30.4 C
Phnom Penh

អង្គ​​​ការ​​​​​​ទេសន្តរ​​​ប្រវេសន៍​​​នឹង​​​ជួយ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀស​​​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​អន្តរជាតិ​​​ទេសន្តរ​ប្រវេសន៍​​​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​និយាយ​​​ថា​​​ ខ្លួន​​​មាន​​​គម្រោង​​​ជួយ​​​​​​ដល់​ការ​​​តាំង​​​ទី​​​លំនៅ​​​ជា​​​ថ្មីដ៏ចម្រូងចម្រាសដល់​​​ជន​​​ភៀស​​​ខ្លួនពី​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ ពោលគឺ​​​ជា​​​លើក​​​ទី​​១ហើយ​​​​​​ ដែល​​​អង្គ​​​ការ​​​នេះ​​​ បាន​​​បញ្ជាក់​​​ពីគោលបំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ដើរ​​​តួ​​​នាទី​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុងការ​​​ផ្លាស់​​​ប្តូរ​​​ទី​​​តាំ​​​ង​​​ជនភៀស​​​ខ្លួន។

កាល​​​ពី​​​ខែ​​​កញ្ញា​​​ រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​ បាន​​​ទទួល​​​​​​យក​​​សំណើ​របស់​​​ក្រុង​​​កង់ប៊ឺរ៉ា​​​​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជនភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​ ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ កំពុង​​​ឃាត់​​​ទុក​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​ជា​​​ទឹក​​​ប្រាក់​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​សម្រាប់​​​រយៈ​​​ពេល​​​៤​​​ឆ្នាំទៀត។ នៅ​​​ពេល​​​​​​ដែល​​​ព័ត៌មាន​​​នៃ​​​ការ​​​ចរចា​​​គ្នា​​​ បាន​​​បែក​​​ធ្លាយ​​​ខ្ចរខ្ចាយកាល​​​ពី​​​ដើម​​​ឆ្នាំ​​​ទៅ​​​មិញនោះ គម្រោង​​​នេះ​​​បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ភ្លាមៗ​​​និង​​​ចាស់​​​ដៃ​​​ពី​​​សំណាក់​​​តំណាង​​​រាស្ត្រ​គណបក្ស​​​ប្រឆាំង​​​ និង​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ ដែល​​​បាន​​​ចោទ​​​ប្រទេស​​​អូស្ត្រាលី​​​ថា​​ ​គេចវេះ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​របស់​​​ខ្លួន​​​ ដោយ​​​ស្វែង​​​រក​​​ការ​​​បញ្ជូនជន​​​ភៀស​​​ខ្លួន​​​ទៅ​​​កាន់​​​ប្រទេស​​​មួយដ៏​​​ក្រ​​​តោកយាក​​​ និង​​​ពុក​​​រលួយ​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់។

ទោះ​​​បី​​​ជា​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​ក៏​​​ដោយ​​​ ក៏​​​អង្គការ​​​អន្តរជាតិ​ទេសន្តរប្រវេសន៍​​​​​នេះ បាន​​​និយាយ​​​កាលពី​​​ខែ​​​មុន​​​ថា​​​ ខ្លួន​​​នឹង​​​ទទួល​​​យក​​​សំណើ​​​របស់​​​កម្ពុជា​​​ដើម្បី​​​ជួយ​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​យល់​​​ព្រម​តាម​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​របស់​​​ខ្លួន ប៉ុន្តែ​​​​​​អង្គការនេះ បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​ទេ​​​នៅ​​​ពេល​​​នោះ។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​អន្តរជាតិ​ទេសន្តរ​​ប្រវេសន៍​​​និយាយ​​​ថា​​​ ខ្លួន​​​​​ចាប់​​​ផ្តើម​​​គម្រោង​​​ជំនួយ​​​ បន្ទាប់​​​ពី​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​តាម​លក្ខខណ្ឌ​​​ទាំង​​​នោះ​​​ ដែល​​​រួម​​​មាន​​​ការ​ផ្តល់​​​ជូន​​​ជន​​​ភៀស​​​ខ្លួន​​​នូវ​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​ ដែល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ដើម្បី​​​ទទួល​​​បាន​​​ការ​គាំពារ​​​ផ្នែក​​​សុខភាព រក​​​ការងារ​​​ធ្វើ​​​ និង​​​បញ្ជូន​​​កូន​​​របស់​​​គេ​​​ទៅ​​​សាលា​​​រៀន​​​ជាដើម។

កង្វះ​​​ខាត​​​ឯកសារ​​​សម្រាប់​​​ជនភៀសខ្លួន​​​ដែល​​​រស់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រួច​​​ហើយ បានក្លាយ​​​ជា​​​​​​ចំណុច​​​រិះគន់​​​សំខាន់​​​ៗ ដែល​​​អ្នក​​​ប្រឆាំង​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តីពី​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀស​​​ខ្លួន​​​ បាន​​​ប្រើ​​​ប្រឆាំង​​​តទល់នឹងគម្រោង​​​នោះ។

សេចក្តី​​​ថ្លែង​​​ការណ៍​​​និយាយ​​​ថា “អង្គការ​អន្តរជាតិ​​ទេសន្តរ​​​ប្រវេសន៍​​​​​​បាន​​​កសាង​​​បទពិសោធ​​​ជា​​​សកល​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៦៤​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​បាន​​​តាំងទី​​​លំនៅជន​​​ភៀសខ្លួន​​​រាប់​​​លាន​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថ្មី​​​របស់​​​គេ។​​​ អង្គការ​​​នេះ​​​នឹង​​​ផ្តល់​​​ជូន​​​សេវា​​​ដូចៗ​​​គ្នា​​​ ក្នុង​​​ពេល​​​ដែល​​​ឋានៈ​នៃ​​​ជន​​​អន្តោប្រវេសន៍​​​នៅ​​​ក្នុង​​​ប្រទេស​ណូរូ​​​ ត្រូវ​​​បាន​​​កំ​​​ណត់​​​រួចរាល់​​​ហើយ និង​​​ប្រសិន​​​បើពួកគេ​​​ជ្រើស​​​​​​យក​​​ការ​​​តាំង​​​ទី​​​លំនៅថ្មី​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា”។

ទោះ​​​បី​​​ជា​​​មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​ខ្មែរ​​​បាន​​​ទៅ​​​ប្រទេស​​​ណូរូ ​​​កាល​​​ពី​​​ខែ​​​មុន​​​ក៏​​​ដោយ ក៏​​​គ្មាន​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​នៅ​​​លើ​​​​​​កោះ​​​នេះ បាន​​​យល់​​​ព្រម​​​មក​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែរ។

រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពី​​​មុន​​​ថា ជនភៀសខ្លួន​​​មកពី​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ នឹង​​​ត្រូវ​​​តាំង​​​ទី​​​លំនៅ​​​នៅ​​​ក្រៅ​​​ក្រុង​​​ ភ្នំពេញ នៅពេល​​​ដែល​​​ពួកគេ​​​រៀន​​​ចេះ​​​ភាសា​​​ខ្មែរ និងឆ្លង​​​​​​​​​​​ការ​​​ត្រួត​​​ពិនិត្យ​​​សុខភាព​រួចរាល់៕រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស