ៃលិន។
លោកស្រី អៀង ធីរិទ្ធ គឺជាសមាជិកប្រកាន់តឹងម្នាក់ក្នុងក្រុមបញ្ញវន្តដែលទីបំផុតបានដឹកនាំខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលពួកគេជាច្រើនបានសិក្សានៅក្នុងប្រទេសបារាំង និងបានបង្កើតគោលនយោបាយដែលពួកគេបានយកមកអនុវត្តគួរឲ្យខ្លាចនៅពេលក្រោយមក។
មានឈ្មោះដើម ខៀវ ធីរិទ្ធ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៣២ លោកស្រីគឺជាកូនស្រីរបស់ចៅក្រមដ៏គួរឲ្យគោរពម្នាក់ ហើយស្ថិតក្នុងចំណោមស្ត្រីវ័យក្មេងដំបូងដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យព្រះស៊ីសុវត្ថិដ៏មានកិត្យានុភាពនៅក្នុងរាជធានីភ្នំពេញ។
លោក អុង ថុងហឿង ដែលធ្លាប់រស់នៅជំនាន់របស់លោកស្រី អៀង ធីរិទ្ធ ខណៈពេលកំពុងសិក្សានៅទីក្រុងប៉ារីស ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ហើយបានជាប់ឃុំក្នុងមន្ទីរឃុំឃាំងសម្រាប់ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីបរទេសវិញក្នុងសម័យខ្មែរក្រហម បាននិយាយថា “គាត់ជាមនុស្សរឹងរូស និងមិនចេះអត់ឱន។ ដូចមនុស្សជាច្រើនទៀតក្នុងវណ្ណៈដឹកនាំរបស់កម្ពុជាដែរ គាត់បានបង្ហាញថា ខ្លួនគាត់ជាមនុស្សចិត្តទូលាយ ប៉ុន្តែធាតុពិតគាត់គឺជាមនុស្សអភិរក្សនិយម និងសក្ដិភូមិទាំងឥរិយាបថ និងរបៀបរស់នៅ៖ គាត់ធ្វើឫកពាដូចម្ចាស់ក្សត្រីអ៊ីចឹងអំឡុងរបបខ្មែរក្រហម”។
លោកស្រី អេលីហ្សាប៊ែ បេកឃើ (Elizabeth Becker) អ្នកកាសែតជនជាតិអាមេរិក បានសរសេរនៅក្នុងសៀវភៅរបស់លោកស្រីក្រោមចំណងជើង “នៅពេលសង្គ្រាមបញ្ចប់” (When the War Was Over) ថា ជាស្រីស្អាតមានឆន្ទៈមោះមុតម្នាក់ដែលបានទាក់ទាញការចាប់អារម្មណ៍ពីបុរសក្មេងៗជាច្រើន លោកស្រី អៀង ធីរិទ្ធ បានធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលលោកស្រីសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយលោក អៀង សារី។
លោកស្រីសរសេរទៀតថា ”លោកស្រីត្រូវគេចាត់ទុកថាជាថ្នាក់លើរបស់គាត់ផ្នែកជំហរសង្គម ភាពឆ្លាតវៃ និងភាពទាក់ទាញ។ លោកស្រីចាត់ទុកលោក សារី ជាមេដឹកនាំដែលមានសមត្ថភាពពីធម្មជាតិ”។
ពិធីអាពាហ៍ពិពាហ៍របស់ស្វាមីភរិយាទាំងពីរដែលបានរៀបចំឡើងក្នុងឆ្នាំ១៩៥១ នៅទីក្រុងប៉ារីស កន្លែងដែលពួកគាត់បន្តការសិក្សាថ្នាក់សាកលវិទ្យាល័យ ដោយលោកស្រី អៀង ធីរិទ្ធ បានសិក្សាផ្អែកអក្សរសាស្ត្រនៅសាកលវិទ្យាល័យស័របុង (Sorbonne) នោះ មានមនុស្សរាប់រយនាក់ចូលរួម។
លោកស្រី អេលីហ្សាប៊ែត បេកឃើ ដែលបានសម្ភាសលោកស្រី អៀង ធីរិទ្ធ ក្នុងឆ្នាំ១៩៨០ បានសរសេរទៀតថា “វាគឺជាកិច្ចការរីករាយចុងក្រោយដែលលោកស្រី ធីរិទ្ធ បានចងចាំ នៅពេលមិត្តភក្ដិជនជាតិខ្មែរ ទាំងអស់របស់គាត់អាចជួបជុំដោយគ្មានការឈ្លោះទាស់ទែងគ្នា”។ បងស្រីរបស់លោកស្រីឈ្មោះ ខៀវ ពណ្ណារី បានរៀបការជាមួយ សាឡុត ស គឺ ប៉ុល ពត នៅក្នុងឆ្នាំ១៩៥៦។
នៅពេលលោកស្រី អៀង ធីរិទ្ធ វិលត្រឡប់មកកម្ពុជា វិញជាមួយនឹងសញ្ញាបត្រផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស ក្នុងឆ្នាំ១៩៥៧ លោកស្រី និងបងស្រីរបស់លោកស្រីបានបង្រៀននៅតាមសាលារដ្ឋ និងឯកជនដើម្បីទ្រទ្រង់ដល់សកម្មភាពបដិវត្តន៍ និងប្ដីរបស់ពួកលោកស្រីដែលធ្វើការពេញម៉ោងដើម្បីបុព្វហេតុបដិវត្តន៍។
ប្រវត្តិវិទូ ដេវីដ ឆាណ្ឌល័រ (David Chandler) បានសរសេរថា “មានពេលមួយនោះ ពួកគាត់ទាំងបួននាក់បានរស់នៅជុំគ្នាក្នុងផ្ទះជួលមួយកន្លែងនៅខាងលិចព្រះបរមរាជវាំង ដែលជារបស់គ្រួសារបងប្អូនស្រីទាំងពីរ។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៦៣ ពួកគាត់បានលាក់ខ្លួន នៅពេលបុរសទាំងពីរហៀបនឹងត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដែលគ្រប់គ្របប្រទេសនៅពេលនោះ។
លោកស្រី អេលីហ្សាប៊ែត បេកឃើ សរសេរថា ពេលខ្មែរក្រហមដណ្ដើមអំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ “ លោកស្រី ធីរិទ្ធ លោក សារី និងកូនៗរបស់ពួកគាត់គឺជាឥស្សរជនកំពូលដែលគេកត់សម្គាល់បំផុតនៃបដិវត្តន៍នោះ”។
នៅពេលលោក អៀង សារី បានក្លាយជារដ្ឋមន្ត្រីថ្មីនៃក្រសួងការបរទេស លោកស្រី អៀង ធីរិទ្ធ ក៏បានក្លាយជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដែរ ហើយដោយសារតែបងស្រីរបស់លោកស្រីមានជំងឺសរសៃប្រសាទ និងលាក់មុខពីសាធារណជននោះ លោកស្រីគឺជាអ្នកទទួលដោះស្រាយភារកិច្ចផ្លូវការរបស់ជំទាវទី១ ដូចជាការធ្វើបដិសណ្ឋារកិច្ចជាមួយគណៈប្រតិភូបរទេសដែលមកបំពេញទស្សនកិច្ចជាដើម។
ប្ដីប្រពន្ធទាំងពីរទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលប្រជាពលរដ្ឋទូទៅមិនអាចទទួលបាន។ ប្រជាពលរដ្ឋប្រឈមនឹងស្ថានភាពព្រៃផ្សៃ ហើយគេជឿថា ប្រជាពលរដ្ឋប្រមាណ១,៧លាននាក់បានបាត់បង់ជីវិតក្រោមរបបខ្មែរក្រហម។
លោកស្រី អេលីហ្សាប៊ែត បេកឃើ បានសរសេរថា ”នៅបក្សរបស់លោកស្រីបំបែកគ្រួសារនានាឲ្យទៅនៅតាមជនបទ លោកស្រី ធីរិទ្ធ បានរៀបចំឲ្យកូនធំៗបួននាក់របស់គាត់រស់នៅក្បែរគាត់ ហើយចែករំលែកជីវិតរស់នៅរបស់ក្រុមវរជនថ្មីក្នុងក្រុងភ្នំពេញ។ ជាមួយនឹងសារតាំងគួរឲ្យសង្ស័យ កូនៗរបស់ពួកគាត់ទទួលបានមុខតំណែងដែលមនុស្សជាច្រើនចង់បាន”។
ទោះបីជាពួកគាត់សរសើរមិនដាច់ពីមាត់ចំពោះជំរំធ្វើការរបស់ខ្មែរក្រហម ដែលមាន់ត្រូវបានចែករំលែកគ្នា ហើយខ្សត់អាហារយ៉ាងណាក៏ដោយ ក៏ “លោកស្រី ធីរិទ្ធ និងលោក សារី មានបន្ទប់ផ្ទាល់ខ្លួនដូចគ្នា និងមានអ្នកបម្រើចាំបោសសម្អាតបន្ទប់ និងចម្អិនអាហាររបស់ពួកគាត់។ ពួកគាត់មានសូហ្វ័រឡាន អង្គរក្ស និងជំនួយការផ្ទាល់ខ្លួន”។
នៅពាក់កណ្តាលឆ្នាំ១៩៧៦ លោក ស្រី អៀង ធីរិទ្ធ ត្រូវ ប៉ុល ពត បញ្ជូនទៅកាន់តំបន់ភាគពាយព្យដើម្បីសើុបអង្កេតការចោទប្រកាន់ដែល ថាកសិករត្រូវបានរំលោភបំពាន។ លោកស្រីបានរកឃើញនូវអ្វីដែលលោកស្រីចាត់ទុកថាជា “បញ្ហា” និងលក្ខខណ្ឌ”ចម្លែកៗខ្លាំង” គឺពលរដ្ឋគ្រប់វ័យដែលទទួលបានរបបអាហារមិនគ្រប់គ្រាន់ធ្វើការនៅក្រោមកម្តៅថ្ងៃ ហើយតែងតែមានជំងឺគ្រុនចាញ់ និងរាករូស។
លោកស្រី អេលីហ្សាប៊ែត បេកឃើ បានសរសេរថា លក្ខខណ្ឌស្រដៀងៗគ្នានេះអាចឃើញមាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាអំឡុងពេលនោះ។ ប៉ុន្តែ បើនៅក្នុងគំនិតរបស់លោកស្រី អៀង ធីរិទ្ធ នេះមិនមែនជាកំហុសនៃការដឹកនាំរបស់របបខ្មែរក្រហមនោះទេ។ លោកស្រីបានសន្និដ្ឋានថា មន្ត្រីខ្មែរក្រហមនៅតំបន់ភាគពាយព្យមានចេតនាមិនគោរពតាមបទបញ្ជារបស់បក្ស។
លោកស្រីបានសរសេរដូច្នេះថា ”លោក ស្រី អៀង ធីរិទ្ធ ក៏ជាដូចមេដឹកនាំខ្មែរក្រហមផ្សេងៗទៀតដែរ ហើយបានសង្ស័យភ្លាមៗថា មានសត្រូវហើយ។ ហើយបន្ទាប់មកមេដឹកនាំទាំងអស់បានរៀបផែនការភៀសខ្លួនចេញពីតំបន់នោះ”។
នៅក្នុងកិច្ចសម្ភាសន៍របស់លោកស្រី អៀង ធីរិទ្ធ ជាមួយលោកស្រី អេលីហ្សាប៊ែតបេកឃើ ក្នុងឆ្នាំ១៩៨០ លោកស្រី អៀង ធីរិទ្ធ បានទទួលយកការទទួលខុសត្រូវមួយចំនួនជួសមុខឲ្យរបបនេះ បើយោងតាមអ្នកកាសែតរូបនេះដែលបានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ។
លោកស្រី អេលីហ្សាប៊ែត បេកឃើ បានមានប្រសាសន៍ថា “គាត់គឺជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ហើយគាត់មានអំណាចគ្រប់គ្រងលើលក្ខខណ្ឌនៃការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។ នៅក្នុងកិច្ចសម្ភាសន៍របស់ខ្ញុំគាត់បានទទួលស្គាល់ថាមានទុក្ខវេទនាខ្លះៗមែន ប៉ុន្តែ បានបន្ទោសអ្នកផ្សេង ឧទាហរណ៍ដូចជាកម្មាភិបាលតំបន់ជាដើម”។
នៅក្នុងខែមករាឆ្នាំ១៩៧៩ការពិត ដែលថា កងទ័ពវៀតណាមដែលទទួលបានជំនួយពីចលនាកងទ័ពរំដោះខ្មែរជិតនឹងយកឈ្នះកងទ័ពខ្មែរក្រហមទៅហើយនោះ បានធ្វើឲ្យមេដឹកនាំរបបនោះមានការភ្ញាក់ផ្អើល។
លោកស្រីបានមានប្រសាសន៍ទៀតថា “លោកស្រី អៀង ធីរិទ្ធ បានរៀបរាប់ពីការ ដែលមេដឹកនាំរបបនេះមានការយល់ច្រឡំ។ គាត់បាននិយាយថា ’យើងគ្រាន់តែយកខោ អាវពីរបីកំផ្លេប៉ុណ្ណោះ ព្រោះយើងគិតថា យើងនឹងត្រឡប់មកវិញឆាប់ៗ’”។
ខ្មែរក្រហមបានប្រមូលផ្តុំគ្នាឡើងវិញនៅព្រំដែនថៃដោយទទួលបានការគាំទ្រពីចិន និងបណ្តាប្រទេសមួយចំនួនទៀត។ លោកស្រី អៀង ធីរិទ្ធ និងលោក អៀង សារី បាននៅជាមួយរបបនោះរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលដែល លោក អៀង សារី បានបើកការចរចាជាមួយរដ្ឋាភិបាលកម្ពុជា។ ទីបំផុត ប្តីប្រពន្ធទាំងពីរនាក់នេះបានចុះចូលជាមួយរដ្ឋាភិបាល។ លោក អៀង សារី ទទួលបានការព្រះរាជទាន លើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហនុ ក្នុងឆ្នាំ១៩៩៦ ហើយបានផ្លាស់មករាជធានីភ្នំពេញ។ លោកស្រី អៀង ធីរិទ្ធ ត្រូវបានចាប់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៧ហើយបានជាប់ពន្ធនាគាររហូតដល់លោកស្រីត្រូវបានដោះលែងក្នុងឆ្នាំ ២០១២។
លោក គង់ ដូង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឲ្យដឹងថា ពិធីបុណ្យសពរបស់លោកស្រីគ្រោងធ្វើនៅព្រឹកនេះក្នុងខេត្តប៉ៃលិនដោយសពរបស់លោកស្រីនឹងត្រូវបូជានៅពេលល្ងាច។
សមាជិកមេដឹកនាំខ្មែរក្រហមដែលនៅរស់គឺ នួន ជា បងធំទី២ក្នុងរបប ប៉ុល ពត និង ខៀវ សំផន ប្រមុខរដ្ឋរបបខ្មែរក្រហម ដែលសុទ្ធតែកំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយកំពុងប្រឈមនឹងសវនាការជំនុំជម្រះនៅឡើយ៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)