26 C
Phnom Penh

លោក ស៊ូបេឌី ​ជំរុញ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ពេល​មាន​ការ​តវ៉ាកើនឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​សិទ្ធិមនុស្ស​អង្គ​ការ​សហ​ប្រជា​ជាត​ិ​ប្រចាំ​ប្រ​ទេស​កម្ពុជា​ បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​មាន​ការ​អត់​ធ្មត់​​​​ខណៈ​ដែល​មាន​ការធ្វើ​បាតុ​កម្ម​ជាសាធារ​ណៈ​កើន​ឡើងនៅ​​​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​អំពាវនាវ​ដល់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែលសុំដំឡើង​ប្រាក់​ខែ​ និង​ភាគី​នយោ​​បាយ​ទាំ​ង​អស់​ត្រឡប់​មក​កាន់​ត​ុ​ចរចា​។

​លោក សុរិយា​ ស៊ូបេឌី បាន​ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃសុក្រ​​ ចំពេល​មាន​ការ​តវ៉ា​កាន់​តែ​​ច្រើន​ឡើងៗ ​ចំពោះ​លទ្ធ​ផល​​បោះ​ឆ្នោត​​​ខែ​កក្កដា ដែល​គណបក្ស​សង្គ្រោះ​ជាត​ិ​​ចោ​ទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច​ឈ្នះ​តាម​រយៈការ​លួច​បន្លំ តវ៉ា​​​រឿង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ​ទាប និង​តវ៉ា​ចំពោះ​​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​ដោយ​​បង្ខំ។

​មនុស្ស​ជាង​ប្រាំមួយ​ក្រុម​បាន​ធ្វើ​ការ​តវ៉ា​​​នៅ​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​។
បើជា​អ្នក​តវ៉ា​​ដែល​បាន​​ស្រែក​ខ្លាំងៗនោះ​បាន​ពើ​ប​ប្រទះ​នឹង​អំពើ​ហិង្សា​ពី​កម្លាំង​សន្ត​ិសុខ​​ម្តង​ម្កាល​ក៏ដោយ ក៏លោក ស៊ូបេឌី បាន​មា​ន​ប្រសាសន៍ថា លោក​រីក​រាយ​ណាស់​ដោយ​ឃើញ “ថា​លទ្ធិ​ប្រជា​​ធិបតេយ្យ​បាន​កើន​ឡើង​បែ​បនេះ​ ដូច្នេះ​​ប្រជាពលរដ្ឋ​កម្ពុជា​​​​ភាគ​ច្រើនមាន​អារម្មណ៍​ថា មាន​ភាព​កក់​​​ក្តៅ​​​ក្នុង​ការ​សម្តែង​​មតិ​នៅ​តាម​​ផ្លូវ​ដោយ​​​​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ត​ប​ត”។

លោក​បាន​បន្ថែម​ថា “ជាថ្មី​ម្ត​ងទៀត​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ភាគី​ទាំង​អស់​មេត្តាប្រើ​ប្រាស់​ការ​អត់​ធ្មត​់​និង​ភាព​ស្ងប់​ស្ងាត់ឲ្យ​បាន​ខ្ពស់​បំផុត”។

ប្រេសិត​អង្គការ​សហ​ប្រជា​ជាតិ​រូប​នេះ​បាន​ជំរុញឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បដិសេធ​មិន​ព្រមចូលរួម​ប្រជុំ​សភាដោយ​សារ​តែ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​អំឡុង​ការ​បោះ​ឆ្នោត​នោះ​ បន្ត​ធ្វើការ​ចរចា​ឡើង​វិញ ហើយ​លោក​បាន​មាន​ប្រសាសន៍ថា ការ​ខ្វះ​ “យន្ត​ការ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត” ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​បែប​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​​កាន់​តែ​ខ្លាំង​។

លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ខ្វះ​យន្ត​​​​​ការ​បែ​បនេះ​ នោះហើយ​ជា​មូល​ហេតុ​​​​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​សប្បាយ​​​ចិត​្ត​ដោយ​បាន​ធ្វើការ​តវ៉ា​នៅ​តាម​ដងផ្លូវ​​​ដូច្នេះ។ វាជា​ការ​សំខាន់​ណាស់​ដែល​ភាគី​ទាំង​ពីរ​​ត្រឡប់​មក​កាន់ត​ុ​ចរចា​ឡើង​វិញ”។

កិច្ច​ប្រជុំ​ពិសេស​ពី​របី​លើក​រវាង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាត​ិ​ និង​គណ​បក្ស​ប្រជា​ជន​​​​កម្ពុជា​​មិន​អាច​ស្វែង​​រក​ដំណោះ​​​​ស្រាយ​ចំពោះ​​​ការ​ជាប់​គាំង​នយោ​បាយ​ ដែល​មាន​​រយៈ​ពេល​​ជា​​​ច្រើន​ខែ​ហើយ​រហូត​មក​ដល់​ពេល​នេះ។

អំឡុង​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាត​ិ​កាល​ពី​ថ្ងៃ​សៅរ៍ លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​មាន​ប្រសា​​​សន៍ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​​​រដ្ឋាភិ​​​បាល​ដដែល ហើយ​បាន​ស្នើ​ឲ្យ​មាន​ “កិច្ច​ប្រជុំ​ទ្រង់​ទ្រាយ​ធំ” នៅ​ដើម​ខែ​មក​រា​នេះ​ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ទាំង​ពីរ និង​អង្គការ​សង្គម​ស៊ីវិល​។

ថ្លែង​នៅ​ព្រឹក​​ម្សិល​មិញ​នេះ នៅ​អាកាស​យាន​ដ្ឋាន​អន្ត​រ​ជាតិ​ភ្នំពេញ​ ពេល​លោក​​ទៅ​ទទួល​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​វៀត​ណាម​​​វិញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នោះ ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​​​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា គណ​បក្ស​ប្រជា​​​​ជន​កម្ពុជា​នៅ​តែ​បើក​ចំហ​ចំពោះ​ការ​ចរចា​ដដែល​ ប៉ុន្តែ​បាន​បន្ទោស​ចំពោះ​ការ​ចរចា​ដែល​​​​​​ជាប់​គាំងនេះ​ទៅ​លើ​គណបក្ស​ប្រឆាំង​។

លោក ស ខេង បាន​មាន​ប្រសា​សន៍ថា “គណ​​​បក្ស​សង្គ្រោះ​ជាតិ​ចេះ​តែ​ផ្លាស់​ប្តូរ​ជំហរ​​​​ជា​​​និច្ច​ ប៉ុន្តែ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ឡើយ។ យើង​មាន​ក្រុម​ចរចារបស់​យើង​រួច​​ហើយ”។

លោក ស៊ូបេឌី ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ក្នុង​ចំណោម​ភាគី​ទាំង​អស់​គឺ​ ភាគី​រដ្ឋា​ភិបាល សហជីព កូដករ​ រោង​ចក្រ​កាត​់​ដេរ និង​ក្រុម​ហ៊ុន​​​យីហោ​សម្លៀក​បំពាក់​​ ដើម្បី​​​​​រក​វិធី​កំណត់​ប្រាក់​ខែ​ឲ្យ​បាន​សម​រម្យ​សម្រាប់​​កម្មករ​រោង​ចក្រ​កាត​់​​​​​ដេរ​​ប្រហែល​ ៤០០.០០០​​​នាក់​​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍ថា “ការ​ចរចា​ត្រូវ​ផ្អែក​លើ​ទិន្ន​ន័យ​ជាក់​ស្តែង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ចំណាយ​ពិត​ប្រាកដ​ក្នុង​ជីវភាព​រស់នៅ​ដោយ​​ការ​គោរពសិទ្ធិ​មនុស្ស​”។

លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​កាល​​​ពី​ម្សិល​មិញ​ថា ដំណើរ​ទស្សនកិច្ច​លើក​ក្រោយ​របស់​លោក​មក​កាន់​កម្ពុជា​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​មករា​ខាងមុខ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស