26 C
Phnom Penh

សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ត្រូវ​បាន​ចាប់​ខ្លួន​ ពេល​ប៉ុន​ប៉ង​ដាក់​ញត្តិ​ជូន​ស្ថានទូត​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ការ​ពារ​សិទ្ធិ​ដី​ធ្លី​ចំនួន​ប្រាំ​នាក់​មក​ពី​អតីត​សហ​គមន៍បឹង​កក់​ ត្រូវ​បាន​កង​សន្តិ​សុខ​សាលា​រាជ​ធានី​ភ្នំពេញចាប់​រុញ​​ចូល​ក្នុង​រថ​យន្ត នៅ​ពេល​ដើរ​ទៅ​ស្ថាន​ទូត​បារាំង​ដើម្បី​ដាក់​ញត្តិ​​​កាល​ពី​ព្រឹក​ម្សិល​មិញ​ ហើយ​ពួក​គេ​ត្រូវ​បាន​ដឹក​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​និង​ត្រូវ​បាន​ឃុំ​ឃាំងនៅ​ទី​នោះ​​អស់រយៈពេល​ជាង​៨​ម៉ោង​​មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​។

ក្រុម​បុរស​ស្លៀក​ពាក់​សីុវិល​ និង​កង​សន្តិសុខ​ដែល​សុទ្ធតែ​ពាក់មួក​ការពារ​សុវត្ថិភាព​ចាប់​ សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​បឹងកក់បញ្ចូល​រថយន្ត​ នៅពេល​ព្យាយាម​យក​ញត្តិដាក់ជូន​ស្ថាន​ទូត​បារាំង​ កាល​ពីព្រឹក​ម្សិលមិញ។ Nicholas Axelros/Ruom
ក្រុម​បុរស​ស្លៀក​ពាក់​ស៊ីវិល​ និង​កង​សន្តិសុខ​ដែល​សុទ្ធតែ​ពាក់មួក​ការពារ​សុវត្ថិភាព​ចាប់​ សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​បឹងកក់បញ្ចូល​រថយន្ត​ នៅពេល​ព្យាយាម​យក​ញត្តិដាក់ជូន​ស្ថាន​ទូត​បារាំង​ កាល​ពីព្រឹក​ម្សិលមិញ។ Nicholas Axelros/Ruom

ការ​ឃុំឃាំង​ខ្លួន​នេះ​ត្រូវបាន​ធ្វើ​ឡើង​ត្រឹម​​​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ  ​បន្ទាប់​ពី​រដ្ឋា​​ភិបាល​​បាន​បោស​សម្អាត​ជំរំ​របស់​អ្នក​តវ៉ាដែល​គាំទ្រ​គណបក្ស​ប្រឆាំង​និង​បាន​ប្រកាស​ថា  សេរី​ភាព​នៃការ​ជួប​ជុំ​គ្នា​ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់​ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ញុះ​ញង់​ធ្វើ​ឲ្យខូច​សណ្តាប់​ធ្នាប់​សង្គម​។

សាក្សី​លើក​ឡើង​ថា នៅ​ម៉ោង​ប្រហែល​​​៨​ព្រឹក​ ស្ត្រី​មួយក្រុម​មាន​គ្នា​ប្រហែលប្រាំ​មួយ​នាក់ធ្វើ​ដំណើរ​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​ រួម​មាន​អ្នក​ស្ត្រី​ ទេព​ វន្នី​ និង​អ្នក​ស្រី​ យ៉ោម​ បុប្ផា ដែល​​ជា​សកម្ម​ជន​ដ៏លេច​ធ្លោ​ផងនោះ​ ត្រូវបាន​ឡោម​ព័ទ្ធដោយ​បុរស​​​ស្លៀកពាក់​​​ស៊ីវិល​និង​សន្តិ​​សុខ​ខណ្ឌ​ជាង​៤០​នាក់​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​​​​មាន​ពាក់​មួក​សុវត្ថិ​ភាព​ ហើយ​បន្ទាប់​មកពួក​គេ​​បាន​ចាប់​ខ្លួនសកម្ម​ជន​ទាំង​នោះ​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​គ្មាន​ស្លាក​សញ្ញា​ច្បាស់លាស់។

លោក ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញបាន​មាន​ប្រសាសន៍​ថា​ “យើង​ចាប់​ខ្លួន​ពួក​គេ​ ព្រោះ​ពួក​គេ​គ្រោង​ហែ​ក្បួន​និង​ដាក់​ញត្តិ​​ជូន​ស្ថានទូត​បារាំង​ដោយ​មិន​បាន​ផ្តល់​ដំណឹង​ដល់​សាលា​រាជ​ធានី​ជា​មុន​”។ លោក​​បាន​បន្ត​ថា “យើង​ចាត់​វិធាន​ការ​​​​​​តាម​ច្បាប់​”។ លោក​បាន​ពន្យល់​ថា ដោយ​​​ដើរ​ឆ្លង​កាត់​រាជ​ធានី​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​​អំពាវ​នាវ​ឲ្យ​ប្រទេស​បារាំង​ ផ្អាក​ជំនួយ​យោធា​មួយ​ចំនួន​មក​ឲ្យ​​កម្ពុជា​ ស្ត្រី​ទាំង​នេះ​បាន​នាំ​គ្នា​ហែ​ក្បួន​​ដោយ​ខុសច្បាប់​ ព្រោះ​ពួក​គេ​មិន​បាន​ផ្តល់​ដំណឹង​ដល់​​អាជ្ញា​ធរ​ឲ្យបាន​ត្រឹម​ត្រូវ​ឡើយ។

អ្នក​ស្រី​ គង់​ ចន្ថា​ អាយុ​៤៥​ឆ្នាំ​ដែល​បាន​ហែក្បួន​ជាមួយ​សកម្ម​ជន​ ប៉ុន្តែ​បាន​គេច​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​បាន​និយាយ​ថា​ អ្នក​ស្រី​បាន​ឃើញ​លោក​ សុខ​ ពេញវុធ​ អភិបាល​រង​ខណ្ឌ​ដូន​ពេញ​ ស្រែក​បញ្ជា​ឲ្យ​ក្រុម​បុរស​ទាំង​នោះ​ចាប់​ខ្លួន​ស្ត្រី​អ្នក​តវ៉ា​។

លោក ម៉ក់​ ជីតូ ស្នង​ការ​ស្តី​ទ​​​​រាជ​ធានី​ភ្នំ​ពេញ​បាន​បញ្ជាក់​ថា សន្តិសុខខណ្ឌដូន​ពេញ​ គឺ​ជា​អ្នក​ចាប់​ខ្លួន​ស្ត្រី​ទាំង​នោះ​​មិន​មែន​មន្ត្រី​នគរបាល​ឡើ់យ​។

បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រុម​ស្ត្រី​ដែល​រួម​មាន​អ្នក​ស្រី​ សុង​ ស្រី​លាភ​ ផាន​ ឈុន​រ៉េត​ និង​អ្នក​ស្រី​ បូ ឆវី​ ផង​ដែរ​នោះ​ត្រូវ​បាន​ដោះ​​លែង​មក​វិញ​នៅ​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​រសៀល​។

អ្នក​ស្រី​ វន្នី​ បាន​និយាយ​ថា “នគរ​បាល​បាន​សួរ​ខ្ញុំ​ថា តើហេតុ​​អ្វី​បាន​ជា​ខ្ញុំ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ខ្ញុំ​មិន​មែន​ធ្វើ​ការ​តវ៉ា​ទេ​ ខ្ញុំ​គ្រាន់​តែ​ព្យាយាមយក​ញត្តិ​ដាក់​ជូន​ស្ថានទូត​បារាំង​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​មនុស្ស​ចំនួន​១០​នាក់​រួម​មាន​លោក​ វ៉ន​ ពៅ​ ផង​ដែរ​ប៉ុណ្ណោះ​”។

បន្ទាប់​ពី​ការ​ប្រឈរ​មុខ​ដាក់​គ្នា​រវាង​កម្មករ ​កាត់​ដេរ​និង​អង្គភាព​ទ័ព​ឆត្រយោង​លេខ​៩១១​ នៅ​ខាង​ក្រៅ​រោង​ចក្រយ៉ាកជីន ក្នុង​ខណ្ឌ​ ពោធិ៍សែន​ជ័យ​រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទាហាន​បាន​វាយ​ដំ​និង​ចាប់​ខ្លួន​បាតុករចំនួន​១០​នាក់​​ ហើយ​កន្លែង​ដែល​ឃុំ​ខ្លួន​ពួក​គេ​ឥឡូវ​នេះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​លោក​ វ៉ន​ ពៅ​ ប្រធាន​សមាគម​ប្រជាធិ​តេយ្យ​​​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយ​ចំនួន​ផ្សេង​ទៀត​។

អ្នកស្រី​ វន្នី​ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​បំណង​ដាក់​ញត្តិ​ជូន​ស្ថាន​ទូត​បារាំង​ ​ដើម្បី​អំពាវនាវ​​ឲ្យ​មាន​ការ​ដោះ​លែង​មនុស្ស​ចំនួន​១០​នាក់​ ព្រោះ​អ្នក​ស្រី​ជឿជាក់​ថា ប្រទេស​បារាំង​គឺ​អ្នក​ផ្តល់​មូលនិធិ​មក​ឲ្យ​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១​។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ នីកូឡាស បូឌង់ (Nicolas Baudouin) លេខា​ទី​១​នៅ​ស្ថាន​ទូត​​បារាំង​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ផ្តល់​មូលនិធិ​ទៅ​ឲ្យ​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១​ឡើយ​”។

អ្នក​ស្រី​ វន្នី​ បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​សកម្ម​​​​​ជន​មក​ពីសហគមន៍​បឹង​កក់​នឹង​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​ជា​បណ្តោះ​អាសន្ន​ក៏​ដោយ​ ក៏​ពួក​គេ​នឹង​ចាប់​ផ្តើម​​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន។ ការ​តវ៉ា​របស់​អ្នក​ភូមិ​មក​ពី​សហគមន៍​បឹង​កក់​បាន​ចាប់​ផ្តើម​កើត​ឡើង​នៅ​ពេល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ប៉ុនប៉ង​បណ្តេញ​ពួ​កគេ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩​។

អ្នក​ស្រី​ វន្នី​ បាន​និយាយ​ថា “យើង​នឹង​បន្ត​ការ​តវ៉ា​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ ដើម្បី​ទាម​ទារ​យុត្តិធម៌​និង​ការ​គោរព​សិទ្ធិ​មនុស្ស​។ ខ្ញុំ​គិត​ថា ការចាប់​ខ្លួន​លើក​នេះ​គឺ​ជា​មធ្យោ​បាយ​ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ ព្រោះ​ពួ​ក​គេ​[រដ្ឋាភិបាល​] ចង់​បំបិទ​សិទ្ធិ​មនុស្សនិង​ប្រជា​ធិប​តេយ្យ​”។ ទាំង​សាលា​រាជធានី​និង​ក្រសួង​មហា​ផ្ទៃ​សុទ្ធ​តែ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ប្រកាស​ថា សេរី​ភាព​នៃ​ការ​ជួប​ជុំ​ សិទ្ធិ​រដ្ឋធម្មនុញ្ញនឹង​ត្រូវ​ផ្អាក​រហូត​ដល់​មាន​សេចក្តី​ជូន​ដំណឹង​បន្ថែម៕ឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស