27 C
Phnom Penh

ប៉ូលិស​រាំង​ផ្លូវ​អ្នក​ហែ​ក្បួន​នៅ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភព​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តវ៉ា​ជាង​១.០០០​នាក់​មកពី​សហគមន៍​ប្រហែល​៥០​នៅ​ទូទាំង​ប្រទេស​បាន​ជួប​ជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចូល​រួម​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ និង​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​និង​ផ្ទះ​សំបែង ប៉ុន្តែ​ការ​ហែក្បួន​របស់​ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ក្រុង ដែល​បាន​អះអាង​ថា អ្នក​តវ៉ា​បាន​បង្ក​ហានិភ័យ​ដល់​សន្តិសុខ។

អ្នក​​​តវ៉ា​​​សិទ្ធិ​​​ដីធ្លី និង​​​សិទ្ធិ​​​លំនៅដ្ឋាន​​​ហែ​​​ក្បួន​​​ចេញ​​​ពី​​​សហគមន៍​​​ដី​​​ក្រហម​​​ទៅ​​​កាន់​​​រដ្ឋ​​​សភា​​​​​​  កាល​​​ពី​​​ម្សិលមិញ។ បន្ទាប់​​​ពី​​​ពួក​​​គេ​​ដាក់​​​ញត្តិ​​​ជូន​​​តំណាង​​​រាស្ត្រ នគរបាល​​​បាន​​​រារាំង​​​ក្រុម​​​នេះ​​​​​​មិន​​​ឲ្យ​​​បន្ត​​​ដំណើរ​​​ឆ្ពោះ​​​​​​ទៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
អ្នក​​​តវ៉ា​​​សិទ្ធិ​​​ដីធ្លី និង​​​សិទ្ធិ​​​លំនៅដ្ឋាន​​​ហែ​​​ក្បួន​​​ចេញ​​​ពី​​​សហគមន៍​​​ដី​​​ក្រហម​​​ទៅ​​​កាន់​​​រដ្ឋ​​​សភា​​​​​​ កាល​​​ពី​​​ម្សិលមិញ។ បន្ទាប់​​​ពី​​​ពួក​​​គេ​​ដាក់​​​ញត្តិ​​​ជូន​​​តំណាង​​​រាស្ត្រ នគរបាល​​​បាន​​​រារាំង​​​ក្រុម​​​នេះ​​​​​​មិន​​​ឲ្យ​​​បន្ត​​​ដំណើរ​​​ឆ្ពោះ​​​​​​ទៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ចាប់​ផ្តើម​ការ​ហែ​ក្បួន​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​នៅ​អតីត​តំបន់​ដី​ក្រហម ជា​ទីតាំង​នៃ​ការ​បណ្តាញ​ចេញ​ដោយ​បង្ខំ​និង​ហិង្សា​ក្នុង​ឆ្នាំ​២០០៩ អ្នក​តវ៉ា ដែល​នាំមុខ​ដោយ​ក្រុម​មួយ​មាន​កាន់​ផ្ទះ​ឈើ​គំរូ​ដ៏​ធំ បាន​ដើរ​ទៅ​កាន់​រដ្ឋ​សភា​នៅ​ក្បែរ​នោះ ឈប់​រយៈ​ពេល​ប្រហែល​៣០​នាទី ខណៈ​ដែល​តំណាង​៤​រូប​បាន​ដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​នៅ​ខាង​ក្នុង​អគារ​សភា។

កាន់​បដា​ជាច្រើន​ដែល​រួម​មាន​ពាក្យ​ស្លោក “គ្មាន​ផ្ទះ គ្មាន​ដីធ្លី គ្មាន​ជីវិត” និង “ដីធ្លី និង​ទី​លំនៅ អ្នក​តវ៉ា​មិន​មែន​ជា​អ្នក​បដិវត្ត​ពណ៌” អ្នក​ដែល​បាន​ជួបជុំ​គ្នា បន្ទាប់​មក​បាន​ដើរ​ហែ​ឆ្ពោះ​ទៅ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជិត​វិមាន​ឯករាជ្យ ប៉ុន្តែ​ត្រូវ​បាន​រាំង​ផ្លូវ​ដោយ​នគរបាល​ក្រុង​និង​កម្លាំង​រាជ​អាវុធហត្ថ​ជាង​១០០​នាក់ ដែល​បាន​ដាក់​របាំង​ផ្លូវ​តាម​មហាវិថី សីហនុ។

ដោយ​មិន​រាថយ អ្នក​ហែ​ក្បួន​បាន​បក​មក​វិញ​តាម​ផ្លូវ​សភា​ជាតិ​ដើម្បី​បន្ត​ដំណើរ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​គ្រប់គ្រង​ដែនដី​នគរូបនីយកម្ម ដើម្បី​ដាក់​ញត្តិ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត​ត្រូវ​បាន​គេ​បញ្ឈប់​ក្បួន លើក​នេះ​ដោយ​របាំង​ប៉ូលិស​នៅ​ជិត​ស្ថាន​ទូត​អូស្ត្រាលី។ ដោយ​ត្រូវ​ជាប់​នៅ​កន្លែង​មុខ​អគារ​សភា​ជាតិ ការ​តវ៉ា​នោះ​បាន​រំសាយ​នៅ​ប្រហែល​មួយ​ម៉ោង​ក្រោយ​មក។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​​​លីកាដូ ដែល​បាន​ជួយ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​និយាយ​ថា “រដ្ឋាភិបាល​បាន​ប្រើ​របាំង​ផ្លូវ​ដើម្បី​បិទ​ផ្លូវ ទប់​ស្កាត់​ពលរដ្ឋ​មិន​ឲ្យ​បញ្ចេញ​មតិ​របស់​ខ្លួន ពីព្រោះ​ពួកគេ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស”។

លោក​បាន​បន្ថែម​ថា “យើង​បាន​ព្យាយាម​ពីរ​លើក​ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ធ្វើ​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​ពួកគេ​បាន​ប្រាប់​យើង​ថា លិខិត​នោះ​ខុស ហើយ​ពួកគេ​បាន​ប្រគល់​វា​ឲ្យ​យើង​វិញ ឲ្យ​ធ្វើការ​កែ​តម្រូវ​ជាច្រើន​ដង”។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី បាន​មាន​ប្រសាសន៍​ថា អ្នក​តវ៉ា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ទេ ពីព្រោះ​ការ​ហែ​ក្បួន​នេះ​មិន​ត្រឹមតែ​ជា​ការ​រំខាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​គ្រោះ​ថ្នាក់​ដល់​សាធារណជន​ផង​ដែរ។

លោក ស្រេង បាន​មាន​ប្រសាសន៍​ថា “យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​ហែ​ក្បួន​ទេ ពីព្រោះ​យើង​បារម្ភ​អំពី​ការ​ស្ទះ​ចរាចរណ៍”។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ក៏ “បារម្ភ​ថា មនុស្ស​អាក្រក់​ខ្លះ​អាច​បន្លំ​ក្នុង​ក្រុម​មនុស្ស ហើយ​ចោល​គ្រាប់បែក”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​និយាយ​ថា ថ្វីបើ​អ្នក​ហែ​ក្បួន​មួយ​ចំនួន​បាន​ជួប​ជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​ក៏ដោយ ក៏​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​តិច​តួច​នឹង​ការ​តវ៉ា​នោះ ដោយ​ចោទ​ក្រុម​សិទ្ធិ​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ថា​មាន​ហេតុផល​លាក់បាំង។

ដោយ​អះអាង​ថា ជម្លោះ​ដីធ្លី​ភាគច្រើន​បំផុត​ក្នុង​ប្រទេស​នេះ​បាន​ដោះស្រាយ​រួចរាល់​ហើយ​នោះ លោក ស៊ីផាន បាន​និយាយ​ថា “ខ្ញុំ​យល់​ថា អ្នក​ដែល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​នៅ​ថ្ងៃ​នេះ គ្រាន់តែ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជម្លោះ​ដី​ធ្លី​នៅតែ​កើត​ឡើង​​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ [អ្នក​រៀបចំ] មិន​មាន​ចេតនា​ពិត​ប្រាកដ​ណា​មួយ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ទេ”។

cam-photo-front-channaលោក​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា សកម្មភាព​តវ៉ា​ទាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​មួយ​ចំនួន ដែល​ធ្វើ​វា​ដើម្បី​ប្រយោជន៍​ផ្សេង។ យើង​មិន​ចោទ​ពួកគេ​ថា​បង្កើត​បញ្ហា​ទេ ប៉ុន្តែ​ពួកគេ​មាន​របៀប​វារៈ​នៅ​ពីក្រោយ​ការងារ​របស់​ពួកគេ”។

លោក អីុ សារុំ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត ដែល​បាន​ជួយ​រៀបចំ​សកម្មភាព​កាលពី​ថ្ងៃ​ច័ន្ទ បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​លោក ស៊ីផាន “ខុស​ទាំង​ស្រុង”។

លោក សារុំ បាន​និយាយ​ថា “គាត់​តែងតែ​បដិសេធ​ការ​ពិត”។

លោក​បាន​បន្ថែម​ថា “ពួកគេ​ជា​ពលរដ្ឋ​ពិត​ប្រាកដ​ដែល​រងគ្រោះ​ដោយ​ការ​ដណ្តើម​យក​ដី ការ​ប្រើ​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ ជា​ពិសេស​ពលរដ្ឋ​មកពី​ខេត្ត។ ពួកគាត់​មក​ជាមួយ​ប្តី ពួកគាត់​មក​ជាមួយ​ប្រពន្ធ​របស់​ពួកគាត់ ពួកគាត់​មក​ជាមួយ​កូនៗ​របស់​ពួកគាត់ ពីព្រោះ​ពួកគាត់​ចង់​បង្ហាញ​រដ្ឋាភិបាល​ថា នេះ​ជា​បញ្ហា​ដែល​ពួកគាត់​កំពុង​ប្រឈម”។

លោក សារុំ បាន​និយាយ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បាន​រៀបចំ​អាហារ​និង​ការ​ដឹក​ជញ្ជូន​នៅ​កន្លែង​ហែ​ក្បួន សម្រាប់​អ្នក​មកពី​ខេត្ត ដោយសារតែ​អ្នក​ទាំង​នេះ “​ក្រីក្រ និង​ត្រូវ​គេ​បណ្តេញ​ចេញ​តែ​ប៉ុណ្ណោះ”។

លោក​បាន​និយាយ​ថា “ពួកគាត់​ចង់​មាន​ឱកាស​និយាយ​ទៅ​រដ្ឋាភិបាល​ក្នុង​ក្រុង​ភ្នំពេញ”។

អ្នកស្រី សំ ធំ អ្នក​តវ៉ា​អាយុ​៦៥​ឆ្នាំ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែល​មាន​ជម្លោះ​ដី​ធ្លី​ដ៏​យូរ​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​ស្រី​នឹង​ត្រឡប់​ទៅ​ខេត្ត​របស់​អ្នក​ស្រី​វិញ​ទាំង​ស្រងាក​ចិត្ត។

អ្នក​ស្រី​បាន​និយាយ​ថា “នៅ​មុន​ពេល​ចាកចេញ​ពី​ផ្ទះ​មក​ទី​នេះ ខ្ញុំ​សង្ឃឹម​ជា​ខ្លាំង​ថា នៅ​ពេល​យើង​ចូលរួម​ការ​ហែ​ក្បួន យើង​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​នៅ​ទី​នេះ ទើប​ខ្ញុំ​ដឹង​ថា រដ្ឋាភិបាល​គ្មាន​បំណង​ជួយ​ប្រជាពលរដ្ឋ​ទេ”៕ និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស