34 C
Phnom Penh

ក្រសួងអប់រំនិយាយថាពិន្ទុប្រឡងបាក់ឌុប​រក្សា​ទុកឲ្យ​នៅដដែល​ក្រោយ​ការ​ពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា​​​​​​បាន​​​ប្រកាស​​​ថា ក្នុង​​​ចំណោម​​​ពាក្យ​​​បណ្តឹង​​​របស់​​​ខ្លួន​​​ទទួល​​​បាន​ពី​​​សិស្ស​​​ដែល​​​មិន​​​ពេញ​​​ចិត្ត​​​​​​នឹង​​​ការ​​​ផ្តល់​​​ពិន្ទុ​​​ប្រឡង​​​សញ្ញាបត្រ​មធ្យម​សិក្សាទុតិ​យ​ភូមិ(​បាក់​​​ឌុប) របស់​​​ពួកគេ​ ​​​​​​គ្មាន​​​​​​ការ​​​កែ​​​សម្រួល​​​ពិន្ទុ​​​​​​​នោះ​​​ឡើយ​​​ ហើយ​​​​​​ថា អត្រា​​​សិស្ស​​ប្រឡង​​​ជាប់​​​នៅ​​​តែ​​​​​​៥៦​​​ភាគ​​​រយ​​​ដដែល​​​។

មុន​​​ការ​​​ប្រឡង​​​មក​​​ដល់​​​ ក្រសួង​​​បាន​​​ប្រាប់​​​​​​បេក្ខ​​​ជន​​​ចំនួន​​​​​​៨៣.៣៤១​​​នាក់​​​ថា នឹង​​​គ្មាន​​​ការ​​​ប្រឡង​​​ឡើង​​​វិញ​​​ឡើយ​​​សម្រាប់​​​អ្នក​​​​​​ដែល​​​ប្រឡង​​​ធ្លាក់​​​ មិន​​​ដូច​​​ឆ្នាំ​​​២០១៤​​​ទេ។ ប៉ុន្តែ ក្រសួង​​​ទុក​​​ពេល​​​វេលា​​​៣០​​​ថ្ងៃ​​​ឲ្យ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​តវ៉ា​​​ចំពោះ​​​ពិន្ទុ​​​របស់​​​​​​ពួក​​​គេ។

សិស្សានុសិស្ស និងឪពុកម្ដាយរបស់គេ​​​ជួបជុំគ្នា​​​នៅខាង​​​ក្រៅអគារ​​​ក្រសួង​​​​​​​​​អប់រំ កាលពីខែមុន ដើម្បីដាក់ញត្ដិជំទាស់ទៅ​​​នឹងលទ្ធផល​​​ប្រឡង​​​មធ្យម​​​សិក្សាទុតិយភូមិរបស់ពួកគេ៕សុីវ ចាន់ណា
សិស្សានុសិស្ស និងឪពុកម្ដាយរបស់គេ​​​ជួបជុំគ្នា​​​នៅខាង​​​ក្រៅអគារ​​​ក្រសួង​​​​​​​​​អប់រំ កាលពីខែមុន ដើម្បីដាក់ញត្ដិជំទាស់ទៅ​​​នឹងលទ្ធផល​​​ប្រឡង​​​មធ្យម​​​សិក្សាទុតិយភូមិរបស់ពួកគេ៕សុីវ ចាន់ណា

យោង​​​តាម​​​លោក ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ យុវជន និង​​​​​​កីឡា បាន​​​ឲ្យដ​​​ឹង​​​ថា ​​​មាន​​​សិស្ស​​​ជាង​​​១០០នាក់​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​តវ៉ា​​​​​​នៅ​​​ពេល​​​នោះ​​​ ហើយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​បាន​​​លើក​​​ឡើង​​​ថា ក្នុង​​​ចំណោម​​​ពាក្យ​​​បណ្តឹង​​​ទាំង​​​នោះ​​​ គ្មាន​​​ពាក្យ​​​បណ្តឹង​​​ណា​​​មួយ​​​យក​​​ជា​​​ការ​​​​បាន​​​ឡើយ​​​។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “លទ្ធផល​​​នៃ​​​ការ​​​ប្រឡង​​​ដែល​​​បាន​​​ប្រកាស​​​ គឺ​​​ពិត​​​ជា​​​ឆ្លុះ​​​បញ្ចាំង​​​ទៅ​​​លើ​​​សមត្ថ​​​ភាព​​​របស់​​​បេក្ខ​​​ជន”។

សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​នេះ​​​បាន​​​បន្ថែម​​​ថា បន្ទាប់​​​ពី​​​ត្រួត​​​ពិនិត្យ​​​លើ​​​ពាក្យ​​​បណ្តឹង​​ គណៈ​​​កម្មការ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​សើុបអង្កេត​​​ពាក្យ​​​បណ្តឹង​​​បាន​​​រក​​​ឃើញ​​​ថា ការ​​​ផ្តល់​​​ពិន្ទុ​​​ពិត​​​ជា​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​ថា ប្រព័ន្ធ​​​កុំព្យូទ័រ​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​បូក​​​​​​ស្រង់​​​ពិន្ទុ​​​របស់​​​បេក្ខ​​​ជន​​​ទាំង​​​៧​​​មុខ​​​វិជ្ជា​​​ ​​​ដំណើរ​​​ការ​​​បានល្អ​។

ដើម្បី​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ បេក្ខ​​​ជន​​​ ឬ​​​អាណា​​​ព្យាបាល​​​របស់​​​បេក្ខ​​​ជន​​​ត្រូវ​​​តែ​​​ផ្តល់​​​​​​ភ័ស្តុតាង​​​ទាក់ទិន​លទ្ធផល​នៃ​ការ​​​សិក្សា​​​​ដែល​​​បង្ហាញ​​​ថា ពិន្ទុ​​​របស់​​​បេក្ខជន​​​​មិន​​​ស្រប​​​តាម​​​ប្រវត្តិ​​​សិក្សា​​​ពីមុន។

លោក ហង់ ជួនណារ៉ុន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា “យើង​​​មាន​​​ករណី​​​​ខ្លះ​​​​ដែល​​​ផ្តល់​​​ភ័ស្តុ​​​តាងមួយ​​​ចំនួន ឬ​​​ការ​​​លើក​​​ឡើង​​​ពី​​​គ្រូ​​​បង្រៀន ឬ​​​សាលា​​​ដែល​​​ថា បេក្ខ​​​ជន​​​គឺជា​​​សិស្ស​​​ពូកែ​ ឬ​​​ជា​ស​​​ិស្ស​​​ពូកែបំផុត​​​​​​​​​​នៅក្នុង​​​សាលា ហេតុ​​​ដូច្នេះ​​​យើង​​​អាច​​​ពិនិត្យ​​​ [ ការ​​​​ប្រឡង​​​របស់​​​សិស្ស​​​ទាំង​​​នោះ​​​] បាន​”។

រដ្ឋ​​​មន្ត្រីក្រសួង​​​អប់​​​រំ​​​រូប​​​នេះ បាន​​​បន្ថែម​​​ថា គ្រូបង្រៀន​​​​​​ដែល​​​កែ​​​សន្លឹក​​​កិច្ច​​​ការ​​​​​​បាន​​​ប្រើ​​​ប្រាស់​​​គំរូច​​​ម្លើយ​​​ស្តង់​​​ដារ​​​​​​ ហើយ​​​ប្រើ​​​ប្រាស់​​​ប្រព័ន្ធ​​​កុំព្យូទ័រ​​​ផ្តល់​​​ពិន្ទុ​​​ដែលមាន​ភាពសុក្រឹត​ ។

លោក​​​បាន​​​​ថ្លែង​ថា “គ្រូបង្រៀន​​​បាន​​​ផ្តល់​​​ពិន្ទុ​​​​​​​យ៉ាង​ត្រឹម​​ត្រូវ​ មាន​​​ន័យ​​​ថា ពួក​​​គាត់​​​​​​​​​ផ្តល់​​​ពិន្ទុ​​​មិន​​​ខុស​​​​​​​ឡើយ​​​។ ហេតុ​​​ដូច្នេះ​​​អ្នក​​​ដែល​​​ពិនិត្យ​​​សន្លឹក​​​​កិច្ច​​​ការ​​​​​​​​​មិន​​​បាន​​​ឲ្យ​​​ពិន្ទុ​​​ខុស​​ទេ​​​​”។

បេក្ខ​​​ជន​​​ម្នាក់​​​ឈ្មោះ ផាន ឆលីដា អាយុ​​​១៨​​​ឆ្នាំ​​​ ដែល​​​ប្រឡង​​​នៅ​​​វិទ្យាល័យ​​​ ជា សីុម បឹង​​​កេង​​​កង ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​កាន់​​​ក្រសួង​​​អប់​​​រំ​​​ បន្ទាប់​​​ពី​​​ប្រឡង​​​ធ្លាក់​​​ បាន​​​និយាយ​ថា នាង​​​មានការ​​​បាក់ទឹកចិត​្ត​​ពេល​​​ដឹង​​​ថា ខ្លួន​​​ប្រឡង​​​ធ្លាក់។ “ខ្ញុំ​​​មិន​​​ដែល​​​រំពឹងថា នឹង​​​ទទួល​​​បាន​​​និទេ្ទស​​​ល្អ​​​ទេ ប៉ុន្តែ យោងតាម​ប្រវត្តិនៃ​ការ​​​សិក្សា​​​របស់​​​ខ្ញុំ​​​នៅ​​​ក្នុង​​​សាលា​​​​​​ខ្ញុំ​​​គួរ​​តែ​​​ប្រឡង​​​ជាប់​​​។ ខ្ញុំ​​​ចង់​​​ឲ្យ​​​ក្រសួង​​​ពិនិត្យ​​​លទ្ធផល​​​ប្រឡង​​​របស់​​​ខ្ញុំ ព្រោះ​​​ខ្ញុំ​​​មាន​​​មិត្ត​​​ភក្តិ​​​ម្នាក់​​​ដែល​​​មិន​​​ដែល​​​មក​​​រៀន​​​សោះ​​​ ប៉ុន្តែ នាង​​​បាន​​​ប្រឡង​​​ជាប់​​​។ តើ​​​នាង​​​ប្រឡង​​​ជាប់​​​ដោយ​​​​របៀប​​​ណា​​​ទៅ”។

បេក្ខ​​​ជនម្នាក់​​​ទៀត​​​ឈ្មោះ ឆុន សិលា ដែល​មាន​​​អាយុ​​​១៨​​​ឆ្នាំ​​​ដែរ​​​ ហើយ​​​​ប្រឡង​​​នៅវិទ្យាល័យ​​​ច្បារ​​​អំពៅ​​​បាន​​​ឲ្យដឹង​ថា ពិន្ទុ​​​របស់​​​ខ្លួន​​​​​​មិនសមហេតុសមផលសោះ​​​​។

បេក្ខ​​​ជន​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ប្តឹង​​​តវ៉ា​​​ទៅ​​​កាន់​​​ក្រសួង​​​ ព្រោះ​​​ខ្ញុំ​​​ជាប់​​​បី​​​មុខ​​​វិជ្ជា ហើយ​​​ទទួល​​​បាន​​​ពិន្ទុ​​​ត្រឹម​​​តែ​​​២៨​​​ភាគ​​​រយ​​​។ ហើយ​បេក្ខ​​​ជន​​​ម្នាក់​​​​​​​​​​​​ដែលប្រឡង​នៅក្នុង​​​​បន្ទប់​​​​ជាប់​​​បន្ទប់​​​​របស់​ខ្ញុំ​​​​​​ ជាប់​ត្រឹម​​​តែ​​​ពីរ​​​មុខ​​​វិជ្ជា​​​​ប៉ុណ្ណោះ តែ​​​ទទួល​​​បាន​​​៥៨​​​ភាគ​​​រយ។ ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​កំហុស​​​បច្ចេកទេស​​​របស់​​​ក្រសួង​​​អប់​​​រំ ព្រោះ​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ពិន្ទុ​​​ខ្ពស់​​​បែរ​​​ជា​​​ធ្លាក់​​​ទៅ​​​វិញ​​​”៕ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស