40.6 C
Phnom Penh

រោងចក្រ​​​ប្ដឹង​​​សហជីព ខណៈ​​​ពេល​​​ដែលកូដករ​​​ចូលធ្វើ​​​ការ​​​ងារវិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​ពេលដែល​​​កម្មករ​​​កម្មការិនី​​​រោង​​​ចក្រកាត់​​​ដេរ​​​បន្ត​​​វិល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​នៅតាម​​​រោង​​​ចក្រ​​​របស់​​​ខ្លួន​​​វិញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ បន្ទាប់ពី​​​​​​កូដកម្ម​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ ​​​បាន​​​​​​ផ្ទុះ​​​អំពើហិង្សា​​​កាល​​​ពីសប្ដាហ៍​​​មុន​​​នោះ​​​ ថៅ​​​កែ​​​រោងចក្រ​​​​​​មួយ​​​ចំនួន​​​មិន​​​បង្អង​​​ពេល​​​​​​នឹង​​​ការ​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​​​​សហជីព​​​នៅ​​​ពី​​​ក្រោយ​​​​​​កូដកម្ម​​​ ដើម្បីទាមទារ​​​សំណង​​​ឡើយ​​​។

លោក​​​ ប្រាក់​​​ សាវុធ​​​ ប្រធាន​​​ក្រឡា​​​បញ្ជី​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​រោងចក្រ​​​ប្រាំ​​​ហើយ​​​ ដែល​​​បាន​​​ដាក់​​​ពាក្យប្ដឹង​​​​​​សហជីព​​​ទាំង​​​នោះ​​​ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​មាន​​​ប្រសាសន៍​​​បញ្ជាក់​​​ថា រោងចក្រ​​​ណា​​​ខ្លះ​​​ជា​​​អ្នក​​​ប្ដឹង​​​ ឬ​​​សហជីព​​​ណា​​​ខ្លះ​​​ដែល​​​រង​​​ការ​​​ប្ដឹង​​​ឡើយ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​ពី​​​រោងចក្រ​​​ចំនួន​​​ប្រាំ​​​​​​” មុន​​​ពេល​​​​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​​​​ទៅ​​​លោក​​​ ខៀវ​​​ សំបូរ​​​ មេធាវី​​​តំណាង​​​ឲ្យ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា។

លោក ខៀវ សំបូរ​​​ បាន​​​បញ្ជាក់​​​ថា ម្ចាស់​​​រោងចក្រ​​​ពិត​​​ជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹងមែន​​​​​​ ប៉ុន្តែ​​​លោក​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​ដែរ​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក​​​ កែន លូ អគ្គ​​​លេខា​​​​​​ធិការ​​​នៃ​​​សមាគម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​បណ្ដឹង​​​​​​​​​ប្រហែល​​​​​​ជា​​​តម្រង់​​​ទៅ​​​រក​​​សហជីព​​​ទាំង​​​ប្រាំ​​​មួយ​​​ដែល​​​​​​មិន​​​គាំទ្រ​​​រដ្ឋាភិបាល​​​និងដែល​​​ខ្លួន​​​​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ជា​​​សាធារណៈ​​​​​​រួច​​​ទៅ​​​ហើយ​​​ថា ជា​​​អ្នក​​​ញុះញង់​​​​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​ក្នុង​​​ចំណោម​​​​​​​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ដែល​​​ធ្វើ​​​កូដកម្ម​​​។ ការ​​​តវ៉ាទាំង​​​នោះ​​​បាន​​​​​​ឈាន​​​ដល់​​​​​​ស្ថានភាព​​​ច្របូកច្របល់​​​បំផុត ​​​នៅ​​​ពេល​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ទៅ​​​លើ​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ ដែល​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​សមត្ថកិច្ច​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ និង​​​ជាង​​​៤០​​​នាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​។

លោក​​​ វ៉ាន់ សូ៊អៀង​​​ ប្រធាន​​​សមាគម​​​រោង​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​​​​កម្ពុជា​​​បាន​​​មាន​​​ប្រសា​​​សន៍​​​​ថា លោក​​​មិន​​​ដឹង​​​សេចក្ដី​​​លម្អិត​​​នៃ​​​ពាក្យ​​​បណ្ដឹង​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​​​លោក​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា រោងចក្រ​​​ប្រមាណ​​​៥០​​​ ឬ​​​ច្រើន​​​ជាង​​​នេះ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​មេធាវី​​​តំណាង​​​សមាគម​​​របស់​​​លោក​​​​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​សហជីព​​​ទាំង​​​ប្រា​​​ំ​​​មួយ​​​ ហើយ​​​ថា រោងចក្រ​​​បន្ថែម​​​ទៀត​​​​​​​​​អាច​​​​​​នឹង​​​​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ដែរ​​​។

លោក​​​បាន​​​បញ្ជាក់​​​ថា រោងចក្រ​​​ទាំង​​​នេះ​​​​​​បាន​​​ទាម​​​ទារ​​​សំណង​​​ ប៉ុន្តែ​​​លោក​​​​​​មិន​​​បាន​​​បញ្ជាក់​​​ថា ទាមទារ​​​សំណង​​​ប៉ុន្មាន​​​​​​ទេ​​​។ លោក​​​​​​ក៏​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​រោងចក្រ​​​​​​ដែល​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទាំង​​​នោះ​​​ដែរ ពីព្រោះ​​​វា​​​ជា​​​គោល​​​ការណ៍​​​របស់​​​សមា​​​គម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​នៅ​​​កម្ពុជា​​​។

សមាគម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​បញ្ជាក់ថា ស្ថានភាព​​​ចលាចល​​​ក្នុង​​​វិស័យ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​បាន​​​ធ្វើ​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្លួន​​​ខាត​​​បង់​​​​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​ប្រមាណ​​​២០០​​​លាន​​​ដុល្លារ​​​ផ្នែក​​​លក់​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ថា ការ​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​បង្ក​​​ការ​​​ខូចខាត​​​​​​យ៉ាង​​​ធំធេង​​​ដល់​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ពួក​​​គេ ប៉ុន្តែ​​​រហូត​​មក​​​ទល់​​​ពេល​​​នេះ​​​​​​សមាគម​​​នេះ​​​​​​នៅ​​​តែ​​​បដិសេធ​​​មិន​​​បញ្ចេញ​​​តួលេខ​​​នៃ​​​ការ​​​ខូច​​​ខាត​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​នោះ​​​ទេ​​​។

លោក ហៀង សុភ័ក្រ ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលាដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា សាលា​​​ដំបូង​​​រាជធានី​​​បាន​​​កោះ​​​ហៅ​​​លោក អាត់​​​ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​​​​កម្ពុជា​​​ ហៅ​​​កាត់​​​ស៊ីខៅឌូ ជា​​​មេដឹកនាំ​​​មួយ​​​រូ​​​ប​​​ក្នុង​​​ចំណោម​​​មេដឹកនាំ​​​សហជីព​​​​​​ទាំង​​​ប្រាំមួយ​​​ ដែល​​​សមា​​​គម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ចុច​​​ឈ្មោះ​​​ហៅ​​​មក​​​​​​សាកសួរ​​​កាល​​​​​​ពី​​​ថ្ងៃ​​​អង្គារ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា លោក​​​​​​បាន​​​ញុះញង់​​​ឲ្យ​​​កម្មករ​​​​​ដែល​​​ធ្វើការ​​​តវ៉ា​​​បំផ្លិច​​​​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​។ លោក​​​ រ៉ុង​​​ ឈុន​​​ ជា​​​មេ​​​​​​ដឹកនាំ​​​សហជីព​​​មួយ​​​រូប​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​សាកសួរ​​​ក្នុង​​​ថ្ងៃ​​​ដដែល​​​នោះ​​​ដែរ​​​ រួម​​​​​​ជាមួយ​​​នឹង​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា មេដឹកនាំ​​​គណបក្ស​​​​​​ប្រឆាំង​​​​​​ផង​​​ដែរ​​​។

លោក​​​ អាត់​​​ ធន់ បាន​​​ថ្លែង​​​​​​ថា លោក​​​មិន​​​ដឹង​​​ថា រោងចក្រ​​​បាន​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​សហជីព​​​នោះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ដឹង​​​ថា តុលា​​​ការ​​​កោះ​​​ហៅ​​​រូប​​​លោ​​​កដែរ​​​។ លោក​​​លើក​​​​​​ឡើង​​​ថា លោក​​​នឹង​​​គោរព​​​តាម​​​ដីកា​​​ ប្រសិន​​​បើ​​​លោក​​​ទទួល​​​បាន​​​ដីកា​​​នោះ​​​ ប៉ុន្តែ​​​បាន​​​ថ្កោល​​​ទោស​​​រោងចក្រ​​​​​​ចំពោះ​​​ការ​​​​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​សហជីព​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​មិន​​​យុត្តិធម៌​​​ទេ ពីព្រោះ​​​​​​យើង​​​មក​​​ជួយ​​​កម្មករ​​​ ហើយ​​​កម្មករ​​​​​​មាន​​​សិទ្ធិ​​​​​​ធ្វើ​​​កូដកម្ម​​​។ កម្មករ​​​ចាប់​​​ផ្ដើមធ្វើ​​​កូដកម្ម​​​ដោយ​​​សារ​​​តែ​​​ប្រាក់ឈ្នួល​​​ទាប​​​។ តើ​​​កម្មករ​​​​​​អាច​​​ធ្វើ​​​ការ​​​​​​ដោយ​​​ទទួល​​​បាន​​​​​​ប្រាក់​​​ឈ្នួល​​​ទាប​​​បែប​​​នេះ​​​ម៉េច​​​នឹង​​​បាន​​​ទៅ​​​? តើ​​​ពួក​​​គេ​​គួរ​​​តែ​​​​​​ធ្វើ​​​ការ​​​រហូត​​​ដល់​​​ស្លាប់​​​ឬ​​​?”។

លោកស្រី ម៉ម ញឹម​​​ ប្រធាន​​​សហព័ន្ធ​​​សហ​​​​​​ជីព​​​ជាតិ​​​នៃ​​​ឧស្សាហកម្ម​​​វាយនភណ្ឌ​​​កាត់​​​ដេរ​​​​​​កម្ពុជា​​​ ជា​​​សហជីព​​​មួយ​​​ទៀត​​​ដែល​​​សមា​​​គម រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​​​​​ត្រូវ​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​ដែរ​​​នោះ​​ ​បាន​​​មានប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ទាន់​​​ទទួល​​​បាន​​​សេចក្ដី​​​ជូន​​​ដំណឹង​​​អំពី​​​ពាក្យ​​​បណ្ដឹង​​​ពី​​​តុលាការ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​ស្រី​​​បដិសេធ​​​ថា សហជីព​​​មិន​​​បាន​​​ញុះញង់​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​ទេ​​​ ហើយ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​លោក​​​ស្រី​​​ ឬ​​​មេដឹក​​​​​​នាំ​​​សហជីព​​​ផ្សេង​​​ទៀត​​​​​​នឹង​​​មិន​​​អាច​​​រារាំង​​​សមាជិក​​​របស់​​​ពួក​​​គាត់​​​មិន​​​ឲ្យ​​​វិល​​​ត្រឡប់​​​​​​ទៅ​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​វិញ​​​បាន​​​ឡើយ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សង្ឃឹម​​​​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យតុលាការ​​​​​​ចាប់​​​ខ្លួន​​​មេដឹកនាំ​​​សហជីព​​​ឡើយ​​​ ពីព្រោះ​​​វា​​​គ្មាន​​​ប្រយោជន៍​​​។ រដ្ឋាភិបាល​​​គិត​​​ថា បន្ទាប់​​​ពី​​តុលាការ​​​ចាប់​​​ខ្លួន​​​មេដឹកនាំ​​​សហជីព​​​ទាំង​​​នេះ​​​ នឹង​គ្មាន​​​ការ​​​តវ៉ា​​​ទៀត​​​ ប៉ុន្តែ​​​ការ​​​តវ៉ា​​​នឹង​​​នៅ​​​តែ​​​បន្ត​​​”។

សហជីព​​​ទាំង​​​នេះ​​​បាន​​​ប្ដេជ្ញា​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​កូដកម្ម​​ម្ដង​​​ទៀត ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​និង​​​​​​បណ្ដា​​​រោង​​​ចក្រ​​​មិន​​​ទទួល​​​យក​​​ការ​​​ទាមទារ​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គេ​​​ទេ​​​នោះ​​​ ​​​ ប៉ុន្តែ​​​មិនបាន​​​លើក​​​ឡើង​​​​​​ថា ធ្វើ​​​នៅ​​​ពេល​​​ណា​​​ទេ​​​។ សម្រាប់​​​ពេល​​​នេះ​​​កូដកម្ម​​​ និង​​​បាតុកម្ម​​​ទំនង​​​ជា​​​បញ្ចប់​​​ទៅ​​​ហើយ​​​។

លោក វ៉ាន​​​់ ស៊ូអៀង​​​ ប្រធានសមា​​​គម​​​​​​​​​​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ៩០​​​ភាគរយ​​​នៃ​​​កម្មករ​​​​​​កម្មការិនី​​​ប្រមាណ​​​៦០០.០០០​​​នាក់​​​ក្នុង​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​បាន​​​វិល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​ហើយ​​​កាលពី​​​ម្សិលមិញ​​​។ លោក​​​ អាត់ ធន់ ប្រធាន​​​របស់​​​ស៊ីខៅឌូ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​បាន​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​ចន្លោះ​​​ពី​​​៦០​​​ភាគរយ​​​ទៅ ១០០​​​ភាគ​​​រយ​​​​​​។

​​​ប៉ុន្តែ​​​នៅ​​​ឯ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែន​​​ជ័​​​យ ​​​​​​ជាយ​​​រាជធានីភ្នំពេញ​​​ ទីដែល​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​​​​កម្មករ​​​ ធ្វើ​​​កូដកម្ម​​​ចំនួន​​​ប្រាំ​​​នាក់​​​​​​ឲ្យ​​​បាត់​​​បង់​​​ជីវិត​​​ និង​​​​​​រាប់​​​សិប​​​នាក់​​​​​​ផ្សេង​​​ទៀត​​​​​​រងរបួស​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​​​​​​​ ចំនួន​​​កម្មករ​​​ ដែល​​​ចូល​​​បម្រើ​​​ការងារ​​​វិញ​​​គឺ​​​តិច​​​ជាង​​​សព្វ​​​ដង​​​ឆ្ងាយ​​​ណាស់​​​។

នៅពី​​​ក្រោយ​​​​​​ខ្លោង​​​ទ្វារ​​​ច្រក​​​ចូល​​​ដែល​​​នៅ​​​មាន​​​បន្សល់​​​​​​ស្លាកស្នាម​​​ពី​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នៅ​​​ឡើយ​​​នោះ​​​ មាន​​​ទាហាន​​​ប្រដាប់​​​អាវុធ​​​ប្រាំ​​​នាក់​​​​​​ជ្រក​​​ម្លប់​​​​​​នៅ​​​ទីនោះ​​​​​​។​​​ កម្មការិនី​​​ម្នាក់​​​ឈ្មោះ​​​ តូន​​​ រស្មី​​​ ធ្វើ​​​ការ​​​​​​នៅ​​​រោងចក្រ International Fashion Royal ​​បាន​​​ដើរ​​​កាត់​​​តា​​​ម​​​អគារ​​​រោងចក្រ​​​ ដែល​​​មាន​​​សភាព​​​ស្ងាត់​​​ជ្រងំ។​​​

ស្ត្រីរូប​​​នេះ​​​និយាយ​​​ថា គិត​​​រហូត​​​​​​មក​​​ទល់​​​ថ្ងៃ​​​ម្សិលមិញ​​​ ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​​​​១.០០០​​​នាក់​​​នៅ​​​រោងចក្រ​​​របស់​​​គាត់​​​ មាន​​​តែ​​​ប្រហែល​​​១០០​​​នាក់​​​ប៉ុណ្ណោះ​​​ ដែល​​​បាន​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ គាត់​​​និយាយ​​​ថា គាត់​​​ក៏​​​បាន​​​ចូល​​​រួម​​​ក្នុង​​​កូដកម្ម​​​កាលពីសប្ដាហ៍​​​មុន​​​ដែរ​​​។ ដោយ​​​បង្ហាញ​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​​​​ប្រាក់​​​ខែ​​​អប្បបរមា​​​១០០​​​ដុល្លារ​​​ ដែល​​​រដ្ឋាភិ​​​បាល​​​បាន​​​ផ្ដល់​​​ជូន​​​ កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា គាត់​​​នឹង​​​ធ្វើ​​​កូដកម្ម​​​ម្ដង​​​ទៀត​​​ប្រសិន​​​បើ​​​សហជីព​​​អំពាវនាវ​​​ឲ្យ​​​ធ្វើ​​​កូដកម្ម​​​។​​​

គាត់​​​បាន​​​លើក​​​ឡើង​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​ធ្វើ​​​បាតុកម្ម​​​ម្ដង​​​ទៀត​​ ​ខ្ញុំ​​​នឹង​​​ចូល​​​រួម​​​។ ទោះ​​​បី​​​ជា​​​ពួ​​​កគេ​​​​​​ព្រម​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​ដល់​​​១០០​​​ដុល្លារ​​​​​​ក៏​​​ដោយ​​ ក៏ពួ​​​កគេ​​​នៅ​​​តែ​​​ធ្វើ​​​ឲ្យ​​​យើង​​​បាត់​​​បង់​​​អត្ថប្រយោជន៍ដដែល​​​​​​”។

កម្មការិនីម្នាក់​​​ទៀត​​​ឈ្មោះ​​​ អ៊ុន ថេន ដែល​​​បាន​​​សម្រាក​​​នៅ​​​ផ្ទះ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​​រ​​​បីថ្ងៃ​​​កន្លង​​​មក​​​នេះ​​​និយាយ​​​ថា  គាត់​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​ស្រុក​​​វិញ​​​ប៉ុណ្ណោះ​​​ ដើម្បី​​​បើក​​​ប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​របស់​​​ខ្លួន។ គាត់​​​និយាយ​​​ថា គាត់​​​នឹង​​​​​​វិល​​​ត្រឡប​់​​​​​​ទៅ​​​ខេត្ត​​​ព្រៃ​​​វែង​​​វិញ​​​ភ្លាម ​​​​​​នៅពេល​​​គាត់​​​បើក​​​ប្រាក់​​​ខែ​​​រួច​​​ ដើម្បី​​​ស្វែង​​រក​​​ការងារ​​​​​​នៅ​​​រោងចក្រ​​​​​​ផ្សេង​​​ ដែល​​​ស្ថិត​​​នៅ​​​ជិត​​​ផ្ទះគាត់​​​។​​​

គាត់​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ធ្វើ​​​កូដកម្ម​​​ម្ដង​​​ទៀត​​​ទេ​​​ ពីព្រោះ​​​ខ្ញុំ​​​គិត​​​ថា ១០០​​​ដុល្លារ​​​គ្រប់​​​គ្រាន់​​​ហើយ​​​សម្រាប់​​​ខ្ញុំ​​​។ ហើយ​​​ឪពុក​​​ម្ដាយ​​​របស់​​​ខ្ញុំ​​​​​​​​​ចង់​​​ឲ្យ​​​ខ្ញុំ​​​ទៅ​​​ធ្វើការ​​​នៅ​​​ស្រុក​​​វិញ​​​”។

កម្មករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ​​​ សួន​​​ ធួន​​ បាន​​​និយាយ​​​ថា  កម្មករ​​​​​​នៅ​​​រោងចក្រ​​​ Bright Sky របស់​​​គាត់​​​មាន​​​តែ​​​២០​​​ភាគរយ​​​ប៉ុណ្ណោះ​​​ ដែល​​​បាន​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។

គាត់​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​​​​ការ​​​ផ្ដល់​​​ឲ្យ​​​របស់​​​រដ្ឋាភិបាល​​​ទេ​​​ ប៉ុន្តែ​​​គាត់​​​ក៏​​​នឹង​​​មិន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​ទៀត​​​ដែរ​​​ ដោយ​​​សារ​​​តែ​​​គាត់​​​មើល​​​ឃើញ​​​នគរបាល​​​ និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​ត្រៀម​​​ខ្លួនបង្ក្រាប​​​​​​រួច​​​ជា​​​ស្រេច​​​​​​។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ហ៊ាន​​​ចូល​​​រួម​​​​​​កូដកម្ម​​​ទៀត​​​ទេ​​​ ពីព្រោះ​​​រដ្ឋាភិបាល​​​​​​​​​ប្រើ​​​កម្លាំង​​​។​​​ ខ្ញុំ​​​គិត​​​ថា នឹង​​​គ្មាន​​​កូដកម្ម​​​ទៀត​​​ទេ”។

​​​កម្មការិនី​​​ម្នាក់​​​ទៀត​​​ឈ្មោះ​​​ ជា នី និង​​​មិត្ត​​​ភក្តិ​​​របស់​​​គាត់​​​ដែល​​​បម្រើ​​​ការងារ​​​នៅ​​​រោង​​​ចក្រ​​​ Makalot Garments ក្បែរ​​​នោះ​​​​​​និយាយ​​​ថា រោងចក្រ​​​របស់​​​គាត់មាន​​​កម្មករ​​​ចូល​​​ធ្វើ​​​ការ​​​ជិត​​​​​​ពេញ​​​​​​វិញ​​​ហើយ​​​។

ពួ​​​កគេ​​​និយាយ​​​ថា ខ្លួន​​​​​​នឹង​​​ចូល​​​រួម​​​​​​កូដ​​​កម្ម​​​ទៀត​​​ ប៉ុន្តែ​​​ពួកគេ​​​នឹង​​​មិន​​​ចូល​​​រួម​​​ឡើយ ​​​ប្រសិន​​​បើ​​​សហជីព​​​នៅ​​​តែ​​​បន្ត​​​ទាម​​​ទារ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារ​​​ ដែល​​​ពួកគេ​​​យល់​​​ថា រដ្ឋាភិបាល​​​​​​​​​គ្មាន​​​ផ្លូវ​​​ទទួល​​​យកនោះ​​​​​​​​​។

កម្មការិនី​​​ ជា នី បាន​​​លើក​​​ឡើងថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​ [សហជីព] ​ទាមទារ​​​អត្ថ​​​ប្រយោជន៍​​​បន្ថែម​​​ទៀត​​​​​​សម្រាប់​​​កម្មករ​​​ ខ្ញុំ​​​នឹង​​​ចូល​​​រួម​​​ ប៉ុន្តែ​​​មិន​​​មែន​​​ទាមទារ​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារទេ​​​”។

ស្ត្រី​​​រូប​​​នេះបាន​និយាយ​​​​​​​បន្ដ​​​ថា គាត់​​​នឹង​​​ចូល​​​រួម​​​បាតុ​​​កម្ម​​​ទាមទារ​​​ប្រាក់​​​ខែ​​​ចន្លោះ​​​ពី​​​១១០​​​ដុល្លារ​​​​​​ទៅ​​​១២០​​​ដុល្លារ​​​ ប៉ុន្តែ​​​សម្រាប់​​​ការ​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារគាត់​​​និយាយ​​​ថា “វា​​​បាន​​​ត្រឹម​​​តែ​​​ខ្ចះខ្ជាយ​​​ពេលវេលា​ប៉ុណ្ណោះ​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស