27 C
Phnom Penh

​​​​ភេរវករ​​​ក្លាយ​​​ជា​​​អ្នក​​​នយោ​​​បាយ​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-front-channa-WEB-ONLYភេរវករ​​​ដែល​​​ទទួល​​​បាន​​​ការលើក​​​លែងទោស​​​ និង​​​ជាអ្នក​​​នយោបាយ​​​ លោក សួន សេរីរដ្ឋា​​​ បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​វិញ​​​ពីការ​​​និរទេសខ្លួន​​​អស់រយៈពេល​​​ជាច្រើន​​​ឆ្នាំ​​​ ហើយ​​​បាន​​​ចុះចត​​​នៅ​​​ព្រលាន​​​យន្តហោះ​​​អន្តរជាតិ​​​ភ្នំពេញ​​​ ដោយ​​​ទទួល​​​បាន​​​ការស្វាគមន៍​​​យ៉ាង​​​ស្ងាត់ស្ងៀម​​​ពី​​​អ្នក​​​គាំទ្រ​​​​​​​​​ប្រហែល២០០នាក់​​​ ចំណែកឯ​​​អ្នកគាំទ្រ​​​មួយ​​​ចំនួន​​​បាន​​​ដឹង​​​តិច​​​តួច​​​ថា ហេតុអ្វី​​​ពួកគេ​​​បាន​​​មក​​​ទីនេះ​​​ ហើយ​​​មក​​​ទីនេះ​​​ដោយសារ​​​ពួកគេ​​​ទទួល​​​បាន​​​អង្ករ​​​និង​​​ប្រាក់​។

ការវិល​​​ត្រឡប់​​​មក​​​មាតុប្រទេស​​​វិញ​​​របស់​​​លោក​​​ សេរី​​​រដ្ឋា​​​ គឺជា​​​សំណាង​​​ដ៏ចម្លែក​​​សម្រាប់​​​អ្នក​​​ប្រឆាំង​​​រូបនេះ​​​ដែល​​​ត្រូវបាន​​​ចាត់ទុក​​​ថា ជាភេរវករ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាលពី​​​ឆ្នាំ​​​២០១៣​​​ ដោយ​​​សំអាង​​​លើ​​​ភ័ស្តុតាង​​​តិចតួច​​​បំផុត​​​ ហើយ​​​ក៏ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈពេល​​​ប្រាំពីរ​​​ឆ្នាំ​​​ដោយ​​​កំបាំង​​​មុខ​​​កាលពី​​​ខែមករា។

ដោយ​​​នឹក​​​ស្មាន​​​មិន​​​ដល់​​​​​​ និងពុំមាន​​​ការ​​​ពន្យល់​​​ លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ដែល​​​ជាអ្នក​​​រិះគន់​​​ខ្លាំង​​​បំផុត​​​ទៅលើ​​​លោក សេរីរដ្ឋា បាន​​​ស្នើសុំ​​​ការ​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះមហាក្សត្រ​​​​​​ កាលពី​​​ខែកក្កដា​​​។ ពីរបីថ្ងៃ​​​ក្រោយមក​​​ ក្រសួង​​​មហាផ្ទៃ​​​ក៏​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ចុះឈ្មោះ​​​ដោយ​​​មាន​​​លោក​​​ សេរីរដ្ឋា ជាមេដឹកនាំ។​​​

លោក សេរីរដ្ឋា​​​ បាន​​​មកដល់​​​ពី​​​ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​យន្តហោះ​​​ពេលព្រឹក​​​ពីក្រុងបាងកក​​​ ដោយ​​​មាន​​​ជំនួយ​​​ការ​​​និង​​​ទីប្រឹក្សា​​​មួយ​​​ចំនួន​​​តូច​​​ ហើយ​​​ក៏បាន​​​លុតជង្គង់​​​នៅខាង​​​ក្រៅ​​​កន្លែងមក​​​ដល់​​​នៅ​​​ព្រលាន​​​​​​យន្តហោះដោយ​​​ទទួល​​​បាន​​​ការប្រោះព្រំ​​​ទឹក​​​មន្ត​​​និង​​​ផ្កាម្លិះ​​​ពី​​​ព្រះសង្ឃ​​។​​​ ក្រោយមក​​​ទៀត​​​ លោក​​​ក៏​​​ចាប់ផ្តើម​​​រិះគន់​​​រដ្ឋាភិបាល​​។

លោក​​​បាន​​​និយាយថា “ខ្ញុំមិន​​​ដែល​​​​​​ទទួលស្គាល់​​​ថា ខ្ញុំមាន​​​ទោស​​​ទេ​​​ ហើយ​​​ខ្ញុំ​​​ក៏មិនដែល​​​ទទួល​​​ស្គាល់​​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​នៅកម្ពុជា​​​ដែរ​​។​​​ តុលាការ​​​គ្មាន​​​យុត្តិធម៌ទេ​​​ ហើយ​​​គេមិនអាច​​​ផ្តល់​​​យុត្តិធម៌​​​ដល់​​​ជន​​​រងគ្រោះ​​​បាន​​​ឡើយ​​។​​​ ដូច្នេះ​​​ទីបញ្ចប់ អ្នកដែលប្តឹង​​​ខ្ញុំ​​​គឺជា​​​អ្នកដែល​​​លើក​​​លែង​​​ទោស​​​ឲ្យខ្ញុំ​​​”។

លោក សេរីរដ្ឋា បាន​​​ទម្លាក់ចោល​​​គំនិត​​​ធំៗ​​​របស់​​​លោក​​​គឺ​​​ ការបះបោរ​​​បែប​​​​​​បដិវត្ត​​​ផ្កាម្លិះ​​​ និង​​​ការ​​​ដាក់​​​​​​មូលដ្ឋាន​​​ទ័ព​​​អាមេរិក​​​នៅលើ​​​កោះ​​​ភូកុក​​​ ដែល​​​កម្ពុជា​​​​​​មិនមែន​​​ជាម្ចាស់​​​ ប៉ុន្តែ លោក​​​​​​បាន​​​សន្យា​​​កាលពី​​​ម្សិលមិញ​​​ថា នឹង​​​ជំរុញ​​​ឲ្យមាន​​​ការ​​​កែទម្រង់​​​រួម​​​មាន​​​ ការបោះឆ្នោត​​​ជាដើម។

លោក សេរីរដ្ឋា បាន​​​និយាយថា “ប្រសិនបើ​​​ប្រព័ន្ធ​​​បោះឆ្នោត​​​មិន​​​ផ្លាស់ប្តូរ​​​ឲ្យ​​​មាន​​​យុត្តិធម៌​​​និង​​​សេរី ពលរដ្ឋ​​​នឹង​​​នៅ​​​តែចាញ់​​។ យើង​​​មិន​​​ចង់​​​ឲ្យ​​​ពលរដ្ឋ​​​​​​ចាញ់​​​ទេ​​​ យើង​​​ចង់​​ឲ្យ​​​​​​ពល​​​រដ្ឋ​​​ឈ្នះ​​​ ដូច្នេះ​​​គេ​​​អាច​​​សម្រេច​​​វាសនា​​​ជាតិ​​​បាន”។

លោក​​​ សេរីរដ្ឋា បាន​​​ឃ្លាតចាក​​​ពី​​​ប្រទេស​​​កម្ពុជា​​​រយៈពេល​​​ប្រាំបួនឆ្នាំ​​​ គឺ​​​ភាគច្រើន​​​រស់នៅ​​​សហរដ្ឋ​​​អាមេរិក ​​​ដែល​​​លោកទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពីសហគមន៍​​​ខ្មែរ​​​ទូទាំង​​​សហរដ្ឋ​​​អាមេរិក​​​ កាណាដា​​​ និង​​​អឺរ៉ុប​​​ ដោយ​​​ធ្វើ​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំងក្លា​​​ទៅលើ​​​គណបក្ស​​​កាន់​​​អំណាច​​​ដ៏យូរ​​​របស់​​​លោក​​​ ហ៊ុន សែន​​​។​​​

អ្នក​​​ប្រឆាំង​​​រូបនេះ​​​បាន​​​អួត​​​ថា មាន​​​សមត្ថភាព​​​អំពាវនាវ​​​ដល់​​​អ្នកគាំទ្រ​​​រាប់រយ​​​រាប់ពាន់នាក់​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​តាមដែល​​​លោក​​​ចង់បាន​​​។ ប៉ុន្តែ មិនមាន​​​សញ្ញា​​​ណាមួយ​​​ដែលថា វាជា​​​ករណី​​​បែបនោះ​​​ទេ​​​ ហើយ​​​ប្រជាប្រិយភាព​​​របស់​​​លោក​​​នៅក្នុង​​​ប្រទេស​​​មិនទាន់​​​មាន​​​ការ​​​ការ​​​សាក​​​ល្បង​​​នៅ​​​ឡើយ​​​ទេ។

ទោះជា​​​យ៉ាង​​​នេះក្តី​​​ ដោយសង្ឃឹម​​​ថា នឹង​​​ទទួលបាន​​​ការ​​​គាំទ្រ​​​ គណបក្សនេះ​​​បាន​​​រៀបចំ​​​តម្រង់ជួរ​​​អ្នកគាំទ្រ​​​ប្រហែល​​​២០០នាក់​​​ ដោយពាក់អាវ​​​ពណ៌បៃតង​​​របស់​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​ ដោយគ្រវី​​​ទង់ជាតិ​​​ខ្មែរ​​​និង​​​អាមេរិ​​​កាំង ដើម្បី​​​ទទួល​​​ស្វាគមន៍​​​លោក​​​ សេរីរដ្ឋា​​​ នៅឯ​​​ព្រលាន​​​យន្ត​​​ហោះ​​​កាលពី​​​ម្សិលមិញ​​​។

លោក សួន សេរីរដ្ឋា ប្រធាន​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ ស្វាគមន៍​​​អ្នក​​​គាំទ្រ​​​នៅអាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ ពេល​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​មក​​​​​​ដល់​​​កម្ពុជា​​​​​​វិញ​​​ បន្ទាប់​​​ពី​​​និរទេស​​​ខ្លួន​​​នៅ​​​បរទេស​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ។ រូបថតៈ ស៊ីវ ចាន់ណា
លោក សួន សេរីរដ្ឋា ប្រធាន​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ ស្វាគមន៍​​​អ្នក​​​គាំទ្រ​​​នៅអាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ ពេល​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​មក​​​​​​ដល់​​​កម្ពុជា​​​​​​វិញ​​​ បន្ទាប់​​​ពី​​​និរទេស​​​ខ្លួន​​​នៅ​​​បរទេស​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ។ រូបថតៈ ស៊ីវ ចាន់ណា

ក្នុង​​​ចំណោម​​​អ្នកគាំទ្រ​​​ប្រាំមួយ​​​នាក់​​​​​​ពាក់​​​អាវពណ៌​​​បៃតងដែល​​​សម្ភាស​​​ដោយ​​​អ្នកយក​​​ព័ត៌មាន​​​ គ្មាន​​​នរណាម្នាក់​​​ដឹង​​​អំពី​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ទេ​​​ លើកលែង​​​តែថា គណបក្សនេះ​​​ដឹកនាំ​​​ដោយ​​​​​​លោក​​​ សេរីរដ្ឋា​​​តែ​​​ប៉ុណ្ណោះ​​​។ ស្ត្រីម្នាក់​​​បាន​​​និយាយថា អ្នកស្រី​​​បាន​​​ក្លាយជា​​​អ្នកគាំទ្រ​​​បក្ស​​​ដោយសារ​​​តែ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​បាន​​​ជួយផ្តល់អំណោយ​​​ដល់​​​​​​អ្នកស្រី​​​និង​​​អ្នកជិត​​​ខាង។

អ្នកស្រី​​​ ចក់ លីណា​​​ ដែលធ្វើ​​​ដំណើរ​​​ពីខេត្ត​​​តាកែវ​​​ តាម​​​រថយន្ត​​​ទួរីស​​​ជាមួយ​​​អ្នកជិតខាង​​​ បាន​​​និយាយ​​​ថា “ខ្ញុំស្រឡាញ់​​​គណបក្ស​​​នេះពីព្រោះ​​​ [លោក សេរីរដ្ឋា] ជាមនុស្សល្អ​​។ គាត់​​​ជួយ​​​ប្រជាពលរដ្ឋ​​​ ពីព្រោះគាត់​​​ឲ្យ​​​អង្ករ​​​យើង​​​រាល់ខែ​​​”។

អ្នកស្រី​​​​​​បាន​​​និយាយថា គ្រួសារអ្នកស្រី​​​ទទួល​​​បាន​​​ជំនួយ​​​ជាអង្ករ​​​៥០គីឡូក្រាម​​​និង​​​ប្រាក់​​​៥០.០០០រៀល​​​​​​រាល់​​​ខែ​​​ពីគណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​អស់រយៈ​​​ពេល​​​បីខែមកហើយ​​​ ជាពេល​​​ដែល​​​លោក​​ សេរីរដ្ឋា ទទួលបាន​​​ការ​​​លើកលែង​​​ទោស​​។​​​ អ្នកស្រី​​​មិនបាន​​​ដឹង​​​អំពី​​​គោល​​​នយោបាយ​​​របស់​​​បក្ស​​​ទេ​​​ ហើយ​​​បាន​​​និយាយថា ការទទួលបាន​​​អំណោយ​​​គឺជា​​​ហេតុផល​​​ដែលអ្នកស្រី​​​យល់​​​ព្រម​​​ធ្វើដំណើរ​​​មក​​​ក្រុង​​​ភ្នំពេញ ​​​ដើម្បី​​​ទទួលស្វាគមន៍​​​លោក​​​ប្រធានបក្ស​​​។

អ្នកស្រី​​​បាន​​​និយាយថា “អ្នកផ្សេងទៀត​​​ក៏ដូចគ្នា​​​ដែរ​​​”។

អ្នកស្រី​​​និង​​​អ្នកជិតខាង​​​បាន​​​ប្រមូលគ្នា​​​ធ្វើ​​​ដំណើរ​​​មក​​​ភ្នំពេញ​​​ដោយ​​​លោក​​​ ឈាង រុន ជាប្រធាន​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​ប្រចាំ​​​ស្រុក​​​សំរោង​​។ លោក រុន បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អ្វី​​​ទាំង​​​អស់​​​ទាក់​​​ទង​​​នឹង​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​ ហើយ​​​ក៏មិន​​​បាន​​​ឮ​​​អំពី​​​គណបក្ស​​​នេះ​​​ដែរ​​​ ទើបតែ​​​ដឹង​​​បីខែ​​​មុន​​​ប៉ុណ្ណោះ។

លោក រុន បាន​​​និយាយថា លោក​​​មិនទាន់​​​បាន​​​ទទួល​​​អំណោយ​​​ជាអង្ករ​​​ ឬជាលុយកាក់​​​ទេ​​​ ប៉ុន្តែ លោក​​​ជឿថា លោក​​​នឹង​​​ទទួលបាន​​​។​​​

លោកបាន​​​និយាយថា “​​​ខ្ញុំ​​​សង្ឃឹម​​​ថា គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​នឹង​​​ជួយ​​​ខ្ញុំ​​​ឆាប់ៗនេះ​​​”។

គម្រោង​​​គណបក្ស

លោក សេរីរដ្ឋា មិន​​​បង្អែរបង្អង់​​​យូរទេ​​​ ព្រោះថា​​​លោក​​​វិលមក​​​វិញ​​​ហើយ​​​។

គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​ នឹងធ្វើ​​​សមាជ​​​បក្ស​​​ដំបូង​​​នៅថ្ងៃ​​​នេះ​​​ ហើយ​​​នឹង​​​មាន​​​សិក្ខាសាលា​​​បណ្តុះ​​​បណ្តាល​​​​​​សម្រាប់​​​ព្រះសង្ឃ​​​ និង​​​និស្សិត​​​​​​អំពី​​​ភាព​​​ជា​​​អ្នកនយោបាយ​​​នៅថ្ងៃ​​​សៅរ៍​​​។ បន្ទាប់មក​​​លោក​​​​​​ សេរីរដ្ឋា នឹងធ្វើ​​​ដំណើរ​​​ទៅកាន់​​​ការិយាល័យនានា​​​​​​តាម​​​ខេត្ត​​​របស់​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​។​​​

ប៉ុន្តែ ទោះបី​​​ជាមាន​​​សកម្មភាព​​​ជាផ្លូវការ​​​ទាំង​​​នេះ​​​ក៏ដោយ​​​ ក៏លោក​​​ សេរីរដ្ឋា​​​ មិនទាន់​​​ដាក់​​​បេក្ខជន​​​ឲ្យឈរ​​​ឈ្មោះ​​​ក្នុងការ​​​បោះ​​​ឆ្នោត​​​ឃុំសង្កាត់​​​ និង​​​ការបោះឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៧​​​ និង​​​ឆ្នាំ​​​២០១៨​​​ដែរ​​​។

លោក​​​មាន​​​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​ដែលរដ្ឋាភិបាល​​​ត្រូវ​​​បំពេញ​​​មុន​​​នឹង​​​លោក​​​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​​​ រួមមាន​​​ការកែទម្រង់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​លុបបំបាត់​​​សមាជិកភាព​​​ដែល​​​មាន​​​និន្នាការ​​​នយោបាយ​​​ទាំង​​​អស់​​​។

ប្រសិន​​​បើ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​ចូលរួម​​​ លោក​​​ ឡេវ តុល ចង់ធ្វើ​​​ជា​​​បក្ខជន​​​គណបក្ស​​​ប្រចាំ​​​ខេត្ត​​​សៀមរាប​​​។​​​ លោក​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​ព្រលាន​​​យន្ត​​​ហោះ​​​កាលពី​​​ម្សិលមិញ​​​ដោយ​​​ពាក់អាវ​​​បក្ស​​​ ហើយ​​​កាន់​​​ក្បាល​​​មេក្រូ​​​។

លោកបាន​​​និយាយថា “ខ្ញុំគាំទ្រ​​​ សួន សេរីរដ្ឋា​​​ ពីព្រោះ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​ មាន​​​ចំណុច​​​បីធំៗ​​។ គាត់ជួយ​​​ពលរដ្ឋ​​​ គាត់ចង់​​​​​​លុបចោល​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការបោះឆ្នោត​​​ ហើយ​​​ សួន សេរីរដ្ឋា​​​ ចង់​​​ឲ្យ​​​ពលរដ្ឋ​​​ទាំង​​​អស់​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​ សូម្បី​​​តែ​​​អ្នកនៅក្រៅ​​​ប្រទេស​​​ក៏អ៊ីចឹង​​​ដែរ”។

លោក តុល បាន​​​និយាយថា លោក​​​ក៏ចូល​​​ចិត្ត​​​គម្រោង​​​របស់​​​លោក​​​ប្រធានបក្ស​​​ក្នុងការ​​​ពង្រីក​​​​​ការ​​​បង្រៀន​​​តាម​​​សាលា​​​សាធារណៈ​​​ពី​​​កន្លះថ្ងៃ​​​ទៅពេញ​​​មួយថ្ងៃ​​​ ហើយ​​​លុបបំបាត់​​​ឲ្យ​​​អស់​​​នូវ​​​ពលរដ្ឋ​​​វៀតណាម​​​ដែល​​​គ្មាន​​​សញ្ញាតិ​​​ខ្មែរ​​​ចេញពី​​​បញ្ជី​​​បោះ​​​ឆ្នោត​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការយល់ព្រម​​​ចូលរួមការ​​​បោះឆ្នោត​​​នឹងជាការ​​​ផ្លាស់ប្តូរចិត្ត​​​សម្រាប់​​​លោក​​​ សេរីរដ្ឋា ដែលបាន​​​រិះគន់​​​យ៉ាងច្រើន​​​ទៅលើ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ទាក់ទងនឹង​​​ការ​​​អះអាង​​​ថា គណបក្ស​​​នេះ​​​កាន់អំណាច​​​ជាង​​​២២ឆ្នាំ​​​ ដោយសារ​​​តែ​​​ប្រព័ន្ធបោះ​​​ឆ្នោត​​​​​ពុករលួយ​​​។

ការប្តឹងផ្តល់​​​របស់​​​រដ្ឋាភិបាល​​​ប្រឆាំង​​​នឹង​​​លោក​​​ សេរីរដ្ឋា បាន​​​ផ្អែកលើ​​​ការ​​​ប្រឹងប្រែង​​​មិន​​​បាន​​​សម្រេច​​​ក្នុងការ​​​ចែក​​​ចាយ​​​អាវ​​​យឺតទូទាំង​​​ប្រទេស​​​មុននឹង​​​មាន​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​ ដែល​​​មាន​​​សារ​​​​​​​​​​​​អំពាវនាវ​​​ឲ្យពលរដ្ឋ​​​មិន​​​ចូលរួម​​​បោះឆ្នោត​​​។​​​ រឿងក្តី​​​នេះ​​​ក៏ជាប់​​​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​ប៉ុនប៉ង​​​របស់លោក​​​ ក្នុងពេល​​​មាន​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​ដែល​​​កើត​​​ឡើង​​​បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​ចែក​​​ផ្កាកុលាប​​​១.០០០​​​ទង​​​ឲ្យ​​​ប៉ូលិស​​​និង​​​ទាហាន​​​ទូទាំង​​​ភ្នំពេញ​​​ រួម​​​មាន​​​ក្រដាស​​​បិទផ្សព្វផ្សាយ​​​ដែល​​​ជំរុញ​​​ឲ្យ​​​ពួកគេ​​​ “បែរ​​​កា​​​ណុង​​​កាំភ្លើង​​​ដាក់ជន​​​ផ្តាច់ការ” ដែល​​​ជាការ​​​សំដៅ​​​ទៅ​​​លើ​​​លោក ហ៊ុន សែន​​។​​​

លោក​​​ សេរីរដ្ឋា​​​ ត្រូវបាន​​​​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​កាលពី​​​ខែមករា​​​​​​ពីបទ​​​ញុះញង់​​​ ប៉ុនប៉ង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ការបោះឆ្នោត​​​។

ក្រុមការពារ​​​សិទ្ធិមនុស្ស​​​បាន​​​ទាត់ចោល​​​ករណី​​​នេះថា​​​គ្មាន​​​មូលដ្ឋាន​​​ច្បាស់លាស់​​​ និងថា​​​​​​ជា​​​រឿង​​​នយោបាយ​​​ ហើយ​​​ចាប់តាំង​​​ពី​​​ការ​​​លើក​​​លែងទោស​​​របស់​​​លោក​​​ សេរីរដ្ឋា​​​​​​នោះមក​​​ រដ្ឋាភិបាល​​​មិន​​​ដែល​​​ពន្យល់​​​អំពីការ​​​ផ្លាស់ប្តូរ​​​ចិត្ត​​​របស់​​​ខ្លួន​​​ទាក់ទង​​​នឹង​​​ភេរវករ​​​រូបនេះ​​​ទេ​​​។​​​ មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​គ្រាន់តែ​​​និយាយថា លោក​​ សេរីរដ្ឋា បាន​​​ផ្លាស់ប្តូរ​​​ឥរិយាបថ​​​របស់​​​លោក​​​ ហើយ​​​និង​​ស្វាគមន៍​​​ឲ្យ​​​លោក​​​មកវិញ​​​។​​​

អ្នកសង្កេត​​​​​​ការណ៍​​​នយោបាយ​​​បាន​​​បញ្ជាក់​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចង់​​​ឲ្យ​​​លោក​​​ សេរីរដ្ឋា​​​ វិញ​​​មក​​​កម្ពុជា​​​វិញ​​​ ដើម្បី​​​ឲ្យ​​​លោក​​​អាច​​​អូសទាញ​​​សន្លឹក​​​ឆ្នោត​​​​​​ចេញ​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ពិត​​​ប្រាកដ​​​គឺ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ក្នុងការ​​​បោះឆ្នោត​​​ខាង​​​មុខ​​​។ ទាំង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ទាំង​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​ បាន​​​បដិសេធ​​​ចំពោះការ​​​អះអាង​​​នេះ​​​។

ទោះជាយ៉ាងនេះក្តី​​​ លោក តុល មាន​​​ទស្សនៈ​​​មួយ​​​។​​​

លោក តុល បាន​​​និយាយថា “សួន សេរីរដ្ឋា និយាយ​​​ការពិត។ ប្រហែល​​​សហរដ្ឋ​​​អាមេរិក​​​ដាក់​​​គំនាប​​​លើ​​​រដ្ឋាភិបាល​​​ [ឲ្យ​​​លើកលែងទោស​​​​​​ដល់​​​​​​គាត់​​​] ពីព្រោះ​​​គាត់ជា​​​អ្នក​​​ប្រជាធិបតេយ្យ​​​ពិត​​​ប្រាកដ​​​”។​​​

ដោយ​​​មាន​​​មេដឹកនាំ​​​របស់​​​លោក​​​វិល​​​មក​​​មាតុភូមិវិញ​​​ លោក តុល ជឿជាក់​​​ថា គណបក្ស​​​នឹង​​​រុញ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​​​​ខ្ទាត​​​ចេញពី​​​អំណាច​​​នៅក្នុង​​​ការ​​​បោះឆ្នោត​​​ឆ្នាំ​​​២០១៨​​​​​​​​​ខាង​​​​​​មុខ​​​នេះ​​​។​​​

លោក​​​បាន​​​​​​និយាយថា “នៅខេត្ត​​​សៀមរាប​​​ មាន​​​ពលរដ្ឋ​​​ច្រើន​​​ដែល​​​គាំទ្រ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​គឺ​​​ប្រហែល​​​២០០​​​នាក់​​​”៕​​​រើន​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​

​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស