28 C
Phnom Penh

លោក ហ៊ុន សែន ​ថា គោល​នយោ​​បាយ​ដីធ្លី​​របស់​គណបក្ស​សង្គ្រោះ​​​​​ជាតិ​​នឹង​​បណ្ដាល​​ឲ្យ​​​មាន​សង្គ្រាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ​មាន​ប្រសាសន៍​ថា​ ការ​រឹបអូស​នឹង​​​ត្រូវ​ធ្វើ​ឡើង​ដោយ​តុលាការ

កាលពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ថា ​​​ជ័យ​ជម្នះ​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​​​​ជ្រើស​តាំង​​​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ នឹង​​​ឈាន​​​ទៅ​រក​សង្គ្រាម​ដោយ​ចៀស​មិន​ផុត​​ នៅ​ពេល​​​​គណបក្ស​ប្រឆាំង​​​មួយ​នេះ​​​ចាប់​ផ្ដើម​​​​​​បែង​ចែក​​​​ឡើង​វិញ​នូវ​ដី​បាន​ពី​អ្នក​មាន​​ឲ្យ​ទៅ​អ្នក​ក្រ​ ជា​អ្វី​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​មាន​ប្រសាសន៍​ថា នឹង​ត្រូវ​ធ្វើ​ឡើង​​ដោយ​​​តុលាការ​ឯករាជ្យ​តែ​ម្នាក់​​គត់​។

​​​នៅ​ឯ​សិក្ខាសាលា​​មួយ​ស្ដីពី​​អនាគត​ទេស​ចរណ៍​ក្នុង​ទីក្រុង​​ ដែល​រៀបចំ​ឡើង​​នៅ​សណ្ឋា​គារ​​សុខា​ ក្នុង​រាជធានី​​ភ្នំពេញ​ លោក​បាន​​ថ្លែង​​ថា ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​​ក៏ដោយ ក៏​គណបក្ស​​​នេះ​នឹង​ត្រូវ​តស៊ូ​​ប្រឆាំង​​​ក្រុម​កាន់​អំណាច​ចាក់​ឫស​រឹង​មាំ​នៅ​ក្នុង​ប្រទេស។

លោក​​​មាន​ប្រសាសន៍​​​សំដៅ​​​ដល់​​ពាណិជ្ជករ​​​​មាន​ខ្នង​បង្អែក​ក្រាស់​​ជាច្រើន​ដែល​​​ចូល​រួម​ក្នុង​​​​ពិធី​នោះ​ថា “​បើ​បោះ​ឆ្នោត​ឲ្យ​គេ​ [គណ​​បក្ស​​​​សង្គ្រោះ​ជាតិ​និយាយ​ថា] បាន​វា​ដោះ​ស្រាយ​​​​​​នេះ​ដោះ​ស្រាយ​នោះ ក៏​ប៉ុន្តែ​ខ្ញុំ​ហ៊ាន​និយាយ ​​អស់​លោក​នៅ​ទីនេះ​សុទ្ធ​តែ​សត្រូវ​របស់​ពួកគេ​​។ អញ្ចឹង​​ តើ​អា​ហ្នឹង​សុខ​ទេ​ អា​ហ្នឹង​? នែ អស់​លោក ​​អ្នក​ឧកញ៉ា​ទាំង​ឡាយ​សុទ្ធ​តែ​ជា​សត្រូវ​វណ្ណៈ​ណា​ គេ​នឹង​រឹប​អូស​អូតែល​​ហ្នឹង​​​​​​ឲ្យ​ទៅ​អ្នក​ក្រ។ អញ្ចឹង​តើ​វា​សុខ​ទេ”។

យោង​តាម​​ក្រម​សីលធម៌​​ដែល​​​បង្កើត​ឡើង​​​​​​​កាល​ពី​​ខែ​ឧសភា សម្រាប់​ “វប្បធម៌​សន្ទនា” ថ្មី​របស់​លោក​​ជាមួយ​លោក សម រង្ស៊ី ​លោក​នាយក​រដ្ឋមន្ត្រី​ និង​​​សហការី​របស់​លោក​ក្នុង​ជួរ​​​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គំរាម​កំហែង​រឿង​ផ្ទុះ​សង្គ្រាម​ស៊ីវិល​ឡើយ​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​​បង្កើត​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៨។

ទោះ​ជា​​យ៉ាង​ណា លោក ហ៊ុន សែន ​បាន​​​​​ការ​ពារ​ការ​លើក​ឡើង​អំពី​សង្គ្រាម​​ស៊ីវិល​​ ដោយ​មាន​ប្រសាសន៍​ថា វា​​​អាច​នឹង​កើត​ឡើង​​​​​យ៉ាង​ពិត​ប្រាកដ​​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​​​​ជាតិ​ មាន​គោល​នយោបាយ​​​​​ដែល​អាច​​​​​​ធ្វើ​ឲ្យ​អ្នក​មាន​រង​​ការ​វិនាស​ និង​ការ​ប្រទូស​​​រ៉ាយ​​​ជាមួយ​ប្រទេស​វៀតណាម​។ ​​​

លោក​បាន​ថ្លែង​​យ៉ាង​ដូច្នេះ​​ថា “​ការ​ដែល​ខ្ញុំ​ហ៊ាន​និយាយ​ថា​នឹង​កើត​សង្គ្រាម​​ មិន​មែន​គ្មាន​ហេតុ​ផល​ទេ​ ព្រោះ​ដោយ​សារ​ចំណុច​ពីរ​​ដែល​ត្រូវ​លើក​យក​មក​និយាយ​។ ចំណុច​ទី១ គេ​ចាត់​ទុក​អ្នក​មាន​ជា​សត្រូវ​​របស់​ពួកគេ​ទៅ​ហើយ។ ចំណុច​ទី២​ យក​​ប្រទេស​ជិត​ខាង​​​​​ជា​សត្រូវ​ទៅ​ហើយ​។ អញ្ចឹង​​រឿង​អី​វា​មិន​កើត​សង្គ្រាម​។ ចំណុច​នេះ​ជា​ចំណុច​ដែល​ត្រូវ​គិត។ ​ថ្ងៃ​ណេះរឿង​ទេសចរណ៍​ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​គ្នា​​រវាង​​សង្គ្រាម និង​សន្តិភាព។ មនុស្ស​​​​រត់​ចេញពី​លីប៊ី ស៊ីរី អុីរ៉ាក់ ស្អីៗ ​ក្រែង​រត់​ទៅ​​អឺរ៉ុប​ហ្អេស​? អាហ្នឹង​មក​ពី​អី? ​​​មក​ពី​សង្គ្រាម មក​​ពី​បដិវត្តន៍​ពណ៌ មក​ពី​​ចង់​ផ្លាស់​ប្ដូរ​”។

លោក សម រង្ស៊ី ​បានមាន​ប្រសាសន៍​តាម​ទូរស័ព្ទ​​​បន្ទាប់ពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​​របស់​គណបក្ស​​​​សង្គ្រោះ​ជាតិ​ នឹង​មិន​​រឹប​អូស​​ដីធ្លី​​ និង​សណ្ឋាគារ​របស់​អ្នក​មាន​​ទាំង​អស់​ភ្លាមៗ​ឡើយ ហើយ​​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន​ ថា​និយាយ​មួល​បង្កាច់​ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​​។ ​

​លោក​​ថ្លែង​ថា ​”​វា​ជា​ការ​បក​ស្រាយ​ខុស ​ជា​ការ​បក​ស្រាយ​ខុស​​គួរ​ឲ្យ​អស់​សំណើច​​​​ជុំ​វិញ​ទស្សន​ទាន​​របស់​ខ្ញុំ​ចំពោះ​យុត្តិធម៌​សង្គម។ ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដែល​មាន​​អ្នក​មាន​ស្ដុក​ស្ដម្ភ​ខ្លាំង ប៉ុន្តែ​​គេ​មាន​ប្រព័ន្ធ​​​​បែង​​​ចែក​​​ប្រាក់​ចំណូល​ឡើង​វិញ​​​ដោយ​សន្តិភាព និង​ស្ម័គ្រ​ចិត្ត​។ លោក​ ហ៊ុន សែន ​មាន​គំនិត​ជ្រុល​និយម​​​​ខ្លះ​​ដែល​គាត់​មិន​អាច​លុប​បំបាត់​បាន​។ អ្នករស់​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​​​ដឹង​ថា នេះ​មិន​ពាក់​ព័ន្ធ​ការ​​បក​ស្រាយ​របស់​ខ្ញុំ​ចំពោះ​យុត្តិធម៌​ទេ​”។

ទោះ​ជា​យ៉ាង​​ណា លោក សម រង្ស៊ី បាន​ថ្លែង​ថា ការ​បែង​ចែក​ដី​​ធ្លី​ឡើង​វិញ​​អាច​នឹង​ធ្វើ​ឡើង ​ប្រសិន​បើ​រដ្ឋាភិបាល​របស់​គណ​បក្ស​​​​សង្គ្រោះ​ជាតិ ​​​​បង្កើត​តុលាការ​ឯក​រាជ្យ​​មួយ​ដើម្បី​ស៊ើប​អង្កេត​ករណី​ចាប់​យក​ដី​ធ្លី​​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ឧកញ៉ា​​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

​លោក​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀត​ថា ​​”​ខ្ញុំ​នឹង​មិន​​ធ្វើ​ជា​ចៅក្រម​ទេ។ ​នេះ​ជា​​កិច្ច​ការ​​សម្រាប់​តុលាការ​​ឯករាជ្យ​មួយ​ដែល​​ទទួល​បន្ទុក​ដោះ​ស្រាយ​​បញ្ហា​​ដីធ្លី​​លួច​ប្លន់​ពី​អ្នកក្រ ហើយ​អាច​នឹង​មាន​ការ​ស៊ើបអង្កេត​នៅ​ពេល​​​​អនាគត​​ដោយ​តុលា​ការ​ឯករាជ្យ។ ខ្ញុំ​​នឹង​មិន​និយាយ​អ្វី​ដូច​​ខ្ញុំ​ជា​តុលាការ​ឡើយ​។ ​ទស្សន​ទាន [នៃ​កំណែទម្រង់​ដីធ្លី] គឺ​ខុស​គ្នា​ស្រឡះ​។ សូម្បី​នៅ​ពេល​​យើង​ដឹកនាំ​រដ្ឋាភិបាល​ក៏ដោយ ​​​ក៏​យើង​នឹង​ទុក​កិច្ច​ការ​នេះ​ឲ្យ​​​តុលាការ​ឯក​រាជ្យ​​​​​ដែល​ឯករាជ្យ​ពី​អង្គ​នីតិប្រតិបត្តិ។ យើង​មិន​អាច​និយាយ​​មុន​ថា យើង​​នឹង​តម្រង់​គោល​ដៅ​​​​មួយ​នេះ ​ឬ​មួយ​នោះ​បាន​ទេ​។ យើង​នឹង​ទុក​វា​ឲ្យ​ទៅ​​ប្រព័ន្ធ​យុត្តិធម៌​”។

ជា​ថ្មី​ម្ដង​ទៀត​ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​​ដែរ​អំពី​បទ​សម្ភាសន៍​​របស់​លោក សម រង្ស៊ី ជា​មួយ​​​កាសែត​ Liberation មាន​មូល​​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ដែល​អំឡុង​ពេល​នោះ​លោក​បាន​មាន​​​ប្រសាសន៍​ថា ​លោក​ជឿ​ថា លោក​ ហ៊ុន សែន ​​​ចង់​ចៀស​វាង​មិន​ឲ្យ​មាន​​ជោគ​វាសនា​​​​ដូច​លោក​​ មូអាម៉ា ហ្គាដាហ្វី មេដឹកនាំ​ផ្ដាច់ការ​​របស់​លីប៊ី​ ដែល​ត្រូវ​បាន​ប្រហារ​​ជីវិត។

លោក​មាន​ប្រសាសន៍​ថា ”​​អ្នកឯង​និយាយ​​ថា​ម៉េច ‘ជោគ​វាសនា​ដូច ហ្គាដាហ្វី?’ ផ្ដល់​នូវ​ការ​បក​ស្រាយ​សមរម្យ​។ នោះ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ដោយ​ការ​បោះ​ឆ្នោត​ទេ។ អ្នក​ឯង​ចង់​​ផ្ដួល​រំលំ​ដោយ​យោធា​ហ្អេស​? បើ​ចង់​ផ្ដួល​​​​រំលំ​ដោយ​យោធា អ្នក​ឯង​​ត្រៀម​ក្ដារ​មឈូស​​​ទុក​ឲ្យ​​ហើយ​”។ ​

លោក​មាន​ប្រសាសន៍​​ផ្ដាំ​ទៅ​​លោក សម រង្ស៊ី ​ថា “​ខ្ញុំ​ប្រាប់​លោក​ឯង​ឲ្យ​ហើយ មុន​អញ​ក្លាយ​ទៅ​ជា​ ហ្គាដាហ្វី ហ្អែង​ងាប់​មុន​អញ​សិន​”។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី ​មាន​ប្រសាសន៍​ថា លោក​​​​​មិន​ញញើត​​ការ​គំរាម​កំហែង​​ពី​សំណាក់​ដៃគូ​របស់​លោក​​នៅ​ក្នុង​ “វប្បធម៌​សន្ទនា​” ឡើយ​ ដោយ​លើក​ឡើង​ថា សង្គ្រាម​​នឹង​ជា​ការ​​ឆ្លើយ​ទៅ​នឹង​ការ​​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​​​អនាគត​របស់​គណ​បក្ស​​​​សង្គ្រោះ​ជាតិ នៅ​​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌។

លោក​បាន​​​បន្ត​ថា “​យើង​មាន​ឆន្ទៈ​​កាន់​តែ​រឹង​មាំ។ វា​នឹង​​មិនមានសង្គ្រាម​ទេ ពីព្រោះ​នឹង​មាន​រដ្ឋាភិបាល​​​ដ៏ធំមួយ​​ដែល​មាន​មនុស្ស​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ និង​និន្នាការ​។ ដូច្នេះ​យើង​អាច​ធានា​​​​បាន​នូវ​នីតិរដ្ឋ និង​យុត្តិធម៌​សង្គម​ជូន​ប្រជារាស្ត្រ​ខ្មែរ។ អ្នក​ដែល​មិន​បាន​​​ធ្វើ​អ្វីខុស​ចំពោះ​ជាតិ និង​ប្រជារាស្ត្រ​ មាន​អ្វី​ត្រូវ​ខ្លាច​”៕ សុខុម​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស