25 C
Phnom Penh

កម្មករ​រោង​ចក្រ​​កាត់​ដេរ​បិទ​ផ្លូវធំៗ​ពីរ​នៅ​ទី​ក្រុង​ភ្នំពេញ​និង​ប្តេជ្ញា​​ធ្វើ​កូដកម្មបន្ត​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម​បិទ​ផ្លូវធំៗ​ពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពីម្សិលមិញ ដើម្បីទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​១៦០​ដុល្លារ​ជំនួស​ឲ្យ​៩៥​ដុល្លារ​ ដែល​បានសម្រេច​កាល​ពីដើម​សប្ដាហ៍​នេះ​។

កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​បាតុកម្ម​​​កាលពីថ្ងៃសុក្រ នៅខាង​​​មុខ​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ដែល​​​ឈរជា​​​ជួរ​​​​​​ការ​​​ពារ​​​ច្រក​​​ចូល​​​តំបន់​​​សេដ្ឋកិច្ចពិសេស​​​ភ្នំពេញ នៅពេល​​​ដែល​​​ការ​​​តវ៉ា​​​កើន​​​ឡើង​​​កាន់​​​តែខ្លាំង​​​ដើម្បី​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១៦០​​​ដុល្លារ។ស៊ីវ ចាន់ណា
កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​បាតុកម្ម​​​កាលពីថ្ងៃសុក្រ នៅខាង​​​មុខ​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ដែល​​​ឈរជា​​​ជួរ​​​​​​ការ​​​ពារ​​​ច្រក​​​ចូល​​​តំបន់​​​សេដ្ឋកិច្ចពិសេស​​​ភ្នំពេញ នៅពេល​​​ដែល​​​ការ​​​តវ៉ា​​​កើន​​​ឡើង​​​កាន់​​​តែខ្លាំង​​​ដើម្បី​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ដល់​​​១៦០​​​ដុល្លារ។ស៊ីវ ចាន់ណា

មន្ត្រី​ម្នាក់នៅ​សមាគម​រោងចក្រ​កាត់​ដេ​រ​នៅ​កម្ពុជា​បាន​និយាយ​ថា រោងចក្រ​ភាគច្រើន​​​ក្នុង​ចំណោម​រោងចក្រ​ជាង​៤០០​​ដែល​ជា​សមាជិក​សមាគម​នេះ​បាន​​បិទ​ទ្វា​រ​​កាលពីថ្ងៃ​សុក្រ​ ដើម្បីការ​ពារ​កម្ម​ករ​ និង​កន្លែង​ធ្វើការ​របស់​ខ្លួន​ពីមនុស្ស​ប្រើ​​អំពើ​ហិង្សា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​។

​កម្មករ​​ជា​ច្រើន​ក្រុម​បាន​ចាប់​ផ្ដើម​​ធ្វើ​បាតុកម្ម​នៅ​ពេល​ព្រឹក និង​បន្ត​រហូត​​​ដល់​ពេល​​ល្ងាច​នៅ​ខាង​មុខ​ក្រសួង​ការ​ងារ​ និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ដោយ​បិទ​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​​ជាតិ​លេខ​៤។

ជាថ្មីម្ដង​ទៀត​កម្មករ​ជាង​១០.០០០​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​​​ជាតិ​នៅទីលាន​ប្រជា​ធិបតេយ្យ​ ដើម្បីធ្វើ​បាតុ​​កម្ម​នៅថ្ងៃ​ទី​១៣​ជាប់​ៗគ្នា​ទាម​ទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ និង​ឲ្យ​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​​​ចេញពីតំណែង​ ព្រម​ទាំង​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ដល់​១៦០​ដុល្លារ​។

កម្មករ​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​​​មុន​​ម៉ោ​ង​៩ព្រឹក​បន្តិច​ ​ដោយ​បណ្តាល​​​ឲ្យ​រង​របួស​ដល់​​​កម្មករ​ប្រាំមួយ​នាក់​ មន្ត្រី​នគរ​បាល​​ប្រាំពីរ​នាក់​ និង​នាំឲ្យ​មានការ​ឃាត់​ខ្លួន​បាតុករ​បីនាក់​បណ្ដោះ​អាសន្ន​។

កម្មករ​​​ធ្វើកូដកម្ម​​​បិទ​​​ផ្លូវ​​​នៅខា​​​ង​​​មុខ​​​ក្រសួង​​​ការ​​​ងារ​​​​​​នៅតាម​​​មហាវិថី​​​សហព័ន្ធរុស្ស៊ី ក្នុង​​​ទីក្រុង​​​ភ្នំពេញ កាលពីថ្ងៃសុក្រ។ ពួកគេ​​​បាន​​​បិទ​​​ផ្លូវ​​​រហូត​​​ដល់​​​ប្រធាន​​​សហជីព​​​ចាក​​​ចេញពី​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​មន្ត្រី​​​ក្រសួង​​​នេះ​​​នៅ​​​ម៉ោង​​​៥​​​និង​​​៣០​​​នាទី​​​ល្ងាច។ស៊ីវ ចាន់ណា
កម្មករ​​​ធ្វើកូដកម្ម​​​បិទ​​​ផ្លូវ​​​នៅខា​​​ង​​​មុខ​​​ក្រសួង​​​ការ​​​ងារ​​​​​​នៅតាម​​​មហាវិថី​​​សហព័ន្ធរុស្ស៊ី ក្នុង​​​ទីក្រុង​​​ភ្នំពេញ កាលពីថ្ងៃសុក្រ។ ពួកគេ​​​បាន​​​បិទ​​​ផ្លូវ​​​រហូត​​​ដល់​​​ប្រធាន​​​សហជីព​​​ចាក​​​ចេញពី​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​មន្ត្រី​​​ក្រសួង​​​នេះ​​​នៅ​​​ម៉ោង​​​៥​​​និង​​​៣០​​​នាទី​​​ល្ងាច។ស៊ីវ ចាន់ណា

យោងតាម​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា កង​រាជ​អាវុធ​​​ហត្ថ​ប៉ុន​ប៉ង​រារាំង​កម្មករ​នៅ​ខាង​ក្នុង​តំបន់​សេដ្ឋ​កិច្ចពិសេស​​នេះ​មិន​​ឲ្យ​ដើរ​ចេញពី​កន្លែង​ធ្វើ​ការ​ទៅចូល​រួម​ជា​មួយ​​កម្មករមក​ពី​រោង​ចក្រ​​មួយ​ទៀតដែល​បាន​មក​តវ៉ា​នៅ​​ច្រក​ចូល​​តំបន់​សេដ្ឋកិច្ច​នេះ​។

បាតុករ​អះអាង​ថា ក​ង​រាជអាវុធ​ហត្ថ​បាន​ចាប់​ផ្ដើម​វាយ​កម្មករ​មួយ​ចំនួន​នៅ​ពេល​ដែល​​​ពួកគេ​ចាក​ចេញ​​​ពីតំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​​ដូច្នេះ​ហើយ​​បាន​ជា​​ពួកគេ​បាន​ចាប់​ផ្ដើម​គប់​ដុំថ្ម​ដាក់​នគរ​បាល​ ហើយ​ក៏មានការ​ប៉ះ​ទង្គិច​គ្នា​តែ​ម្ដង​។

យ៉ាង​ហោច​ណាស់​អ្នក​តវ៉ា​បីនាក់​ត្រូវ​បាន​ឃាត់​ខ្លួនទុក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ហើ​យគេ​បាន​យក​បន្លាលួស​ និង​កុងតឺ​ន័រ​ដាក់​គរ​គ្នា​កម្ពស់​ពីរ​ជាន់​​បិទ​ច្រក​ចូល​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​​នេះ។ ក្រោយ​មក​កម្មករ​ដែល​​ត្រូវ​បាន​ឃាត់​ខ្លួន ​ត្រូវ​បាន​ដោះ​លែង​វិញ។ បុរស​វ័យ​ក្មេង​ទាំង​បីនាក់​បាន​បង្ហាញ​​​ស្នាម​ជាំ​ស្រដៀង​គ្នា​នៅជុំវិញ​ភ្នែក​ស្ដាំ​។

ជុង ភារុណ អាយុ​២២​ឆ្នាំ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​។​ភារុណ បាននិយាយ​ថា “ដំបូង​ប៉េអឹម បាន​ប្រាប់​​យើង​ឲ្យ​ចាក​ចេញ​ បន្ទាប់​មកពួកគេ​បាន​វាយ​យើង​​នឹង​ដំបង​ឆក់​ ហើយ​យើង​មាន​កំហឹង​ក៏​បានគប់​ដុំថ្ម​ដាក់​ប៉េអឹម​​វិញ​​”។ គាត់​បាន​ឲ្យ​ដឹង​​ថា កង​រាជអាវុធ​ហត្ថ​បាន​ដាល​់​គាត់​ចំមុខ​ និង​វាយ​ដង​ខ្លួន​គាត់​នៅពេល​ប៉ះទង្គិច​គ្នា​។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​​​ហត្ថ​បាន​មាន​ប្រសាសន៍​ថា​ កម្មករ​បាន​បង្ក​​អំពើ​ហិង្សា​នេះមុន​។

លោក​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ ថ្លែង​​​ថា យើង​បាន​បង្ក្រាប​កម្មករ​ទាំង​នោះ​ ព្រោះ​កម្មករ​​​​​​​មួយ​ចំនួន​បាន​គប់​ដុំថ្ម​​​ដាក់​កងរាជអាវុធ​ហត្ថ​ និង​​​​​​​​​​ប៉ុន​ប៉ង​បំផ្លាញ​តំបន់​​​សេដ្ឋកិច្ច​ពិសេស​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ មន្ត្រី​របស់​យើង​បីនាក់​បាន​​​​ធ្វើ​ឲ្យ​បាតុករ​រង​របួស​ក្បាល​​​ដោយ​សារ​កម្ម​ករ​មួយ​ចំនួន​បាន​​គប់​ដុំថ្ម​ដាក់​ពួកគេ​”។

លោក​បានមាន​ប្រសាសន៍​ថា លោក​មិន​អាច​បញ្ជាក់​អំពី​​​សេចក្ដីរាយ​ការណ៍​ថា មាន​ការ​បាញ់​កាំភ្លើង​ព្រមាន​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះទេ​។

លោក រ័ត្ន ស៊្រាង មេបញ្ជាការ​កង​រាជ​អាវុធ​​​​​​ហត្ថ​រាជ​ធានី​​ភ្នំពេញ​ បានមាន​ប្រសាសន៍​ថា បាតុករ​តែ​ពីរនាក់​ប៉ុណ្ណោះត្រូវ​បាន​ឃាត់​ខ្លួន​​ ហើយ​កង​រាជ​អាវុធ​ហត្ថ​ប្រាំពីរ​នាក់​បាន​រង​របួស​។​លោក​ឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង បាន​មាន​ប្រសាសន៍​ថា “ យើ​ង​​បាន​ឃាត់​ខ្លួន​កម្មករ​​ពីរ​នាក់​មក​អប់​រំ​ ហើយ​យើង​បាន​ដោះ​លែង​ពួកគេ​វិញ​ហើយ ហើយ​ខ្ញុំ​បាន​ឲ្យ​លុយ​ពួកគេ​ម្នាក់​១០​ម៉ឺន​រៀល។ យើង​មិន​បាន​វាយ​​​​ពួកគេ​ទេ ប៉ុន្តែ​កង​រាជ​អាវុធ​ហត្ថ​ប្រាំពីរ​នាក់​បាន​រង​របួស​” ។

លោក អ៊ុំ វិសាល មន្ត្រី​ច្បាប​់​នៅ​សហជីព​ស៊ីខាវឌូ ជា​សហជីព​មួយ​ក្នុង​ចំណោម​សហ​ជីព​ដែល​បានចូល​រួម​នៅក្នុង​ការ​តវ៉ា​នេះ​បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​របស់​កង​រាជ​អាវុធ​ហត្ថ​ទៅលើ​បាតុករ​។

លោក​បានមាន​ប្រសាសន៍​ថា “ កម្មករ​បី​នាក់​ក្នុង​ចំណោម​កម្មករ​ប្រាំមួយនាក់​ដែល​បាន​រង​របួស​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​មុន​ពេល​ដោះលែង​វិញ​។ ខ្ញុំគិត​ថា ទង្វើ​របស់​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​វាយ​កម្មករ​បែប​នេះ​​ គឺ​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់​ធ្ងរ​”។

ការដោះ​លែង​អ្នក​តវ៉ា​ទាំង​បីនាក់​នេះ​មិន​ធ្វើ​ឲ្យ​ការ​ធ្វើ​បាតុកម្ម​បាន​ថយ​ចុះឡើយ ហើយ​បាន​អូស​បន្លាយ​ដល់​ពេល​រសៀល និង​បាន​បិទ​ផ្លូវ​ចូ​ល​ទីក្រុង​ភ្នំពេញ​ចម្ងាយ​ប្រហែល​​កន្លះគីឡូម៉ែត្រ​នៅជិត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ​។

ពេលឈរ​នៅ​ពីក្រោម​ផ្ទាំង​បា៉ណូ​នៅ​ចឹញ្ចើម​ផ្លូវ​នោះ​ដែល​សរសេរ​ថា “ គោល​ដៅ​សុវត្ថិ​ភាព​សម្រាប់​វិនិយោគិន គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​” នោះ​ អ្ន​ក​តវ៉ា​​​ទាមទា​រ​ឲ្យ​ដំឡើង​ប្រាក់​ខែ​​ រួម​ជាមួយ​និង​ការ​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ចុះចេញពី​តំណែង​។

នៅ​ក្នុង​ទីក្រុង​ កម្មករ​តវ៉ា​ជាង​២.០០​០​នាក់​បាន​បិទ​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ច្រក​ចូល​ក្រសួង​ការ​ងារ​ ដែលបាន​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រហែល​១០ព្រឹក និង​បាន​បែកគ្នា​វិញ​បន្ទាប់ពី​ប្រធាន​សហជីព​ចាក​ចេញ​ពីកិច្ច​ប្រជុំ​រយៈ​ពេល​​ប្រហែល​ពីរ​ម៉ោង​កន្លះជាមួ​យ​មន្ត្រី​ក្រសួង​នៅម៉ោង​៥​និង​៣០​នាទី​ល្ងាច។

ពេញមួយ​ថ្ងៃ​ម្សិលមិញ​នេះ​ ប្រធាន​សហ​ជីព​បាន​ប្ដូរវេន​​​​គ្នា​ឈរ​លើ​ដំបូល​ម៉ូតូរ៉ឺមក់​កង់​បី​​ជាមួយ​ឧបករណ៍​បំពង​សំឡេង​ដឹកនាំ​ការ​ស្រែក​​​ទាមទារ​ប្រាក់​ខែ​ចំនួន​១៦០​ដុល្លារ​សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៤០០​.០០០​នាក់​​​នៅទូទាំង​ប្រទេស​។

កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​​​​ចេញពី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​នេះ​​​វិញ បន្ទាប់ពីពួកគេ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ជាច្រើន​​​ម៉ោង​​​។ ​​​បន្លាលួស​​​និង​​​កុង​​​តឺន័រ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​បិទ​​​ច្រក​​​ចូល​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​​​​កាលពីថ្ងៃសុក្រ​​​។Reuters
កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​​​​ចេញពី​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​នេះ​​​វិញ បន្ទាប់ពីពួកគេ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ជាច្រើន​​​ម៉ោង​​​។ ​​​បន្លាលួស​​​និង​​​កុង​​​តឺន័រ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​បិទ​​​ច្រក​​​ចូល​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ភ្នំពេញ​​​​​​កាលពីថ្ងៃសុក្រ​​​។Reuters

លោក យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​បាន​ស្រែក​ថា “ ប្រាក់​ខែ​៩៥​ដុល្លារ​​​​មិនគ្រប់​គ្រាន់​​សម្រាប់​កម្មករ​ចំណាយ​ប្រចាំ​​ថ្ងៃ​ទេ ហើយ​តម្លៃ​ម្ហូប​អាហារ​ និង​ថ្លៃ​ជួល​ផ្ទះ​កំពុង​កើន​ឡើង​”។

កម្មករ​ជាច្រើន​នាក់​ដែល​អង្គុយ​នៅ​ច្រក​ចូល​ក្រសួង​ការ​ងារ​ បាន​រារាំង​បុគ្គលិក​មិន​ឲ្យ​ចាក​ចេញ​ពីក្រសួង​នោះ រហូត​ដល់​បាតុករ​ចាក​ចេញ​បន្ទាប់ពីម៉ោង​៥និង​៣០​នាទីល្ងាច​។ អ្នក​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​លិច​ចូល​មក​ក្នុង​ទីក្រុង​​​ និង​និស្សិត​ដែល​មក​រៀន​នៅ​សាកល​វិទ្យាល័យ​ក្បែរ​នោះ​បាន​វាង​ទៅតាម​មហា​វិថី​កម្ពុជា​​ក្រោម​។

បន្ទាប់ពីកិច្ច​ប្រជុំ​នៅក្រសួង​ការ​ងារ ប្រធាន​​​សហជីព​​បាន​និយាយ​ថា មិន​មាន​លទ្ធ​ផល​ល្អ​នៅ​ក្នុង​ការ​កែ​ប្រែ​​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​ដំឡើង​​ប្រាក់​ខែ​អប្បបរមា​ដល់​៩៥​ដុល្លារ​នៅ​ខែ​មេសា​នោះទេ​ ប៉ុន្តែ​នឹង​បន្ត​ចរ​ចានៅថ្ងៃ​ច័ន្ទ​ទៀត។

លោក រ៉ុង ឈុន ប្រធាន​សហភាព​ការ​ងារ​​​កម្ពុជា​បានមាន​ប្រសាសន៍​​បន្ទាប់ពីកិច្ច​​ប្រជុំ​នោះ​ថា “ លទ្ធផលគឺ​សូន្យ​”។

លោក រ៉ុង ឈុន បាន​ប្រាប់​បាតុករ​ដែល​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​ក្រសួង​នេះ​ថា “ យើង​បាន​​ស្នើសុំ​ឲ្យ​ក្រសួង​បន្ត​ចរចា​​រក​ដំណោះ​ស្រាយ​ដើម្បី​ឲ្យ​កម្មករ​អាច​ត្រឡប់​ទៅធ្វើការ​វិញ​”។

លោក​មាន​ប្រសាសន៍​ថា​ “ យើង​នៅ​​​តែ​មាន​សង្ឃឹម​​​នៅ​ពេល​ដែល​កម្លាំង​សាមគ្គី​ភាព​របស់​កម្មករ​កាន់​តែ​ខ្លាំង​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ យើង​នឹង​ទទួលបា​ន​ជោគ​ជ័យ​​”។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ក្រសួង​បាន​ពិភាក្សា​​ជាមួយ​ប្រធាន​សហជីព​អំពី​កូដកម្ម​ខុស​ច្បាប់​ និង​ការ​បិទ​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប​់​ធ្នាប់​សាធារណៈ និង​ប៉ះ​ពាល់​ដល់​សិទ្ធ​ិ​ធ្វើការ​របស់​កម្មករ​ផ្សេង​ទៀត​។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​ប្រធាន​សហជីព​ជួប​ពិភាក្សា​ជាមួយ​និយោ​ជក​ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​​ការ​ងារ​នៅទូទាំង​ប្រទេស​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ក្រសួង​នឹង​ជំរុញ​ឲ្យ​សមាជិក​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​ជួបពិភាក្សា​ជាមួយ​សហ​ជីព​ ដើម្បីចរចា​ថា​ ពួក​គេ​អាច​ផ្តល់​ប្រាក់​ខែ​ប៉ុន្មានដល់​​កម្មករ​​”។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត​់​ដេ​រ​នៅកម្ពុជា​ បាន​មាន​ប្រសា​សន៍​ថា មាន​តែ​រដ្ឋាភិបាល​ទេ​អាច​បញ្ចប់​បញ្ហា​​​​នេះ​​ ហើយ​មិន​និយាយ​​អំពី​ការ​ផ្ដល់​ប្រាក់​ខែ​បន្ថែម​ដល់​កម្មករ​នោះទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋាភិបាល​​​គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​​ដែល​អាច​ដោះ​ស្រាយ​​​បញ្ហា​នេះ​បាន​។ បញ្ហា​ដែល​យើង​កំពុង​និយាយ​​​នេះ លេខ​១​​គឺ​មនុស្ស​បង្ក​បញ្ហា និង​លេខ​២ គឺ​បាតុកម្ម​”។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​​នៅ​កម្ពុជា​បាន​និយាយ​ថា ក្រុម​ប្រើ​អំពើ​​ហិង្សា​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​របស​់​ពួកគេ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​រោងចក្រ​របស់​ពួកគេ​ និង​បាន​បំភិត​បំភ័យ​កម្មករ​​របស់​ពួកគេ​មិន​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​។

លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវឌូ ​ជា​សហជីព​ឯក​រាជ្យ​ធំជាង​គេ​នៅកម្ពុជា​បាន​មាន​ប្រសាសន៍​ថា ប្រធាន​សហជីព​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រសួងការ​ងារ​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​បាន​សន្យា​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​ការ​ទាម​ទារ​ប្រាក់​ខែ​អប្បបរមា​១៦០​ដុល្លារ​បា​ន​សម្រេច​។

លោក អាត់​ ធន់ មាន​ប្រសាសន៍ថា “ កម្មករ​​​នឹង​បន្ត​ធ្វើការ​តវ៉ា​ទៀត ប៉ុន្តែ​យើង​មិន​ទាន់​សម្រេច​ថា តើ​តវ៉ា​នៅ​ថ្ងៃ​ស្អែក​នៅ​ក្រសួង​ការ​ងារ​ ឬតវ៉ា​នៅ​រោងចក្រ​នោះទេ​”។

លោក វិសាល មន្ត្រី​ច្បាប់​នៅ​សហជីព​ស៊ី​ខាវឌូ បាន​មាន​ប្រសាសន៍​ថា កម្មករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​​នៅខាង​មុខ​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំ​ពេញ នៅ​ថ្ងៃ​សៅរ៍។

មេដឹកនាំគណបក្ស​សង្គ្រោះជាតិ បាន​ចុះ​ទៅ​តំបន់​ផ្សេង​ៗ​នៅ​សប្ដាហ៍​នេះ​ដើម្បី​​ស្វែង​​រក​ការ​​​គាំទ្រ​ពីកម្មករ​ និង​អំពាវ​នាវ​ឲ្យ​​ពួកគេ  ​ចូ​ល​រួម​ធ្វើ​

មហាបាតុកម្ម​នៅថ្ងៃ​អាទិត្យ​ ដែល​​លោក​ សម រង្ស៊ី ប្រធាន​គណបក្សបាន​​មា​ន​ប្រសាសន៍​ថា ​​​ជាការ​​បង្ហាញ​អំណាច​ប្រជា​ពល​រដ្ឋ​ដ៏ធំ​បំផុត​ចាប់​តាំង​ពីការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា មក​៕ គឹមហឿន

ឃី សុវុឌ្ឍី ឃួន ណារីម Zsombor Peter និង​ Colin Meyn

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស