ក្រុមមន្ត្រីនិយាយថា កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ទៅសាលាដំបូងខេត្តកណ្តាល ទីដែលព្រះរាជអាជ្ញាបានចោទប្រកាន់លោកជាបណ្តោះអាសន្នពីបទគៃបំបាត់ចំពោះការរឹបអូសរថយន្តទំនើបមួយគ្រឿងពីអ្នកជួញដូរគ្រឿងញៀនម្នាក់ ហើយបានប្រគល់រថយន្តនោះទៅកូនប្រុសរបស់លោក។

លោក អាំង មាលតី ត្រូវបានចាប់ខ្លួននៅទីស្នាក់ការ អ.ប.ព. ក្នុងរាជធានីភ្នំពេញនៅម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ រយៈពេលប្រហែល៦ខែបន្ទាប់ពី លោកត្រូវបានបណ្តេញចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយបានទទួលតួនាទីនៅក្រសួងយុត្តិធម៌។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាព អ.ប.ព. បានលើកឡើងតាមសារជាអក្សរកាលពីម្សិលមិញថា សាលាដំបូងខេត្តកណ្តាលនឹងសាកសួរលោក អាំង មាលតី ជុំវិញអ្វីដែលបានកើតឡើងចំពោះរថយន្តអូឌី (Audi) ដែលត្រូវបានរឹបអូសជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សាលាដំបូងរាជធានីភ្នំពេញពីអ្នកជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី។
លោក ឱម យ៉ិនទៀង បានលើកឡើងថា ”យើងបានរកឃើញថា លោក ថាវ ថាវី ដែលពីដំបូងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នោះ បានជាប់ពាក់ព័ន្ធជាមួយលោក អាំង មាលតី ក្នុងការប្រើប្រាស់រថយន្តអូឌី មិនត្រឹមត្រូវកាលពីឆ្នាំ២០១០ ដែលមានតម្លៃ៦៧.០០០ដុល្លារ ហើយ [លោក អាំង មាលតី] បានរឹបអូសយករថយន្តនោះដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន”។
កាលពីថ្ងៃសៅរ៍ លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា អ.ប.ព. បានចាប់ខ្លួនអតីតប្រធានតុលាការរូបនេះ បន្ទាប់ពីលោកត្រូវបានសាកសួរនៅទីស្នាក់ការ អ.ប.ព. និងដោយសារចម្លើយរបស់គាត់ស៊ីគ្នានឹងភ័ស្តុតាងដែលក្រុមស៊ើបអង្កេតបានប្រមូលរួចហើយ។
លោកបានលើកឡើងនៅពេលនោះថា ”សូមកុំយល់ច្រឡំ៖ យើងមិនបានចាប់ខ្លួនគាត់នៅតាមផ្លូវទេ។ យើងបានអញ្ជើញគាត់មកដើម្បីស្ដាប់ការបកស្រាយរបស់គាត់នៅ អ.ប.ព.។
លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានចោទប្រកាន់លោក អាំង មាលតី ជាបណ្ដោះអាសន្នពីបទគៃបំបាត់ដោយចេតនា ជាការចោទប្រកាន់តែមួយដែលត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ព្រះរាជអាជ្ញារូបនេះបានមានប្រសាសន៍ថា”ខ្ញុំបានចោទប្រកាន់គាត់… ហើយបានប្រគល់គាត់ឲ្យចៅក្រមស៊ើបសួរ អុី សុវណ្ណ ដើម្បីបន្តនីតិវិធី”។ លោកបន្ថែមថា “ខ្ញុំមិនដឹងថា តើចៅក្រមរូបនេះបានសម្រេចឃុំខ្លួនគាត់ឬយ៉ាងណានោះឡើយ”។
លោក លឹម សុគន្ថា មិនបានលើកឡើងថា តើចៅក្រម សុវណ្ណ បានចោទប្រកាន់លោក អាំង មាលតី ឬអត់ឡើយ។ ចៅក្រមរូបនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក អាំង មាលតី ត្រូវបានដកចេញពីតួនាទីរបស់លោកនៅសាលាដំបូងរាជធានីកាលពីថ្ងៃទី១៧ ខែកុម្ភៈ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថាមួយថា មន្ត្រីតុលាការបានទទួលសំណូករាប់លានដុល្លារក្នុងការដោះលែងឪពុកម្ដាយលោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលប្រឈមការចោទប្រកាន់ពីបទរៀបចំការធ្វើឃាតឧកញ៉ា អុឹង ម៉េងជឺ កាលពីខែវិច្ឆិកា។
កាលពីចុងខែកុម្ភៈ នគរបាលជាតិបានបង្ហោះសេចក្ដីថ្លែងការណ៍មួយនៅក្នុងគេហទំព័ររបស់ខ្លួន ដោយចោទប្រកាន់លោក អំាង មាលតី ថាបានឲ្យរថយន្តទំនើបរបស់លោក ថាវ ថាវី ទៅកូនប្រុសរបស់ខ្លួនដែលជាអធិការរងនគរបាលខណ្ឌ៧មករា។
កាលពីថ្ងៃទី៧ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក ថាវ ថាវី ពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីនឲ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែបានតម្រូវឲ្យអនុវត្តទោសតែ៨ខែប៉ុណ្ណោះ។
រយៈពេលប៉ុន្មានខែបន្ទាប់ពីដកលោក អាំង មាលតី ចេញ អ.ប.ព. បានលើកឡើងថា ខ្លួនកំពុងប្រមូលភ័ស្តុតាងប្រឆាំងរូបគាត់ ប៉ុន្តែដំណើរការនេះត្រូវបានរក្សាជាការសម្ងាត់។
មន្ត្រីមួយចំនួន រួមទាំងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីផងបានលើកឡើងថា ទំនាក់ទំនងលក្ខណៈបុគ្គលជិតស្និទ្ធរវាងលោក អាំង មាលតី និងលោក ឱម យ៉ិនទៀង រារាំងដល់ការស៊ើបអង្កេត។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍កាលពីម្សិលមិញថា សំណុំរឿងរបស់លោក អាំង មាលតី ទំនងជាត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ពីព្រោះគាត់អាចទទួលបានការអនុគ្រោះពីសំណាក់អតីតសហសេវិករបស់គាត់ ប្រសិនបើសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានី។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អាជ្ញាធរមិនបានបញ្ជូនគាត់ទៅសាលាដំបូងរាជធានីភ្នំពេញទេ ពីព្រោះនឹងបណ្ដាលឲ្យមានទំនាស់ផលប្រយោជន៍។ អាជ្ញាធរបានបញ្ជូនគាត់ទៅសាលាដំបូងខេត្តកណ្ដាលវិញ ពីព្រោះមន្ត្រីតុលាការដែលទទួលខុសត្រូវសំណុំរឿងនេះនៅទីនោះ នឹងអាចដាក់សម្ពាធអំឡុងការសាកសួរ”៕ សារុន