33.2 C
Phnom Penh

​រោងចក្រ​ខ្លះ​នៅ​តែ​​​បើ​កទ្វារ​ ទោះ​​​​​ GMAC ​ស្នើ​ឲ្យ​បិទទាំង​អស់​​ក៏​ដោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ព្រឹក​ម្សិលមិញ​ រោង​ចក្រ​កាត់​ដេរ​មួយ​ចំនួន​បាន​បើក​ទ្វារ​របស់​ខ្លួន​ដើម្បី​ដំណើរ​ការ​ ទោះ​បី​ជា​កាលពី​ថ្ងៃ​អាទិត្យ​ សមាគម​រោង​​​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) បានអំពាវ​នាវ​ឲ្យ​រោង​ចក្រ​ទាំង​អស់​បិទ​ទ្វារ​រហូត​ទាល់​តែ​រដ្ឋាភិ​បាល និង​សហ​ជីព​ដែល​ធ្វើ​កូដកម្ម​​​ធានា​សុវត្ថិភាព​ដល់​រោង​ចក្រ​ទាំង​នោះ​។

​នៅក្នុង​លិខិត​បើក​ចំហ​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ សមាគម​​​ ​GMAC​ ​បាន​ចោទ​ប្រកាន់​សហ​ជីព​ប្រាំមួយ​ ដែល​គេ​ដឹង​ថា មិន​មាន​​ទំនាក់ទំនងជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ​្ឋមន្ត្រី​ ហ៊ុន សែន ថា ​បាន​ញុះ​ញង់​សមាជិក​របស់​ខ្លួន​ឲ្យ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រោង​ចក្រ​ និង​បង្ខំ​កម្មករ​ឲ្យ​ចូល​រួម​ក្នុង​សកម្ម​ភាពតវ៉ា​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​

ឈ្នួល​របស់​ខ្លួន​។ សមាគម​​​ ​GMAC​ បានឲ្យដឹង​ថា រោង​ចក្រ​​ទាំងអស់​ជាង​​៤០០ដែល​ជា​សមាជិក​​របស់​ខ្លួន នឹង​បិទ​ទ្វារ​ ឬក៏​នៅ​តែ​បិទ​ទ្វារ​រហូត​ទាល់​តែ​សហជីព​ទាំ​ង​នោះ​និង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​អាច​ធានា​សុវត្ថិភាព​របស់​រោង​ចក្រ​ទាំង​នោះ​បាន។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​កាល​ពី​ម្សិលមិញ សមាគម​​​ ​GMAC​ បានឲ្យ​ដឹង​ថា រោងចក្រ​មួយ​ចំនួន​នៅ​តែ​បើក​ទ្វារ​ដំណើរ​ការ​ ក៏​ប៉ុន្តែ ដោយ​សារ​តែ​កម្មករ​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​រោង​ចក្រ​ទាំង​នោះ​ធ្វើ​បែបនេះ​។

សមាគម​​​ ​GMAC​ បានលើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា “ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ សមាជិក​មួយ​ចំនួន​ដែល​ទទួល​បាន​សំណើ​ពី​កម្មករ​ឲ្យ​ដំណើរការ​វិញ​ដោយ​ទទួល​បាន​ប្រាក់​ខែ​ដូច​សព្វ​ដង​នោះ បាន​បង្ខំ​ចិត្ត​បើក​ដំណើរការ​ ដោយ​សា​រតែមាន​សំណើ​​របស់​កម្មករ​ដែល​មាន​ក្តី​សង្ឃឹមក្នុង​ចិត្ត​​ថា ខ្លួន​នឹង​បានជួយ​​ទ្រទ្រង់​ជីវភាព​រស់​នៅ​ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​”។

សមាគម​​​ ​GMAC​ បានចោទ​ប្រកាន់​ថា “ គួរ​​​​ឲ្យ​សោក​ស្តាយ​ណាស់​ សហជីព​ទាំង​ប្រាំ​មួយ​… នៅ​តែ​បន្ត​សកម្មភាព​ហិង្សា​របស់​ខ្លួន​ និង​បាន​ចេញ​ពី​រោង​ចក្រ​មួយ​ទៅ​រោង​ចក្រ​មួយ​ទៀត ហើយ​បាន​គំរាម​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​សន្តិសុខ ​និង​សុវត្ថិភាព​ ព្រម​ទាំង​ជីវិត​របស់​កម្មករ​ និង​បុគ្គលិក​រោង​ចក្រ​ ក៏​ដូច​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជន​របស់​និយោជក​”។

លោក កែន លូ អគ្គលេខា​ធិការ​សមាគម​​​ ​GMAC​ បានឲ្យ​ដឹង​ថា រោង​ចក្រ​ប្រហែល​៨០​បាន​បើក​ទ្វារ​ដំណើរការ​កាលពី​ម្សិលមិញ ដែល​ភាគ​ច្រើន​នៅ​តាម​បណ្តា​ល​ខេត្ត​ ហើយ​រោងចក្រ​មួយ​ចំនួន​ទៀត​អាច​នឹង​បើក​ដំណើរ​​ការ​ឡើង​វិញ​ក្នុង​​ថ្ងៃ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​គឺ​ជា​ស្ថានភាព​ប្រែប្រួល​មួយ​ ដូច្នេះ​ វា​អាស្រ័យ​ទៅ​​លើ​ស្ថានភាព​”។

លោក គង់ អាទិត្យ​ អនុប្រធាន​សម្ព័ន្ធ​សហ​​ជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ដែល​ស្ថិត​ក្នុង​ចំណោម​សហ​ជីព​ទាំង​ប្រាំមួយ​ដែល​សមាគម​​​ ​GMAC​ បានចោទ​ប្រកាន់នោះ​ បាន​ប៉ាន់​ស្មាន​ថា រោង​ចក្រ​ក្នុង​ចន្លោះ​ពី​១០​ទៅ​២០ភាគ​រយ​នៅ​តែ​បើក​ទ្វារ​ដំណើរការ​។

លោក​ក៏បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​ថា សមាជិកសហជីពមិន​បាន​បង្ខំ​កម្មករ​ដែល​ចង់​បន្ត​ធ្វើការ​ងារ​របស់​ខ្លួន​ទេ​។

លោក គង់ អាទិត្យ ​បាន​មាន​ប្រសាសន៍ថា  “ យើង​មិន​បាន​បង្គាប់ឲ្យ​អ្នក​តវ៉ា​មក​តវ៉ា​ទេ។ ពួកគេ​មក​តវ៉ា​ដោយ​ខ្លួន​ឯង”។

លោក យ៉ាង សុ​ភ័ណ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ ក៏​បាន​ច្រាន​ចោល​សេចក្តី​អះ​អាង​របស់​សមាគម​​​ ​GMAC​ ដែល​ថា សហជីព​ទាំង​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ ចំពោះ​ការ​បាត់​បង់​ប្រាក់​ឈ្នួល​ ការងារ​ និង​វិនិយោគ​ដោយ​សារ​តែកូដកម្ម។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​យល់​ស្រប​តាម​ការ​អះអាង​របស់​សមាគម​​​ ​GMAC​ ទេ ហើយ​… យើង​បាន​ជូន​ដំណឹង​ទៅ​សមាគម​​​ ​GMAC​ ថា យើង​មិន​ពេញ​ចិត្ត​ប្រាក់​ឈ្នួល​អប្បបរមា​៩៥ដុល្លារ[ក្នុង​មួយ​ខែ]ទេ គឺ​យើង​ត្រូវ​ការ​១៦០ដុល្លារ​។ សមាគម​​​ ​GMAC​ ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​”។

ក្នុង​ចំណោម​រោងចក្រ​បាន​បើក​ទ្វារ​ដំណើរ​ការ​កាលពី​ព្រឹក​ម្សិលមិញ ក៏​មាន​រោង​ចក្រ​ ហ្គោល​ឌិន ម៉ាយ (Golden Mile) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​នៅ​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញផងដែរ។

លោក សុខ ចាន់​រ៉ា ប្រធាន​រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា ​កម្មករ​ប្រហែល​១៥ភាគ​រយ​ក្នុង​ចំណោម​​កម្មករ​ជា​ធម្មតា​១.៧០០​នាក់​បាន​ចូល​ធ្វើការ​វិញ​ នៅ​ពេល​កម្មករ​រោង​​ចក្រ​កាត​់ដេរប្រហែល​៣០ ឬ​៤០នាក់​ដែល​ធ្វើ​កូដកម្ម​បាន​មក​ដល់​ខ្លោង​ទ្វារ​រោង​ចក្រ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ពួកគេ​បាន​ប្រើ​ឧគ្ឃោសនសព្ទ ដើម្បី​ញុះ​ញង់​កម្មករ​ដោយ​និយាយ​ថា ‘ សូម​កម្មករ​ទាំង​អស់​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ’ ”។
លោក ចាន់រ៉ា បាន​លើក​ឡើងថា អ្នក​តវ៉ា​មិន​ប្រើ​អំពើ​ហិង្សា​ និង​មិន​បាន​បង្ខំ​​កម្មករ​​ឲ្យ​ចូល​រួម​ជា​មួយ​ពួកគេ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ពួកគេ​គ្រាន់​តែ​សួរ​តើ”។

ក៏​ប៉ុន្តែ​លោក ចាន់រ៉ា បាន​ឲ្យ​ដឹង​ថា លោក​បាន​ប្រាប់​កម្មករ​នៅ​ក្នុង​រោង​ចក្រ​ឲ្យ​ចាក​ចេញ​ “ ពីព្រោះ​ យើង​គិត​អំពី​សុវត្ថិភាព​… ដោយ​សារ​តែ​មនុស្ស​នៅ​ខាង​ក្រៅ​ភាគ​ច្រើន​​ចង់​ចូល​មក​ក្នុង​”។

ទោះ​បី​ជា​មាន​ការ​រំខាន​កាលពីម្សិលមិញ​ក៏​ដោយ​ លោក​ ចាន់រ៉ា បាន​ឲ្យ​ដឹង​ថា រោង​ចក្រ ហ្គោលដិន ម៉ាយ នឹង​បើក​ទ្វារ​ដំណើរការ​ទៀត​​ក្នុង​ថ្ងៃ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ ជា​រៀងរាល់​ព្រឹក​រោងចក្រ​របស់​ខ្ញុំ​បើក​ទ្វារ​ដំណើរការ​សម្រាប់​កម្មករ​ដែល​ចង់​ធ្វើការ​។ សមាគម​​​ ​GMAC​ អាច​នឹង​លើក​ឡើង​ថា ខ្លួន​ចង់​ឲ្យ​រោង​ចក្រនានា​នៅ​តែបិទ​ទ្វារ​ “ ក៏ប៉ុន្តែ​ កម្មករ​របស់​យើង​បាន​ទទូច​ឲ្យនៅ​តែ​បើក​ទ្វារ​ដំណើរការ​”។

អ្នកស្រី ញែ៉ម សុខឡេង ដែល​មាន​ធុង​កិន​​ទឹក​អំពៅ​នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​ដ៏​ស្ងៀម​ស្ងាត់​ អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់​ដែល​គួរ​តែ​មាន​សកម្មភាព​មមាញឹក​នោះ​ បាន​ឲ្យ​ដឹង​ថា អ្នក​តវ៉ា​បាន​ទៅ​មក​ៗ ដោយ​មិន​មាន​ចំនួន​ច្រើន​ទេ។ អ្នកស្រី​បាន​និយាយថា “ បន្ទាប់​ពី​អ្នក​តវ៉ា​​បាន​អង្រួន​ទ្វារ​ ពួកគេ​ក៏​បាន​ទៅ​រោង​ចក្រ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​ មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស