យោងតាមបទសម្ភាសជាមួយសាក្សីដែលរងរបួសជិត២០នាក់នៅមន្ទីរពេទ្យចំនួនបីកាលពីម្សិលមិញ បង្ហាញថា ដំបូងកងរាជអាវុធហត្ថបានបាញ់កាំភ្លើងពីលើក្បាលអ្នកតវ៉ានៅពេលពួកគេទៅដល់កន្លែងតវ៉ានៅផ្លូវវេងស្រេង កាលពីថ្ងៃសុក្រ មុនពេលតម្រង់កំាភ្លើងរបស់ពួកគេបាញ់សម្លាប់កូដករដែលបានគប់ដុំថ្ម។
អ្នកជំងឺដែលកំពុងសម្រាកព្យាបាលរបួសត្រូវគ្រាប់កាំភ្លើងរបស់កងរាជអាវុធហត្ថនៅមន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានប្រាប់អំពីការបាញ់កំាភ្លើងរបស់មន្ត្រីប្រដាប់អាវុធទៅលើក្រុមអ្នកតវ៉ា ហើយក្រោយមកបានតម្រង់កាំភ្លើងទៅលើអ្នកតវ៉ាម្នាក់ៗតែម្តងបន្ទាប់ពីមិនអាចបំបែកការតវ៉ានោះបាន។
កងរាជអាវុធហត្ថបានបាញ់សម្លាប់បាតុករប្រាំនាក់ និងរងរបួសធ្ងន់យ៉ាងហោចណាស់៤២នាក់ទៀតនៅពេលពួកគេបាញ់កាំភ្លើងបំបែកអ្នកតវ៉ា ដែលគប់ដុំថ្ម និងដែលបានបិទផ្លូវវេងស្រេង ដែលមានរោងចក្រច្រើននៅក្នុងខណ្ឌពោធិ៍សែនជ័យ។ កូដករក៏បានគប់ដប់សាំងផងដែរ។
ហែម អឿន អាយុ២៣ឆ្នាំបាននិយាយថា គាត់គប់ដុំថ្មដាក់កងរាជអាវុធហត្ថនៅពេលពួកគេលើកកាំភ្លើងបាញ់ទៅលើក្រុមអ្នកតវ៉ា ដែលភាគច្រើនកំពុងព្យាយាមរត់គេចចេញពីទីនោះហើយ។ ហែម អឿន ដែលធ្វើការនៅរោងចក្រកាត់ដេរមួយនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា បាននិយាយថា “នៅពេលដែលពួកគេមកដល់ ហើយចុះពីលើឡាន ពួកគេត្រៀមរួចជាស្រេច”។
គាត់បានពន្យល់ប្រាប់ថា “ខ្ញុំបានឃើញកងរាជអាវុធហត្ថ១០នាក់យកខែលបាំង ហើយបន្ទាប់មកខ្ញុំបានឃើញគេដាក់កំាភ្លើងនៅចន្លោះខែលនោះ ហើយបាញ់តម្រង់មកខ្ញុំ។ ប្រសិនបើយើងមិនរត់ចេញទេ ពួកគេបាញ់តម្រង់មកលើយើងម្នាក់ៗតែម្តង”។ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត អ៊ុក ម៉ារ៉ាយ អាយុ១៧ឆ្នាំ អង្គុយនៅលើកន្ទេលមួយក្រាលនៅលើរានហាលនៃមន្ទីរពេទ្យនេះ ដោយមានរុំរបួសត្រង់ក្បាល។
ម៉ារ៉ាយ បាននិយាយថា នាងបានឱនក្បាលចុះពេលបណ្ដើរកង់របស់នាងចេញពីរៀនត្រឡប់ទៅផ្ទះវិញ ស្រាប់តែនៅពេលនោះគ្រាប់កាំភ្លើងមួយគ្រាប់រត់មកត្រូវបញ្ឆិតពីលើក្បាលរបស់នាង ហើយនាងបានដួលទៅលើដី។ នាងបាននិយាយពេលបង្ហាញចុងម្រាមដៃរបស់នាងថា “ខ្ញុំត្រូវរបួសជម្រៅនេះ ប៉ុន្តែមិនប៉ះពាល់ដល់ខួរក្បាលរបស់ខ្ញុំទេ”។
ម៉ារ៉ាយ បាននិយាយថា ច្បាស់ហើយនេះគឺជាការបាញ់សម្លាប់ពីកងរាជអាវុធហត្ថដោយចេតនាតែម្តង។ នាងបាននិយាយថា “ពួកគេមិនខ្លាចអ្នកតវ៉ាគប់ដុំថ្មទេ ពួកគេខឹងនឹងអ្នកគប់ដុំថ្មទាំងនោះ។ ខ្ញុំឃើញពួកគេបាញ់សម្លាប់តែម្ដង។ វាដូចជាមើលក្មេងៗលេងកាំជ្រួចអ៊ីចឹង”។
នៅមន្ទីរពេទ្យនេះដែរកាលពីម្សិលមិញ ជឿន ស្រីពៅ អាយុ២៦ឆ្នាំបាននិយាយថា គាត់មិនបានរងរបួសទេ ប៉ុន្តែគាត់បានចូលរួមនាំអ្នករងរបួសនៅតាមផ្លូវវេងស្រេង កាលពីថ្ងៃសុក្រ ទៅមន្ទីរពេទ្យ។ គាត់បាននិយាយថា “ពួកគេភាគច្រើនត្រូវបានបាញ់ចំជើង ប៉ុន្តែអ្នកផ្សេងទៀតក៏ត្រូវបានបាញ់ត្រូវពោះ និងអ្នកខ្លះទៀតត្រូវចំក្បាល”។
ឡាវ ស្រីទូច អាយុ២២ឆ្នាំបាននិយាយថា ប្អូនប្រុសរបស់នាង ឈ្មោះ ឡាវ សៅ អាយុ២១ឆ្នាំមិនអាចនិយាយជាមួយនាងបានទេ ដោយសារគាត់ត្រូវគ្រាប់កាំភ្លើង AK-47 របស់កងរាជអាវុធហត្ថធ្លាយត្រចៀកម្ខាងដែលបានត្រូវបញ្ឆិតសៀតផ្ការបស់គាត់។ នាងបាននិយាយនៅពេលប្អូនប្រុសដែលមានរុំរបួសដេកនៅលើគ្រែនៅរានហាលមន្ទីរពេទ្យនេះថា “ប្អូនប្រុសគាត់ដែលបានចូលរួមនៅក្នុងការប៉ះទង្គិចគ្នានេះត្រូវគ្រាប់កាំភ្លើងជិតភ្នែកឆ្វេង ហើយធ្លាយតាមត្រចៀកគាត់។ គាត់បានដកថយក្រោយ ដើម្បីគេចពីកងរាជអាវុធហត្ថ”។ នាងបាននិយាយថា “យើងមិនដឹងថា តើគាត់អាចស្ដាប់ឮវិញឬអត់ទេ”។
លោក ឈឿង យៃយែន អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានមានប្រសាសន៍ថា មន្ទីរពេទ្យរបស់លោកបានទទួលកម្មកររោងចក្រកាត់ដេរ៣១នាក់ ដែលត្រូវបានកងរាជអាវុធហត្ថបាញ់និងវាយកាលពីថ្ងៃសុក្រ។ លោកបានមានប្រសាសន៍ថា មនុស្សបួននាក់ទៀតបានស្លាប់ក្នុងមន្ទីរពេទ្យនេះ ឬស្លាប់ពេលមកដល់មន្ទីរពេទ្យតែម្ដង។
លោកវេជ្ជបណ្ឌិត គូ ណូ នៅមន្ទីរពេទ្យនេះបានមានប្រសាសន៍ថា កម្មករពីរនាក់ក្នុងចំណោមកម្មករបួននាក់បានស្លាប់ពេលវះកាត់សង្គ្រោះបន្ទាន់ ដើម្បីយកក្បាលគ្រាប់កាំភ្លើង AK-47 ចេញពីទ្រូង។
ហៀត រ៉ាឌី អាយុ២០ឆ្នាំជាកម្មករម្នាក់ទៀតមកពីសួនឧស្សាហកម្មកាណាឌីយ៉ា ក៏ត្រូវបានបាញ់ចំទ្រូងពីលើដោះឆ្វេងបន្ដិច និងត្រូវចំដើមដៃឆ្វេងរបស់នាងផងដែរ ប៉ុន្តែវេជ្ជបណ្ឌិតបានប្រាប់នាងថា នាងរួចផុតពីការស្លាប់ហើយ។ កញ្ញា រ៉ាឌី បាននិយាយថា “ខ្ញុំកំពុងឈរនៅខាងក្រៅទ្វារផ្ទះមើលគេ ស្រាប់តែនៅពេលនោះខ្ញុំបានត្រូវគ្រាប់ ហើយខ្ញុំមិនដឹងថា គ្រាប់កំាភ្លើងនោះមកពីណាទេ។ កងរាជអាវុធហត្ថរត់ប្រសេចប្រសាចបាញ់ដោយគ្មានរើសមុខ។ ពួកគេខឹងណាស់ បន្ទាប់ពីអ្នកតវ៉ាគប់ដុំថ្មដាក់ពួកគេ”។
នាងបានពន្យល់ប្រាប់ថា “វេជ្ជបណ្ឌិតនិយាយថា ប្រសិនបើខ្ញុំត្រូវក្រោមទ្រូងបន្ដិច ខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយ។ ឥឡូវនេះខ្ញុំមិនអាចកម្រើកដៃឆ្វេងបានទាល់តែសោះ ហើយនៅពេលមានគេប៉ះដៃនោះក៏ខ្ញុំមិនដឹងដែរ”។
សោម អ៊ឹម អាយុ២២ឆ្នាំបានត្រូវគ្រាប់កាំភ្លើងពីក្រោយស្មាឆ្វេង និងចំទ្រូងឆ្វេងរបស់គាត់ ដោយធ្វើឲ្យមើលឃើញស្នាមគ្រាប់ចូល។ សោម អ៊ឹម បាននិយាយថា គាត់បានដកថយពីផ្លូវវេងស្រេង ចូលទៅក្នុងបរិវេណលំនៅដ្ឋានមួយ ហើយបានគប់ដុំថ្មដាក់កងរាជអាវុធហត្ថស្រាប់តែនៅពេលនោះគាត់បានត្រូវគ្រាប់តែម្ដង ប៉ុន្តែគាត់មិនដឹងថា នរណាបាញ់គាត់ទេ។ មិត្តភក្ភិរបស់គាត់ឈ្មោះ ជា ណូទី អាយុ២៥ឆ្នាំបាននិយាយថា គាត់បានឃើញអ្នកបាញ់នោះ។
គាត់បាននិយាយដោយចង្អុលទៅស្នាមរបួសដោយសារគ្រាប់កាំភ្លើងនៅលើកជើងរបស់គាត់ថា “ខ្ញុំបានឃើញពួកគេបាញ់កំាភ្លើងពីលើអគារ។ ពួកគេតម្រង់មកលើយើងម្នាក់ៗតែម្តង ប៉ុន្តែខ្ញុំមានសំណាងពីព្រោះខ្ញុំបានក្រាបនៅជិតអគារនោះ”។ លោកវេជ្ជបណ្ឌិត ណូ បានមានប្រសាសន៍ថា ថ្លៃព្យាបាលអ្នកជំងឺដែលបានរងរបួសអំឡុងពេលតវ៉ានេះមន្ទីរពេទ្យជាអ្នកចេញ។ កម្មកររងរបួសទាំងអស់លើកលែងតែម្នាក់ដែលត្រូវបានសម្ភាសបានបញ្ជាក់ថា ពួកគេមិនត្រូវបានគិតថ្លៃទេ។
នៅមន្ទីរពេទ្យកាល់ម៉ែត បុគ្គលិកដែលសុំមិនបញ្ចេញឈ្មោះនិយាយថា កម្មកររងរបួស៧នាក់មកពីផ្លូវវេងស្រេងត្រូវបានទទួលព្យាបាលនៅមន្ទីរពេទ្យនេះ ហើយថា កម្មករប្រាំមួយនាក់បានចេញពីមន្ទីរពេទ្យវិញហើយ។ វេជ្ជបណ្ឌិតបាននិយាយថា អ្នកជំងឺនៅសល់ចុងក្រោយគេឈ្មោះ ចៅ ហ៊ុនឌី អាយុ២៣ឆ្នាំត្រូវបានកងរាជអាវុធហត្ថវាយរងរបួសយ៉ាងទម្ងន់ ដែលធ្វើឲ្យគាត់និយាយបានខ្លីៗប៉ុណ្ណោះ។
វេជ្ជបណ្ឌិតដែលសុំមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា លោក ហ៊ុន ឌី ដែលមានផ្ទៃមុខស្លេកស្លាំងនៅពេលដេកលើគ្រែក្នុងមន្ទីរពេទ្យកាលពីម្សិលមិញត្រូវបានទទួលការវះកាត់សង្គ្រោះជីវិតពេលគាត់មកដល់មន្ទីរពេទ្យ ដើម្បីទប់ស្កាត់ការចេញឈាមជាច្រើនកន្លែង និងដើម្បីយកលំពែងចេញ។
ស្រី ចាន់ អាយុ២៨ឆ្នាំជាបងស្រីរបស់បុរសរងរបួសធ្ងន់រូបនេះបាននិយាយថា ប្អូនគាត់បានទៅរោងចក្ររបស់គាត់ ដើម្បីចង់ដឹងថា តើគេបើកធ្វើការវិញហើយឬនៅ ហើយបានមើលហេតុការណ៍ចលាចលនោះនៅពីក្រោយគេ បន្ទាប់ពីមានការប៉ះទង្គិចគ្នា។
បុគ្គលិកនៅសាលតម្កល់សពក្នុងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា កម្មករម្នាក់ ឈ្មោះ សំ រ៉ាវី អាយុ២៦ឆ្នាំ បានស្លាប់នៅពេលមិត្តភក្ភិដឹកតាមម៉ូតូមកដល់មន្ទីរពេទ្យ។ ឯកសារមន្ទីរពេទ្យព្រះកុសុមៈ បង្ហាញថា មនុស្សបួននាក់មកពីផ្លូវវេងស្រេង បានចូលសម្រាកព្យាបាលរបួសត្រូវគ្រាប់កាំភ្លើងត្រង់ពោះ ចំភ្លៅ និងចំដៃ កាលពីថ្ងៃសុក្រ ប៉ុន្តែពីរនាក់បានចេញទៅវិញហើយ។
កម្មករម្នាក់ឈ្មោះ ហឿន ខាន់ អាយុ១៩ឆ្នាំ បាននិយាយរឿងដូចគ្នា ដែលកម្មកររងរបួសផ្សេងទៀតបានប្រាប់អំពីហេតុការណ៍កាលពីថ្ងៃសុក្រនេះ។
កម្មកររូបនេះបាននិយាយថា “នៅពេលពួកគេមកដល់ ពួកគេបានបាញ់ឡើងលើគំរាមយើង។ នៅពេលដែលការបាញ់គំរាមនោះមិនបានរារាំងយើងមិនឲ្យតវ៉ានោះ ពួកគេបានបាញ់មកលើយើងតែម្ដង។ យើងទាំងអស់គ្នាបានព្យាយាមដកថយ ប៉ុន្តែនៅពេលនោះពួកគេបានតម្រង់មកលើយើងតែម្ដង”។
លោក ខាន់ ត្រូវគ្រាប់ចំភ្លៅស្ដាំ ប៉ុន្តែបាននិយាយថា វេជ្ជបណ្ឌិតបានប្រាប់គាត់ថា សាច់ដុំគាត់នឹងជាវិញ។
កម្មករឈ្មោះ សូ ណា អាយុ២៧ឆ្នាំបាននិយាយថា វេជ្ជបណ្ឌិតមិនបានប្រាប់គាត់ថា តើគាត់នឹងជាពីស្នាមរបួសដែលគាត់បានត្រូវគ្រាប់កាំភ្លើងនៅពេលឈរលើជាន់ទី៣ នៃផ្ទះមួយនៅផ្លូវវេងស្រេងនោះទាំងស្រុង ឬយ៉ាងណាទេ។ គាត់បាននិយាយថា “ខ្ញុំត្រូវគ្រាប់ធ្លាយពោះវៀន។ ខ្ញុំបានរត់ទៅជាន់លើទៅបន្ទប់របស់ខ្ញុំដើម្បីមើលគេ ហើយពួកគេបានបាញ់ពីក្រោមឡើងលើត្រូវខ្ញុំតែម្ដង”។ គាត់បានបញ្ជាក់ថា ពោះរបស់គាត់នៅហូរឈាមនៅឡើយ។ “ពួកគេមិនបានបាញ់គំរាមយើងទេ ពួកគេបាញ់សម្លាប់យើងតែម្ដង”៕គឹមហឿន
(រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ)