កាលពីម្សិលមិញ មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុង ហ្សឺណែវ បានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលលើកម្មកររោងចក្រកាត់ដេរដែលនាំគ្នាតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែអប្ប បរមាដោយបណ្តាលឲ្យមានមនុស្សស្លាប់នោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក រូភើត ខូលវ៉ីល (Rupert Colville) អ្នកនាំពាក្យការិយាល័យឧត្តមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានជំទាស់នឹងការប្រើកម្លាំងហួសហេតុរបស់មន្ត្រីអនុវត្តន៍ច្បាប់ទៅបង្ក្រាបលើអ្នកតវ៉ាក្នុងប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងហ្មតចត់មួួយចំពោះបញ្ហាដែលកងរាជអាវុធហត្ថប្រើកាំភ្លើង AK-47 បាញ់ប្រហារអំឡុងការបង្ក្រាបដោយបណ្តាលឲ្យអ្នកតវ៉ាចំនួនប្រាំនាក់បាត់បង់ជីវិតនិងយ៉ាងតិច៤២នាក់ផ្សេងទៀតរងរបួស។
លោក ខូលវីល បានមានប្រសាសន៍ថា “ យើងទទូចឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់មួយឲ្យបានហ្មតចត់បំផុតដើម្បីធានាអំពីការទទួលខុសត្រូវទាំងស្រុងរបស់សមាជិកកងសន្តិសុខដែលគេបានរកឃើញថា បានប្រើកម្លាំងហួសហេតុនោះ”។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដា ដែលក្រោយមកមានមនុស្សរាប់មុឺននាក់បាននាំគ្នាតវ៉ាទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ ក៏ដូចជាការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលអំពាវនាវឲ្យមានការដំឡើងប្រាក់ខែអប្បបរមាពី៨០ដុល្លារដល់១៦០ដុល្លារក្នុងមួយខែផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រកាសថា បេសកកម្មលើកទី១០របស់លោក ស៊ូបេឌី នៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ខែមករា។
លោក ស៊ូបេឌី បានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ បេសកកម្មក្នុងពេលឆាប់ៗរបស់ខ្ញុំ គឺជាផ្នែកមួយនៃការវាយតម្លៃបន្តស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា”។ សេចក្តីថ្លែងការណ៍នេះបន្ថែមថា លោករំពឹងថា នឹងបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងៗទៀត។
នៅក្នុងលិខិតមួយ កាលពីថ្ងៃអង្គារដែលផ្ញើទៅឲ្យលោក ហ៊ុន សែន នោះ សហជីពនិងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ព្រមទាំងក្រុមហ៊ុនលក់សម្លៀកបំពាក់យីហោល្បីៗចំនួនប្រាំពីរដែលរួមមានក្រុមហ៊ុនលក់សម្លៀកបំពាក់ ម៉ាក GAP ក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាក H&M និងក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាក Puma ជាដើម បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើអំពើហិង្សាកាលពីសប្តាហ៍មុន។
លិខិតនេះមានខ្លឹមសារថា “ យើងជំទាស់យ៉ាងដាច់អហង្ការចំពោះរាល់ទម្រង់នៃការប្រើអំពើហិង្សា។ វាជារឿងមួយដ៏គួរឲ្យព្រួយបារម្ភបំផុត ហេតុដូច្នេះទើបយើងធ្វើការអង្កេតលើទាំងភាពចលាចលដែលមានការរីករាលដាលយ៉ាងខ្លាំងនិងការប្រើកម្លាំងហួសហេតុពីសំណាក់រដ្ឋាភិបាល ដែលបណ្តាលឲ្យមានអ្នកស្លាប់”។
អង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យសហជីព សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងរដ្ឋាភិបាលធ្វើការចរចាដោយភាពស្មោះត្រង់និងបង្កើតយន្តការត្រួតពិនិត្យប្រាក់ខែ។
អង្គការសិទ្ធិមនុស្សបានលើកឡើងថា ចាប់តាំងពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រមក ការតវ៉ានិងការធ្វើបាតុកម្មត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅខាងមុខស្ថានទូត ឬស្ថានកុងស៊ុលរបស់ប្រទេសកម្ពុជា ប្រចាំនៅក្នុងទីក្រុង សេអ៊ូល ទីក្រុង បែរឡាំងនិងទីក្រុង ហ្សាការតា ហើយនៅក្នុងសប្តាហ៍នេះការតវ៉ាត្រូវបានគេធ្វើឡើងនៅស្ថានទូតរបស់ប្រទេសកម្ពុជាដែលប្រចាំនៅក្នុងទីក្រុង គូឡា ឡាំពួរ ទីក្រុងហុងកុង ទីក្រុងបាងកក ទីក្រុង ឡុងដ៍ ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុង អុីស្តានប៊ុល បន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន វេទិកាអាស៊ី បា៉ស៊ីហ្វិក ស្តីពីស្ត្រី ច្បាប់ និងការអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាសម្ពន្ធអង្គការតស៊ូមតិ បានប្រកាសធ្វើយុទ្ធនាការមួយឈ្មោះថា សប្តាហ៍សកម្មភាពសកលលោកសម្រាប់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រដល់ថ្ងៃទី១៧ខែមករា ហើយបានអពាវនាវឲ្យអ្នកគាំទ្រប្រើប្រព័ន្ធផ្សព្វផ្សាុយសង្គមដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ពីបញ្ហានេះ។
សេចក្តីថ្លែងការណ៍នេះក៏ជំរុញឲ្យប្រជាពលរដ្ឋដាក់ញត្តិជូនក្រុមហ៊ុនលក់សម្លៀកបំពាក់យីហោល្បីៗដូចជា H&M Adidas Gap និង Walmart ជាដើម ដើម្បីជំរុញដោយមានការដំឡើងប្រាក់ខែអប្បបរមានៅក្នុងប្រទេសកម្ពុជាផងដែរ។
រូបភាពនៃការតវ៉ាដែលធ្វើឡើងនៅក្នុងទីក្រុង បែរឡាំង កាលពីថ្ងៃអាទិត្យបានបង្ហាញឲ្យឃើញពីពលរដ្ឋខ្មែរមួយក្រុមតូចនិងពលរដ្ឋអាល្លឺម៉ង់មួយចំនួននាំគ្នាតវ៉ានៅខាងក្រៅស្ថានទូតកម្ពុជា ដោយមានអ្នកខ្លះបានលើកទង់ជាតិកម្ពុជាផងដែរ។ ព្រឹត្តិការណ៍ទី២ត្រូវបានគេគ្រោងធ្វើឡើងនៅសប្តាហ៍នេះ។ រីឯរូបភាពមួយទៀតស្តីពីព្រឹត្តិការណ៍ស្រដៀងគ្នាដែលត្រូវបានធ្វើឡើងនៅខាងក្រៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល បានបង្ហាញឲ្យឃើញពីមនុស្សមួយក្រុមលើកបដាមួយចំនួនក្នុងនោះមានបដាមួយមានខ្លឹមសារថា “ លោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ជីវិត”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន លោក អានណា ម៉ាកមូលលេន ប្រធានយុទ្ធនាការសម្រាប់អង្គការតស៊ូមតិឲ្យកម្មករកាត់ដេរឈ្មោះថា Labor Behind the Label ដែលរៀបចំព្រឹត្តិការណ៍
ក្នុងទីក្រុងឡុងដ៍ បានមានប្រសាសន៍ថា “ ការប្រើកម្លាំងហួសហេតុ និងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខគឺគួរឲ្យតក់ស្លុតបំផុត ហើយគឺជាការគំរាមកំហែងមួយយ៉ាងខ្លាំង។ អំពើហិង្សាដ៏សាហាវនេះត្រូវតែបញ្ចប់”។
ដោយឡែកនៅសហរដ្ឋអាមេរិកឯណោះវិញ លោក ស្ទីវចាបុត (Steve Chabot) សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលជាប្រធានអនុគណៈកម្មការការបរទេសអាេមរិកស្តីពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថ្កោលទោសការបង្ក្រាបរបស់រដ្ឋាភិបាលលើកូដករដែលទាមទារដំឡើងប្រាក់ខែ ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
លោក ចាបុត បានមានប្រសាសន៍ថា “ វាជាសោកនាដកម្មមួយដែលពលរដ្ឋខ្មែរគឺជាជនរងគ្រោះនៃការប្រព្រឹត្តអំពើពុករលួយការរំលោភបំពាននិងការភូតកុហកមិនចេះចប់មិនចេះហើយរបស់រដ្ឋាភិបាល។ ការសម្រេចរបស់លោក ហ៊ុន សែន ដែលបានប្រែក្លាយការតវ៉ាអហិង្សាទៅជាការប្រើអំពើហិង្សាតាមរយៈការចេញបញ្ជាឲ្យយោធានិងនគរបាលបាញ់ប្រហារលើអ្នកតវ៉ាស្លូតត្រង់ ដាច់ខាតត្រូវតែថ្កោលទោស”។
លោកបានបន្តថា “ វាដល់ពេល ហ៊ុន សែនចុះចេញពីតំណែងហើយ ហេតុដូច្នេះពលរដ្ឋខ្មែរអាចមើលឃើញអនាគតដ៏ភ្លឺស្វាងរបស់ខ្លួននាពេលខាងមុខ”៕ ស៊ុយឈាង