26 C
Phnom Penh

កម្មករ​​​​រោង​ចក្រ​​កំពុង​ធ្វើ​កូដ​កម្ម​​ជាមួយ​មហា​បាតុកម្ម​របស់គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​កាត​់​ដេរ​ជាង​១០.០០០​នាក់​​បាន​ចូល​រួម​​ធ្វើ​បាតុកម្ម​ជា​មួយ​​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ទីក្រុង​​ភ្នំពេញ កាលពីម្សិលមិញ​។ រីឯ​កម្ម​ករ​ជាង​រាប់​ម៉ឺន​នាក់​ទៀត​បាន​​បន្ដ​ធ្វើ​កូដ កម្ម​នៅ​តាម​រោងចក្រ​នានា​នៅ​ទូទាំង​ប្រទេស​​បន្ទាប់ពី​រដ្ឋាភិបាល​បាន​សម្រេច​កាលពីថ្ងៃ​អង្គារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​៩៥​ដុល្លារ​ ប៉ុន្តែ​នៅ​តែ​ទាប​ជាង​ការ​ទាម​ទារ​របស់​​​​​កម្ម​ករ​។

មេដឹកនាំ​សហជីព​ឯក​រាជ្យ និង​សហជីព​ដែល​​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​​បាន​និយាយ​ថា​រោង​ចក្រ​កាត់​ដេរ​ជាង​១២០​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​បាន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​តែ​១៥​ដុល្លារ​នេះ គឺ​ទាប​ជា​ង​​៦៥​ដុល្លារ​ពី​ការ​ទាម​ទារ​របស់​កម្ម​ករ​​ឲ្យ​ដំឡើង​​ប្រាក់​ខែ​ដល់​១៦០​ដុល្លារ​។​ថ្វីបើ​មាន​ការ​​​ជូន​ដំណឹង​​ពី​ក្រសួង​ការ​ងារ​មិន​ឲ្យ​​កម្មករ​​តវ៉ា​ចំពោះ​សេចក្ដី​សម្រេច​នេះ​ក៏​ដោយ​ ក៏​មេដឹក​នាំ​សហជីព​បានចេញ​សេចក្ដី​ប្រកាស​មួយ​កាលពីថ្ងៃ​អង្គារ​ អះអាង​ថា សមាជិក​របស់​ខ្លួន​ចំនួន​៣០០.០០០​នាក់​នឹង​ធ្វើ​កូដកម្ម​ ហើយ​បាន​និយាយ​ថា ពួកគេ​កំពុង​រៀប​ចំធ្វើ​បាតុកម្ម​​នៅ​ទូទាំង​ប្រទេស​ទាមទារ​ឲ្យ​ដំឡើង​​ប្រាក់​ខែ​បន្ថែម​ទៀត​។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅកាន់កម្មករ​ដែល​កំពុង​​តវ៉ា​នៅ​ក្នុង​ក្រុង​កំពង់​ចាម កាលពីព្រឹក​ម្សិល​មិញ និង​ដែល​​បាន​បិទ​ផ្លូវ​អស់​រយៈ​ពេល​កន្លះ​ម៉ោង​នៅ​គល់​ស្ពាន​គីហ្សូណា។

លោក​ ម៉ន ញឹម ប្រធានសហព័ន្ធ​​សហជីព​វាយនភណ្ឌ​ឯក​រាជ្យ​​កម្ពុជា បាន​មាន​ប្រសាសន​៍​ថា សមាជិក​សហជីព​នេះ​កំពុង​ធ្វើ​កូដ​កម្ម​នៅ​តាម​រោងចក្រ​ចំនួន​៣៧​​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រៃ​វែង និង​ខេត្ត​កំពង់​ចាម។

លោក អ៊ុំ វិសាល មន្ត្រី​​ផ្នែក​ច្បាប់​នៅ​សហ​​ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្ម​ករ​កាត់​ដេរ​កម្ពុជា បានមាន​ប្រសាសន៍​ថា កម្មករ​កំពុង​​​​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​ចំនួន​១៦​​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​​កំពង់​ស្ពឺ និង​ខេត្ត​កណ្ដាល​។

លោក ជា មុនី ប្រធាន​សហជីព​សេរី​​កម្ម​ករ​ បានមាន​ប្រសាសន៍​ថា សមាជិក​សហជីព​របស់​លោក​កំពុង​ធ្វើ​កូដកម្ម​នៅ​តាម​រោង​ចក្រ​ចំនួន​៦៤​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កណ្ដាល ខេត្ត​កំពង់​ចាម និង​ខេត្ត​កំពង់​ស្ពឺ។

លោក ជា​ មុនី បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពីតំណាង​របស់​ខ្ញុំ​ថា កម្ម​ករ​រាប់​ពាន់នាក់​​កំពុង​ធ្វើ​កូដកម្ម​នៅ​តាម​រោង​ចក្រ​របស់​ពួកគេ​ ហើយ​អ្នក​ខ្លះទៀត​បាន​ហែក្បួន​ទៅ​ទីលាន​ប្រជា​ធិតេយ្យ​ បន្ទាប់ពី​ក្រសួង​ការ​ងារ​ប្រកាស​ពីការ​ដំឡើង​ប្រាក់​ខែនេះ​”។

លោក កែន​ លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត​់​ដេរ​នៅ​កម្ពុជា ​មាន​ប្រសាសន៍​ថា កម្មករ​មិន​បាន​ធ្វើ​កូដកម្ម​ដោយ​ស្ម័គ្រចិត្ត​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ញុះញង់​បង្ខំ​ឲ្យ​ចេញ​ក្រៅ​រោងចក្រ​។

លោក​បានមាន​ប្រសាសន៍​អំពី​​ការ​អំពាវ​នាវ​របស់​មន្ត្រី​សហជីព​ឲ្យ​មានការ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​នេះ​ថា “ ទាំង​នេះ​មិនមែន​ជា​កូដកម្មនោះទេ​”។

លោក កែន លូ អះអាង​ថា “ យើង​បាន​​​ទទួល​ព័ត៌មានពី​រោង​ចក្រ​ទាំង​នោះ​ថា នៅ​ពេល​ព្រឹក​នេះ​កម្មករ​មក​ធ្វើការ​ជា​ធម្ម​តា​។ តាមពិត​​ ការ​ងារ​របស់​រោង​ចក្រ​ត្រូវ​បាន​រំខាន​ដោយ​មនុស្ស​នៅ​ខាង​ក្រៅ​ ដែល​​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ ធាក់​​​ទ្វា​រចូល​រោង​ចក្រ​ និង​ដេញ​កម្ម​ករ​ឲ្យ​ចេញ​ពីរោងចក្រ​ និង​មិន​ឲ្យ​ពួកគេ​ចូល​ធ្វើការ​”។

លោក​បានមាន​ប្រសាសន៍​ថា “ យើង​កំពុង​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ការ​ពារ​កម្មករ​ទាំង​នោះ​ ព្រមទាំង​ការ​ពារ​ផល​ប្រយោជន៍​របស់​និយោជក​”។

នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាលពីព្រឹក​ម្សិលមិញ កម្ម​ករ​ដែល​ធ្វើ​កូដក​ម្ម​បាន​ចាប់​ផ្ដើម​​​ដើរ​ពី​រោង​ចក្រ​របស់ពួកគេ​នៅ​ជាយ​ក្រុង​​​​មក​កាន់​​សួន​នេះ​ ដើម្បី​ចូល​រួម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ពីរ​បី​រយ​នាក់​ដែល​បាន​បោះ​តង​់​នៅ​​ក្នុង​សួន​នេះ​​អស់​រយៈ​ពេល​ជាង​ពីរ​សប្ដាហ៍​មក​​ហើយ​។ បន្ទាប់​មក​កម្មករ​ទាំង​នោះ​បាន​មក​​​ប្រមូល​ផ្ដុំគ្នា​កាន់​តែ​ច្រើន​នៅ​ពេល​រសៀល​ មុន​ពេល​​លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​មកដល់​។

កម្មករ​ជាច្រើន​​ក្រុម​បាន​ហែក្បួន​ពី​រោង​ចក្រ​ប្រហែល​៤០​នៅទូទាំ​ង​ទីក្រុង​​មក​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​ និង​ត្រូវបាន​ស្វាគមន៍​ដោយ​ការ​​ស្រែក​អប​អរ​សាទរ​ពី​ក្រុម​មនុស្ស​ដែល​មាន​ទឹក​មុខ​​រីក​រាយ និង​មាន​ចំនួន​កាន​់​តែ​ច្រើនឡើង​ៗ​​ នៅពេល​ដែល​ក្រុម​តន្ត្រី​​និង​អ្នក​ចម្រៀង​​គណបក្ស​សង្គ្រោះជាតិ ​ផ្ដល់​ការ​កម្សាន្ត។

លោក សម រង្ស៊ី ដើរ​ជាមួយ​កម្មករ​ពីរ​បី​រយ​នាក់ពី​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​​​ក្នុង​ខណ្ឌ​មាន​ជ័យ មកទីលាន​ប្រជា​ធិប​តេយ្យ​ ដែល​នៅ​ទីនោះ​លោក​បាន​ជួប​​លោក កឹម សុខា​ នៅម៉ោង​៣រសៀល និងបាន​​ថ្លែង​សុន្ទរ​កថា​​រយៈ​ពេល​ខ្លី​។

លោក សម រង្ស៊ី បានមាន​​ប្រសាសន៍​ថា “ ខ្ញុំ​សូម​​គាំទ្រ​បង​ប្អូនទាំង​អស់​ចំពោះ​ការ​ទាម​ទារ​ប្រាក់​ខែ​១៦០​ដុល្លារ។ ការ​ទាម​ទារ​របស់​បង​ប្អូន​ត្រឹម​​ត្រូវ​ហើយ​”។

លោក សម រង្ស៊ី បាន​ភ្ជាប់​ការ​តវ៉ា​របស​់​កម្មករ​ដើម្បី​ទាម​ទារ​ប្រាក់​ខែ​នៅក្នុង​វិស័យ​កាត់​ដេរ​នេះទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​គណ​​​​បក្ស​សង្គ្រោះ​ជាតិ ដើម្បីទាម​​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះចេញពី​តំណែង​​ ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ ពេល​នេះ​ឈាន​ដល​់​ថ្ងៃទី​១១​ហើយ​។

លោកបាន​មាន​ប្រសាសន៍​ថា​ “ កម្ម​ករ​នៅ​​​ទូទាំង​ប្រទេស​កំពុង​ធ្វើ​បាតុកម្ម​ជាមួយ​កម្មករ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​​ ដូច្នេះ​លោក ហ៊ុន សែន​ ត្រូវ​ណែនាំ​ម្ចាស់​ក្រុម​ហ៊ុន និង​រោងចក្រ​ឲ្យ​ផ្ដល់​ប្រាក់​ខែដល់​កម្មករ​យ៉ាង​ហោច​ណាស់​១៦០​ដុល្លារ​។បើ​មិន​ដូច្នោះទេ ហ៊ុន សែន ត្រូវ​ចុះ​ចេញ​”។

នៅពេលរសៀល​​ កម្ម​ករទាំង​នោះ​បាន​ចូល​រួមនៅ​ក្នុងការ​ស្រែក​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​។
មុន​ម៉ោង​បួន​ល្ងាច​បន្តិច​ កម្មករ​​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ចាក​ចេញ​ពីទីលាន​ប្រជា​ធិបតេយ្យ​​​ដើម្បី​ហែក្បួន​តាម​ផ្លូវ​ជាតិ​លេខ​២​។

ពេល​ត្រឡប់​មក​ពី​ការ​ហែក​្បួន​រយៈពេល​​​ពីរ​ម៉ោង​ទៅនិងមក​ពី​សង្កាត់​ព្រែក​លៀប​វិញ​ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​សង្គ្រោះជាតិ​​នឹង​មាន​​អ្នក​គាំទ្រ​​១លាន​នាក់​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​។

លោក​បានមាន​ប្រសាសន៍​ថា​ “ នៅថ្ងៃ​ទី២៩​ យើង​នឹង​មាន​កម្មករ​ កសិករ និង​ប្រជា​ជន​គ្រប់​ប្រភេទ​ទាំង​អស់​យ៉ាង​ហោច​ណាស់​១លាន​នាក់​មក​ជួប​ជុំគ្នា។ យើង​មិនអាច​រារាំង​មនុស្ស​ដ៏ច្រើន​បែប​នេះ​បាន​ទេ​”។

លោកមាន​ប្រសាសន៍​ថា “​ គាត់​ [ លោក​ ហ៊ុន សែន] ត្រូវ​ប្រុង​ប្រយ័ត្ន​។ ស៊ូណាមិ​នេះ​អាច​រុញ​គាត់​​ឲ្យ​ទៅលង់​ទឹក​​នៅកណ្ដាល​មហា​​សមុទ្រ​​”។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណ​​បក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា មេដឹកនាំគណបក្ស​ប្រឆាំង​​នឹង​ចុះ​​ទៅ​តាម​រោងចក្រ​នៅក្នុង​ទីក្រុង​ភ្នំពេញ និ​ង​នៅតាម​ខេត្ត​នៅ​ថ្ងៃស្អែក​​ ដើម្បី​ប្រមូល​អ្នក​គាំទ្រ​ជាកម្ម​ករ​រោងចក្រ​កាត់​ដេរ​ថែម​ទៀត​។

លោក​ស្រី​បានមាន​ប្រសាសន៍​ថា “ យើង​ចង់​ប្រាប់​ឲ្យពួកគេ​ដឹង​​ពី​​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ខា​ង​ក្រៅ​រោងចក្រ​ ហើយ​ប្រសិន​បើ​អាច​ធ្វើ​បាន​​ នឹង​នាំពួកគេ​មកកាន់​ទីលាន​ប្រជា​ធិបតេយ្យ ហើយ​យើង​នឹង​មាន​កា​រ​​ជួប​ជុំគ្នា​កាន់​តែ​ធំនៅថ្ងៃ​អាទិត្យ”។

ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រកាស​ពីផែនការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ចំនួន​១៥​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​ និង​ដំឡើង​៨០​ដុល្លារ​ក្នុង​រយៈ​​​ពេល​ប្រាំ​ឆ្នាំក្រោយ​ទៀត​កាលពីថ្ងៃ​អង្គារ​ ក្រសួង​ការ​ងារ​បាន​ចេ​ញ​សេចក្ដី​​ជូន​ដំណឹង​​មិន​​ឲ្យ​​កម្ម​ករ​តវ៉ា​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋា​ភិបាល​នេះ​។

ក្រសួង​ការ​ងារ​បាន​សរសេរ​​ក្នុង​សេច​ក្ដី​​ជូន​ដំណឹង​​កាលពីថ្ងៃ​អង្គារ​ថា “ ​​ក្រសួង​ការ​ងារ​សូម​អំពាវ​នាវ​​ដល់​កម្មករ​ និយោជក​​ឲ្យ​ជៀស​វាង​សកម្ម​ភាព​ណាមួយ​ដែល​អាច​ជាប់​នៅ​ក្នុង​កល​ល្បិច​នយោ​បាយ​របស់​អ្នក​ឆ្លៀត​ឱកាស​មួយ​ចំនួន​ ហើយ​វា​អា​ច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​បង​ប្អូន​ និង​ផល​ប្រយោជន៍ជាតិ”។

ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​នេះ​ត្រូវ​បាន​អនុ​ម័ត​យល់​ព្រម​ដោយ​គណៈកម្មការ​​ប្រឹក្សាការ​ងារ​​ដែល​មាន​តំណាង​មកពី​រដ្ឋាភិបាល​ ម្ចាស់​រោងចក្រ និង​សហជីព​។ ក្នុង​ចំណោម​​ប្រធាន​​​សហជីព​ចំនួន​ប្រាំពីរ​នៅក្នុង​គណៈកម្មការ​នេះ​ ប្រាំនាក់​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក ហ៊ុន សែន រីឯ​ពីរនាក់​ទៀត​មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ទេ​។

សហជីព​បីដែល​​គំាទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទំាង​​​សហ​ព័ន្ធ​សហជីព​ការ​ពារ​កម្មករ​​កម្ពុជា​​បាន​ចេញ​សេចក្ដីថ្លែងការ​ណ៍​កាលពី​ម្សិលមិញ​បង្ហាញ​​ពីការ​សហការ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ចំនួន​១៥​ដុល្លារ​នេះ​។

សហជីព​នេះ​បាន​លើកឡើង​ថា “ សហ​ជីព​សូមគាំទ្រ​ទាំង​ស្រុង​ និង​សូម​សម្ដែង​នូវ​មោទនភាព​ចំពោះការ​ខំ​​ប្រឹ​ង​​ប្រែង​របស់​​គណៈ​​​កម្មការ​​ប្រឹក្សាការ​ងារ​ និង​រដ្ឋាភិបាល​​ដែល​បាន​​​​ព្យាយាម​ដំឡើង​ប្រាក់​ខែ​ឲ្យ​​កម្មករ​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​”​៕ គឹមហឿន

(រាយការណ៍​បន្ថែមដោយ​ ម៉ិច ដារ៉ា)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស