42.2 C
Phnom Penh

លោក​​​ ហ៊ុន សែន​​​ និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ចុះ​កិច្ច​ព្រម​ព្រៀង​៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​​កម្ពុជា​ និង​វៀត​ណាម​​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ចំនួន​ប្រាំ​បួន​ជាមួយ​សមភាគី​វៀតណាម​​គឺ​លោក​​ ង្វៀន តឹង​យុង​ អំឡុង​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ ដែល​​បញ្ចប់​​នៅ​ថ្ងៃ​សៅរ៍នេះ​​ ដោយ​ក្នុង​នោះ​​រួម​មា​ន​ទាំង​ការ​​រៀបចំ​​រឹត​បន្ដឹង​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ សន្ដិសុខ​សាធារណៈ​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​​ផ្នែក​ពាណិជ្ជកម្ម​​ផង​ដែរ​។ 

ទីភ្នាក់ងារ​ព័ត៌​មាន​រដ្ឋ​ AKP របស់​​កម្ពុជា​ក៏បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ដែរ​​​ថា លោក​ ង្វៀន តឹង​យុង​ បាន​ស្នើ​សុំ​ឲ្យ​លោក​ ហ៊ុន សែន​ “ការពារ​” វិនិយោគ​ិន​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ពាណិជ្ជកម្ម​ទ្វេភាគី​​នឹង​កើន​ឡើ​ង​ដល់​៥.០០០​លាន​ដុល្លារ​​នៅ​ត្រឹម​​ឆ្នាំ​២០១៥ ពោល​គឺ​កើន​ឡើង​​ជិត​ទ្វេ​ដង​បើ​ធៀប​ទៅ​​នឹង​ទំហំ​ពាណិជ្ជកម្ម​​២,៧​ពាន់​លាន​ដុល្លារ​សម្រេច​បាន​នៅ​ឆ្នាំ​២០១៣។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AKP បាន​ឲ្យ​ដឹង​ថា ​លោក​ ហ៊ុន​ សែន​ បាន​​ស្នើ​​សុំ​ឲ្យ​វៀត​ណាម​​ឲ្យ​លក់​អគ្គិសនី​មក​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រម​​ព្រៀង​គ្នា​ ប្រើប្រាស់​​​ទឹក​​នៅ​​តាម​បណ្ដោយ​ព្រំ​ដែន​​រួម​គ្នា​​និង​​ឲ្យ​​បង្ហើយ​ផ្លូវ​មួយ​ខ្សែ​​ ដែល​​វៀត​ណាម​​កំពុង​តែ​ស្ថាបនា​នៅ​ក្នុងខេត្ត​រតន​គិរី​​។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ ហ៊ុន​ សែន​ ទៅ​កាន់ប្រទេស​វៀត​ណាម​​ធ្វើឡើង​​​ចំពេល​មាន​ការ​តវ៉ា​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​ ដែល​អំពាវ​នាវ​ឲ្យ​លោក​​ចុះចេញ​ពី​តំណែង​​​ និង​​​ការ​​​សម្ដែង​កំហឹង​ជាយូរ​មក​ហើយ​​ប្រឆាំង​នឹង​​ការ​ធ្វើអន្តោប្រវេសន៍​​ខុស​ច្បាប់​និង​ការ​វិនិ​យោគ​របស់​វៀតណាម​ ដែល​​រង​​ការ​ចោទ​ប្រកាន់​ថា បាន​​ទន្រា្ទន​ចូល​​ដី​កម្ពុជា​។ ការ​តវ៉ា​ទាំង​នេះ​​បណ្ដាល​មក​ពី​ការ​បោះ​ឆ្នោត​​ជាតិ​​​កាល​ពី​ខែ​កក្កដា​ ដែល​គណបក្ស​ប្រឆាំង​​ចោទ​ប្រកាន់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ថា បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។

ទីភ្នាក់ងារ​ព័ត៌មាន​​ AKP បាន​លើក​​ឡើង​​ថា ក្នុង​ចំណោម​​កិច្ច​ព្រម​ព្រៀង​ដែល​មេដឹក​នាំទាំង​ពីរ​​​បាន​ចុះ​ហត្ថលេខា​មាន​ដូចជា​ ​កិច្ច​​ព្រម​ព្រៀង​​ឥណទាន​​មួយ​ ដែល​​គ្មាន​ការ​​បញ្ជាក់​ពី​ចំនួន​ច្បាស់​លាស់​សម្រាប់​ក​សាង​​ស្ពាន​វែង​​ជ្រៃ​ធំក្នុង​ខេត្ត​កណ្ដាល សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ ផែនការ​​សហប្រតិបត្តិការ​​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​រវាង​ក្រសួង​ព័ត៌មាន​ ក្រសួង​អប់​រំ និង​បណ្ដា​ទីភ្នាក់ងារ​សន្ដិសុខ​​រដ្ឋ​​ជា​ដើម​​។ កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​ទៀត​រួម​មាន​ការ​​​​​​ពង្រឹង​ពាណិជ្ជកម្ម​​ទ្វេភាគី ​​ការ​ដឹក​ជញ្ជូន​ទំនិញនិង​កិច្ច​ព្រម​ព្រៀង​​​ទិញ​ជី​គីមី​។

AKP បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា លោក ហ៊ុន​ សែន​ និង​លោ​ក ង្វៀន តឹង​យុង ក៏​បាន​ពិភាក្សា​គ្នា​ដែរ​ អំពី​គម្រោង​របស់​លោក​​ទាំង​ពី​រ​ ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​​​ថ្ងៃ​​៧​មក​រា លើក​ទី​៣៥​ចាប់​តាំង​ពី​​ ឆ្នាំ​១៩៧៩មក​ ជា​ពេល​ដែល​​កង​កម្លាំង​វៀតណាម​ និង​​ខ្មែរ​ក្រហម​រត់​ចោល​​ជួរ​បាន​ផ្ដួល​រំលំ​របប​ប៉ុល​ ពត​។ ទោះ​បី​ជា​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ប្រារព្ធ​ពិធី​​នេះ​​​ជា​ទម្លាប់​​​ក៏​ដោយ​ ក៏​គណ​បក្ស​ប្រឆាំង​​​ចាត់​ទុក​ថា ជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​​​ត្រួត​ត្រា​​របស់​វៀតណាម​​លើ​​ទឹក​ដី​កម្ពុជា​​រយៈ​ពេល​មួយ​ទសវត្សរ៍​ ដែល​អំឡុង​ពេល​នោះ​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​​លើក​បន្តុប​លោក​​ ហ៊ុន​ សែន​ ឲ្យ​​​ឡើង​​កាន់​អំណាច​។

លោក​ ហ៊ុន សែន​ ដែល​​ចេះ​និយាយ​ភាសា​វៀតណាម​​ស្ទាត់​ជំនាញ​ថ្លែង​​សុន្ទរកថា​ទៅ​​កាន់​​អតីត​យុទ្ធ​ជន​វៀត​ណាម​​ដែល​ធ្លាប់​ធ្វើ​សង្គ្រាម​ក្នុង​​ប្រទេស​កម្ពុជា ហើយ​បាន​​ជួប​ជាមួយ​អតីត​​ប្រធានាធិបតី​ ​វៀត​ណាម​ ឡេ ដឹកអាញ់​  ជា​អ្នក​​​​រៀប​គម្រោង​​ឈ្លាន​ពាន​ ដែល​បាន​ផ្ដួល​រំលំ​ប៉ុល ពត​។ យោង​តាម​​សេចក្ដី​រាយ​ការណ៍​មួយ​ពី​ស្ថានីយ៍​ទូរទស្សន៍​ VTV1 របស់​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា លោ​ក ហ៊ុន​ សែន​ ក៏​បាន​​ដាក់​កម្រង​​ផ្កា​នៅ​កន្លែង​តម្កល់​សព​លោក​ ហូ ជីមិញ​ ផង​ដែរ​។

លោក​ ង្វៀន តឹង​យុង​ គ្រោង​​មក​​ទស្សន​កិច្ច​​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៤ សម្រាប់​ការ​ចុះ​បឋម​សិលា​ក​​សាង​​ស្ពាន​​វែង​ជ្រៃ​ធំ​ និង​ការ​​សម្ពោធ​មន្ទីរពេទ្យ​​វៀត​ណាម​មួយ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស