30 C
Phnom Penh

TAG

topstory

ព្រះសង្ឃ​​​ប្ដេជ្ញា​​​ធ្វើ​​​ “សង្គ្រាម​​​​​​” រហូត​​​ទាល់​​​តែ​​​អភិបាល​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​សុំ​​​ទោស​​​ជា​​​សាធារណៈ​​​

មេដឹកនាំ​​​ព្រះសង្ឃ​​​​​​មួយ​​​ក្រុម​​​ដែល​​​សកម្ម​​​ក្នុងរឿង​​​នយោបាយ​​​​​​បាន​​​ប្ដេជ្ញា​​​ធ្វើ​​​ “សង្គ្រាម”​​​​​​ប្រឆាំង​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​រហូត​​​ទាល់តែ​​​​​​អភិបាល​​​រាជធានី​​​​​​ លោក ប៉ា សុជាតិវង្ស ព្រម​​​សុំ​​​អភ័យ​​​ទោស​​​​​​ជា​​​សាធារណៈ​​​ចំពោះ​​​ការ​​​​​​ប្រើ​​​កម្លាំង​​​បំបែកក្រុម​​​​​​​​​អ្នក​​​តវ៉ា​​​ជា​​​ព្រះសង្ឃ​​​និង​​​​​ប្រជាពល​​​រដ្ឋ​​​ដែល​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ និង​​​ដែល​​​បាន​​​ប៉ុន​​​ប៉ង់​​​ធ្វើ​​​បាតុ​​​កម្ម​​​​​​​​​តវ៉ា​​​​​​ដោយ​​​អង្គុយ​​​ស្ងៀម​​​ស្ងាត់​​​​​​មួយ​​​កន្លែង​​​​​​​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​​​​នៅ​​​ក្រៅ​​​សា​​​លា​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញ។  ​​​​​​ អ្នក​​​តវ៉ា​​​ប្រហែលជា​​​១០​​​នាក់​​​មក​​​ពី​​​សហ​​​គមន៍​​​បឹងកក់និង​​​​​​ព្រះសង្ឃ​​​ចំនួន​​​ប្រាំ​​​អង្គ​​​បាន​​​ព្យាយាម​​​​​​បិទ​​​​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្សនៅ​​​ទល់​​​​​​មុខ​​​សាលា​​​រាជធានី​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៨ និង​​​៣០​​​នាទី​​​ព្រឹក​​ ប៉ុន្តែ​​​ត្រូវ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ ​​​និង​​​​​​សន្ដិសុខ​​​រុញ​​​ច្រាន​​​ឲ្យ​​​ឡើង​​​​​​លើ​​​ចិញ្ចើម​​​ផ្លូវ​​​វិញ​​​។ ខណៈ​​​ព្រះ​​​សង្ឃ​​​និង​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​​​​ប៉ុន​​​ប៉ង​​​ចុះ​​​មក​​​​​​តវ៉ា​​នៅ​​​​លើ​​​ផ្លូវ​​​វិញ​​​នោះ ​នគរបាលបាន​​​​​​​​​វាយ​​​អ្នក​​​តវ៉ា​​​​​​យ៉ាង​​​តិច​​​​​​ម្នាក់​​​ និង​​តាម​​​ចោទ​​​​​​ថា បាន​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​​​​រង​​​របួស​បីអង្គ​​។ លោក​​​ ឌឹម​​​ ឆន អាយុ​​​៤០​​​​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ក្របួច​​​​​​​​​ក​​​និង​​​វាយ​​​មួយ​​​ដំបង​​​ឆក់​​​ចំ​​​ក្បាល​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​ធាក់​​​ឲ្យ​​​​​​ដួល​​​​​​ទៅ​​​​​​លើ​​​​​ថ្នល​​​់​​​។ សៀត​​​ផ្កា​​​ផ្នែក​​​ខាង​​​ស្ដាំ​​​របស់​​​លោក​​​ ឆន​​​ បាន​​​ជាំ​​​ដោយ​​​មាន​​​ឈាម​​​ហូរ​​​ដោយ​​​សារ​​​របួស​​​​​​ត្រង់​​​ក្បាល​​​​​​​​​ក្រោយ​​​​​​មាន​​​ការ​​​ប៉ះទង្គិច​​​នេះ​​​។ លោក​​​ ឌឹម ឆន បាន​​​និយាយ​​​ថា...

ប្រាក់​​​ខែ​​​កម្មករត្រូវ​​​​ដំឡើង​​​ដល់​​​៩៥​​​ដុលា្លរ​​​ តែសហជីព​​​ប្តេជ្ញា​​​ធ្វើ​​​កូដកម្ម

កាលពីម្សិលមិញ រដ្ឋាភិបាល​បាន​ប្រកាស​ថា ប្រាក់​ខែ​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នឹង​ត្រូវ​ដំឡើង​ដល់​​៩៥​ដុល្លារ​នៅ​ខែ​មេសា​ គឺ​​កើន​ឡើង​១៩​ភាគរយ​ពីលើ​ប្រាក់​ខែ​បច្ចុ​ប្ប​ន្ន​​ចំនួន​៨០​ដុល្លារ​ ជា​ជំហាន​ដំបូង​នៅ​ក្នុង​ផែន​ការ​​ប្រាំ​ឆ្នាំ ដើម្បី​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​ដល់​១៦០​ដុល្លារ​ត្រឹម​ឆ្នាំ​២០១៨។ បន្ទាប់ពី​មាន​សេចក្ដី​សម្រេច​ដែល​មិន​​​​ស្រប​​​តាម​​​​ការ​ទាម​ទារ​របស់​សហជីព​ឲ្យ​​​ដំឡើង​ប្រាក់​ខែ​អប្បបរមា​១០០​ភាគរយ​​​នៅ​ឆ្នាំ​ក្រោយនោះ​​​​ កូដ​កម្ម​​និង​ការ​តវ៉ាទ្រង់​ទ្រាយ​តូច​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ រីឯ​​​​មេដឹកនាំ​សហជីព​ឯក​រាជ្យ​ និង​សហ​ជីព​ដែល​មាន​ទំនាក់​ទំនង​ជាមួ​យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើ​កូដកម្ម​​​​នៅ​​​ទូទាំង​ប្រទេស​ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ថែម​ទៀត​។ លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​​​គណៈ​​​កម្មការ​​​​ប្រឹក្សា​​​ការ​ងារ​ ​​​ជា​ស្ថាប័ន​ចម្រុះ​ភាគី​ដែល​​​​ជា​​​អ្នក​​​សម្រេច​​​​លើ​​​ការ​​​​ផ្លាស់​ប្ដូរ​ប្រាក់​ខែ​ថា រដ្ឋាភិបាល​បាន​ធ្វើ​​​ការ​​​​ពិចារណា​​​ដូច​​​​គ្នា​អំពីការ​ទាម​ទារ​របស់​កម្មករ​ និង​ម្ចាស់​រោង​ចក្រ​។ លោក​ អុិត សំហេង បានមាន​ប្រសាសន៍​ថា “ យើង​ចង់​ដំឡើង​ប្រាក់​ខែ​​​​ឲ្យ​​​បាន​​​ច្រើន​​​ជាង​​​នេះ​ទៅទៀត​ ប៉ុន្តែ​យើង​មិនអាច​ធ្វើបាន​ទេ​ ព្រោះ​​​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​​ផ្អែក​លើ​កត្តា​ជាច្រើន​ រួម​ទាំង​ជីវភាព​រស់​នៅ​ ផលិត​កម្ម និង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​វិនិយោ​គិន​មកពី​ប្រទេស​ជិត​ខាង​”។ ថ្វីបើ​មានការ​ដំឡើង​ប្រាក់ខែ​បែប​នេះ​ក្តី​​​ក៏ប្រាក់​ខែ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រាក់​ខែ​ទាប​បំផុតនៅ​ក្នុង​​​​ចំណោម​​​ប្រទេស​ផលិត​សម្លៀក​បំពាក់​ធំៗ​។ ប្រាក់ខែ​​​របស់​​​​​​កម្មករ​​​​នៅ​ប្រទេស​​​​ចិន វៀ​ត​ណាម និង​ឥណ្ឌូណេស៊ី បាន​កើន​ឡើង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មា​ន​ឆ្នាំ​ថ្មីៗ​នេះ​។ កាលពី​ដើម​ខែ​នេះ​ប្រទេស​បង់​ក្លាដែ​ស​បាន​ដំឡើង​ប្រាក់​ខែ​អប្បបរមា​របស់​ខ្លួន​៧៧​ភាគ​រយ​ដល់​៦៨​ដុល្លារ​។ លោក អុិត សំហេង បាន​​​​អំពាវនាវ​​​កុំ​ឲ្យ​​សហ​ជីព​ធ្វើ​ការ​តវ៉ា​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​មេដឹកនាំ​សហជីព​ទាំង​អស់​​កុំ​ឲ្យ​យក​បញ្ហា​នេះ​ទៅ​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​កូដ​កម្ម​ និង​បាតុកម្ម​ ពីព្រោះ​វា​មិនមាន​ប្រយោជន៍​​សម្រាប​់​កម្មករ​ និង​និយោជក​របស់​យើង​ទេ​។ យើង​នឹង​​​​មិន​ផ្លាស់​ប្ដូរ​ការ​សម្រេច​នេះទេ​ ពីព្រោះ​យើង​​​​ខ្លាច​វិនិយោគិន​ចាក​ចេញ​ពី​ប្រទេស​​​កម្ពុជា​”។ កម្មករ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០០​នាក់​ដែល​ជា​សមាជិក​សហព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (ស៊ីខាវឌូ) បាន​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​ងារ​ ដែល​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ហើយ​បាន​បិទ​ផ្លូវ​នោះ​មួយស​ន្ទុះ​ បន្ទាប់​ពីរដ្ឋាភិបាល​ប្រកាស​សេចក្ដី​សម្រេច​នេះ​។ លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវ​ឌូ ដែល​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោ​ម​មេដឹក​នាំ​សហជីព​ពីរ​រូប​ដែល​បាន​បោះ​ឆ្នោត​ជំទាស់​​​នឹង​​​​ការ​​​សម្រេច​​​រ​បស់​រដ្ឋាភិបាល​នេះ​បាន​​​មាន​​​​ប្រសាសន៍​ថា សហជីព​របស់​លោក​នឹង​មិន​ធ្វើ​តាម​​​​ការ​​​អំពាវ​​​នាវ​​​រ​បស​់​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ មិន​ឲ្យ​តវ៉ា​នោះ​​​ទេ។ លោក អាត់ ធន់​ បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​ចេញ​សេចក្ដី​ប្រកាស​ច្រាន​ចោល​​​ការ​ដំឡើង​ប្រាក់​ខែ​នេះ ហើយ​យើង​នឹ​ង​ធ្វើ​មហាបាតុកម្ម​នៅទូទាំង​ប្រទេស​ដើម្បី​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ជាង​នេះ​”។ លោក ជា មុនី ប្រធាន​​សហជីព​សេរីកម្ម​ករ​បានមាន​ប្រសាសន៍​ថា សមាជិក​សហជីព​របស់​លោក​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​​​​សេចក្ដី​សម្រេច​នេះ​ហើយ​ ហើយ​បាន​ព្យាករថា មេដឹកនាំ​សហជីព​មិន​អាច​រារាំង​​​ការ​ធ្វើ​កូដកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បានទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ កម្មករ​នឹង​តវ៉ា​ ពីព្រោះពួកគេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ប្រាក់​ខែ​អប្បបរមា​នេះទេ។ យើង​មិនអាច​គ្រប់​គ្រង​​កម្មករ​ទាំង​អស់​នេះ​បានទេ​ ពីព្រោះ​​​​កំហឹង​របស​់​ពួកគេ​កំពុង​ផ្ទុះឡើង​ដោយ​​​សារ​​​​សេច​ក្ដី​សម្រេច​ដំឡើង​ប្រាក់​ខែ​នេះ​”។ យោង​តាម​លោក យ៉ែន សុខហា៊ន តំណាង​​សហជីព​នៅ​រោង​ចក្រ​ម៉ាន​ហាតាន់ ​ក្នុង​ខេត្ត​កំពង់​ចាម ​ឲ្យ​ដឹង​ថា កម្មករ​ប្រហែល​៣.០០០​​​នាក់​ដែល​ជា​សមាជិក​សហជីព​សេរី​កម្មករ​បាន​បន្ត​ធ្វើ​កូដ​កម្ម​នៅ​រោង​ចក្រ​នេះ​កាលពី​ម្សិលមិញ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា កូដកម្ម​នឹង​បន្ត​ទៀត​នៅ​ថ្ងៃ​នេះ​។ លោក អ៊ុំ វិសាល មន្ត្រី​ផ្នែក​ច្បាប់​នៅ​សហ​​​​ជីព​ស៊ីខាវឌូ បានមាន​ប្រសាសន៍​ថា កម្មករ​ប្រហែល​១០.០០០​នាក់​នៅ​រោងចក្រ​ចំនួន​១០​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​កំពង់​ស្ពឺ និង​រាជ​ធានីភ្នំពេញ បាន​បន្ត​ធ្វើ​កូដកម្ម​បន្ទាប់ពី​ការ​ប្រកាស​សេចក្ដី​សម្រេច​នេះ​។ លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំគិ​ត​ថា ​កម្មករ​​មកពី​រោង​ចក្រ​ជាច្រើន​ទៀត​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ស្អែក​”។ លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា មាន​ប្រសាសន៍​ថា ​ប្រាក់​ខែ​អប្បបរមា​​​មិនអាច​ដំឡើង​បានទេ ឲ្យ​​​តែ​​​រោង​ចក្រ​​​​បន្ត​​​​ខាត​បង់​ដោយ​សារ​កូដ​​​កម្ម​​​​ខុស​ច្បាប់​នៅ​ក្នុង​​វិស័យ​នេះ​។ លោក​ កែន លូ​ ​មាន​ប្រសាសន៍​ថា “ យើង​​​មិន​អាច​ដំឡើង​ប្រាក់​ខែ​បានទេ។ យើង​ចង់​​​​ឲ្យ​​​មានការ​លុប​បំបាត់​កូដកម្ម​ខុស​ច្បាប់​។ ប្រសិន​បើ​កូដកម្ម​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ និង​កើតឡើង​កាន់​តែ​ញឹក​ញាប់​នោះ សូម្បី​តែ​​កាត់​បន្ថយ​​​​ប្រាក់​​​ខែ​​​កម្មករ​​​​ពាក់​កណ្ដាល​​ ក៏ឧស្សាហកម្មនេះ​នៅ​តែ​ស្លាប់​ដែរ”។ គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពីម្សិលមិញ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើង​វិញ​ និង​ដំឡើង​ប្រាក់​ខែ​អប្បបរមា​​ជាបន្ទាន់​ឲ្យ​បាន​១៦០​ដុល្លារ​ដូច​ការ​ទាម​ទារ​របស់​សហជីព​។ សេចក្ដី​ប្រកាស​នោះ​លើ​ក​ឡើង​ថា “ គណ​​​បក្ស​​​​សង្គ្រោះជាតិ​​​គិត​​​ថា ​​​ប្រសិន​​​បើ​​​មិន​​​ដំឡើង​​​ប្រាក់​ខែ​អប្បបរមា​​​​ឲ្យ​​​​ដល់​១៦០​ដុល្លារ​ភ្លាម​ទេ តម្លៃ​ម្ហូប​អាហា​រ​​​ឡើង​​​ថ្លៃ​​​​ និង​ការ​ចំណាយ​​​​​​ច្រើន​​​​នៅ​ក្នុង​​​​ការ​​​​​​រស់​​​នៅ​​​ ​មិនអាច​ធ្វើ​ឲ្យ​កម្មករ​​​​ដោះ​ស្រាយ​តម្រូវ​ការ​ជាមូល​ដ្ឋាន​របស់​ខ្លួន​បាន​ទេ​ ហើយ​កូដកម្ម​ដែល​បាន​​​ញាំញី​វិស័យ​​កាត់​ដេរ​នេះ​​នឹង​បន្ត​នៅពេល​ឆាប់ៗនេះ​”។ អំឡុង​ពេល​ការ​ហែក្បួន​​របស់​គណបក្ស​សង្គ្រោះជាតិ​កាលពីម្សិលមិញ លោក​ សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​បាន​ជំរុញ​ដោយ​ផ្ទាល់​ឲ្យ​កម្មករ​នៅទូទាំង​ប្រទេស​បន្ត​ធ្វើកូដកម្ម​ទាម​ទារដំឡើង​ប្រាក់​ខែ​។ លោក​បានមាន​ប្រសាសន៍​ថា “ យើង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះការ​តវ៉ា​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​ ហើយ​យើង​ក៏​ស្នើ​សុំ​ឲ្យ​កម្មករ​ទាំង​អស់​ឈប់​ធ្វើការ​​មកចូល​រួម​ធ្វើកូដកម្ម​ ឬការ​តវ៉ា​ ដើម្បី​​​​​​ទាម​​​ទារ​​​ឲ្យ​​​ដំឡើង​ប្រាក់​ខែ​​​ដល់​១៦០​​​​ដុល្លារ​ក្នុង​មួយ​ខែ”។ គឹមហឿន​ (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)

លោក​​​ សម រង្ស៊ី ចុះ​​​ជួប​​​កម្មករ​​​កម្មការិនី​​​ធ្វើកូដកម្ម​​​​​​នៅ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ខេត្ត​​​ស្វាយរៀង​​​

កាល​​​ពី​​​ម្សិលមិញ លោក​​​ សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ចុះ​​​ជួប​​​​​​កម្មករ​​​កម្ម​​​​​ការិនី​​​រាប់​​​ពាន់​​​នាក់​​​មក​​​ពី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ចំនួន​​​ពីរកន្លែង​​​​​​ក្នុង​​​ខេត្ត​​​ស្វាយរៀង​​​ ដែល​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​ទាមទារដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​ទាម​​​ទារ​​​​​​លក្ខខណ្ឌ​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​១៦ ខែ​​​ធ្នូ​​​ មក​​​។  កម្មករ​​​កម្មការិនី​​​ជាង​​​​​​២៥.០០០​​​នាក់​​​​​​មក​​​ពី​​​រោង​​​ចក្រ​​​ចំនួន​​​៣៦នៅ​​​​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ ម៉ានហាតាន​​​ និង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​តាយសេង​​​បាវិត​​​ បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​កូដកម្ម​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ ដើម្បី​​​ទាម​​​ទារ​​​​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ខែ​​​អប្បបរមា​​​​​​ភ្លាមៗ​​​ពី​​​៨០​​​ដុល្លារ​​​ទៅ​​​១៥៤​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ និង​​​ទាម​​​ទារ​​​ឲ្យ​​​រោងចក្រ​​​របស់​​​ខ្លួន​​​បញ្ឈប់​​​ការ​​​ពិន័យ​​​កម្ម​​​ករ​​​ចំនួន​​​១៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ នៅ​​​ពេល​​​ពួក​​​គេ​​​អវត្តមាន​​​​​​មិន​​​មក​​​ធ្វើ​​​ការ​​​។ កម្មករ​​​​​​ភាគច្រើនបាន​​​​​​សម្រាក​​​នៅ​​​ផ្ទះ​​​នៅ​​​ឡើយ​​​ចាប់​​​តាំ​​​ង​​​ពី​​​ថ្ងៃ​​​ពុធ​​​មក​​​ ដែល​​​នៅ​​​ពេល​​​​​​នោះ​​​មេដឹកនាំ​​​កូដកម្ម​​​ចំនួន​​​១៣​​​នាក់​​​​​​ត្រូវ​​​បាន​​​​​នគរបាល​​​ឃាត់​​ខ្លួន​​​​​​ព្រោះ​​​ការ​​​​​​គប់​​​ដំ​​​​​​ថ្មទៅ​​​លើ​​​រោង​​​ចក្រ​​​ ដើម្បី​​​ជំទាស់​​​នឹង​​​​​​ការ​​​ព្រម​​​ព្រៀង​​​មួយ​​​​​​រវាង​​​មេដឹកនាំ​​​សហជីព​​​ និង​​​អាជ្ញាធរ​​​ ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​កូដកម្ម​​​នេះ​​​។ នៅ​​​ពេល​​​ទៅ​​ដល់​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​​​​ម៉ានហាតាន​​​ ដែល​​​ស្ថិត​​​នៅ​​​ជាប់​​​ព្រំ​​​ដែន​​​វៀត​​​ណាម​​​នៅ​​​ម៉ោង​​​​​​ប្រហែល​​​​​​៧​​​ និង​​​​​​៣០​​​នាទី​​​ព្រឹក​​​ លោក​​​ សម...

គ.ជ.ប.ថា​​​ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​គឺ​​​មិន​​​អាច​​​ តែ​​​អ្នក​​​ច្បាប់​​​ថា​​​អាច​​​

សមាជិក​​​សភា​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​សម្ដែង​​​ការ​​​គាំទ្រ​​​​​​ចំពោះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​​​​ ដោយ​​​បាន​​​បញ្ជាក់​​​តាម​​​រយៈ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​ថា ការ​​​​​​បោះឆ្នោតសា​​​ឡើង​​​វិញ​​​​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​កំពុង​​​ទាមទារ​​​​​​គឺ​​​គ្មាន​​​ថ្ងៃ​​​កើត​​​ឡើង​​​ទេ​​ព្រោះ​​​​​​វា​​​មិន​​​ស្រប​​​តាម​​​ច្បាប់​​​។   ទោះ​​​ជាយ៉ាង​​​ណា​​​ ក្រុម​​​​​​ជំនាញ​​​ការ​​​​​​ដែល​​​យល់​​​ច្បាស់​​​ពី​​​ច្បាប់​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​បោះឆ្នោត​​​​​​សាឡើង​​​វិញ​គឺ​​​​​​ពិត​​​ជា​​​អាច​​​ទៅ​​​រួច​​​តាម​​​ផ្លូវ​​​ច្បាប់​​​មែន​​​​​​  ហើយ​​​អ្វី​​​តែ​​​ម្យ៉ាង​​​គត់​​​ ដែល​​​រដ្ឋាភិបាល​​​ត្រូវ​​​ការ​​​​​​ជា​​​ចំាបាច់​​​ដើម្បី​​​ឲ្យ​​​ការ​​​បោះឆ្នោតសា​​​​​​ឡើង​​​វិញ​​​នេះ​​​ប្រព្រឹត្ត​​​ទៅ​​​បាន​​​​​នោះ  គឺ​​​ឆន្ទៈ​​​នយោបាយ​​​។ អំឡុង​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​​​​កាល​​​ពី​​​ពីរ​​​សប្ដាហ៍​​​មុននេះ​​​​​​ លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឧទាហរណ៍​​​ពី​​​ប្រទេស​​​​​​ថៃ​​​ ដែល​​​រដ្ឋាភិបាល​​​​​​បាន​​​សម្រេច​​​ឲ្យ​​​មាន​​​ការ​​​​​​បោះឆ្នោត​​​​​​​​​មុន​​​កាល​​​កំណត់​​​នៅ​​​ខែ​​​កុម្ភៈដើម្បី​​​បញ្ចប់​​​​​​ការ​តវ៉ា​​​​ដែល​​​ចេះ​​​តែ​​​កើនឡើ​​​ង​​​​​​​​​​​ និង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​តាម​​​ដង​​​ផ្លូវ​​​​​​នៅ​​​ទីនោះ​​។ ​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ ក្រុម​​​អ្នក​​​តវ៉ា​​​រាប់​​​មឺុន​​​នាក់​​​​​​បាន​​​​​​នាំគ្នា​ធ្វើ​​​​​​បាតុ កម្មតាម​​​ដង​​​ផ្លូវ​​​ក្នុង​រាជធានីភ្នំពេញ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​ក្នុង​បំណង​​​ទាមទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ លាលែង​​​ពី​​​តំណែង​​​​​​។ ដោយ​​​សារ​​​​​​មាន​​​​​​ការ​​​តវ៉ា​​​កាន់​​​តែ​​​ខ្លាំង​​​​​​ឡើង​​​លោក​​​ ហ៊ុន សែន​​​...

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ហែ​​​ក្បួន​​​ដ៏​​​ធំ​​​ដើម្បី​​​អំពាវនាវ​​​ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​ ចុះចេញ​​​ពី​​​តំណែង​​​

អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ប្រហែល​​​៣០.០០០​​​នាក់​​​​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ និង​​​ហែក្បួន​​​​​​​​​ក្នុង​​​​​​ទីក្រុង​​​​​​ភ្នំពេញ​​​កាលពី​​​ម្សិល​​​មិញ​​​ ដើម្បី​​​អំពាវនាវ​​​ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​ ចុះ​​​ចេញពី​​​តំណែង​​​ ជា​​​​​​ការ​​​ហែ​​​ក្បួន​​​​​​ធំ​​​បំផុត​​​​​​ប្រឆាំង​​​​​​មេដឹកនាំ​​​គណបក្ស​​​ប្រជា​​​ជន​​​រូប​​​នេះ​​​​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​តវ៉ា​​​ដ៏​​​ធំ​​​ស្រដៀង​​​គ្នា​​​នេះ​​​​​​ ក្រោយ​​​ការ​​​បោះឆ្នោត​​​​​​ឆ្នាំ​​​១៩៩៨។  ការ​​​ហែ​​​ក្បួន​​​កាលពីម្សិលមិញ​​​ គឺជា​​​ការ​​​ហែក្បួន​​​​​​ថ្ងៃ​​​ទី​​​៨ជាប់​​​ៗ​​​គ្នា​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​​​​ប្រឆាំង​​​លោក​​​ ហ៊ុន សែន ដែល​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​​​​គ្មាន​​​​​​បំណងចុះ​​​ចេញ​​​ ឬ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្មី​​​មុន​​​ដាច់​​​អាណត្តិ​​​ប្រាំ​​​ឆ្នាំ​​​របស់​​​លោក​​​ ដូច​​​ដែល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​ទាម​​​ទារ​​​នោះ​​​ទេ​​​។ ការ​​​ហែក្បួន​​​​​​រយៈ​​​ពេល​​​រាប់​​​ម៉ោង​​​របស់​​​​​​បាតុករ​​​ជាង​​​២០.០០០​​​នាក់​​​នេះ​​​បាន​​​​​​ដើរ​​​រាប់​​​គីឡូម៉ែត្រ​​​​​​តាម​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្ស​​​ ហើយ​​​​​​បន្ទាប់​​​មក​​​បាន​​​បត់​​​តាម​​​មហា​​​វិថី​​​ម៉ៅ​​​សេ​​​ទុង​​​​​​ បត់​​​ទៅ​​​ជើង​​​​​​តាម​​​ផ្លូវ​​​១៦៣ ដើរ​​​ជុំវិញ​​​ស្ដាត​​​អូឡាំពិក​​​ និង​​​តាម​​​​​​មហា​​​វិថី​​​សាល​​​ដឺ​​​ហ្គោល​​​ មុន​​​ពេល​​​ត្រឡប់​​​ទៅ​​​​​​ទីលាន​​​ប្រជា​​​ធិ​​​បតេយ្យ​​​វិញ​​​ ដែល​​​នៅ​​​ទីនោះ​​​មាន​​​បាតុករ​​​រាប់​​​ពាន់​​​នាក់​​​កំពុង​​​រង់​​​ចាំ​​​​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​​​​ពួក​​​គេ​​​។ លោក​​​ សម...

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​លុប​ចោល​ច្បាប់​​​​​​កំណត់ថ្លៃសម្រាប់ហៅ​​ទូរស័ព្ទ

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លុប​ចោល​​ច្បាប់​ឆ្នាំ​២០០៩ ដែលកំណត់​ថ្លៃ​អប្បបរមា​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ ជា​ហេតុ​នាំ​ឲ្យ​បញ្ញតិករ​នានាមាន​ផ្លូវ​សម្រាប់​កំណត់​ថ្លៃ​ហៅ​ទូរស័ព្ទ​ឡើងវិញ​។ គួរបញ្ជាក់​ថា ប្រធាន​នាយក​ប្រតិ​បត្តិ​នៅ​ក្នុង​វិស័យ​នេះ​លើក​ឡើង​ថា តម្លៃ​នេះ​មាន​កម្រិត​ខ្ពស់​ពេក​។  ច្បាប់​នេះ​ឬក៏​ប្រកាស​លេខ​២៣២​ដែល​ត្រូវ​បាន​ប្រមាថ​យ៉ា​ង​ទូលំ​ទូលាយ​នេះ​បាន​កំណត់​ថ្លៃ​អប្បបរមា​ ៤,៥សេន​ក្នុងមួយ​នាទី​សម្រាប់ការ​ហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ និង​៥,៩៥​សេន​ក្នុងមួយ​នាទី​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ​។ ប្រកាស​នេះក៏​បានដាក់​ដែន​កំណត់​សម្រាប់ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ផង​ដែរ ពោល​គឺ​មិន​ឲ្យលើស​ពី៥០ភាគ​រយ​ទេ និង​ កំណត់​ចំនួន​ដង​នៃ​កម្មវិធី​ផ្តល់​អត្ថ​ប្រយោ​ជន៍​ផ្សេង​ៗ​ក្នុងមួយ​ឆ្នាំ​ៗ។ កាលពីខែ​វិច្ឆិកា បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ប្រតិ​បត្តិ​ករ​​កម្ពុជា​ទាំង​ប្រាំពីរ​នៅក្នុង​ប្រទេស​កម្ពុជា​គោរព​ និង​អនុវត្ត​តាម​ប្រកាស​នេះ​។ នេះគឺ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​កន្លងមក​នេះ​ ដែល​បញ្ញតិករ​ទូរគម​នា​គមន៍​កម្ពុជា​ចេញ​បទ​បញ្ជា​នេះ​ ហើយ​បន្ទាប់​មក​ក្នុង​រយៈពេល​មិនដល់​២០ថ្ងៃ​ផង​ ស្ថា​ប័ន​នេះ​ក៏​បាន​លុប​ចោល​បញ្ជានេះ​វិញ​។ ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាសកាលពី​ថ្ងៃ​សុក្រ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឃឹម រ៉ូសុីដា រដ្ឋលេខា​ធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា“ ផ្អែក​​លើ​លទ្ធផល​ពិគ្រោះយោបល់​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​ ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​អចល័ត​និង​ចល័តទាំង​ប្រាំបួន​ដែលបោះ​ទុន​វិនិ​យោគ​នៅ​​ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង​បង្កើត​លក្ខខណ្ឌ​ដែល​ធានាការ​​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់​​​ក្នុង​វិស័យ​ទូរគមនាគមន៍​ ប្រកាស​លេខ​២៣២​...ត្រូវ​បាន​ទុក​ជា​និរាករណ៍” ។ ជា​ផ្នែក​មួយ​នៃ​ការ​លុបចោល​ច្បាប់នេះ​ ក្រុម​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ ត្រូវ​បាន​ស្នើ​ឲ្យ​ប្រគល់​ទិន្នន័យ​ថ្លៃ​ដើមរបស់​ខ្លួន​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង​ ដោយ​ចាប់​ផ្តើម​ចាប់​ពី​ខែ​មករា​តទៅ។ សេចក្តី​ប្រកាស​ដដែល​មាន​ខ្លឹម​សារ​ថា“ ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ទាំង​អស់​ត្រូវ​ដាក់​ឯកសារ​គណនា​ថ្លៃ​ដើម​របស់​ខ្លួន​រៀង​រាល់​ប្រាំមួយ​ខែ​ម្តង​ ជូន​បញ្ញតិករ​ទូរគមនា​គមន៍​កម្ពុជា​ពិនិត្យ​ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៤តទៅ ដើម្បី​ឲ្យ​ស្ថាប័ន​នេះមាន​គោលការណ៍​ជា​មូល​ដ្ឋាន​ ក្នុងការ​តាម​ដាន​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​”។ ទោះ​ជា​យ៉ាង​ណា​ ប្រធាន​នាយក​ប្រតិបត្តិ​មួយ​រូប​​ដែល​និយាយ​ដោយ​សំុ​មិន​បញ្ចេញ​ឈ្មោះ​ថា សំណើ​នេះ​ទំនង​ជា​មិនត្រូវ​បាន​ឆ្លើយ​តប​ទេ​ ដោយ​សារ​តែ​ទិន្នន័យ​បែប​នេះ​គឺ​ជា​ទិន្នន័យ​រសើប​ផ្នែក​ពាណិជ្ជ​កម្ម​ ហើយ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ទាំង​ឡាយ​មិន​អាច​ទុក​ចិត្ត​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ការ​សម្ងាត់​ទេ​។ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ដាក់​ចេញ​នៅ​ចំណាត់​ការនេះ​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ និង​បាន​ប្រើ​ប្រាស់​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook) ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្តី​តវ៉ា​អំពី​ថ្លៃហៅ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​កំណត់​យ៉ាង​ខ្ពស់​។ កាលពី​សប្តាហ៍​មុន​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទូរស័ព្ទ​ចល័ត​ជាង​១.០០០នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដើម្បី​ទាម​ទារ​ឲ្យ​បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​លុប​ចោល​បទ​បញ្ជា​របស់​ខ្លួន​។ កាលពីខែ​ឧសភា នៅ​ពេល​ដែល​បញ្ញតិករ​​ទូរ​គម​​នាគមន៍​កម្ពុជា​ បាន​ចេញ​បញ្ជា​លើក​ដំបូង​ឲ្យ​ក្រុម​ហ៊ុន​ប្រតិបត្តិករ​កម្ពុជា​គោរព​តាមប្រកាស​លេខ​២៣២ អតិថិជន​ក៏​បាន​រិះ​គន់​ចំណាត់ការ​នេះ​ផង​ដែរ​ និង​បាន​ជំរុញ​ឲ្យ​លោក សូរ ឃុន អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃស​​​​ណីយ៍​​ និង​ទូរគមនាគមន៍លុប​ចោល​ប្រកាស​នេះ​វិញ​។ ពេលវេលា​សម្រាប់​បញ្ញតិករ​ទូរគម​នា​គមន៍កម្ពុជាចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ​តម្លៃ​អប្បបរមា​ឡើង​វិញ​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក៏​ប៉ុន្តែ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​លើក​ឡើង​ថា លោកចង់​ឲ្យ​ការ​ងារ​នេះ​ចាប់​ផ្តើម​ និង​បញ្ចប់នាពេល​ឆាប់​ៗនេះ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បញ្ញតិករ​ទូរគមនាគមន៍កម្ពុជា​ បាន​ឲ្យដឹង​ថា ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​អចល័ត​ និង​ចល័ត​បាន​យល់​ព្រម​បង្កើត​ស្ថាប័ន​ឯក​រាជ្យ​មួយ​ ដើម្បី​ពិភាក្សា​ និង​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ ក្នុង​ចំណោម​បញ្ហា​នានា​​​ក្នុង​វិស័យ​ទូរគម​នា​គមន៍​។​ បញ្ញតិករ​ទូរគមនាគមន៍​កម្ពុជា​ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ទូទៅ​រំពឹង​ថា នឹង​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ពិភាក្សា​គ្នា​អំពីប្រកាសនេះ​៕ សុធា​

រដ្ឋសភា​​​​​​ជ្រើស​​​តាំង​​​រដ្ឋមន្ត្រី​​​ពីររូប​​​ និងអនុម័តច្បាប់​​​​​​ថវិកាឆ្នាំ​​​២០១៤

កាល​​​ពីថ្ងៃ​​​សុក្រ​​​ សមាជិក​​​សភា​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ រួមទាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ផង​​​  បាន​​​បោះ​​​ឆ្នោត​​​ជា​​​ឯកច្ឆន្ទ​​​សម្រេច​​​ឲ្យ​​​សមាជិក​​​បក្ស​​​​​​ខ្លួន​​​ គឺ​​​លោក ស៊ុយ​​​ សែម  និង​​​លោក ចម​​​ ប្រសិទ្ធ​​​ ក្លាយ​​​ជា​​​ប្រមុខ    ​​​នៃ​​​ក្រសួង​​​ដែល​​​បង្កើត​​​ថ្មី​​​ចំនួន​​​ពីរ​​​ គឺ​​​ក្រសួង   ​​​រ៉ែ និងថាម​​​ពល​​​ និង​​​ក្រសួង​​​ឧស្សា​​​ហកម្ម និ​​​ង សិប្បកម្ម​​​។  សមាជិកសភា​​​គណបក្ស​​​កាន់​​​អំណាច​​​ទាំង​​​៦៧​​​នាក់​​​ដែល​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​សម័យ​​​ប្រជុំ​​​នេះ​​​ក៏​​​បាន​​​បោះឆ្នោត​​​ជ្រើស​​​​​​តាំង​​​រដ្ឋលេខាធិការ​​​​​ចំនួន​​​១៥​​​រូប​​​ទៀត​​​សម្រាប់​​​ក្រសួង​​​ចំនួន​​​ប្រាំ​​​ផង​​​ដែរ​​​ គឺ​​​​មាន​​​ក្រសួង​​​ រ៉ែ...

​បក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា ថ្ងៃ​អាទិត្យ​នេះ​ជា​ថ្ងៃតវ៉ា​ធំបំផុត​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្តធ្វើការ​តវ៉ា​ជាសាធារណៈ​ឈាន​ចូល​ដល់​​ថ្ងៃ​ទី​៦ ​​របស់​ខ្លួន​ក្នុង​រាជ​ធានី​​ភ្នំពេញ​ កាលពីថ្ងៃ​សុក្រ​ ដើម្បី​ទាម​ទារឲ្យ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លាលែង​ពី​តំណែង​ ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​រៀប​ចំ​ការ​បោះឆ្នោត​ឡើង​វិញ​។  អ្នក​គាំទ្រ​គណបក្សប្រឆាំង​រាប់​ពាន់​នាក់​បាន​ជិះ​ម៉ូតូ​ ម៉ូតូ​រឺុម៉ក់​កង់បី និង​កង់​ តាម​ផ្លូវ​នានា​នៅក្នុង​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​៧មករា​ ដោយស្រែក​បន្លឺឮៗ​ថា “ ហ៊ុន សែន អើយ​! ចាក​ចេញ​ទៅ​!” ។ នគរបាល​ចរាចរ​បាន​ធ្វើ​ដំណើរ​បើក​ផ្លូវ​ពី​ខាង​មុខ​ក្បួន​ដង្ហែ​ដែល​​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្បួន​ម៉ូតូ​ដ៏​វែង​នេះ​ឆ្លង​កាត់​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្មាន​ឧបទ្ទវ​ហេតុ​ ហើយ​គ្មាន​ការ​កក់​ស្ទះ​ចរាចរណ៍​​ខ្លាំង​ពេក​ទេ​​។ ពេល​ត្រឡប់​ទៅ​ដល់​ទីលាន​ប្រជា​ធិប​តេយ្យ​វិញ​ ទី​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់រយ​នាក់​បាន​បោះ​ជំរុំ​ចាប់តាំង​ពី​ការតវ៉ា​បាន​​ចាប់​ផ្តើម​​នៅ​​ថ្ងៃ​អាទិត្យ​ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា នៅថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ នឹង​ជា​កា​រ​បង្ហាញ​កម្លាំង​សន្តិវិធី​ និង​ធំ​បំផុត​របស់​គណបក្ស​ប្រឆាំង​ រហូ​តម​ក​ទល់​ពេល​នេះ​។ លោកបាន​​​មាន​ប្រសាសន៍​ថា “ នៅ​ថ្ងៃ​អាទិត្យ​​​​មាន​មនុស្ស​ច្រើន​មក​ពី​តាម​ខេត្ត​ ហើយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ក៏​​នឹង​​មក​ដែរ។  នឹង​​​ដើរ​ទាំង​អស់់​គ្នា​នៅទូទាំង​​រាជធានី​ភ្នំពេញ​” ។​លោក​បាន​បន្ត​ថា ​​គ្មាន​អ្វី​ខុស​ច្បាប់​ទេ​នៅ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​​គណ​បក្ស​​ប្រឆាំង​ដែល​ត្រូវ​បាន​ការ​ពារ​ក្រោម​រដ្ឋធម្មនុញ្ញ។ លោក​ កឹម សុខា ក៏​ទាម​ទារ​ឲ្យរដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែ​កក្កដា ​ដែល​គណបក្ស​​ប្រជា​ជន​កម្ពុជា​​កាន់​អំណាច បាន​បដិសេធ​មិនធ្វើ​តាម​រហូត​មក​។ លោក​​​ចោទ​សួរ​ថា “ ​​បើ​គាត់​និយាយ​ថា ការ​បោះឆ្នោត​នេះ​មាន​លក្ខណៈ​សេរី ដូច្នេះ ហេតុអ្វីបានជា​មិនអនុញ្ញាត​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ ឬ​រៀប​ចំការ​បោះឆ្នោត​ជា​ថ្មី​?”​។ លោក សម រង្ស៊ី បាន​​ឡើង​​លើ​វេទិកា​​នៅទីលាន​ប្រជា​ធិបតេយ្យ ហើយ​បាន​មាន​​ប្រសាសន៍​ថា វា​ដល់​ពេល​ដែល​ “ ជាតិខ្មែរ​” សង្គ្រោះខ្លួន​ឯង​ពីការ​បំផ្លិច​បំផ្លាញហើយ។ លោក​​​បន្ត​ថា “ មាន​តែ​ឱកាស​នេះ​ទេ វា​​ជា​ឱកាស​ចុងក្រោយ​ ប្រសិន​បើ​យើង​ចង់​រំដោះ​ប្រទេស​ជាតិ​របស់​យើង​នៅពេល​នេះ​”។ លោក​បាន​ចោទសួរ​ថា “ អ្នក​ខ្លះនិយាយ​ថា បាតុកម្ម​របស់​យើង​ធ្វើ​ឲ្យកក​ស្ទះចរាចរណ៍​​ និង​រំខានដល់​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរតាម​ផ្លូវ​។ ប៉ុន្តែ​អ្នក​ណា​ដែល​ត្រូវ​បាន​រំខាន ​នៅពេល​ប្រទេស​ជាតិ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ​​? ហេតុអ្វី​​បាន​ជា​ពួកគេ​មិនគិត​ពីរឿង​នេះផង​”។ សំដៅ​ដល់​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ថ្ងៃតែមួយ​​ បាន​មាន​ប្រសាសន៍​ថា រដ្ឋ​ធម្មនុញ្ញ​មិនអនុញ្ញាត​ឲ្យ​លោក​​ចុះ​ចេញ​ពី​តំណែង​ ឬ​ក៏អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មីមួយ​។ លោក សម រង្ស៊ី បាន​មាន​​​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​ក៏មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​លួច​សន្លឹកឆ្នោតដែរ​​ ជាការ​សំដៅ​​ចំៗ​ដល់​ការ​អះ​អាង​​របស់​គណ​បក្ស​ប្រឆាំង​​​ថា គណបក្ស​ប្រជា​​​ជន​កម្ពុជា​ឈ្នះឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹកឆ្នោត​​។ កាលពីថ្ងៃ​សុក្រ សាលា​រាជធានីភ្នំពេញ បានចេញលិខិត​មួយ​អំពាវ​នាវ​ឲ្យ​លោក​ កឹម សុខា និង​លោក សម រង្ស៊ី ចូលរួម​កិច្ច​ប្រជុំ​មួយ​​​​នៅ​ថ្ងៃ​សៅរ៍ ដោយលើក​ឡើងពី​​ថា កត្តា​ “ មិន​​សម​រម្យ​” ជាច្រើន​នៅ​ក្នុង​បាតុ​កម្ម​របស់​ពួក​គេ​ រួម​ទាំង​ការ​គ្រប់​គ្រង​បាតុករ​ សន្តិសុខ​សាធា​រណៈ​ និង​ធ្វើ​អត្ថាធិប្បាយជា​សារធា​រណៈថា​​​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​សិទ្ធិ​របស់​​អ្នកដទៃ​​។ ព្រឹទ្ធសភា​ក៏បានចេញសេចក្ដីថ្លែង​ការណ៍​មួយដែរ​ ដោយ​លើក​ឡើង​ថា ខ្លួន​គាំទ្រ​ការ​បក​ស្រាយ​​​របស់​លោក ហ៊ុន សែន អំពី​រដ្ឋ​ធម្មនុញ្ញពាក់ព័ន្ធ​​នឹង​អសមត្ថភាព​​របស់​រូប​លោក​ចុះ​ចេញពីអំណាច​សម្រាប់​រូប​លោក​លា​ឈប់ពីតំណែង​ ឬ​អំពាវនាវ​ឲ្យ​មានការ​បោះ​ឆ្នោត​ជា​ថ្មី​។ សេចក្ដីថ្លែង​ការណ៍ដដែល​បានបន្ត​ថា “ព្រឹទ្ធសភា​ពិចារណា​ថា ការ​ទាម​ទារ​របស់​គណបក្សសង្គ្រោះជាតិ និងអ្នក​តវ៉ា​របស់​ខ្លួន​​​នឹង​ធ្វើ​​បំផ្លាញ​សន្តិភាព​ ស្ថិរភាព សន្ដិ​សុខ​សង្គម និងការ​អភិវឌ្ឍជាតិ”៕ សុខុម​

លោក ហ៊ុន​ សែន​៖ លោក​នឹង​​មិន​​លាលែង​ពី​តំណែង​​ឬ​អំពាវ​​នាវ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​ជា​ថ្មី​ឡើយ​

កាលពី​ថ្ងៃ​សុក្រ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​រិះគន់​ជា​ច្រើន​របស់​គណបក្ស​ប្រឆាំង​ និងការ​ធ្វើ​បាតុកម្ម​ប្រចាំ​ថ្ងៃ​ដោយអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អំពាវ​នាវ​ឲ្យ​រូប​លោក​ចុះ​ចេញ​ពី​តំណែង​។ លោក​បាន​អះ​អាង​ថា លោក​គ្មាន​បំណង​ចុះ​ចេញ​ពី​តំណែង​​ឡើយ​ ហើយ​ក៏​មិន​ដឹង​ថា លោក​បាន​ធ្វើ​អ្វី​ខុស​ដែរ​។  ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​រដ្ឋ​សភាកាលពី​ថ្ងៃ​សុក្រ​ លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា គ្មាន​ច្បាប់​ណា​អនុញ្ញាត​ឲ្យ​លោក​រម្លាយ​​សភា​ឡើយ​ ហើយ​គ្មាន​កាលៈ​ទេស​ៈដែល​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ ឬ​អំពាវ​នាវ​ឲ្យ​មានការ​បោះ​ឆ្នោត​ជាថ្មី​ អំឡុង​អាណត្តិ​​ដឹកនាំ​រយៈពេល​ប្រាំ​ឆ្នាំ​នោះ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ឡើង​តាម​​រដ្ឋ​ធម្ម​នុញ្ញ ​ខ្ញុំ​ចុះ​ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ​​។ ប្រទេស​​ដទៃ​​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រកាស​រម្លាយ​​សភា។ ប៉ុន្តែ នៅ​កម្ពុជា ​តាម​មាត្រា​៧៨នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​កំណត់​​ថា ​​សភា​មាននីតិកាល​ប្រាំ​​​​ឆ្នាំ​ សភា​មិន​អាច​រម្លាយមុន​អាណ​ត្តិ​​បានទេ លើក​លែងតែ​រាជ​រដ្ឋាភិ បាល ​ត្រូវ​​រម្លាយ​ពីរ​ដង​ក្នុង​រយៈពេល​១២ខែ​”។ លោក ហ៊ុន សែន ក៏​​​មាន​ប្រសាសន៍​ដែរ​ថា សូម្បី​ព្រះ​មហាក្សត្រ​ នរោត្តម សីហ​មុនី ក៏​គ្មាន​សិទ្ធិ​រម្លាយ​រដ្ឋាភិបាល​របស់​លោក​ដែរ។     លោក​បាន​ចោទ​សួរ​ថា “ ​មួយ​ទៀត​ទាម​ទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញ​ពី​តំណែង​ តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី​? ប្រសិន​បើ​សភា​ទម្លាក់​ខ្ញុំ​ នោះ​ជា​រឿង​មួយ​ទៀត​។ ប៉ុន្តែ​ការ​លាលែង​របស់​ខ្ញុំ​ មិន​មែន​ជា​ចង​់​បាន​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ​និង​គាំទ្រ​ខ្ញុំ​នោះ​ទេ”។ លោក​បាន​បន្ត​ថា ការ​ទាម​ទារ​ឲ្យ​លោក​ចុះ​ចេ​ញពី​តំណែង​មិន​មែន​ជា​រឿង​ថ្មី​ទេ​ គឺ​មាន​ការ​ទាម​ទារ​បែប​នេះ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​លើក​ឲ្យ​ធ្វើ​ជា​មេដឹក​នាំ​របស់​កម្ពុជា​បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែ​រ​ក្រហម​របស់​ប៉ុល​ ពត​ ក្នុង​ឆ្នាំ​១៩៧៩មក​ម៉េ្លះ​។ លោក​​មាន​ប្រសាសន៍​ថា ផ្ទាំង​បដា​ និង​ផ្ទាំង​រូប​ភាព​ដែល​មាន​សរសេរ​អក្សរ​អំពាវ​នាវ​ឲ្យ​លោក​ចុះ​ពី​តំណែង​គឺ​ជា​ស្នាដៃរបស់​មេដឹកនាំ​​​នយោបាយ​ “ មិន​មែន​អ្នក​តវ៉ា​ទូទៅ​នោះ​ទេ។​ដូច្នេះ សូម​បញ្ជាក់​ថា គ្មាន​ការ​បោះ​​​ឆ្នោត​ឡើង​វិញ​ទេ ពីព្រោះ​គ្មាន​អ្នក​រម្លាយ​សភា​ ហើយ​ក៏​គ្មាន​យន្ត​ការ​ណា​កំណត់​អំពី​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នោះដែរ”។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​សុក្រ អង្គការ​សិទ្ធិមនុស្សក្នុង​ស្រុក​​អាដហុក​​បាន​អំពាវ​នាវឲ្យ​ “ ភាគី​ទាំង​ពីរ​ព្រម​ព្រៀងលើ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​​អត្ថន័យ​ រយៈពេល​វែង​ ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សំខាន់​បំផុត​ដោយ​សន្តិវិធី​ចំពោះ​ស្ថានភាពជាប់​គាំង​នា​ពេល​​បច្ចុប្បន្ន​”។ អង្គការ​អាដហុក​បាន​លើកឡើង​ថា វា​អាច​មាន​លទ្ធផល​ពីរ​ប្រសិន​បើ​ការ​ជាប់​គាំង​ខាង​នយោបាយ​នៅ​តែ​បន្ត ហើយ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នោះ​គឺ​ថា កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋ​នឹង​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​ហិង្សា​ ឬ​ថា ចលនា​អំណាច​របស់​ប្រជា​​​ពលរ​ដ្ឋ​អាច​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​កាន់​អំណាច​ដែល​ហួស​ពី​ព្រំដែន​លទ្ធិ​ប្រជាធិបតេយ្យ​។ សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​កំណែ​ទម្រង់​ និង​ការ​បោះ​ឆ្នោត​ក្នុង​រយៈ​ពេល​ពីរបី​ខែ​បន្ទាប់​ទំនង​ជា​មិនអាច​ទៅ​រួច​ឡើយ​។ សម្រាប់​កំណែ​ទម្រង់​បោះ​ឆ្នោត​ប្រកប​​ដោយ​អត្ថន័យ​កើត​ឡើង​ទៅ​បាន​ គឺចាំ​បាច់​ត្រូវ​ផ្តល់​ពេល​វេលា​បន្ថែ​ម​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ស្ថាប័ន​បោះ​ឆ្នោត​ថ្មី​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​ តែ​ទោះ​ជាយ៉ាង​ណា​​ការ​បោះ​ឆ្នោត​នេះ ​នឹង​ធ្វើ​ឲ្យ​ខូច​ដោយ​សារ​តែ​ភាព​មិន​ប្រក្រតី​ដដែរ ដូច​ការ​បោះ​ឆ្នោត​លើក​មុន​។​ នេះ​ជា​ហេតុ​ផល​ដែល​អង្គការ​អាដហុក​ស្នើ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​អាណត្តិ​​នៅ​ក្នុង​រយៈពេល​ប្រហែល​​ពីរឆ្នាំ​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​បាន​ធ្វើ​ការ​ហែក្បួន​តាម​ម៉ូតូ​ប្រចាំ​ថ្ងៃនៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​។ លោក​ ហ៊ុន សែន​ បាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់​ ប្តឹង​គណបក្សប្រឆាំង​ពី​បទ​គំរាម​បិទ​ផ្លូវ​ចេញ​ចូល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោកនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ ការ​បិទ​ផ្លូវ​នឹង​មិន​ប៉ះ​ពាល់​ដល់​រដ្ឋាភិ​បាល​ និង​ស្ថាប័ន​របស់​ខ្លួនទេ​ ប៉ុន្តែ​ប៉ះ​ពាល់​​ប្រជា​ពលរដ្ឋ។ ​វា​ជា​ទង្វើ​ខុស​ច្បាប់​ ដូច្នេះ​រដ្ឋាភិបាល​នឹង​ឆ្លើយ​​តបអម​ដោយ​​​វិធានការ​ច្បាប់​។ គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ​”។ លោក កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃសុក្រ​ថា ការបដិសេធ​​របស់​លោក​ ហ៊ុន សែន មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ និង​​​បន្ត​ច្រាន​ចោល​ការ​តវ៉ា​​​ គ្មាន​អ្វី​ថ្មី​ទេ​។ លោកបាន​មាន​ប្រសាសន៍​ថា “ វា​ជា​វប្បធម៌​របស់​មេដឹក​នាំ​ផ្តាច់ការ​នៅ​ទូទាំង​ពិភពលោក​ដែល​មិនងាយ​នឹង​ចុះ​ចេញ​ពី​អំណាច​ ហើយ​ពួកគេ​មិន​ដែល​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ឡើយ​”។ លោក​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន​ កំពុង​តែ​សម្ងំ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ច្បាប់​ ហើយលោក​គួរ​តែ​ប្រឈម​នឹង​ការ​ពិត ដែល​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​កំពុង​អំពាវ​នាវ​ឲ្យលោក​ចុះ​ចេញ​ពី​អំណាច​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នៅ​ពេលមាន​ការ​អំពាវ​នាវ​បែប​នេះ​ពី​ប្រជា​ពល​រដ្ឋ​​រាប់​ពាន់​នាក់​ និង​កន្លែងណាមាន​​អំពើ​អយុត្តិធម៌​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​ មេដឹក​នាំ​ទាំង​នោះ​​នឹង​យក​ករណី​នេះ​ទៅ​ពិភាក្សា​គ្នា ឬ​លាលែង​ពី​តំណែង​តែ​ម្តង។ លោក​បាន​មាន​ប្រសាសន៍​បន្ត​​​ទៀត​ថា​ “ ខ្ញុំ​គិត​ថា គាត់​គួរ​តែ​មក​ទីលាន​ប្រជាធិប​​​តេយ្យ​ ពេល​នោះ​គាត់​នឹង​ដឹង​ពី​មូល​ហេតុ​ដែល​អ្នក​តវ៉ា​ទាម​ទារ​ចង់​ឲ្យ​គាត់​ចុះ​ចេញ​ពី​អំណាច​”។ លោក កឹម សុខា បានមាន​ប្រសាសន៍​​បន្ត​ថា គណបក្សសង្គ្រោះ​ជាតិ​ប្តេជ្ញា​បន្ត​ផែនការ​បិទ​ផ្លូវ​ចេញ​ចូលមក​​រាជធានី​ភ្នំពេញ ហើយ​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​ និង​បន្ត​រហូត​ដល់​ពួកគាត​ទាម​ទារ​បានសម្រេច​៕សុខុម​  

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មន្ត្រី​ពន្ធដារ​ខេត្ត​​ម្នាក់​

ក្រុមមន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា កាលពីថ្ងៃ​ពុធ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានចាប់​ខ្លួន​មន្ត្រី​សាខា​ពន្ធ​ដារខេត្ត​សៀម​រាប​ម្នាក់ បញ្ជូន​មក​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ទីក្រុង​ភ្នំពេញ។ លោក ឌុច សុខសារិន ប្រធាន​សាលា​ដំបូង​​​ខេត្ត​សៀម​រាប បាន​មាន​ប្រសាសន៍​ថា លោក​លីវ ប៊ុនថន ប្រធាន​ផ្នែក​គ្រប់​គ្រង​អ្នក​ជាប់​ពន្ធ​មធ្យម​នៃ​សាខា​ពន្ធ​ដារ​ខេត្ត​សៀម​រាប ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ​តាម​មាត្រា​ ៥៩២ និង​​មាត្រា ៥៩៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​ល្មើស​នេះ​អាច​មាន​ទោស​ជាប់​ពន្ធ​នាគារ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​ និ​ង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀ​ល​ទៅ​១០​លាន​រៀល​។ លោក​ចៅក្រម​ សុខសារិន មាន​ប្រសាសន៍​​ថា លោក ប៊ុន​ថន ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​យក​ពន្ធ​​​លើ​​អចលនទ្រព្យ​លើសចំនួន​ផ្លូវ​ការ​​ដែល​​​រដ្ឋាភិបាល​បាន​​កំណត់​​ ហើយ​យក​លុយ​បង់​ពន្ធ​លើស​​នោះ​ដាក់​ហោ​ប៉ៅ​​ផ្ទាល់​ខ្លួន​។ លោក​ សុខសារិន បានមាន​ប្រសាសន៍​ថា “ គាត់​បាន​យក​ពន្ធ​៥០០​ដុល្លារ​ ប៉ុន្តែ​កត់​​ត្រា​ចូល​ក្នុង​បញ្ជី​ចំណូល​របស់​រដ្ឋ​តែ​២០០​ដុ​ល្លារ​ប៉ុណ្ណោះ”។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​មិន​ដឹង​ច្បាស់​ថា លោក​ ប៊ុនថន បាន​ធ្វើ​បែប​នេះ​ប៉ុន្មា​ន​​ដង​ទេ​ ហើយ​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​​នឹង​ស៊ើបអង្កេត​រឿង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​សាក​សួរ​ គាត់​សុំ​​ប្រើ​សិទ្ធិ​របស់​គាត់​មិន​និយាយ​​​​រហូត​ដល់​គាត់​មាន​មេធាវី​សិន ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​បណ្ដោះ​អាសន្ន​ពីបទ​ពុក​រលួយ​”។ លោក​បាន​​មាន​ប្រសាសន៍​ថា ឥឡូវ​​នេះ​លោក ប៊ុនថន មាន​មេធាវីហើយ។ លោក ខូយ ឈិន ប្រធាន​សាខា​ពន្ធ​ដារ​ខេត្ត​​សៀម​រាប​បាន​បញ្ជាក់​ថា លោក ប៊ុនថន ត្រូវ​បាន​មន្ត្រី​មកពីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ចាប់​ខ្លួន​កាលពីថ្ងៃពុធ​ និង​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​រូប​នេះ​​មាន​តួនាទី​ជា​អ្នក​​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​ពីសណ្ឋាគារ​នៅ​​ក្នុង​ខេត្ត​សៀម​រាប។ ប៉ុន្តែ​លោក​ ឈិន បានមាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ទំហំ​នៃ​អំពើ​ពុក​រលួយ​ដែល​ត្រូវ​បាន​គេ​ចោទនេះទេ។ លោក ឆាយ សាវុធ អនុ​ប្រធាន​អង្គភាព​ប្រឆាំ​ង​​អំពើពុក​រលួយ​​បដិសេធ​មិន​និយាយ​អំពី​ករណីនេះទេ​ លុះត្រា​តែការ​ស៊ើប​អង្កេត​ចប់​សព្វ​គ្រប់​សិន​ ដោយ​គ្រាន់​តែ​និយាយ​ថា លោក​គ្មាន​សិទ្ធ​ិនិយា​យអំពី​រឿង​នេះទេ។ កាលពីខែ​វិច្ឆិកា មន្ត្រី​សាខា​អគ្គិសនី​ខេត្ត​មណ្ឌល​គិរីពីរ​នាក់​ និង​មន្ត្រី​ពន្ធ​ដារ​ខេត្ត​ព្រះ​សីហនុ​ម្នាក់ ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​ពុ​ក​​​​រលួយ និ​ង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមិន​និយាយ​​​​អំពី​ករណីទាំងពីរ​នេះទេ​ ហើយ​ក៏មិនទាន់​បាន​​​ស៊ើប​អង្កេត​​លើ​អំពើ​ពុក​រលួយ​​​ដែល​​មូល​​និធិ​ពិភពលោក​ដើម្បី​ប្រយុុទ្ធ​ប្រឆាំ​ង​ជំងឺ​អេដស៍​ របេង ​និង​គ្រុន​ចាញ់​ បាន​រក​ឃើញ​នៅ​ក្នុង​​​វិស័យ​សុខាភិបាល​កាលពីខែ​មុន​នោះដែរ។ លោក ប៉ែន ប៊ុណ្ណារ៍ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​អាដ​ហុក​ បាន​កត់​សម្គាល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ផ្ដោត​តែ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ ចាប់​តាំងពីអង្គភាព​នេះ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​​២០១០មក​។ លោក​បានមាន​ប្រសាសន៍​ថា “ ជារឿយៗ​​ខ្ញុំសង្កេត​ឃើញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រើស​អើង​ណាស់​។ ការ​ចាប់​ខ្លួនធ្វើ​ឡើង​ដោយ​រើស​មុខ​ ហើយ​ពួកគេ​ផ្ដោត​តែ​លើ​មន្ត្រី​ថ្នាក់​ក្រោមប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​​នៅតែ​ចាប់​ខ្លួន​មន្ត្រី​ថា្នក់​ក្រោម​​ និង​ថ្នាក់​​កណ្តាល​​ទៀត​អាច​នឹ​ង​មា​ន​ការ​តវ៉ា​ធំពី​មន្ត្រីថ្នាក់​ក្រោម​​ទាំង​នោះ​ ពីព្រោះ​​អំពើ​ពុក​រលួយ​​កើត​ឡើង​ជា​ប្រព័ន្ធ​។ គួរ​តែ​ចាប់​ត្រីធំ​​ដែរ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​៕គឹមហឿន

Latest news