30.1 C
Phnom Penh

លោក ហ៊ុន សែន និយាយការពារការលើកលែងទោសបទល្មើសនេសាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងការ​ថ្លែងសុន្ទរកថា​រយៈ​ពេល​​​ជាង​បីម៉ោងនោះលោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​កាលពីម្សិលមិញ​បានធ្វើការ​បញ្ជាក់​ពី​ការ​លើកលែងទោសនាពេល​ថ្មីៗនេះ​ចំពោះ​​បទ​ល្មើស​នេសាទហើយ​បាន​ស្នើឲ្យមន្ត្រី​​​ជល​​​ផល​ធ្វើ​កំណែ​ទម្រង់​​ច្បាប់នេះដែលដាក់​ទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មួយ​ចំនួន។

លោកបានមាន​ប្រសាសន៍ថា“អស់​លោក​បាន​អនុញ្ញាតឲ្យវិស័យឯកជន​ប្រើ​ប្រាស់​​ទឹកទន្លេ​រាប់​រយ​ពាន់​​ម៉ែត្រ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​វិញ​​ឲ្យ​ប្រើ​​​តែ​ពីរម៉ែត្រ​ប៉ុណ្ណោះ។យើង​ត្រូវតែកែ​ប្រែ​ច្បាប់​នេះដើម្បីផ្តល់​ផល​ប្រយោជន៍​​​​ដល់​ប្រជា​​ពល​រដ្ឋ…​សូមកុំ​កំណត់​​ចំនួនឧបករណ៍ [នេសាទ]​ តទៅទៀត”។

ក្នុង​សុន្ទរកថារបស់​លោកហ៊ុន​ សែនបាន​ប្រាប់​តួលេខដែលបាន​បង្ហាញ​ជា​លើក​ដំបូង​អំពីការ​ដែល​ឡូត៍​នេសាទ​ធ្វើ​ពាណិជ្ជ​កម្ម​​បាន​រីករាលដាល​ ដែល​​ឡូត៍នេសាទទាំងនោះ​លោក​បាន​​ប្រកាសលុបចោលកាល​ពី​ខែ​មុន។លោកហ៊ុនសែនថ្លែងថាឡូត៍នេសាទឯកជន​ចំនួន​៣៧បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដីឬទន្លេជាង​២៧០.០០០​ហិកតា។

លោក​បានថ្លែង​​​ថាដោយ​ឡូត៍​នេសាទ​​​ទាំងអស់​ត្រូវ​បាន​លុប​ចោល​នោះ​ ផ្ទៃដីជិត​១៧៨.០០០ហិកតាត្រូវ​បាន​បើក​​​ចំហហើយនៅ​សល់​ពីនោះ​ទុក​​សម្រាប់​​​អភិរក្ស ​​​ដើម្បី​​​បង្កើនបរិមាណ​ត្រី។លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ប្រើ​ប្រាស់​សុន្ទរកថា​របស់​​​លោករិះ​គន់​អ្នក​ដែលបាន​ចោទសួរ​ពី​មូល​​​ហេតុ​នៅពី​ក្រោយ​​ការ​លើក​លែង​ទោស​នេះ​ផង​ដែរ។​

លោកហ៊ុនសែន​ បាន​មាន​ប្រសា​សន៍​ថា“ឥឡូវនេះអ្នក​ជំនាញផ្នែកច្បាប់​មួយចំនួន​​​ជំទាស់​នឹង​បញ្ហានេះហើយ​ប្រជា​ពលរដ្ឋ​​​កំពុង​​​​គិត​ថាហេតុអ្វី​បាន​ជា​នាយករដ្ឋមន្ត្រី​ធ្វើដូច្នេះតើ​ដើម្បី​ផល​ប្រយោជន៍របស់ខ្ញុំឬដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។នៅពេលរដ្ឋាភិបាលចាប់ខ្លួនប្រជាពលរដ្ឋគេចោទ​​​​រដ្ឋា​ភិបាល។​នៅពេលរដ្ឋាភិបាលសម្រេចឲ្យ​ប្រជាពល​រដ្ឋ​រួចផុតពីការ​ចោទ​​​ប្រកាន់​ គេថាខុស​ច្បាប់”។

គិតមកត្រឹម​ល្ងាចថ្ងៃម្សិលមិញជន​សង្ស័យ​និង​ទណ្ឌិត​ចំនួន​៦៨នាក់​ដែល​ជាប់​ពន្ធនាគារ​ពីបទល្មើសនេសាទ​តូចតាចត្រូវបាន​ដោះ​​​លែង​បន្ទាប់ពីមាន​ការ​ប្រកាស​ឲ្យលើកលែង​ទោស​ពី​សំណាក់​លោក​​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃសៅរ៍។

តុលាការ​ដែលនៅតាមខេត្ត​ចំនួន​ប្រាំពីរ​នៅ​​​ជុំវិញ​​​បឹងទន្លេសាបបាន​និងកំពុង​បើក​​​សវនាការ​​​​លឿនៗលើក​លែង​ការ​ចោទ​​​ប្រកាន់​ និង​ដោះលែង​ជនសង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​រយៈពេល​ប៉ុន្មានថ្ងៃ​មកនេះហើយ​ព្រះ​រាជ​អាជ្ញានានា​បាន​និយាយ​ការពារ​ចំណាត់ការរបស់ខ្លួនដោយលើកឡើង ថាបទល្មើសទាំងនេះគឺជាបទ ល្មើសតូចតាចជនសង្ស័យទាំងនោះជាជនក្រីក្រហើយដោយមានការលុបចោល​ឡូត៍​នេសាទ​​ឯកជន​​នោះបទល្មើសទាំងនេះ​ស្ទើរ​តែ​លែង​​​មាន​សុពល​ភាពទៅហើយ។

ប៉ុន្តែអ្នកជំនាញជលផលនិង​ច្បាប់​ឯករាជ្យកាលពីម្សិលមិញមាន​ចម្ងល់អំពី​ការ​លើក​​​លែងទោសនេះនិង​អំពីឥទ្ធិពល​របស់​វា។លោកផាន់វណ្ណរ័ត្នព្រះរាជអាជ្ញាអមសាលា​​​ដំបូងខេត្ត​បន្ទាយមាន​ជ័យ​បាន​និយាយ​​​ការពារចំណាត់ការនេះដោយលើកឡើងថា “យើង​បាន​ដោះលែង​ពួកគេ​តាមនីតិវិធី​​​តុលាការ​​​​ ដូចនេះ​គ្មានអ្វី​ទាស់​ខុសទេ។បទ​​​ល្មើសទាំងនេះ​គឺ​ជា​បទ​ល្មើសតូចតាចហើយ​ឡូត៍នេសាទទាំង​អស់​​ត្រូវ​បាន​លុបចោល​​​ទៀត។ជន​សង្ស័យ​ទាំង​នេះ​ក្រីក្រណាស់”។

លោកវណ្ណរ័ត្នបាន​បដិសេធមិន​ធ្វើ​ការអត្ថា​ធិប្បាយពីមូលហេតុដែល​​តុលាការ​មិន​​ពិចារណា​ពីកត្តា​បន្ធូរ​បន្ថយ​ទោស​ពាក់​ព័ន្ធ​​​ជនសង្ស័យក្នុងបទល្មើស​នេសាទមុន​ពេល​​​មាន​​​​បញ្ជារបស់​លោកនាយក​រដ្ឋមន្ត្រី៕

ប្រែសម្រួលដោយសោមសារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស