កាលពីម្សិលមិញ រដ្ឋាភិបាលបានកំណត់ប្រាក់ខែគោលថ្មីសម្រាប់ឧស្សាហកម្មកាត់ដេរដែលមានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លាររបស់កម្ពុជា ត្រឹម១៤០ដុល្លារ គឺកើនពី១២៨ដុល្លារ បន្ទាប់ពីការចរចារាប់ខែយ៉ាងស្វិតស្វាញដែលមិនអាចសូម្បីធ្វើឲ្យនិយោជក និងសហជីពខិតជិតទៅរកការឯកភាពរួម។

សេចក្ដីសម្រេចនេះកើតមានឡើងបន្ទាប់ពីការដំឡើង២៨ដុល្លារលើប្រាក់ខែគោលកាលពីខែមករា និងធ្វើឡើងបន្ទាប់ពីការបោះឆ្នោតនៅពេលព្រឹកដោយគណៈកម្មការប្រឹក្សាការងារ (LAC) សម្រេចយក១៣៥ដុល្លារ ប៉ុន្តែតួលេខនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំឡើងភ្លាមៗដល់១៤០ដុល្លារ។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ”ថ្ងៃនេះ យើងសម្រេចយក១៣៥ដុល្លារ។ នេះជាចំនួនសមរម្យ ទោះបីជាយើងមិនអាចបំពេញតាមសំណើរបស់ភាគីនីមួយៗបានក្ដី។ សហជីពមិនសប្បាយចិត្ត ហើយនិយោជកតវ៉ា ចំណែកឯភាគីផ្សេងទៀតនិយាយថា មិនសមហេតុផល។ ប៉ុន្តែ យើងគ្មានជម្រើសទេ ពីព្រោះការដំឡើងរបស់យើងធ្វើឡើងផ្អែកទៅលើកត្តាចំនួនប្រាំពីរ។ បន្ថែមពីលើ១៣៥ដុល្លារ សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែម៥ដុល្លារទៀត ដូច្នេះប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៦ គឺ១៤០ដុល្លារ”។
សូមបញ្ជាក់ថា ប្រាក់ខែគោលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា។
អំឡុងពេលកំពុងចរចា ថៅកែរោងចក្របានព្រមានថា ការដំឡើងខ្ពស់ជាងកម្រិតអតិផរណាបច្ចុប្បន្នដែលមានប្រហែល៣,៥ភាគរយ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរ ដែលជាកម្លាំងចលករមួយនៅក្នុងចំណោមកម្លាំងចលករសំខាន់ៗនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ឧស្សាហកម្មនេះផ្ដល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៧០០.០០០នាក់ ស្មើនឹង៨០ភាគរយនៃចំណូលនាំចេញរបស់ប្រទេស ហើយស្មើនឹង១ភាគ៣នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។
ប៉ុន្តែ លោករដ្ឋមន្ត្រីក្រសួងការងារបានព្យាយាមធានាអះអាងនៅចំពោះនិយោជកថា ការដំឡើង១២ដុល្លារបន្ថែមពីលើប្រាក់ខែគោលបច្ចុប្បន្នដែលស្មើជាង៩ភាគរយ នឹងរក្សាឲ្យកម្ពុជា មានការប្រកួតប្រជែងជាមួយគូប្រជែងសំខាន់ៗរបស់ខ្លួន។
លោកបានថ្លែងយ៉ាងដូច្នេះថា “នេះ [ការដំឡើង] គឺដោយសារការសិក្សាបែបវិទ្យាសាស្ត្រ ហើយខ្ញុំជឿថា នឹងគ្មានផលប៉ះពាល់សម្រាប់វិនិយោគិនឡើយ។ បើធៀបនឹងប្រទេសជិតខាងមួយចំនួនរបស់យើង ១៤០ដុល្លារធ្វើឲ្យយើងខ្ពស់ជាងគេ ដូច្នេះអាចមានបញ្ហាប្រកួតប្រជែងខ្លះ។ ប៉ុន្តែយើងមានចំណុចខ្លាំងដើម្បីទាក់ទាញវិនិយោគិន”។
លោកបានលើកឡើងជាទឡ្ហីករណ៍ថា ចំណុចខ្លាំងទាំងនោះរួមមានសេចក្តីស្ងប់ចិត្តរបស់វិនិយោគិនពេលដឹងថា ប្រជាពលរដ្ឋដែលផលិតសម្លៀកបំពាក់ឲ្យពួកគាត់ទទួលបានប្រាក់ឈ្នួលសមរម្យ។
យោងតាមទិន្នន័យថ្មីបំផុតរបស់អង្គការពលកម្មអន្តរជាតិ ILO ស្ដីពីការដំឡើងប្រាក់ខែគោលក្នុងបណ្ដាប្រទេសនាំចេញសម្លៀកបំពាក់ធំៗនៅអាស៊ី កម្ពុជាជាប់ចំណាត់ថ្នាក់ជិតបាតតារាងនៅឡើយសម្រាប់ប្រាក់ខែគោលត្រឹម១៤០ដុល្លារ ពោលគឺខ្ពស់ជាងប្រទេសបង់ក្លាដែស និងប្រទេសស្រីលង្កា ប៉ុន្តែនៅក្រោមវៀតណាម ដែលមានប្រាក់ខែគោលចន្លោះពី១០០ដុល្លារទៅ១៤៦ដុល្លារអាស្រ័យលើតំបន់។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ នៅតែខ្ពស់ជាង។ នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ របស់គណៈកម្មការប្រឹក្សាការងារដែលមានសមាសភាពតំណាង១៤រូបមកពីរដ្ឋាភិបាល ៧រូបមកពីរោងចក្រ និង៧រូបមកពីសហជីព រោងចក្រមិនព្រមដំឡើងលើសពី១៣៣ដុល្លារឡើយ។ ប៉ុន្តែនៅពេលដល់ពេលគណៈកម្មការបោះឆ្នោត តំណាងទាំងអស់បានបោះឆ្នោតគាំទ្រសំណើ១៣៥ដុល្លាររបស់រដ្ឋាភិបាល លើកលែងតែសំឡេងឆ្នោតចំនួនបួន។
លោក ណាង សុធី ដែលស្ថិតក្នុងចំណោមតំណាងប្រាំពីររូបមកពីរោងចក្រ បានលើកឡើងថា ”តំណាងប្រាំពីររូបរបស់និយោជកដែលស្ថិតក្នុងជួរគណៈកម្មការប្រឹក្សាការងារគាំទ្រវា ព្រោះដោយមានការគាំទ្រពីអង្គការ ILO រដ្ឋាភិបាលបានសិក្សាពីចំនួននេះយ៉ាងប្រុងប្រយ័ត្ន ដូច្នេះយើងអាចទទួលយកវាបាន”។
លោក កែន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងឲ្យរោងចក្រនាំចេញសម្លៀកបំពាក់ទាំងអស់ បានមានប្រសាសន៍ថា និយោជកនឹងបើកប្រាក់ខែឲ្យកម្មកររបស់ខ្លួនចំនួន១៤០ដុល្លារតាមការដំឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោកថ្លែងថា “ ប៉ុន្តែប្រសិនបើផលិតភាព ការងាររបស់កម្មករមិនកើនឡើង ហើយអ្នកបញ្ជាទិញមិនចាប់ផ្ដើមដំឡើងថ្លៃសម្រាប់ការបញ្ជាទិញទេនោះ”មានដំណោះស្រាយតែមួយគត់ គឺរោងចក្រត្រូវបិទទ្វារ ដូច្នេះមិនថាយើងសប្បាយចិត្ត ឬមិនសប្បាយចិត្តនោះទេ”។
លោកបន្តថា រោងចក្រមួយចំនួនដែលគ្មានលទ្ធភាពដោះស្រាយការដំឡើងប្រាក់ខែចុងក្រោយនេះ បានបិទទ្វាររួចទៅហើយ ហើយបានព្រមានថា វា “ធ្វើឲ្យមានបញ្ហាកាន់តែធំទៅវិញទេ” ប្រសិនបើទំនោរបច្ចុប្បន្ននៅតែបន្ត។ “យើងមិនសង្ឃឹមថាវានឹងកើតឡើងទេ។ ផលិតភាពប្រហែលជានឹងកើនឡើង ហើយអ្នកបញ្ជាទិញនឹងដំឡើងថ្លៃទិញ ហើយរោងចក្រមិនបិទទ្វារ ប៉ុន្តែយើងមិនរំពឹងបែបនេះទេ”។
ទិន្នន័យថ្មីបំផុតរបស់រដ្ឋាភិបាលបង្ហាញថា ពេលនេះកំណើននាំចេញកំពុងបង្អន់ល្បឿន ប៉ុន្តែនៅតែរឹងមាំ។ តំណាងពីររូបដែលស្ថិតក្នុងជួរគណៈកម្មការប្រឹក្សាការងារ បានបោះអនុប្បវាទនៅក្នុងការបោះឆ្នោតសម្រេចលើប្រាក់ខែគោលកាលពីម្សិលមិញ។ ប្រធានសហជីពឯករាជ្យពីររូបនៅក្នុងជួរគណៈកម្មការនេះ គឺលោក អាត់ ធន់ និងលោកស្រី កែន ឆេងឡាង មានប្រសាសន៍ថា ពួកគាត់ទាំងពីរបានបោះឆ្នោតគាំទ្រសំណើ១៦០ដុល្លារ។
អំឡុងពេលចរចា លោក អាត់ ធន់ ដែលជាប្រធានសហជីពឯករាជ្យធំបំផុតនៅក្នុងប្រទេស បានព្រមានថា នឹងមានមហាកូដកម្មផ្ទុះឡើង ប្រសិនបើកម្មករមិនពេញចិត្តនឹងប្រាក់ខែគោលថ្មីនេះ។
បន្ទាប់ពីការប្រកាសកាលពីម្សិលមិញ លោកបានបដិសេធមិនលើកឡើងថា តើ១៤០ដុល្លារសមនឹងបញ្ចប់ការធ្វើកូដកម្ម ឬយ៉ាងណាឡើយ ហើយបានមានប្រសាសន៍ថា សហជីពមួយចំនួននឹងជួបប្រជុំគ្នាមុនពេលសម្រេចថា តើត្រូវឆ្លើយតបតាមវិធីណា។ លោកថ្លែងថា “បន្ទាប់ពីភ្ជុំបិណ្ឌរួច យើងនឹងប្រកាសពីវិធីដែលយើងនឹងធ្វើការតវ៉ា ហើយតស៊ូមតិលើបញ្ហានេះ យើងមិនទាន់សម្រេចនៅឡើយទេ”។
សហជីពឯករាជ្យភាគច្រើនបានបន្ទាបសំណើប្រាក់ខែគោលរបស់ខ្លួនជាលំដាប់រហូតមកសល់ត្រឹម១៦០ដុល្លារអំឡុងពេលចរចា បន្ទាប់ពីចាប់ផ្ដើមពី២០៧ដុល្លារ ជាការចំណាយជាមធ្យមប្រចាំខែរបស់កម្មករកាត់ដេរជាង៧០០នាក់ ដែលត្រូវបានស្ទង់មតិសម្រាប់ការសិក្សាមួយកាលពីពេលថ្មីៗនេះដែលធ្វើឡើងដោយបណ្ដាអង្គការសិទ្ធិការងារ។ យោងតាមការសិក្សាដដែលនេះបង្ហាញថា ប្រាក់ខែជាមធ្យមរបស់ពួកគេដែលរួមមានទាំងប្រាក់ធ្វើការបន្ថែមម៉ោង ប្រាក់បន្ថែម និងប្រាក់ឧបត្ថម្ភសម្រាប់ចំណីអាហារ និងការធ្វើដំណើរផងនោះ គឺស្មើ១៩១ដុល្លារ។
ការស្ទង់មតិនេះក៏បានរកឃើញដែរថា កម្មករភាគច្រើនលើសលប់មិនពេញចិត្តនឹងប្រាក់ខែគោល១២៨ដុល្លារទេ ហើយរំពឹងថា រដ្ឋាភិបាលនឹងកំណត់ប្រាក់ខែគោលថ្មីចន្លោះ ពី១៦០ដុល្លារទៅ១៨០ដុល្លារ។
ការខកខានរបស់រដ្ឋាភិបាលមិនបានធ្វើតាមការទាមទាររបស់កម្មករកាលពីខែធ្នូ ឆ្នាំ២០១៣ បានបង្កឲ្យមានកូដកម្ម និងបាតុកម្មទូទាំងប្រទេស ដែលបានធ្វើឲ្យឧស្សាហកម្មនេះជាប់គាំងមួយរយៈពេលខ្លី ហើយបានបញ្ចប់ទៅវិញនៅខែបន្ទាប់ ក្រោយពីកងអាវុធហត្ថបើកការបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងធ្វើការតវ៉ាក្នុងរាជធានីភ្នំពេញ បណ្ដាលឲ្យពួកគេយ៉ាងហោចណាស់ប្រាំនាក់បាត់បង់ជីវិត៕ សុខុម