28.4 C
Phnom Penh

លោក​​​ ហ៊ុន សែន​​​ ទៅ​​​វៀតណាម​​​​​​ជាមួយ​​​ពាក្យ​​​ស្វាគមន៍​​​ “ ចុះ​​​ចេញ​​​ទៅ​​​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ម្សិលមិញ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​ ហ៊ុន​​​ សែន​​​ បាន​​​ទទួល​​​​​​ការ​​​ស្វាគមន៍​​​​​​ខុស​​​ពីការ​​​រំពឹង​​​ទុក​​​​​​ពី​​​សំណាក់​​​កម្មករ​​​កម្មការិនី​​​រោងចក្រ​​​កាត់​​​ដេរ​​​​​​ដែល​​​កំពុង​​​​​​ធ្វើ​​​​​​កូដ​​​កម្មរាប់​​​ពាន់​​​នាក់​​​ ខណៈ​​​​​​​​ក្បួនរថយន្ត​​​របស់​​​លោក​​​​​​ធ្វើ​​​​​​ដំណើរតាម​​​​​​បណ្ដោយ​​​មហា​​​វិថី​​​សហព័ន្ធ​​​រុស្ស៊ី ឆ្ពោះ​​​ទៅ​​​​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​​​​ភ្នំពេញ​​​សម្រាប់​​​ដំណើ​​​រ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​​​​បី​​​ថ្ងៃ​​​​​​នៅ​​​ប្រទេស​​​វៀតណាម​​​ដោយកម្មករ​​​កម្មកា​​​រិនី​​​​​​ពី​​​៥.០០០​​​ទៅ​​​៦.០០០​​​នាក់​​​​​​បាន​​​លើក​​​បដា​​​ទាមទារ​​​​​​ប្រាក់​​​ខែ​​​១៦០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ខែ​​​ និង​​​បាន​​​ស្រែក​​​ព្រម​​​គ្នា​​​ថា “ ហ៊ុន សែន អើយ​​​​​​ចុះ​​​ចេញ​​​ទៅ​​​!” ពេល​​​រថយន្ត​​​​​​របស់​​​​​​លោក​​​ដែល​​​​​អម​​​ដោយ​​​ក្បួន​​​រថយន្ត​​​របស់​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​​​​បើក​​​កាត់​​ពួក​​​គេ​​​។

នគរបាល​​​និង​​​សមាជិក​​កង​​​​​​អង្គរក្ស​​​​​​ផ្ទាល់​​​​​​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ដែល​​​ធម្មតា​​​​​​តែង​តែ​​​​​​​​បិទ​​​ផ្លូវ​​​​​​ក្នុង​​​រាជធានី​​​ឲ្យ​​​ក្បួន​​​​​​រថយន្ត​​​​​​របស់​​​លោក​​​ ហ៊ុន សែន​​​ ឆ្លង​​​កាត់​​​នោះ​​​ មើល​​​ទៅ​​​គឺ​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​​​​កម្មករ​​​កម្មការិនី​​​ទាំង​​​នេះ​​​តវ៉ា​​​នៅ​​​កន្លែង​​​ផ្សេង​​​​​​ផុត​​​​​​ពី​​​ភ្នែក​​​ពី​​​ត្រចៀក​​​​​​របស់​​​​​​លោក​​​ ហ៊ុន សែន​​​ បាន​​​ទេ​​​។

លោក​​​ រ៉ុង​​​ ឈុន ប្រធាន​​​សហភាពសហ​​​ជីព​​​កម្ពុជា​​​​​​  ដែល​​​បាន​​​ដើរ​​​ក្បួន​​​​​​ជា​​​មួយ​​​កម្មករ​​​កម្មការ​​​ិនី​​​ដែរ​​​​​​នោះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ៨៥​​​ភាគ​​​រយ​​​​​​នៃ​​​កម្មករ​​​កម្មការិនី​​​ ដែល​​​បានស្វា​​​គមន៍​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​នៅ​​​មហា​​​វិថី​​​សហ​​​ព័ន្ធ​​​រុស្ស៊ី​​​នេះ​​​​​​គឺ​​​ជា​​​​​​អ្នកដែល​​​ធ្វើកូដកម្ម​​​​​​នៅ​​​រោង​​​ចក្រ​​​ជាង​​​២០​​​នៅ​​​ក្នុង​​​​​​តំបន់​​​ចោម​​​​​​ចៅ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​​​​ហើយ​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​​​​​​​ចូល​​​រួម​​​​​ក្នុង​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​។

លោក​​​ រ៉ុង ឈុន បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្ម​​​ករ​​​កម្មការ​​​ិនី​​​ហែក្បួន​​​​​​ពី​​​ចោម​​​ចៅ​​​ក្នុង​​​​​​បំណង​​​តែ​​​មួយ​​​ទេ​​​ គឺ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​”។​

លោក​​​ ផៃ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​ បាន​​​​​​ឲ្យ​​​ដឹង​​​ថា លោក​​​មិន​​​បាន​​​អមដំណើរ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ទៅ​​​អាកាសយានដ្ឋាន​​​ទេ​​​ ដូច្នេះ​​​​​​គឺ​​​មិន​​បាន​​​ដឹង​​​​​​ពី​​​ការ​​​ស្វាគមន៍​​​ខុស​​​ពី​​​​​​ការ​​​រំពឹង​​​ទុក​​​​​​នៅ​​​តាម​​​ផ្លូវ​​​ឆ្ពោះ​​​ទៅ​​​​​​អាកាស​​​យានដ្ឋាន​​​ឡើយ​​​។

លោក​​​ ផៃ ស៊ីផាន​​​ ក៏​​​បាន​​​​​លើក​​​ឡើង​​​​​​ផង​​​​​​ដែរ​​​ថា សម្រែក​​​ស្វាគមន៍​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ គឺ​​​គ្មាន​​​ប្រយោជន៍​​​ទេ។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​​​​ស្រែក​​​របស់​​​ពួក​​​គាត់​​​ជា​​​រឿង​​​របស់​​​ពួក​​​គាត់​​​​​”។ ប្រជា​​​ពល​​​​​​រដ្ឋ​​​បាន​​​សម្រេច​​​ចិត្ត​​​​​​រួច​​​ហើយ​​​ [ក្នុង​​​ការ​​​ជ្រើសរើស​​​​​​លោក​​​ ហ៊ុន សែន ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​] ក្រោយ​​​ការ​​​បោះឆ្នោត​​​​​​ខែ​​​កក្កដា”។

លោក​​​ ស្រី ថាមរ៉ុង ជំនួយ​​​ការ​​​ផ្ទាល់​​​​​​របស់​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ហ៊ុន សែន ដែល​​​​​​អម​​​ដំណើរ​​​ដោយ​​​​​​​​​លោក​​​ស្រី ប៊ុន រ៉ានី​​​ លោ​​​ក អូន ព័ន្ធ​​​មុនី​​​រ័ត្ន​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួងសេដ្ខកិច្ច​​​ និង​​​ហិរញ្ញវត្ថុ លោក ស៊ុន ចាន់​​​ថុល ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​និង​​​លោក​​​ ហោ ណាំ​​​ហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស ​​​ក្នុង​​​ដំណើរ​​​ទស្សន​​​កិច្ច​​​ទៅ​​​ទីក្រុង​​​ហូជីមិញ​នេះ​​​ គ្រោង​​​ជួប​​​ជាមួយ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​វៀតណាម​​​​​​ លោក​​​ ង្វៀន តាន់​​​ឌុង​​​ (Nguyen Tan Dung) នៅ​​​រសៀល​​​​​​ថ្ងៃ​​​ម្សិលមិញ​​​នេះ។

លោក ស្រី​​​ ថាមរ៉ុង បាន​​ឲ្យ​​​ដឹង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ចំនួន​​​ប្រាំ​​​បួនរវាង​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​​​​​​​នឹង​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថលេខា​​​អំឡុង​​​ដំណើ​​​រ​​​ទស្សនកិច្ច​​​ផ្លូវ​​​ការ​​​​​​នេះ​​​។ លោក​​​ ហ៊ុន សែន ក៏​​​នឹង​​​ជួប​​​អតីត​​​​​​យោធា​​​ស្ម័គ្រ​​​ចិត្ត​​​​​​វៀតណាម​​​​​​​​​រាប់​​​ទាំង​​​​​​អតីត​​​ប្រធានាធិបតី​​​​​​ ឡេ ដឹក អាញ់ (Le Duc Anh) ដែល​​​ជា​​​អ្នក​​​រៀប​​​ចំ​​​ផែនការ​​​​​​ឈ្លាន​​​ពាន​​​​​​​​​ដោយ​​​​​​កម្លាំង​​​យោធា​​​ក្នុង​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​១៩៧៨ ដើម្បី​​​ផ្ដួល​​​រំលំ​​​របប​​​ប៉ុលពត​​​ផង​​​ដែរ​​​។

ជា​​​អ្នក​​​​​​ដឹក​​​នាំ​​​កង​​​កម្លាំង​​​​​​វៀតណាម​​​អំឡុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៨០​​​ និង​​​ជា​​​ប្រមុខ​​​រដ្ឋ​​​​​​ពី​​​ឆ្នាំ​​​១៩៩២​​​ដល់​​​ឆ្នាំ​​​១៩៩៧ លោក​​​ ឡេ ដឹក អាញ់​​​ គឺ​​​ជា​​​​​​អ្នក​​​រួម​​​ចំណែក​​​ដ៏​​​សំខាន់​​​​​​ក្នុ​​​ង​​​ការ​​​​​​បង្កើន​​​កម្លាំង​​​យោធា​​​ដែល​​​បាន​​​ផ្ដួល​​​រំលំ​​​​​​របប​​​ប៉ុល ពត និង​​​ដែល​​​បាន​​​លើក​​​​​​បន្ដុប​​​​​​លោក​​​ ហ៊ុន សែន​​​ និង​​​សមាជិក​​​ជាន់​​​ខ្ពស់​​​​​​បក្ស​​​ឲ្យ​​​​​​ឡើង​​​កាន់​​​អំណាច​​​។ លោក​​​ ហារីស (Harish) និង​​​អ្នក​​​ស្រី​​​ ជូលី មេត្តា (Julie Mehta) ដែល​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​សរសេរនូវ​​​​​​ជីវប្រវត្ត​​​ិ​​​ បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​​​​ក្នុង​​​សៀវភៅ​​​របស់​​​ខ្លួន​​​​​​ក្រោម​​​ចំណង​​​ជើង​​​​​​ថា “ Strongman” ថា អតីត​​​ឧត្តមសេនីយ៍​​​ ឡេ ដឹកអាញ់ ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​​​​បំផុត​​​ជាមួយ​​​​​​លោក​​​ ហ៊ុន សែន អំឡុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៨០។

លោក​​​ ស្រី​​​ ថាមរ៉ុង​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោក​​​ ហ៊ុន​​​ សែន ក៏​​​នឹង​​​ទទួល​​​ទាន​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​​​​ជាមួយ​​​វិនិយោគិន​​​វៀតណាម​​​នៅ​​​ថ្ងៃ​​​នេះ​​​ផង​​​ដែរ​​​ ដោយ​​​លោក​​​​​​បាន​​​បញ្ជាក់​​​បន្ថែម​​​ថា ​​​​​​ការ​​​ធ្វើ​​​ពាណិជ្ជកម្ម​​​ជាមួយ​​​​​​វៀតណាម​​​បច្ចុប្បន្ន​​​នេះ​​​​​​មាន​​​ទំហំ​​​ស្មើ​​​នឹង​​​ទឹក​​​ប្រាក់​​​​​​ជាង​​​៣.០០០​​​លាន​​​ដុល្លារ​​​ ហើយ​​​រដ្ឋាភិបាល​​​​​​បាន​​​ “ ប្ដេជ្ញា​​​ថា នឹង​​​​​​បង្កើន​​​ឲ្យ​​​ដល់​​​​​​៥.០០០​​​លាន​​​ដុល្លារ​​​ក្នុង​​ឆ្នាំ​​​​​​២០១៥”។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​​​​ដឹង​​​ថា យើង​​​អាច​​​សម្រេច​​​បំណង​​​នេះ​​​បាន​​​”៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស