TAG
topstory
រដ្ឋាភិបាលបង្ហាញពីវិធានការផ្លូវច្បាប់ដើម្បីបញ្ចប់ការធ្វើកូដកម្មរបស់កម្មករកាត់ដេរ
នៅពេលដែលការធ្វើមហាបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរបានបន្តកាលពីម្សិលមិញ រដ្ឋាភិបាលដាក់ចេញផែនដើម្បីបញ្ចប់ការធ្វើបាតុកម្មនេះក្នុងរយៈពេលបីថ្ងៃទៀត រួមមានការប្ដឹងប្រធានសហជីពទៅតុលាការ និងដាក់កងកម្លាំងសន្តិសុខឲ្យចាត់វិធានការណាមួយ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិតជូនលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីម្សិលមិញ ដោយផ្ដល់ជាយោបល់ថា ប្រសិនបើបាតុកម្មមិនឈប់ទេ ប្រធានសហជីពចំនួនប្រាំដែលដឹកនាំកូដកម្មនេះនឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងនាំខ្លួនឡើងតុលាការ រីឯមេដឹកនាំសហជីពគ្មានអាជ្ញាប័ណ្ណទី៦គួរត្រូវផ្ដន្ទាទោសក្នុងតុលាការភ្លាមៗ។
លិខិតដែលចុះហត្ថលេខាដោយលោក ងោ៉ ហុងលី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនេះ បង្ហាញផែនការមួយមានប្រាំដំណាក់កាលដល់ក្រសួងការងារអំពីរបៀបដោះស្រាយកូដកម្មនៅទូទាំងប្រទេសនេះ។
ប្រសិនបើប្រធានសហជីពមិនបញ្ឈប់ការធ្វើបាតុកម្មរបស់ខ្លួនភ្លាមៗទេ ក្រសួងការងារគួរតែដកអាជ្ញាប័ណ្ណសហជីពទាំងនោះ។ប្រសិនបើបាតុកម្មនៅតែបន្ត លិខិតនោះស្នើឲ្យនាំប្រធានសហជីពទាំងនោះទៅតុលាការ។
លិខិតដដែលនេះបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឲ្យកម្មករត្រឡប់ចូលធ្វើការវិញ និងស្នើឲ្យរោងចក្របើកទ្វារឡើងវិញ ហើយដោយសារសហភាពការងារកម្ពុជាមិនបានចុះបញ្ជីជាមួយរដ្ឋាភិបាលនោះក្រសួងការងារគួរតែធ្វើពាក្យបណ្តឹងប្ដឹងលោក រ៉ុង ឈុនប្រធានសហជីពនេះ ទៅតុលាការ។
លិខិតនោះក៏ណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ “ រារាំង និងចាត់វិធានការលើអ្នកបង្កភាពអនាធិបតេយ្យ ដែលបានញុះញង់និងគំរាមកម្មករឲ្យឈប់ធ្វើការ និងឲ្យបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រផងដែរ”។
ចុងក្រោយ លិខិតនោះស្នើឲ្យក្រសួងការងាររៀបចំកិច្ចប្រជុំតុមូលដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្អែកតាមលក្ខខណ្ឌដែលអាចទទួលយកបាន។
លិខិតនោះមានខ្លឹមសារថា “ ការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាភ្លាមៗដល់១៦០ដុល្លារនេះមិនអាចទៅរួចទេ”។
កាលពីម្សិលមិញ កម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មជាង៥.០០០នាក់បានបន្តធ្វើបាតុកម្មដោយហែក្បួនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅម៉ោង១២និង៣០នាទីរសៀល ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់១៦០ដុល្លារ។
នគរបាលប្រឆាំងកុបកម្មជាង២០០នាក់ដែលឈរនៅពីក្រោយរបាំងបន្លាលួសបានបញ្ឈប់អ្នកតវ៉ាទាំងនោះនៅមិនឆ្ងាយប៉ុន្មានពីអគារទីស្ដីការគណៈរដ្ឋមន្ត្រី។
ការធ្វើបាតុកម្មនេះបានចាប់ផ្ដើមមុនម៉ោង៩ព្រឹកនៅក្រសួងការងារ។ ប្រធានសហជីពត្រូវបានកោះហៅឲ្យទៅពិភាក្សាអំពីកូដកម្ម និងការតវ៉ានេះនៅក្រសួងនេះ ហើយការធ្វើកូដកម្មនិងបាតុកម្មនេះ គឺដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីសប្ដាហ៍មុន ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៥ដុល្លារ ដល់៩៥ដុល្លារ។
កម្មករធ្វើកូដកម្មដែលបានហែក្បួនពីរោងចក្រនានានៅទូទាំងទីក្រុងទៅកាន់ក្រសួងការងារនេះមានអ្នកចូលរួមស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិតកន្លះគីឡូម៉ែត្រ ដោយបិទផ្លូវនោះមិនឲ្យធ្វើចរាចរណ៍ទាំងស្រុង និងបិទផ្លូវចូលហាងលក់ទំនិញ អគាររដ្ឋាភិបាល និងសាកលវិទ្យាល័យនៅក្បែរនោះ។
បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅក្រសួងនេះលោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា មិនមានការវិវឌ្ឍនៅក្នុងការដោះស្រាយការទាមទាររបស់កម្មករទេ ពីព្រោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនបានចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។
លោក អ៊ុំ មាន មានប្រសាសន៍ថា “ យើងមិនបានទទួលលទ្ធផលណាមួយពីកិច្ចប្រជុំនៅថ្ងៃនេះទេ ពីព្រោះភាគីមួយ មិនបានចូលរួមជាមួយយើងទេ”។ លោកបានបន្ថែមថា លោកគិតថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាអាចធ្វើទៅបាន។
លោកមានប្រសាសន៍ថា “ ខ្ញុំគិតថា អាចដំឡើងប្រាក់ឈ្នួលអប្បបរមាបន្ថែមទៀតបាន ប៉ុន្តែការដំឡើងប្រាក់ឈ្នួលនោះអាស្រ័យលើការចរចាពីគ្រប់ភាគីទាំងអស់”។ លោកបន្ថែមថា ការប្ដេជ្ញាពីក្រុមហ៊ុនយីហោសម្លៀកបំពាក់ធំៗដើម្បីដំឡើងតម្លៃលក់រាយរបស់ពួកគេអាចជួយដំឡើងប្រាក់ឈ្នួលបាន។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា សមាគមនេះនឹងចូលរួមការចរចាពីប្រាក់ឈ្នួលអប្បបរមានេះនៅពេលណាដែលមានសណ្ដាប់ធ្នាប់នៅក្នុងឧស្សាហកម្មនេះឡើងវិញ។
លោក កែន លូ បាននិយាយថា “ យើងគឺជាជនរងគ្រោះ។ មុនពេលយើងចូលរួមនៅក្នុងការពិភាក្សាណាមួយ យើងត្រូវការឲ្យមានការធានាសន្តិសុខដល់កម្មករ និងទ្រព្យសម្បត្តិរបស់យើង”។
មានសេចក្ដីរាយការណ៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងរយៈពេលប្រាំថ្ងៃមកនេះអំពីកម្មករមួយក្រុមដែលបានសម្រុកចូលក្នុងរោងចក្រដើម្បីជំរុញឲ្យកម្មករចូលរួមធ្វើបាតុកម្ម។
បន្ទាប់ពីចេញពីការចរចានៅក្រសួងការងារនៅមុនថ្ងៃត្រង់បន្តិច ប្រធានសហជីពដែលមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចំនួនប្រាំមួយបាននិយាយទៅកាន់កម្មករដែលមកជួបជុំគ្នាទាំងនោះ។
លោក អាត់ ធន់ ប្រធានសហជីពស៊ីខាវឌូ បាននិយាយពីលើរថយន្តមួយគ្រឿងតាមឧគ្ឃោសនសព្ទថា “ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះអាស្រ័យលើរដ្ឋាភិបាល វាមិនមែនអាស្រ័យលើនិយោជកទេ”។
លោកបានបន្ថែមថា “ រដ្ឋាភិបាលគួរអន្តរាគមន៍ និងដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ។ប្រសិនបើក្រសួងការងារមិនរកដំណោះស្រាយទេ យើងទាំងអស់គ្នានឹងបន្តតវ៉ាទៀត”។
នៅមុនម៉ោង១២និង៣០នាទីរសៀលបន្តិចលោក រ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជា បានយកក្បាលមីក្រូនិយាយប្រាប់កម្មករឲ្យហែក្បួនទៅទីស្ដីការគណៈរដ្ឋមន្ត្រី។ កម្មករស្រែកអបអរសាទរ និងចាប់ផ្ដើមហែក្បួនយឺតៗដោយថ្មើរជើង តាមម៉ូតូូរ៉ឺម៉កកង់បី និងរថយន្តតាមមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅទិសខាងកើត។
ប៉ុន្តែកម្មករទៅមុខលែងរួចបន្ទាប់ពីទៅហួសក្រសួងការពារជាតិបន្តិចដោយសារនគរបាលប្រឆាំងកុបកម្មបានយកបន្លាលួសបិទមហាវិថីសហព័ន្ធរុស្ស៊ី។
នៅពេលដែលកម្មករប្រមូលផ្ដុំគ្នានៅពីក្រោយរបាំងបន្លាលួស និងស្រែកទាមទារអ្វីដែលពួកគេចង់បាននោះ នគរបាលក្រុងដែលពាក់ប្រដាប់ការពារពេញខ្លួនបានឈរពីរជួ និងបីជួរស្របតាមរបាំងនោះ។
មានការប្រឈមមុខគ្នាដ៏តានតឹងរយៈពេលពីរម៉ោង ដោយប្រធានសហជីពនិងកម្មករបានរិះគន់រដ្ឋាភិបាលខ្លាំងៗចំពោះការមិនផ្ដល់ប្រាក់ខែសមរម្យដល់កម្មករ។
លោក សំ សុផល មន្ត្រីសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលធ្វើជាអ្នកសម្របសម្រួលរវាងនគរបាល និងអ្នកតវ៉ានោះ បានមានប្រសាសន៍ថានគរបាលបានស្នើសុំឲ្យកម្មករទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមេដឹកនាំសហជីពបានបដិសេធ។
ពេលកម្មកររាប់ពាន់នាក់ស្ថិតនៅពេញមហាវិថីសហព័ន្ធរុស្ស៊ី និងសួរច្បារនៅជុំវិញនោះ លោក រ៉ុង ឈុន ប្រធានសហជីពបានទាមទារជួបមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់។
នៅម៉ោងប្រហែលបីរសៀល លោក កែវ រ៉េមីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានដើរតាមចន្លោះរបាំងផ្លូវរបស់នគរបាលទៅជួបលោក រ៉ុង ឈុន ដែលកំពុងរង់ចាំនៅផ្នែកម្ខាងទៀត។
នៅពេលនោះគេបានហុចក្បាលមីក្រូឲ្យលោក កែវ រ៉េមី ហើយលោកបានចាប់ផ្ដើមនិយាយប្រាប់ពីគោលជំហររបស់រដ្ឋាភិបាល។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា “ ខ្ញុំនឹងពិភាក្សាជាមួយក្រសួងការងារ ដើម្បីរកដំណោះស្រាយឲ្យបងប្អូន”។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលព្រួយបារម្ភអំពីការរស់នៅរបស់បងប្អូន ប៉ុន្តែរដ្ឋាភិបាលមិនមែនជាម្ចាស់រោងចក្រទេ រដ្ឋាភិបាលមានតែតួនាទីសម្របសម្រួលប៉ុណ្ណោះ” ។ ពេលនិយាយដល់ចំណុចនេះ មានគេគប់ដបទឹកសុទ្ធត្រូវក្បាលគាត់។
លោក កែវ រ៉េមី បានព្យាយាមនៅស្ងៀមមុនពេលដើរត្រឡប់ទៅក្រោយវិញតាមរបាំងផ្លូវនោះ។
លោក រ៉ុង ឈុន មិនចាប់អារម្មណ៍ចំពោះការសន្យារបស់លោក កែវ រ៉េមី ទេ។
លោកបានមានប្រសាសន៍ថា “ នេះគ្រាន់តែជាល្បិចកលមួយដើម្បីពន្យារពេលតែប៉ុណ្ណោះ ហើយរដ្ឋាភិបាលគ្មានបំណងរកដំណោះស្រាយឲ្យកម្មករទេ” ។ លោកបានបន្ថែមថា កម្មករនឹងត្រឡប់មកធ្វើបាតុកម្មនៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃនេះ។
កម្មករបានចាប់ផ្ដើមបែកគ្នានៅប្រហែលម៉ោងបីរសៀល ហើយនគរបាលបានរុះរើរបាំងផ្លូវរបស់ខ្លួន និងត្រឡប់ទៅវិញនៅម៉ោងបួនល្ងាច៕ គឹមហឿន
រោងចក្រខ្លះនៅតែបើកទ្វារ ទោះ GMAC ស្នើឲ្យបិទទាំងអស់ក៏ដោយ
កាលពីព្រឹកម្សិលមិញ រោងចក្រកាត់ដេរមួយចំនួនបានបើកទ្វាររបស់ខ្លួនដើម្បីដំណើរការ ទោះបីជាកាលពីថ្ងៃអាទិត្យ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវឲ្យរោងចក្រទាំងអស់បិទទ្វាររហូតទាល់តែរដ្ឋាភិបាល និងសហជីពដែលធ្វើកូដកម្មធានាសុវត្ថិភាពដល់រោងចក្រទាំងនោះ។
នៅក្នុងលិខិតបើកចំហមួយកាលពីថ្ងៃអាទិត្យ សមាគម GMAC បានចោទប្រកាន់សហជីពប្រាំមួយ ដែលគេដឹងថា មិនមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានញុះញង់សមាជិករបស់ខ្លួនឲ្យបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ និងបង្ខំកម្មករឲ្យចូលរួមក្នុងសកម្មភាពតវ៉ាឲ្យមានការដំឡើងប្រាក់
ឈ្នួលរបស់ខ្លួន។ សមាគម GMAC បានឲ្យដឹងថា រោងចក្រទាំងអស់ជាង៤០០ដែលជាសមាជិករបស់ខ្លួន នឹងបិទទ្វារ ឬក៏នៅតែបិទទ្វាររហូតទាល់តែសហជីពទាំងនោះនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអាចធានាសុវត្ថិភាពរបស់រោងចក្រទាំងនោះបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតកាលពីម្សិលមិញ សមាគម GMAC បានឲ្យដឹងថា រោងចក្រមួយចំនួននៅតែបើកទ្វារដំណើរការ ក៏ប៉ុន្តែ ដោយសារតែកម្មករជាច្រើនបានជំរុញឲ្យរោងចក្រទាំងនោះធ្វើបែបនេះ។
សមាគម GMAC បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ សមាជិកមួយចំនួនដែលទទួលបានសំណើពីកម្មករឲ្យដំណើរការវិញដោយទទួលបានប្រាក់ខែដូចសព្វដងនោះ បានបង្ខំចិត្តបើកដំណើរការ ដោយសារតែមានសំណើរបស់កម្មករដែលមានក្តីសង្ឃឹមក្នុងចិត្តថា ខ្លួននឹងបានជួយទ្រទ្រង់ជីវភាពរស់នៅ និងក្រុមគ្រួសាររបស់ខ្លួន”។
សមាគម GMAC បានចោទប្រកាន់ថា “ គួរឲ្យសោកស្តាយណាស់ សហជីពទាំងប្រាំមួយ... នៅតែបន្តសកម្មភាពហិង្សារបស់ខ្លួន និងបានចេញពីរោងចក្រមួយទៅរោងចក្រមួយទៀត ហើយបានគំរាមយ៉ាងខ្លាំងក្លាចំពោះសន្តិសុខ និងសុវត្ថិភាព ព្រមទាំងជីវិតរបស់កម្មករ និងបុគ្គលិករោងចក្រ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់និយោជក”។
លោក កែន លូ អគ្គលេខាធិការសមាគម GMAC បានឲ្យដឹងថា រោងចក្រប្រហែល៨០បានបើកទ្វារដំណើរការកាលពីម្សិលមិញ ដែលភាគច្រើននៅតាមបណ្តាលខេត្ត ហើយរោងចក្រមួយចំនួនទៀតអាចនឹងបើកដំណើរការឡើងវិញក្នុងថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា “ វាគឺជាស្ថានភាពប្រែប្រួលមួយ ដូច្នេះ វាអាស្រ័យទៅលើស្ថានភាព”។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលស្ថិតក្នុងចំណោមសហជីពទាំងប្រាំមួយដែលសមាគម GMAC បានចោទប្រកាន់នោះ បានប៉ាន់ស្មានថា រោងចក្រក្នុងចន្លោះពី១០ទៅ២០ភាគរយនៅតែបើកទ្វារដំណើរការ។
លោកក៏បានបដិសេធជាថ្មីម្តងទៀតថា សមាជិកសហជីពមិនបានបង្ខំកម្មករដែលចង់បន្តធ្វើការងាររបស់ខ្លួនទេ។
លោក គង់ អាទិត្យ បានមានប្រសាសន៍ថា “ យើងមិនបានបង្គាប់ឲ្យអ្នកតវ៉ាមកតវ៉ាទេ។ ពួកគេមកតវ៉ាដោយខ្លួនឯង”។
លោក យ៉ាង សុភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ក៏បានច្រានចោលសេចក្តីអះអាងរបស់សមាគម GMAC ដែលថា សហជីពទាំងនេះត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់ប្រាក់ឈ្នួល ការងារ និងវិនិយោគដោយសារតែកូដកម្ម។
លោកបានមានប្រសាសន៍ថា “ យើងមិនយល់ស្របតាមការអះអាងរបស់សមាគម GMAC ទេ ហើយ... យើងបានជូនដំណឹងទៅសមាគម GMAC ថា យើងមិនពេញចិត្តប្រាក់ឈ្នួលអប្បបរមា៩៥ដុល្លារទេ គឺយើងត្រូវការ១៦០ដុល្លារ។ សមាគម GMAC ត្រូវទទួលខុសត្រូវដោយខ្លួនឯង”។
ក្នុងចំណោមរោងចក្របានបើកទ្វារដំណើរការកាលពីព្រឹកម្សិលមិញ ក៏មានរោងចក្រ ហ្គោលឌិន ម៉ាយ (Golden Mile) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥នៅភាគខាងជើងរាជធានីភ្នំពេញផងដែរ។
លោក សុខ ចាន់រ៉ា ប្រធានរដ្ឋបាលបានឲ្យដឹងថា កម្មករប្រហែល១៥ភាគរយក្នុងចំណោមកម្មករជាធម្មតា១.៧០០នាក់បានចូលធ្វើការវិញ នៅពេលកម្មកររោងចក្រកាត់ដេរប្រហែល៣០ ឬ៤០នាក់ដែលធ្វើកូដកម្មបានមកដល់ខ្លោងទ្វាររោងចក្រ។
លោកបានមានប្រសាសន៍ថា “ ពួកគេបានប្រើឧគ្ឃោសនសព្ទ ដើម្បីញុះញង់កម្មករដោយនិយាយថា ‘ សូមកម្មករទាំងអស់ទៅតវ៉ានៅក្រសួងការងារ’ ”។
លោក ចាន់រ៉ា បានលើកឡើងថា អ្នកតវ៉ាមិនប្រើអំពើហិង្សា និងមិនបានបង្ខំកម្មករឲ្យចូលរួមជាមួយពួកគេទេ។ លោកបានមានប្រសាសន៍ថា “ ពួកគេគ្រាន់តែសួរតើ”។
ក៏ប៉ុន្តែលោក ចាន់រ៉ា បានឲ្យដឹងថា លោកបានប្រាប់កម្មករនៅក្នុងរោងចក្រឲ្យចាកចេញ “ ពីព្រោះ យើងគិតអំពីសុវត្ថិភាព... ដោយសារតែមនុស្សនៅខាងក្រៅភាគច្រើនចង់ចូលមកក្នុង”។
ទោះបីជាមានការរំខានកាលពីម្សិលមិញក៏ដោយ លោក ចាន់រ៉ា បានឲ្យដឹងថា រោងចក្រ ហ្គោលដិន ម៉ាយ នឹងបើកទ្វារដំណើរការទៀតក្នុងថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា “ ជារៀងរាល់ព្រឹករោងចក្ររបស់ខ្ញុំបើកទ្វារដំណើរការសម្រាប់កម្មករដែលចង់ធ្វើការ។ សមាគម GMAC អាចនឹងលើកឡើងថា ខ្លួនចង់ឲ្យរោងចក្រនានានៅតែបិទទ្វារ “ ក៏ប៉ុន្តែ កម្មកររបស់យើងបានទទូចឲ្យនៅតែបើកទ្វារដំណើរការ”។
អ្នកស្រី ញែ៉ម សុខឡេង ដែលមានធុងកិនទឹកអំពៅនៅខាងក្រៅខ្លោងទ្វារដ៏ស្ងៀមស្ងាត់ អំឡុងពេលអាហារថ្ងៃត្រង់ដែលគួរតែមានសកម្មភាពមមាញឹកនោះ បានឲ្យដឹងថា អ្នកតវ៉ាបានទៅមកៗ ដោយមិនមានចំនួនច្រើនទេ។ អ្នកស្រីបាននិយាយថា “ បន្ទាប់ពីអ្នកតវ៉ាបានអង្រួនទ្វារ ពួកគេក៏បានទៅរោងចក្រមួយផ្សេងទៀត ប៉ុន្តែ មិនមានអំពើហិង្សាកើតឡើងទេ”៕ សុធា
អ្នកតវ៉ាជាច្រើនក្រុមរួបរួមគ្នាទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង
កាលពីម្សិលមិញ មានមនុស្សកាន់តែ ច្រើនចូលរួមតវ៉ាចំនួនប្រាំក្រុមដោយឡែកពីគ្នានៅក្នុងទីក្រុងភ្នំពេញ នៅខាងមុខវិមានសន្តិភាព ដែលជាការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានអ្នកតវ៉ាប្រមាណ៥០.០០០នាក់បានហែក្បួនតាមមហាវិថីសហព័ន្ធរុស្ស៊ី ទាមទារឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជាកាន់អំណាចយូររូបនេះ ចុះចេញតំណែង។
ដោយឥឡូវនេះឈានដល់ថ្ងៃទី១៥ហើយនោះ ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញសាជាថ្មី និងការលាលែងរបស់នាយករដ្ឋមន្ត្រី បានកើនឡើងកាន់តែខ្លាំងនៅសប្តាហ៍នេះ ដោយមានការហែក្បួនដ៏ធំបំផុតកាលពីម្សិលមិញប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងរយៈពេល១៥ឆ្នាំមកនេះ។
បាតុកម្មបួនក្រុមដាច់ដោយឡែកពីគ្នាដែលដឹកនាំដោយសកម្មជនប្រឆាំងការបណ្តេញចេញ មន្ត្រីរាជការ កម្មករក្នុងវិស័យក្រៅប្រព័ន្ធនិងព្រះសង្ឃ បានចូលរួមជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅខាងក្រៅសា្ថនទូតចិន ដែលស្ថិតនៅតាមមហាវិថីម៉ៅសេទុងនៅម៉ោង៤និង១៥នាទីល្ងាច ហើយបានហែក្បួនរួមគ្នាកាត់តាមផ្សារដើមគរឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី ឆ្លងកាត់ក្រសួងការពារជាតិ អគារទីស្តីគណៈរដ្ឋមន្ត្រី និងចុងក្រោយបានឆ្លងកាត់ការិយាល័យរបស់លោក ហ៊ុន សែន មុនពេលត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ។
ការហែក្បួនដែលមានរយៈពេលប្រហែល ៤ម៉ោង និងមានប្រវែងជាងបីគីឡូម៉ែត្រនេះស្ទើរតែមិនបានជួបវត្តមានរបស់មន្ត្រីសន្តិសុខ រហូតដល់កំណាត់ផ្លូវចុងក្រោយនៃមហាវិថីសហព័ន្ធរុស្ស៊ី ប៉ុន្តែនៅតែប្រព្រឹត្តទៅដោយសន្តិវិធី។
ការធ្វើបាតុកម្មជាច្រើនក្រុមពេញមួយថ្ងៃម្សិលមិញនេះ មានព្រះសង្ឃ និងអ្នកតវ៉ាមួយក្រុមប្រមាណ៣០០នាក់ដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនទិញ ហែក្បួនពីទីលានប្រជាធិបតេយ្យទៅក្រសួងធម្មការ និងសាសនា ហើយអ្នកហែក្បួនបានទៅដល់ទីនោះម៉ោងប្រហែល៨និង៣០នាទីព្រឹក។
ព្រះសង្ឃដែលចូលរួមជាមួយបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានបិទកំណាត់តីរវិថីសីុសុវត្ថិនៅកន្លែងដែលព្រះសង្ឃទាំងនោះបានបិទកាលពីដើមខែនេះនៅពេលព្រះសង្ឃទាំងនោះបានឡោមព័ទ្ធអនុសំវច្ឆរមហាសន្និបាតសង្ឃដើម្បីទាមទារឲ្យចាត់វិធានការលើការលួចព្រះសារីរិកធាតុព្រះពុទ្ធកាលពីថ្ងៃទី១០ ខែធ្នូ ពីភ្នំឧដុង្គ។
នៅពេលនេះព្រះសង្ឃបានទាមទារឲ្យលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាចុះចេញពីតំណែង ដោយសាររដ្ឋាភិបាលមិនបានចាត់វិធានការចំពោះការលួចព្រះសារីរិកធាតុនេះ ហើយបានប្តូរការស្រែក “ ហ៊ុន សែន អើយចុះចេញទៅ!” ជាឃ្លាដែលគណបក្សប្រឆាំងបានស្រែកនៅពេលធ្វើបាតុកម្មនាពេលថ្មីៗនេះ ទៅជាស្រែកថា “ មិន ឃិន អើយ ចុះចេញទៅ!” វិញ។
ក្រោយម៉ោង៩និង៣០នាទីព្រឹកបន្តិចតំណាងក្រសួងម្នាក់បានចេញមកទទួលញត្តិរបស់ព្រះសង្ឃ ដែលទាមទារឲ្យលោក មិន ឃិន ចុះចេញពីតំណែងក្នុងរយៈពេល១៤ថ្ងៃ ដោយគ្មានលក្ខខណ្ឌ។
ញត្តិនោះលើកឡើងថា “ នៅពេលថ្មីៗនេះលោក មិន ឃិន មិនបានយកចិត្តទុកដាក់ចំពោះការបាត់ព្រះសារីរិកធាតុព្រះពុទ្ធទេ ហើយមិនបានចាត់វិធានការចាប់ខ្លួនចោរលួចមកផ្តន្ទាទោសឡើយ”។
បន្ទាប់ពីឈប់សម្រាកនិយាយរិះគន់មន្ត្រីក្រសួងអប់រំ មន្ត្រីធនាគារជាតិ និងមន្ត្រីក្រសួងកិច្ចការនារី ព្រះសង្ឃទាំងនោះបានមកដល់វត្តភ្នំនៅម៉ោង១១ព្រឹក។ នៅទីនោះ ព្រះសង្ឃបានហែក្បួនកាត់តាមការជួបជុំគ្នារបស់ក្រុមអ្នកតវា៉ផ្សេងទៀត ដែលទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ដំឡើងប្រាក់ខែមន្ត្រីរាជការ បញ្ចុះតម្លៃប្រេង បញ្ចប់ការចាប់យកដី និងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងនោះក៏មានអ្នកតវ៉ាប្រឆាំងការបណ្តេញចេញប្រហែល២០០នាក់ផងដែរ ដែលពាក់អាវប៉ាក់ពណ៌ស និងសំពត់ផាមួង កាន់ផ្កាឈូក ហើយបានចាប់ផ្តើមជួបជុំគ្នានៅម៉ោងប្រហែល៨ និង៣០នាទីព្រឹក និងហែក្បួនទៅកាន់សាលារាជធានី ដែលនៅទីនោះពួកគេបានទាមទារឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញចុះចេញពីតំណែង។
ពេលមកដល់ខាងក្រៅការិយាល័យរបស់លោក បា៉ សុជាតិវង្ស មុនម៉ោង៩ព្រឹកបន្តិច អ្នកតវ៉ាទាំងនោះបានអះអាងថា តំណាងឲ្យសហគមន៍ចំនួន២៨នៅក្នុងទីក្រុងភ្នំពេញដែលត្រូវបានបណ្តេញចេញ ឬប្រឈមមុខនឹងការបណ្តេញចេញ ហើយបានទាមទារឲ្យអភិបាលក្រុងរូបនេះដោះស្រាយជម្លោះរបស់ខ្លួន បើមិនដូច្នោះទេត្រូវចុះចេញ។
អ្នកស្រី សុង ស្រីលាភ អតីតអ្នកភូមិនៅសហគមន៍បឹងកក់បានស្រែកតាមឧបករណ៍បំពងសំឡេងពីលើដំបូលរឺុម៉កមូ៉តូកង់បីថា “ ខ្ញុំសូមស្នើឲ្យលោក បា៉ សុជាតិវង្ស ឈប់ប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់។ យើងក៏ស្នើសុំឲ្យគាត់ចុះចេញពីតំណែងផងដែរ ពីព្រោះគាត់ខ្វះសមត្ថភាព”។
មួយសប្តាហ៍បន្ទាប់ពីបានជំនួសលោក កែប ជុតិមា ជាអភិបាលក្រុងភ្នំពេញកាលពីខែឧសភា លោក ប៉ា សុជាតិវង្ស បានជួបតំណាងសហគមន៍បឹងកក់ដោយផ្ទាល់ និងបានសន្យាដោះស្រាយជម្លោះជាមួយក្រុមហ៊ុនរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងមានបាតុករប្រហែល២០.០០០នាក់ និងបានកើនឡើងពីរដងលើសការជួបជុំគ្នាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពីព្រោះគណបក្សប្រឆាំងបានដឹកអ្នកគាំទ្រពីតាមខេត្តឲ្យមកចូលរួម។
កាលពីថ្ងៃសៅរ៍ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដែលខ្លួនលើកឡើងថា ផ្ទុយពីច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងការរស់នៅរបស់ប្រជាពលរដ្ឋ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងនូវកង្វល់ជាច្រើនថា “ ជាពិសេស ការបំពានច្បាប់ធ្វើបាតុកម្មអហិង្សា ការបិទផ្លូវ ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងការរារាំងដល់ការងាររបស់ស្ថាប័នសាធារណៈ”។
ក្រោយពីបានចាកចេញពីសាលារាជធានីកាលពីព្រឹកម្សិលមិញ បន្ទាប់មកអ្នកតវ៉ាប្រឆាំងការបណ្តេញចេញ ទាំងនោះបានែហក្បួនកាត់តាមទីលានប្រជាធិបតេយ្យ ដែលនៅទីនោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរបីពាន់នាក់បានជួបជុំគ្នា ហើយនិងបានបន្តហែទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅជិតនោះដើម្បីទាមទារឲ្យបរទេសផ្អាកជំនួយដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
អ្នកស្រី ទេព វន្នី ជាអ្នកភូមិម្នាក់ទៀតនៅអតីតសហគមន៍បឹងកក់បាននិយាយថា “យើងហែក្បួននៅថ្ងៃនេះដើម្បីផ្ញើសារទៅលោក ហ៊ុន សែន ឲ្យចុះចេញពីតំណែង ពីព្រោះគាត់គ្មានសមត្ថភាពអភិវឌ្ឍប្រទេសទេ”។ អ្នកស្រីបាននិយាយថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងម្ចាស់ជំនួយជាប់ពាក់ព័ន្ធនៅក្នុងការបណ្តេញពួកគេ។
អ្នកស្រីបាននិយាយថា “ យើងសូមថ្កោល ទោសដល់ម្ចាស់ជំនួយ ពីព្រោះពួកេគរួមគំនិត ជាមួយរដ្ឋាភិបាល បណ្តេញប្រជាពលរដ្ឋខ្មែរដោយយកការអភិវឌ្ឍធ្វើជាលេស”។
នៅពេលរសៀលព្រះសង្ឃបានជួបជុំគ្នាម្តងទៀតរួមជាមួយតំណាងសមាគមប្រជា ធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ភួន សុវណ្ណ ទីប្រឹក្សាសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាបាននិយាយតាមឧបករណ៍បំពងសំឡេងថា “ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែប្រាប់លោក សុខ គង់ ឲ្យបញ្ចុះតម្លៃប្រេងមកត្រឹម៤.០០០រៀលក្នុងមួយលីត្រ។ ប្រសិនបើគាត់មិនធ្វើដូច្នេះទេយើងនឹងធ្វើបាតុកម្មរៀងរាល់ថ្ងៃអាទិត្យ”។
លោក សុវណ្ណ បានស្រែកថា “ យើងចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការដល់២លានរៀលក្នុងមួយខែ ដើម្បីឲ្យពួកគេរស់បានស្រួល”។
នៅពេលចាប់ផ្តើមហែក្បួននៅម៉ោងប្រហែល២រសៀល លោក សម រង្ស៊ី និងលោក កឹម សុខា បានហែទៅទិសខាងត្បូងតាម មហាវិថីព្រះមុនីវង្សមុនពេលបត់ទៅទិសខាងលិចតាមមហាវិថីម៉ៅសេទុង និងត្រឡប់មកទីលានប្រជាធិបតេយ្យវិញតាមមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានរយៈពេលជាង៤ម៉ោង។
ឈរនៅផ្នែកខាងក្រោយរថយន្តភីកអាប់ដែលស្ថិតនៅកណ្តាលក្បួន មេដឹកនាំគណបក្ស
ប្រឆាំងទាំងពីរអមដោយលោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលបានជិះនៅក្នុងរថយន្តទំនើបមួយគ្រឿង។
ដើរពីក្រោយប្រធានគណបក្ស និងអនុប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មុនីវិទ្យា កូនស្រីរបស់លោក កឹម សុខា និង កញ្ញា សម រ៉ាឆែល កូនស្រីរបស់លោក សម រង្ស៊ី ដែលអង្គុយនៅលើដំបូលរថយន្តទំនើបមួយគ្រឿងទៀត បានគ្រវីដៃស្វាគមន៍ក្រុមមនុស្ស ហើយយូរៗម្តងបានកាន់ដៃគ្នាលើកឡើងលើដូចឪពុករបស់ពួកគេធ្វើអ៊ីចឹងដែរ។
នៅក្នុងការហែក្បួននោះ មេដឹកនាំតវ៉ា បានអង្គុយលើដំបូលរ៉ឺម៉កម៉ូតូកង់បី...
លោក ស៊ូបេឌី ជំរុញឲ្យមានភាពស្ងប់ស្ងាត់ពេលមានការតវ៉ាកើនឡើង
ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានជំរុញឲ្យភាគីទាំងអស់មានការអត់ធ្មត់ខណៈដែលមានការធ្វើបាតុកម្មជាសាធារណៈកើនឡើងនៅទូទាំងរាជធានីភ្នំពេញ ហើយបានអំពាវនាវដល់កម្មកររោងចក្រកាត់ដេរដែលសុំដំឡើងប្រាក់ខែ និងភាគីនយោបាយទាំងអស់ត្រឡប់មកកាន់តុចរចា។
លោក សុរិយា ស៊ូបេឌី បានថ្លែងបែបនេះកាលពីថ្ងៃសុក្រ ចំពេលមានការតវ៉ាកាន់តែច្រើនឡើងៗ ចំពោះលទ្ធផលបោះឆ្នោតខែកក្កដា ដែលគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា គណបក្សកាន់អំណាចឈ្នះតាមរយៈការលួចបន្លំ តវ៉ារឿងប្រាក់ខែកម្មកររោងចក្រទាប និងតវ៉ាចំពោះការបណ្តេញចេញពីដីធ្លីដោយបង្ខំ។
មនុស្សជាងប្រាំមួយក្រុមបានធ្វើការតវ៉ានៅទូទាំងរាជធានីភ្នំពេញកាលពីម្សិលមិញ។
បើជាអ្នកតវ៉ាដែលបានស្រែកខ្លាំងៗនោះបានពើបប្រទះនឹងអំពើហិង្សាពីកម្លាំងសន្តិសុខម្តងម្កាលក៏ដោយ ក៏លោក ស៊ូបេឌី បានមានប្រសាសន៍ថា លោករីករាយណាស់ដោយឃើញ “ថាលទ្ធិប្រជាធិបតេយ្យបានកើនឡើងបែបនេះ ដូច្នេះប្រជាពលរដ្ឋកម្ពុជាភាគច្រើនមានអារម្មណ៍ថា មានភាពកក់ក្តៅក្នុងការសម្តែងមតិនៅតាមផ្លូវដោយមិនមានការភ័យខ្លាចចំពោះការតបត”។
លោកបានបន្ថែមថា “ជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវដល់ភាគីទាំងអស់មេត្តាប្រើប្រាស់ការអត់ធ្មត់និងភាពស្ងប់ស្ងាត់ឲ្យបានខ្ពស់បំផុត”។
ប្រេសិតអង្គការសហប្រជាជាតិរូបនេះបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលបដិសេធមិនព្រមចូលរួមប្រជុំសភាដោយសារតែចោទប្រកាន់ថា មានភាពមិនប្រក្រតីអំឡុងការបោះឆ្នោតនោះ បន្តធ្វើការចរចាឡើងវិញ ហើយលោកបានមានប្រសាសន៍ថា ការខ្វះ “យន្តការដែលគួរឲ្យទុកចិត្ត” ក្នុងការដោះស្រាយវិវាទបែបនេះកំពុងតែធ្វើឲ្យមានការតវ៉ាកាន់តែខ្លាំង។
លោកបានមានប្រសាសន៍ថា “នៅខ្វះយន្តការបែបនេះ នោះហើយជាមូលហេតុដែលអ្នកគាំទ្រគណបក្សប្រឆាំងមិនសប្បាយចិត្តដោយបានធ្វើការតវ៉ានៅតាមដងផ្លូវដូច្នេះ។...
កម្មកររោងចក្រកាត់ដេរបិទផ្លូវធំៗពីរនៅទីក្រុងភ្នំពេញនិងប្តេជ្ញាធ្វើកូដកម្មបន្តទៀត
កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ធ្វើកូដកម្មបិទផ្លូវធំៗពីរនៅក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែអប្បបរមាដល់១៦០ដុល្លារជំនួសឲ្យ៩៥ដុល្លារ ដែលបានសម្រេចកាលពីដើមសប្ដាហ៍នេះ។
មន្ត្រីម្នាក់នៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា រោងចក្រភាគច្រើនក្នុងចំណោមរោងចក្រជាង៤០០ដែលជាសមាជិកសមាគមនេះបានបិទទ្វារកាលពីថ្ងៃសុក្រ ដើម្បីការពារកម្មករ និងកន្លែងធ្វើការរបស់ខ្លួនពីមនុស្សប្រើអំពើហិង្សានៅក្នុងការធ្វើបាតុកម្ម។
កម្មករជាច្រើនក្រុមបានចាប់ផ្ដើមធ្វើបាតុកម្មនៅពេលព្រឹក និងបន្តរហូតដល់ពេលល្ងាចនៅខាងមុខក្រសួងការងារ និងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយបិទមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤។
ជាថ្មីម្ដងទៀតកម្មករជាង១០.០០០នាក់បានចូលរួមជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មនៅថ្ងៃទី១៣ជាប់ៗគ្នាទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ព្រមទាំងទាមទារដំឡើងប្រាក់ខែដល់១៦០ដុល្លារ។
កម្មករនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងរាជអាវុធហត្ថមុនម៉ោង៩ព្រឹកបន្តិច ដោយបណ្តាលឲ្យរងរបួសដល់កម្មករប្រាំមួយនាក់ មន្ត្រីនគរបាលប្រាំពីរនាក់ និងនាំឲ្យមានការឃាត់ខ្លួនបាតុករបីនាក់បណ្ដោះអាសន្ន។
យោងតាមអ្នកតវ៉ាឲ្យដឹងថា កងរាជអាវុធហត្ថប៉ុនប៉ងរារាំងកម្មករនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះមិនឲ្យដើរចេញពីកន្លែងធ្វើការទៅចូលរួមជាមួយកម្មករមកពីរោងចក្រមួយទៀតដែលបានមកតវ៉ានៅច្រកចូលតំបន់សេដ្ឋកិច្ចនេះ។
បាតុករអះអាងថា កងរាជអាវុធហត្ថបានចាប់ផ្ដើមវាយកម្មករមួយចំនួននៅពេលដែលពួកគេចាកចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះដូច្នេះហើយបានជាពួកគេបានចាប់ផ្ដើមគប់ដុំថ្មដាក់នគរបាល ហើយក៏មានការប៉ះទង្គិចគ្នាតែម្ដង។
យ៉ាងហោចណាស់អ្នកតវ៉ាបីនាក់ត្រូវបានឃាត់ខ្លួនទុកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ហើយគេបានយកបន្លាលួស និងកុងតឺន័រដាក់គរគ្នាកម្ពស់ពីរជាន់បិទច្រកចូលតំបន់សេដ្ឋកិច្ចពិសេសនេះ។ ក្រោយមកកម្មករដែលត្រូវបានឃាត់ខ្លួន ត្រូវបានដោះលែងវិញ។ បុរសវ័យក្មេងទាំងបីនាក់បានបង្ហាញស្នាមជាំស្រដៀងគ្នានៅជុំវិញភ្នែកស្ដាំ។
ជុង ភារុណ អាយុ២២ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួន។ភារុណ បាននិយាយថា “ដំបូងប៉េអឹម បានប្រាប់យើងឲ្យចាកចេញ បន្ទាប់មកពួកគេបានវាយយើងនឹងដំបងឆក់ ហើយយើងមានកំហឹងក៏បានគប់ដុំថ្មដាក់ប៉េអឹមវិញ”។ គាត់បានឲ្យដឹងថា កងរាជអាវុធហត្ថបានដាល់គាត់ចំមុខ និងវាយដងខ្លួនគាត់នៅពេលប៉ះទង្គិចគ្នា។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា កម្មករបានបង្កអំពើហិង្សានេះមុន។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ ថ្លែងថា យើងបានបង្ក្រាបកម្មករទាំងនោះ ព្រោះកម្មករមួយចំនួនបានគប់ដុំថ្មដាក់កងរាជអាវុធហត្ថ និងប៉ុនប៉ងបំផ្លាញតំបន់សេដ្ឋកិច្ចពិសេសនេះ។
លោកបានមានប្រសាសន៍ថា “ មន្ត្រីរបស់យើងបីនាក់បានធ្វើឲ្យបាតុកររងរបួសក្បាលដោយសារកម្មករមួយចំនួនបានគប់ដុំថ្មដាក់ពួកគេ”។
លោកបានមានប្រសាសន៍ថា លោកមិនអាចបញ្ជាក់អំពីសេចក្ដីរាយការណ៍ថា មានការបាញ់កាំភ្លើងព្រមានអំឡុងពេលប៉ះទង្គិចគ្នានោះទេ។
លោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បាតុករតែពីរនាក់ប៉ុណ្ណោះត្រូវបានឃាត់ខ្លួន ហើយកងរាជអាវុធហត្ថប្រាំពីរនាក់បានរងរបួស។លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា “ យើងបានឃាត់ខ្លួនកម្មករពីរនាក់មកអប់រំ ហើយយើងបានដោះលែងពួកគេវិញហើយ ហើយខ្ញុំបានឲ្យលុយពួកគេម្នាក់១០ម៉ឺនរៀល។ យើងមិនបានវាយពួកគេទេ ប៉ុន្តែកងរាជអាវុធហត្ថប្រាំពីរនាក់បានរងរបួស” ។
លោក អ៊ុំ វិសាល មន្ត្រីច្បាប់នៅសហជីពស៊ីខាវឌូ ជាសហជីពមួយក្នុងចំណោមសហជីពដែលបានចូលរួមនៅក្នុងការតវ៉ានេះបានថ្កោលទោសចំពោះការបង្ក្រាបរបស់កងរាជអាវុធហត្ថទៅលើបាតុករ។
លោកបានមានប្រសាសន៍ថា “ កម្មករបីនាក់ក្នុងចំណោមកម្មករប្រាំមួយនាក់ដែលបានរងរបួសនោះត្រូវបានឃាត់ខ្លួនអស់រយៈពេលជាច្រើនម៉ោងមុនពេលដោះលែងវិញ។ ខ្ញុំគិតថា ទង្វើរបស់កងរាជអាវុធហត្ថដែលបានវាយកម្មករបែបនេះ គឺជាការបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ”។
ការដោះលែងអ្នកតវ៉ាទាំងបីនាក់នេះមិនធ្វើឲ្យការធ្វើបាតុកម្មបានថយចុះឡើយ ហើយបានអូសបន្លាយដល់ពេលរសៀល និងបានបិទផ្លូវចូលទីក្រុងភ្នំពេញចម្ងាយប្រហែលកន្លះគីឡូម៉ែត្រនៅជិតតំបន់សេដ្ឋកិច្ចពិសេសនេះ។
ពេលឈរនៅពីក្រោមផ្ទាំងបា៉ណូនៅចឹញ្ចើមផ្លូវនោះដែលសរសេរថា “ គោលដៅសុវត្ថិភាពសម្រាប់វិនិយោគិន គឺតំបន់សេដ្ឋកិច្ចពិសេស” នោះ អ្នកតវ៉ាទាមទារឲ្យដំឡើងប្រាក់ខែ រួមជាមួយនិងការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
នៅក្នុងទីក្រុង កម្មករតវ៉ាជាង២.០០០នាក់បានបិទមហាវិថីសហព័ន្ធរុស្ស៊ី និងច្រកចូលក្រសួងការងារ ដែលបានចាប់ផ្ដើមនៅម៉ោងប្រហែល១០ព្រឹក និងបានបែកគ្នាវិញបន្ទាប់ពីប្រធានសហជីពចាកចេញពីកិច្ចប្រជុំរយៈពេលប្រហែលពីរម៉ោងកន្លះជាមួយមន្ត្រីក្រសួងនៅម៉ោង៥និង៣០នាទីល្ងាច។
ពេញមួយថ្ងៃម្សិលមិញនេះ ប្រធានសហជីពបានប្ដូរវេនគ្នាឈរលើដំបូលម៉ូតូរ៉ឺមក់កង់បីជាមួយឧបករណ៍បំពងសំឡេងដឹកនាំការស្រែកទាមទារប្រាក់ខែចំនួន១៦០ដុល្លារសម្រាប់កម្មកររោងចក្រកាត់ដេរជាង៤០០.០០០នាក់នៅទូទាំងប្រទេស។
លោក យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានស្រែកថា “ ប្រាក់ខែ៩៥ដុល្លារមិនគ្រប់គ្រាន់សម្រាប់កម្មករចំណាយប្រចាំថ្ងៃទេ ហើយតម្លៃម្ហូបអាហារ និងថ្លៃជួលផ្ទះកំពុងកើនឡើង”។
កម្មករជាច្រើននាក់ដែលអង្គុយនៅច្រកចូលក្រសួងការងារ បានរារាំងបុគ្គលិកមិនឲ្យចាកចេញពីក្រសួងនោះ រហូតដល់បាតុករចាកចេញបន្ទាប់ពីម៉ោង៥និង៣០នាទីល្ងាច។ អ្នកធ្វើដំណើរមកពីទិសខាងលិចចូលមកក្នុងទីក្រុង និងនិស្សិតដែលមករៀននៅសាកលវិទ្យាល័យក្បែរនោះបានវាងទៅតាមមហាវិថីកម្ពុជាក្រោម។
បន្ទាប់ពីកិច្ចប្រជុំនៅក្រសួងការងារ ប្រធានសហជីពបាននិយាយថា មិនមានលទ្ធផលល្អនៅក្នុងការកែប្រែផែនការរបស់រដ្ឋាភិបាលដើម្បីដំឡើងប្រាក់ខែអប្បបរមាដល់៩៥ដុល្លារនៅខែមេសានោះទេ ប៉ុន្តែនឹងបន្តចរចានៅថ្ងៃច័ន្ទទៀត។
លោក រ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនោះថា “ លទ្ធផលគឺសូន្យ”។
លោក រ៉ុង ឈុន បានប្រាប់បាតុករដែលជួបជុំគ្នានៅខាងក្រៅក្រសួងនេះថា “ យើងបានស្នើសុំឲ្យក្រសួងបន្តចរចារកដំណោះស្រាយដើម្បីឲ្យកម្មករអាចត្រឡប់ទៅធ្វើការវិញ”។
លោកមានប្រសាសន៍ថា “ យើងនៅតែមានសង្ឃឹមនៅពេលដែលកម្លាំងសាមគ្គីភាពរបស់កម្មករកាន់តែខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ យើងនឹងទទួលបានជោគជ័យ”។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា មន្ត្រីក្រសួងបានពិភាក្សាជាមួយប្រធានសហជីពអំពីកូដកម្មខុសច្បាប់ និងការបិទផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សិទ្ធិធ្វើការរបស់កម្មករផ្សេងទៀត។
លោកបានបន្ថែមថា រដ្ឋាភិបាលនឹងជំរុញឲ្យប្រធានសហជីពជួបពិភាក្សាជាមួយនិយោជកដើម្បីរកដំណោះស្រាយចំពោះជម្លោះការងារនៅទូទាំងប្រទេសនេះ។
លោកបានមានប្រសាសន៍ថា “ ក្រសួងនឹងជំរុញឲ្យសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាជួបពិភាក្សាជាមួយសហជីព ដើម្បីចរចាថា ពួកគេអាចផ្តល់ប្រាក់ខែប៉ុន្មានដល់កម្មករ”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា មានតែរដ្ឋាភិបាលទេអាចបញ្ចប់បញ្ហានេះ ហើយមិននិយាយអំពីការផ្ដល់ប្រាក់ខែបន្ថែមដល់កម្មករនោះទេ។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលគឺជាស្ថាប័នតែមួយគត់ដែលអាចដោះស្រាយបញ្ហានេះបាន។ បញ្ហាដែលយើងកំពុងនិយាយនេះ លេខ១គឺមនុស្សបង្កបញ្ហា និងលេខ២ គឺបាតុកម្ម”។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា ក្រុមប្រើអំពើហិង្សាដែលមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់ពួកគេបានបំផ្លាញទ្រព្យសម្បត្តិនៅរោងចក្ររបស់ពួកគេ និងបានបំភិតបំភ័យកម្មកររបស់ពួកគេមិនឲ្យចូលរួមធ្វើបាតុកម្ម។
លោក អាត់ ធន់ ប្រធានសហជីពស៊ីខាវឌូ ជាសហជីពឯករាជ្យធំជាងគេនៅកម្ពុជាបានមានប្រសាសន៍ថា ប្រធានសហជីពនឹងជួបពិភាក្សាជាមួយក្រសួងការងារម្ដងទៀតនៅថ្ងៃច័ន្ទ ប៉ុន្តែបានសន្យាបន្តធ្វើកូដកម្មរហូតដល់ការទាមទារប្រាក់ខែអប្បបរមា១៦០ដុល្លារបានសម្រេច។
លោក អាត់ ធន់ មានប្រសាសន៍ថា “ កម្មករនឹងបន្តធ្វើការតវ៉ាទៀត ប៉ុន្តែយើងមិនទាន់សម្រេចថា តើតវ៉ានៅថ្ងៃស្អែកនៅក្រសួងការងារ ឬតវ៉ានៅរោងចក្រនោះទេ”។
លោក វិសាល មន្ត្រីច្បាប់នៅសហជីពស៊ីខាវឌូ បានមានប្រសាសន៍ថា កម្មករនឹងបន្តធ្វើបាតុកម្មនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃសៅរ៍។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះទៅតំបន់ផ្សេងៗនៅសប្ដាហ៍នេះដើម្បីស្វែងរកការគាំទ្រពីកម្មករ និងអំពាវនាវឲ្យពួកគេ ចូលរួមធ្វើ
មហាបាតុកម្មនៅថ្ងៃអាទិត្យ ដែលលោក សម រង្ស៊ី ប្រធានគណបក្សបានមានប្រសាសន៍ថា ជាការបង្ហាញអំណាចប្រជាពលរដ្ឋដ៏ធំបំផុតចាប់តាំងពីការបោះឆ្នោតជាតិខែកក្កដា មក៕ គឹមហឿន
ឃី សុវុឌ្ឍី ឃួន ណារីម Zsombor Peter និង Colin Meyn
លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាមចុះកិច្ចព្រមព្រៀង៩
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កម្ពុជា និងវៀតណាមបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងចំនួនប្រាំបួនជាមួយសមភាគីវៀតណាមគឺលោក ង្វៀន តឹងយុង អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលបញ្ចប់នៅថ្ងៃសៅរ៍នេះ ដោយក្នុងនោះរួមមានទាំងការរៀបចំរឹតបន្ដឹងប្រព័ន្ធផ្សព្វផ្សាយ សន្ដិសុខសាធារណៈ និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មផងដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ AKP របស់កម្ពុជាក៏បានធ្វើសេចក្ដីរាយការណ៍ដែរថា លោក ង្វៀន តឹងយុង បានស្នើសុំឲ្យលោក ហ៊ុន សែន “ការពារ” វិនិយោគិនវៀតណាមនៅក្នុងប្រទេសកម្ពុជា ហើយបានបង្ហាញក្ដីសង្ឃឹមថា ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងដល់៥.០០០លានដុល្លារនៅត្រឹមឆ្នាំ២០១៥ ពោលគឺកើនឡើងជិតទ្វេដងបើធៀបទៅនឹងទំហំពាណិជ្ជកម្ម២,៧ពាន់លានដុល្លារសម្រេចបាននៅឆ្នាំ២០១៣។
យោងតាមទីភ្នាក់ងារព័ត៌មាន AKP បានឲ្យដឹងថា លោក ហ៊ុន សែន បានស្នើសុំឲ្យវៀតណាមឲ្យលក់អគ្គិសនីមកឲ្យកម្ពុជាក្នុងតម្លៃមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ប្រើប្រាស់ទឹកនៅតាមបណ្ដោយព្រំដែនរួមគ្នានិងឲ្យបង្ហើយផ្លូវមួយខ្សែ ដែលវៀតណាមកំពុងតែស្ថាបនានៅក្នុងខេត្តរតនគិរី។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមធ្វើឡើងចំពេលមានការតវ៉ាដឹកនាំដោយគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលអំពាវនាវឲ្យលោកចុះចេញពីតំណែង និងការសម្ដែងកំហឹងជាយូរមកហើយប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់និងការវិនិយោគរបស់វៀតណាម ដែលរងការចោទប្រកាន់ថា បានទន្រា្ទនចូលដីកម្ពុជា។ ការតវ៉ាទាំងនេះបណ្ដាលមកពីការបោះឆ្នោតជាតិកាលពីខែកក្កដា ដែលគណបក្សប្រឆាំងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានលួចបន្លំសន្លឹកឆ្នោត។
ទីភ្នាក់ងារព័ត៌មាន AKP បានលើកឡើងថា ក្នុងចំណោមកិច្ចព្រមព្រៀងដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខាមានដូចជា កិច្ចព្រមព្រៀងឥណទានមួយ ដែលគ្មានការបញ្ជាក់ពីចំនួនច្បាស់លាស់សម្រាប់កសាងស្ពានវែងជ្រៃធំក្នុងខេត្តកណ្ដាល សន្ធិសញ្ញាធ្វើបត្យាប័ន ផែនការសហប្រតិបត្តិការគ្មានការបញ្ជាក់ច្បាស់លាស់រវាងក្រសួងព័ត៌មាន ក្រសួងអប់រំ និងបណ្ដាទីភ្នាក់ងារសន្ដិសុខរដ្ឋជាដើម។ កិច្ចព្រមព្រៀងផ្សេងៗទៀតរួមមានការពង្រឹងពាណិជ្ជកម្មទ្វេភាគី ការដឹកជញ្ជូនទំនិញនិងកិច្ចព្រមព្រៀងទិញជីគីមី។
AKP បានធ្វើសេចក្ដីរាយការណ៍ថា លោក ហ៊ុន សែន និងលោក ង្វៀន តឹងយុង ក៏បានពិភាក្សាគ្នាដែរ អំពីគម្រោងរបស់លោកទាំងពីរ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ថ្ងៃ៧មករា លើកទី៣៥ចាប់តាំងពី ឆ្នាំ១៩៧៩មក ជាពេលដែលកងកម្លាំងវៀតណាម និងខ្មែរក្រហមរត់ចោលជួរបានផ្ដួលរំលំរបបប៉ុល ពត។ ទោះបីជាគណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីនេះជាទម្លាប់ក៏ដោយ ក៏គណបក្សប្រឆាំងចាត់ទុកថា ជាថ្ងៃនៃការចាប់ផ្ដើមត្រួតត្រារបស់វៀតណាមលើទឹកដីកម្ពុជារយៈពេលមួយទសវត្សរ៍ ដែលអំឡុងពេលនោះរដ្ឋាភិបាលក្រុងហាណូយបានលើកបន្តុបលោក ហ៊ុន សែន ឲ្យឡើងកាន់អំណាច។
លោក ហ៊ុន សែន ដែលចេះនិយាយភាសាវៀតណាមស្ទាត់ជំនាញថ្លែងសុន្ទរកថាទៅកាន់អតីតយុទ្ធជនវៀតណាមដែលធ្លាប់ធ្វើសង្គ្រាមក្នុងប្រទេសកម្ពុជា ហើយបានជួបជាមួយអតីតប្រធានាធិបតី វៀតណាម ឡេ ដឹកអាញ់ ជាអ្នករៀបគម្រោងឈ្លានពាន ដែលបានផ្ដួលរំលំប៉ុល ពត។ យោងតាមសេចក្ដីរាយការណ៍មួយពីស្ថានីយ៍ទូរទស្សន៍ VTV1 របស់វៀតណាមបានឲ្យដឹងថា លោក ហ៊ុន សែន ក៏បានដាក់កម្រងផ្កានៅកន្លែងតម្កល់សពលោក ហូ ជីមិញ ផងដែរ។
លោក ង្វៀន តឹងយុង គ្រោងមកទស្សនកិច្ចមកកាន់កម្ពុជានៅថ្ងៃទី១៣ និងទី១៤ សម្រាប់ការចុះបឋមសិលាកសាងស្ពានវែងជ្រៃធំ និងការសម្ពោធមន្ទីរពេទ្យវៀតណាមមួយនៅក្នុងរាជធានីភ្នំពេញ៕សុខុម
សមាគមណែនាំរោងចក្រកាត់ដេរឲ្យបិទទ្វារបណ្តោះអាសន្ន ពេលកូដកម្មរាលដាលកាន់តែធំ
រោងចក្រកាត់ដេរនៅកម្ពុជាត្រូវបានណែនាំឲ្យបិទទ្វារជាបណ្តោះអាសន្នកាលពីម្សិលមិញ នៅពេលដែលកម្មកររាប់មឺុននាក់មកពីរោងចក្ររាប់រយបានចូលរួមធ្វើកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ខែ ដោយធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មដែលមានទឹកប្រាក់ចំនួន៥ពាន់លានដុល្លារនេះ គឺមានចំនួនជិត៨០ភាគរយនៃការនំាចេញរបស់កម្ពុជា។
ការជួបជុំគ្នាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក៏បានបន្តរាលដាលកាន់តែធំផងដែរដោយមានមនុស្សចូលរួមជាង១០ ពាន់នាក់នៅពេលរសៀល នៅពេលដែលកម្មករមិនចូលធ្វើការ ហើយបានទៅទីលានប្រជាធិបតេយ្យដើម្បីចូលរួមការធ្វើបាតុកម្មឈានចូលថ្ងៃទី១២ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលតំណាងឲ្យរោងចក្រជាង៤០០ដែលមានកម្មករធ្វើការជាង៤០០.០០០នាក់នោះបានផ្ញើអីុម៉េលទៅឲ្យសមាជិករបស់ខ្លួនកាលពីព្រឹកម្សិលមិញ ណែនាំឲ្យរោងចក្រទាំងនោះអនុញ្ញាតឲ្យកម្មករទៅផ្ទះវិញ។
អីុម៉េលនោះមានខ្លឹមសារថា “ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាសូមស្នើឲ្យសមាជិកទាំងអស់ផ្អាកប្រតិបត្តិការមួយសប្តាហ៍នេះសិន ហើយអនុញ្ញាតឲ្យកម្មករស្នាក់នៅផ្ទះ”។
អីុម៉េលនេះលើកឡើងទៀតថា “ ប្រសិន បើកម្មករធ្វើការនៅក្នុងរោងចក្រ បាតុករអាក្រក់មួយចំនួននឹងទៅអុកឡុកបំផ្លាញទ្វារនិងទ្រព្យសម្បត្តិរោងចក្រ ដើម្បីបង្ខំឲ្យកម្មករចេញទៅចូលរួមធ្វើបាតុកម្មទាមទារប្រាក់ខែ១៦០ដុល្លារ។
លោក កាំង មូ៉នីកា ប្រធានគ្រប់គ្រងនៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា ក្រសួងការងារបានផ្តល់ព័ត៌មានឲ្យសមាគមថា រោងចក្រប្រហែល២៤០ ដែលស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងភ្នំពេញបានរងផលបះពាល់ដោយសារកូដកម្ម និងបាតុកម្មកាលពីម្សិលមិញ។
លោក ម៉ូនីកា បាននិយាយថា “ រោងចក្រភាគច្រើននឹងអនុញ្ញាតឲ្យកម្មករឈប់សម្រាកបណ្តោះអាសន្ន”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានប្រសាសន៍ថា លោកមិនដឹងថា តើវិធានការបែបនេះមានរយៈពេលយូរប៉ុណ្ណាទេ។
លោកបាននិយាយថា “ ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើម ហើយវាមានរយៈពេលយូរប៉ុណ្ណានោះយើងមិនដឹងទេ។ឧស្សាហកម្មនេះមិនអាចទ្រាំមិនបិទបានទេ សូម្បីតែមួយថ្ងៃក៏មិនអាចទ្រាំបានដែរ ពីព្រោះគម្រោងផលិតកម្មរបស់យើងមានភាពតានតឹងខ្លាំងណាស់”។
អំឡុងពេលធ្វើសន្និសីទកាសែតកាល ពីល្ងាចម្សិលមិញ នៅក្នុងភោជនីយដ្ឋាន “កន្លែងចាស់” ក្នុងទីក្រុងភ្នំពេញ សមាជិកគណៈកម្មាធិការនាយកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបដិសេធថា កម្មករមិនបានចេញទៅតវ៉ាក្រៅរោងចក្រដោយសារសេចក្តីសម្រេចដំឡើងប្រាក់ខែអប្បបរមា នេះទេ ប៉ុន្តែបានលើកឡើងថា មនុស្សមួយក្រុមបានដើរពីរោងចក្រមួយទៅរោងចក្រមួយបង្ខំឲ្យកម្មករចូលរួមធ្វើបាតុកម្មដោយការគំរាមប្រើអំពើហិង្សា។
លោក លី តឹកខេង ប្រធានផ្នែកប្រតិបត្តិការនៅសមាគមរោងចក្រកាត់ដេរនេះបានបន្ទោសការធ្វើបាតុកម្មរបស់កម្មករទៅលើសកម្មភាពហិង្សា និងគួរឲ្យភ័យខ្លាចរបស់មនុស្សខាងក្រៅដែលមានចរិតដូចក្មេងស្ទាវ។
លោកបាននិយាយថា សមាគមសូមបញ្ជាក់ ថា បញ្ហានេះមិនមែនដោយសារកម្មករមិនសប្បាយចិត្តចំពោះប្រាក់ខែអប្បបរមានេះទេប៉ុន្តែរោងចក្រផ្អាកប្រតិបត្តិការដោយសារហេតុផលសុវត្ថិភាព។
អ្នកយកព័ត៌មានដែលបានចូលរួមសន្និសីទកាសែតត្រូវបានបង្ហាញរូបភាពវីដេអូតាមកាម៉េរ៉ាសុវត្ថិភាពអំពីយុវជននិងយុវនារី មួយក្រុម ដែលបានទាត់ធាក់ទ្វាររោងចក្រយ៉ាងហោចណាស់ចំនួនបួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ និងថ្ងៃម្សិលមិញ។
ទោះជាយ៉ាងណា មេដឹកនាំសហជីព និងកម្មករនិយាយថា ការផ្ទុះកូដកម្មនៅទូទាំងប្រទេសនេះគឺដោយសារការសម្រេចកំណត់ប្រាក់ខែអប្បបរមាថ្មី។ គណៈកម្មការប្រឹក្សាការងារដែលកំណត់ប្រាក់ខែអប្បបរមាក្នុងវិស័យកាត់ដេរបានអនុម័តផែនការរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដើម្បីដំឡើងប្រាក់ខែដល់៩៥ដុល្លារ គឺដំឡើងចំនួន១៥ដុល្លារពីលើប្រាក់ខែបច្ចុប្បន្ន៨០ដុល្លារ។
ការដំឡើងប្រាក់ខែនេះមិនស្មើនឹងការទាមទាររបស់សហជីពឲ្យដំឡើងប្រាក់ខែដល់១៦០ដុល្លារទេ ហើយសហជីពឯករាជ្យ និងសហជីពដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងប្រកាសថា ពួកគេនឹងធ្វើបាតុកម្ម និងកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ខែ។
ប៉ុន្តែ យោងតាមលោក មឿន តុលា ប្រធាន កម្មវិធីការងារនៅមជ្ឈមណ្ឌលអបរំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា កម្មករដែលធ្វើកូដកម្មមិនបានរង់ចាំការយល់ព្រមពីប្រធាន សហជីពរបស់ខ្លួនឲ្យធ្វើបាតុកម្មនោះទេ។
លោក មឿន តុលា បានមានប្រសាសន៍អំពីកូដកម្មនៅទូទាំងប្រទេសនេះថា “ ពេលនេះគ្រប់គ្រងលែងបានហើយ”។
លោកបានមានប្រសាសន៍ថា “ ប្រធានសហជីពបានប្រកាសអំពីកូដកម្មនេះ ប៉ុន្តែ ពួកគេក៏មានផែនការជូនដំណឹង និងធ្វើតាមច្បាប់ដែរ។ ប៉ុន្តែ តំណាងសហជីពតាមរោងចក្រ និងកម្មករមិនរង់ចាំទេ”។
លោកបានលើកឡើងថា ការផ្តល់អនុសាសន៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យរោងចក្របិទទ្វារនេះ គឺដើម្បីធ្វើឲ្យកម្មករពិបាកចូលរួមធ្វើកូដកម្ម ប៉ុន្តែ លោកបានមានប្រសាសន៍ថា ការសម្រេចបែបនេះអាចមានឥទិ្ធពលអាក្រក់ទៅវិញទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំសង្ស័យថា យុទ្ធសាស្ត្របិទរោងចក្រពីរបីថ្ងៃនេះមិនអាចរារាំងកម្មករមិនឲ្យចូលរួមតវ៉ាបានទេ។ប្រសិនបើពួកគេឈប់សម្រាកនៅផ្ទះ គឺមានការពិបាកប្រមូលពួកគេ”។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា ការធ្វើបែបនេះជាដំណោះស្រាយទេ។ ប្រសិនបើកម្មករត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកមានប្រាក់ខែ កម្មករនឹងមានពេលចូលរួមតវា៉ជាមួយគណបក្សប្រឆាំង”។
គណបក្សសង្គ្រោះជាតិបានរិះគន់ការដំឡើងប្រាក់ខែអប្បបរមានៅសប្តាហ៍នេះ ហើយមេដឹកនាំគណបក្សបានចុះទៅតាមរោងចក្រជំរុញឲ្យកម្មករចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃអាទិត្យ។លោក សម រង្ស៊ី បានមានប្រសាសន៍ថា មហាបាតុកម្មនេះនឹងធំជាងគេបំផុតចាប់តាំងពីការបោះឆ្នោតកាលពីខែកក្កដា មក។
ប្រធានសហជីពចំនួនប្រាំមួយត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំមួយនៅថ្ងៃនេះនៅក្រសួងការងារដើម្បីពិភាក្សាអំពីកូដកម្មនៅទូទាំងប្រទេសនេះ។
លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា ប្រធានសហជីពទាំងេនះ រួមទាំងលោក អាត់ ធន់ លោក ជា មុនី និងលោក ម៉ម ញឹម នឹងត្រូវស្នើសុំឲ្យពន្យល់ប្រាប់ពីតួនាទីរបស់ខ្លួននៅក្នុងការធ្វើបាតុកម្មនេះ និងការបំផ្លាញទ្រព្យសម្បត្តិរោងចក្រ។
លោកបានមានប្រសាសន៍ថា “ យើងបានអញ្ជើញពួកគាត់ឲ្យមកចូលរួមនៅថ្ងៃស្អែក ដើម្បីឲ្យពួកគាត់ឆ្លើយបំភ្លឺ ពីព្រោះយើងបានទទួលព័ត៌មានថា ពួកគេបានញុះញង់កម្មករឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងសេចក្តីសម្រេចដំឡើងប្រាក់ខែអប្បបរមានេះ”។
លោកបានបន្ថែមថា “ យើងក៏សួរពួកគេអំពីព័ត៌មានដែលយើងបានទទួលថា សហជីពមួយចំនួនបានគំរាមធ្វើមហាបាតុកម្មដើម្បីបំផ្លាញទ្រព្យសម្បត្តិរោងចក្រ”។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (សុីខាវឌូ) ជាសហជីពឯករាជ្យធំជាងគេនៅកម្ពុជា បានមានប្រសាសន៍ថា លោកនឹងទៅចូលរួម ប៉ុន្តែ នឹងមិនលុបចោលបាតុកម្មទេ លុះត្រាតែកែប្រែប្រាក់ខែអប្បបរមានេះ។
លោកបានមានប្រសាសន៍ថា “ យើងទាមទារប្រាក់ខែ១៦០ដុល្លារ។ កម្មករនឹងបន្តតវ៉ា ប្រសិនបើក្រសួងការងារមិនព្រមព្រៀងតាមសំណើរបស់យើងទេ”។
លោក អ៊ុំ វិសាល មន្ត្រីច្បាប់នៅសហជីព សីុខាវឌូ បានប៉ាន់ប្រមាណថា កម្មករនៅរោងចក្រជាង៣០០រោងចក្របានធ្វើកូដកម្មកាលពីម្សិលមិញ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានមានប្រសាសន៍ថា សមាជិករបស់លោកកំពុងធ្វើកូដកម្មនៅតាមរោងចក្រចំនួន១៨៨ គឺកើនឡើងពី៨២រោងចក្រកាលពីថ្ងៃពុធ។
តំណាងសហជីពបានរាយការណ៍ថា មានកូដកម្មនៅតាមរោងចក្រនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង។
លោក ម៉ក់ ជីតូ ស្នងការស្តីទីនគរបាលរាជធានីភ្នំពេញបានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការធ្វើកូដកម្មនេះ។
លោក ម៉ក់ ជីតូ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិបានញុះញង់កម្មករឲ្យចូលរួមធ្វើកូដកម្ម”។ លោកបានបន្ថែមថា កម្មករចាប់អារម្មណ៍តែលើការសន្យារបស់គណបក្សប្រឆាំងដើម្បីដំឡើងប្រាក់ខែដល់១៦០ដុល្លារ។
លោកបានមានប្រសាសន៍ថា “ កម្មករគ្រាន់តែធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែប៉ុណ្ណោះ។ ពួកគេមិនខ្វល់អំពីរឿងនយោបាយដូចជា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនោះទេ។
លោកមានប្រសាសន៍ថា “ ឥឡូវនេះយើង កំពុងពិចារណាចាត់វិធានការតាមច្បាប់ប្រឆាំង មនុស្សមួយក្រុមដែបានញុះញង់កម្មករឲ្យប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល”៕ គឹមហឿន
លោក ហ៊ុន សែន ទៅវៀតណាមជាមួយពាក្យស្វាគមន៍ “ ចុះចេញទៅ”
កាលពីព្រឹកថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការស្វាគមន៍ខុសពីការរំពឹងទុកពីសំណាក់កម្មករកម្មការិនីរោងចក្រកាត់ដេរដែលកំពុងធ្វើកូដកម្មរាប់ពាន់នាក់ ខណៈក្បួនរថយន្តរបស់លោកធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសវៀតណាមដោយកម្មករកម្មការិនីពី៥.០០០ទៅ៦.០០០នាក់បានលើកបដាទាមទារប្រាក់ខែ១៦០ដុល្លារក្នុងមួយខែ និងបានស្រែកព្រមគ្នាថា “ ហ៊ុន សែន អើយចុះចេញទៅ!” ពេលរថយន្តរបស់លោកដែលអមដោយក្បួនរថយន្តរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បើកកាត់ពួកគេ។
នគរបាលនិងសមាជិកកងអង្គរក្សផ្ទាល់របស់នាយករដ្ឋមន្ត្រី ដែលធម្មតាតែងតែបិទផ្លូវក្នុងរាជធានីឲ្យក្បួនរថយន្តរបស់លោក ហ៊ុន សែន ឆ្លងកាត់នោះ មើលទៅគឺមិនអាចធ្វើឲ្យក្រុមកម្មករកម្មការិនីទាំងនេះតវ៉ានៅកន្លែងផ្សេងផុតពីភ្នែកពីត្រចៀករបស់លោក ហ៊ុន សែន បានទេ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ...
កម្មកររោងចក្រកំពុងធ្វើកូដកម្មជាមួយមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
កម្មករកាត់ដេរជាង១០.០០០នាក់បានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ។ រីឯកម្មករជាងរាប់ម៉ឺននាក់ទៀតបានបន្ដធ្វើកូដ កម្មនៅតាមរោងចក្រនានានៅទូទាំងប្រទេសបន្ទាប់ពីរដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃអង្គារដំឡើងប្រាក់ខែអប្បបរមាដល់៩៥ដុល្លារ ប៉ុន្តែនៅតែទាបជាងការទាមទាររបស់កម្មករ។
មេដឹកនាំសហជីពឯករាជ្យ និងសហជីពដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងបាននិយាយថារោងចក្រកាត់ដេរជាង១២០នៅក្នុងខេត្តចំនួនប្រាំបានធ្វើកូដកម្មប្រឆាំងនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែអប្បបរមាតែ១៥ដុល្លារនេះ គឺទាបជាង៦៥ដុល្លារពីការទាមទាររបស់កម្មករឲ្យដំឡើងប្រាក់ខែដល់១៦០ដុល្លារ។ថ្វីបើមានការជូនដំណឹងពីក្រសួងការងារមិនឲ្យកម្មករតវ៉ាចំពោះសេចក្ដីសម្រេចនេះក៏ដោយ ក៏មេដឹកនាំសហជីពបានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអង្គារ អះអាងថា សមាជិករបស់ខ្លួនចំនួន៣០០.០០០នាក់នឹងធ្វើកូដកម្ម ហើយបាននិយាយថា ពួកគេកំពុងរៀបចំធ្វើបាតុកម្មនៅទូទាំងប្រទេសទាមទារឲ្យដំឡើងប្រាក់ខែបន្ថែមទៀត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់កម្មករដែលកំពុងតវ៉ានៅក្នុងក្រុងកំពង់ចាម កាលពីព្រឹកម្សិលមិញ និងដែលបានបិទផ្លូវអស់រយៈពេលកន្លះម៉ោងនៅគល់ស្ពានគីហ្សូណា។
លោក ម៉ន ញឹម ប្រធានសហព័ន្ធសហជីពវាយនភណ្ឌឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា សមាជិកសហជីពនេះកំពុងធ្វើកូដកម្មនៅតាមរោងចក្រចំនួន៣៧ក្នុងទីក្រុងភ្នំពេញ ខេត្តព្រៃវែង និងខេត្តកំពង់ចាម។
លោក អ៊ុំ វិសាល មន្ត្រីផ្នែកច្បាប់នៅសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា កម្មករកំពុងធ្វើកូដកម្មនៅរោងចក្រចំនួន១៦ក្នុងទីក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានមានប្រសាសន៍ថា សមាជិកសហជីពរបស់លោកកំពុងធ្វើកូដកម្មនៅតាមរោងចក្រចំនួន៦៤នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។
លោក ជា មុនី បានមានប្រសាសន៍ថា “ ខ្ញុំបានទទួលព័ត៌មានពីតំណាងរបស់ខ្ញុំថា កម្មកររាប់ពាន់នាក់កំពុងធ្វើកូដកម្មនៅតាមរោងចក្ររបស់ពួកគេ ហើយអ្នកខ្លះទៀតបានហែក្បួនទៅទីលានប្រជាធិតេយ្យ បន្ទាប់ពីក្រសួងការងារប្រកាសពីការដំឡើងប្រាក់ខែនេះ”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា កម្មករមិនបានធ្វើកូដកម្មដោយស្ម័គ្រចិត្តទេ ប៉ុន្តែត្រូវបានអ្នកញុះញង់បង្ខំឲ្យចេញក្រៅរោងចក្រ។
លោកបានមានប្រសាសន៍អំពីការអំពាវនាវរបស់មន្ត្រីសហជីពឲ្យមានការធ្វើកូដកម្មទូទាំងប្រទេសនេះថា “ ទាំងនេះមិនមែនជាកូដកម្មនោះទេ”។
លោក កែន លូ អះអាងថា “ យើងបានទទួលព័ត៌មានពីរោងចក្រទាំងនោះថា នៅពេលព្រឹកនេះកម្មករមកធ្វើការជាធម្មតា។ តាមពិត ការងាររបស់រោងចក្រត្រូវបានរំខានដោយមនុស្សនៅខាងក្រៅ ដែលបានបំផ្លាញទ្រព្យសម្បត្តិ ធាក់ទ្វារចូលរោងចក្រ និងដេញកម្មករឲ្យចេញពីរោងចក្រ និងមិនឲ្យពួកគេចូលធ្វើការ”។
លោកបានមានប្រសាសន៍ថា “ យើងកំពុងអំពាវនាវឲ្យរដ្ឋាភិបាលការពារកម្មករទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់និយោជក”។
នៅទីលានប្រជាធិបតេយ្យកាលពីព្រឹកម្សិលមិញ កម្មករដែលធ្វើកូដកម្មបានចាប់ផ្ដើមដើរពីរោងចក្ររបស់ពួកគេនៅជាយក្រុងមកកាន់សួននេះ ដើម្បីចូលរួមជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែលពីរបីរយនាក់ដែលបានបោះតង់នៅក្នុងសួននេះអស់រយៈពេលជាងពីរសប្ដាហ៍មកហើយ។ បន្ទាប់មកកម្មករទាំងនោះបានមកប្រមូលផ្ដុំគ្នាកាន់តែច្រើននៅពេលរសៀល មុនពេលលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងមកដល់។
កម្មករជាច្រើនក្រុមបានហែក្បួនពីរោងចក្រប្រហែល៤០នៅទូទាំងទីក្រុងមកកាន់ទីលានប្រជាធិបតេយ្យ និងត្រូវបានស្វាគមន៍ដោយការស្រែកអបអរសាទរពីក្រុមមនុស្សដែលមានទឹកមុខរីករាយ និងមានចំនួនកាន់តែច្រើនឡើងៗ នៅពេលដែលក្រុមតន្ត្រីនិងអ្នកចម្រៀងគណបក្សសង្គ្រោះជាតិ ផ្ដល់ការកម្សាន្ត។
លោក សម រង្ស៊ី ដើរជាមួយកម្មករពីរបីរយនាក់ពីទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ មកទីលានប្រជាធិបតេយ្យ ដែលនៅទីនោះលោកបានជួបលោក កឹម សុខា នៅម៉ោង៣រសៀល និងបានថ្លែងសុន្ទរកថារយៈពេលខ្លី។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ ខ្ញុំសូមគាំទ្របងប្អូនទាំងអស់ចំពោះការទាមទារប្រាក់ខែ១៦០ដុល្លារ។ ការទាមទាររបស់បងប្អូនត្រឹមត្រូវហើយ”។
លោក សម រង្ស៊ី បានភ្ជាប់ការតវ៉ារបស់កម្មករដើម្បីទាមទារប្រាក់ខែនៅក្នុងវិស័យកាត់ដេរនេះទៅនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ហើយការធ្វើបាតុកម្មនេះ ពេលនេះឈានដល់ថ្ងៃទី១១ហើយ។
លោកបានមានប្រសាសន៍ថា “ កម្មករនៅទូទាំងប្រទេសកំពុងធ្វើបាតុកម្មជាមួយកម្មករនៅក្នុងទីក្រុងភ្នំពេញ ដូច្នេះលោក ហ៊ុន សែន ត្រូវណែនាំម្ចាស់ក្រុមហ៊ុន និងរោងចក្រឲ្យផ្ដល់ប្រាក់ខែដល់កម្មករយ៉ាងហោចណាស់១៦០ដុល្លារ។បើមិនដូច្នោះទេ ហ៊ុន សែន ត្រូវចុះចេញ”។
នៅពេលរសៀល កម្មករទាំងនោះបានចូលរួមនៅក្នុងការស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញ។
មុនម៉ោងបួនល្ងាចបន្តិច កម្មករដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានចាកចេញពីទីលានប្រជាធិបតេយ្យដើម្បីហែក្បួនតាមផ្លូវជាតិលេខ២។
ពេលត្រឡប់មកពីការហែក្បួនរយៈពេលពីរម៉ោងទៅនិងមកពីសង្កាត់ព្រែកលៀបវិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងមានអ្នកគាំទ្រ១លាននាក់មកចូលរួមធ្វើបាតុកម្មនៅថ្ងៃអាទិត្យ។
លោកបានមានប្រសាសន៍ថា “ នៅថ្ងៃទី២៩ យើងនឹងមានកម្មករ កសិករ និងប្រជាជនគ្រប់ប្រភេទទាំងអស់យ៉ាងហោចណាស់១លាននាក់មកជួបជុំគ្នា។ យើងមិនអាចរារាំងមនុស្សដ៏ច្រើនបែបនេះបានទេ”។
លោកមានប្រសាសន៍ថា “ គាត់ ត្រូវប្រុងប្រយ័ត្ន។ ស៊ូណាមិនេះអាចរុញគាត់ឲ្យទៅលង់ទឹកនៅកណ្ដាលមហាសមុទ្រ”។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា មេដឹកនាំគណបក្សប្រឆាំងនឹងចុះទៅតាមរោងចក្រនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមខេត្តនៅថ្ងៃស្អែក ដើម្បីប្រមូលអ្នកគាំទ្រជាកម្មកររោងចក្រកាត់ដេរថែមទៀត។
លោកស្រីបានមានប្រសាសន៍ថា “ យើងចង់ប្រាប់ឲ្យពួកគេដឹងពីអ្វីដែលកំពុងកើតឡើងនៅខាងក្រៅរោងចក្រ ហើយប្រសិនបើអាចធ្វើបាន នឹងនាំពួកគេមកកាន់ទីលានប្រជាធិបតេយ្យ ហើយយើងនឹងមានការជួបជុំគ្នាកាន់តែធំនៅថ្ងៃអាទិត្យ”។
ចាប់តាំងពីរដ្ឋាភិបាលប្រកាសពីផែនការដំឡើងប្រាក់ខែអប្បបរមាចំនួន១៥ដុល្លារនៅឆ្នាំក្រោយ និងដំឡើង៨០ដុល្លារក្នុងរយៈពេលប្រាំឆ្នាំក្រោយទៀតកាលពីថ្ងៃអង្គារ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងមិនឲ្យកម្មករតវ៉ាចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនេះ។
ក្រសួងការងារបានសរសេរក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃអង្គារថា “ ក្រសួងការងារសូមអំពាវនាវដល់កម្មករ និយោជកឲ្យជៀសវាងសកម្មភាពណាមួយដែលអាចជាប់នៅក្នុងកលល្បិចនយោបាយរបស់អ្នកឆ្លៀតឱកាសមួយចំនួន ហើយវាអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន និងផលប្រយោជន៍ជាតិ”។
ការដំឡើងប្រាក់ខែអប្បបរមាសម្រាប់រយៈពេលប្រាំឆ្នាំក្រោយនេះត្រូវបានអនុម័តយល់ព្រមដោយគណៈកម្មការប្រឹក្សាការងារដែលមានតំណាងមកពីរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព។ ក្នុងចំណោមប្រធានសហជីពចំនួនប្រាំពីរនៅក្នុងគណៈកម្មការនេះ ប្រាំនាក់គាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន រីឯពីរនាក់ទៀតមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយទេ។
សហជីពបីដែលគំាទ្រគណបក្សប្រជាជនកម្ពុជា រួមទំាងសហព័ន្ធសហជីពការពារកម្មករកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញបង្ហាញពីការសហការរបស់ខ្លួនជាមួយរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែចំនួន១៥ដុល្លារនេះ។
សហជីពនេះបានលើកឡើងថា “ សហជីពសូមគាំទ្រទាំងស្រុង និងសូមសម្ដែងនូវមោទនភាពចំពោះការខំប្រឹងប្រែងរបស់គណៈកម្មការប្រឹក្សាការងារ និងរដ្ឋាភិបាលដែលបានព្យាយាមដំឡើងប្រាក់ខែឲ្យកម្មករដើម្បីជួយកាត់បន្ថយភាពក្រីក្រ”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)
តុលាការសើរើសំណុំរឿងវិវាទដីធ្លីឡើងវិញ បន្ទាប់ពីបោះឆ្នោត
សាលាដំបូងខេត្តកំពង់ឆ្នាំងបានកោះហៅអ្នកភូមិបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទដុតរោងមួយកាលពីខែឧសភា នៅក្នុងដីមានជម្លោះដែលរដ្ឋាភិបាលបានផ្តល់ឲ្យភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមកសាកសួរ។
កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សក្នុងស្រុក អាដហុក លើកឡើងថា នេះគឺជាឧទាហរណ៍មួយទៀតដែលតុលាការបានសើរើសំណុំរឿងវិវាទដីធ្លីជាយូរមកហើយ ដែលគេបានទុកចោលអំឡុងការបោះឆ្នោតជាតិកាលពីខែកក្កដា។
លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំ តាជេស ក្នុងស្រុក កំពង់ត្រឡាច បានឲ្យដឹងថា លោក យឹម ងឿន លោក ផុល សាន...
Latest news
© 2021, ដេលី. All rights reserved.

