41.3 C
Phnom Penh

កសិករ​​​ខេត្ត​​​កោះកុង​​​អះអាង​​​ថា​​​ ខ្លួន​​​ត្រូវ​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​គំរាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ ​​​កសិករ​​​នៅ​​​ខេត្ត​​​កោះកុង​​​ម្នាក់​​​ បាន​​​អះអាង​​​ថា​​​ គាត់​​​ត្រូវ​​​បាន​គេព្រមានថា ​​​​​​​នឹង​មាន​ការ​ប្រើ​​​កម្លាំង​​​ប្រដាប់​អាវុធ ​ប្រសិន​បើ​​​គាត់មិន​​​ព្រម​​​ទទួល​​​យក​​​សំណង​ដែល​រដ្ឋាភិបាល​ ផ្តល់​ឲ្យ​សម្រាប់​ដី​របស់​គាត់​​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​គម្រោង​​​សាង​​​សង់​​​រមណីដ្ឋាន​​​ទេស​​​ចរណ៍របស់​​​ក្រុមហ៊ុនចិន​​​ទេ​​​នោះ។

កាលពី​ខែមករាលោកស៊ុនតារាអភិបាល​​​​​​រងខេត្ត​​​កោះ​​​កុង​​​បាន​​​បញ្ជាក់​​​ថា​​​ ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​(CDC)ដែល​​​ជា​​​សេនា​​​ធិការ​​​ផ្នែក​​​វិនិយោគទុនបរទេស​​​របស់​​​រដ្ឋាភិបាល​​​បានអនុញ្ញាត​ឲ្យ​​​ក្រុមហ៊ុន​​​ចិនចំនួន​ពីរ​​​​អភិឌ្ឍ​​​រមណីយដ្ឋាន​​​នៅលើ​កោះ​​​៣​​​ក្នុង​សមុទ្រនៃ​​​​​​​ខេត្ត​​​នៅ​ភាគនិរតី​​​​នេះ។

​ឈ្មោះ​​​ ជា ប៊ុនអ៊ាងជា​​​កសិករ​​ម្នាក់​​​​រស់​​​​នៅ​​​លើ​​​កោះ​​​ម្នាស់​​​​​ជាកោះ​​​មួយ​​​ដែល​មាន​មនុស្ស​រស់​នៅ​ក្នុង​​​ចំណោម​​​កោះទាំង​៣​​​​ បាន​​​អះអាងថា​​​ គាត់​​​បាន​​​ទទួល​​​ការ​​​​​​ទូរស័ព្ទ​​​ ពី​​ លោក​​​ សុខ ​​​ណាងអគ្គ​​​លេខាធិការ​​​រង​​​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​​​ពី​​​ថ្ងៃអង្គារ​​ ​​​ជំរុញ​​​ឲ្យ​​​គាត់​​​លក់ដី​​​ក្នុង​​​តម្លៃ​​​​៣.៥០០​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​មួយហិកតា។

លោកប៊ុនអ៊ាងបាន​​​និយាយ​ថាគាត់​​​​​​មិន​​​ព្រម​​​លក់​​​ដី​​​របស់​​​គាត់​​​ ព្រោះ​​​គាត់​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​តម្លៃ​​​ដែលគេ​ផ្តល់​​​ឲ្យ​​​​នេះ ​​និងមាន​ការ​សង្ស័យ​ចំពោះ​​​ដំណោះ​​​ស្រាយ​នេះ។គាត់​​​បាន​​​និយាយ​​​ថា ​​​លោក​​​ ណាង​​​ បាន​​​ប្រាប់​​​គាត់​​​ថា​​​ អាជ្ញា​​​ធរ​​​អាច​​​​ប្រើប្រាស់​​​ “កងកម្លាំង​​​ប្រដាប់​​​អាវុធ”ដើម្បី​​​បើកផ្លូវ​​​ឲ្យអ្នកវិនិយោគទុនចិន​​​ធ្វើ​​​ការ​​​អភិឌ្ឍលើ​​​កោះ​​​នេះ​​​។

ឈ្មោះ ​​​ប៊ុនអ៊ាងបាន​​​និយាយ​​​ថា“ខ្ញុំ​​​អាច​​​និយាយ​​​ថា​​​ វាគឺ​​​ជា​​​ការ​​​គំរាមកំហែង​​​​ដោយ​ប្រយោល​មកលើ​រូបខ្ញុំ​​​ថា​​​​ខ្ញុំ​​​នឹង​​​ចាកចេញ​​​​​ពី​​​ទីនេះ​​​ដោយ​​​ដៃ​​​ទទេ​​​ ហើយ​​​ដំណាំ​​​របស់​​​ខ្ញុំនឹង​​​ត្រូវ ​​​កងកម្លាំង​​​ប្រដាប់​​​អាវុធ​​​​បំផ្លាញ​​​”។

កសិករ​​​នៅលើកោះនេះម្នាក់​​​ទៀត​ឈ្មោះ ​​អិុត​​​ ពយ​​​ បាននិយាយថា ​​​ លោក ​​​ណាងក៏បានទូរស័ព្ទ​ប្រាប់​គាត់​​អំពី​ការ​ឲ្យ​តម្លៃដី​ដូច​​​គ្នានេះ​ ​​ហើយ​​​គាត់​​​ក៏បាន​​​បដិសេធ​​​​ដូច​​​លោក​​​ ប៊ុនអ៊ាងដែរ។ប៉ុន្តែលោកអិុតពយ ​​​ បាន​​​និយាយ​​​​ថា​​​​​ លោក​​​ ណាង​​​​ ពំុបាន​​​និយាយ​​​ថានឹង​​​ប្រើ​ប្រាស់​កម្លាំង​​​ប្រដាប់​​​អាវុធ​នោះទេ។ លោក​​​ ណាង​​​ បាន​​​បដិសេធ​ថាលោក​​​មិនបាន​​​និយាយ​​​ជា​​​មួយ​​​កសិករ​​​ទាំង​ពីរ​នាក់ទេ​​​ ។

មុនពេល​​​បដិសេធ​​​ មិនធ្វើ​​​ការ​​អត្ថា​​​ធិប្បាយបន្ថែម​​​​ និង​​​បង្វែរ​​​សំនួរ​​​នេះ​ទៅ​​​ឲ្យ​​​មន្ត្រី​​​ថ្នាក់ខេត្តនោះលោក​​​ណាងបាន​​​មាន​​​ប្រសាសន៍ថា“​​​ពាក់ព័ន្ធ​​​ជាមួយនឹង​​​រឿង​នេះ ខ្ញុំពំុបានដឹង​​​អ្វីទាំង​​​អស់”។

លោក​​​ ឆេង​​​ ឆែ អភិបាល​​​ស្រុក​​​គិរីសាគរ​​​បាន​​​បញ្ចាក់​​ថា ​មាន​ការឲ្យ​តម្លែ​ដីនៅ​លើ​កោះ​នោះចំនួន៣.៥០០​​​ដុល្លារ​​​អាមេរិក​​​ក្នុងមួយ​​​ហិកតា​​​មែន ​​​ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​ថា​​​​ មិនមានការ​លើក​ឡើង​អំពី​​​​ការ​​​​​​ប្រើ​​​កម្លាំង​​​ប្រដាប់​​​អាវុធនោះ​​​ទេ​​​។

លោក​​​ ឆេងឆែ​​​ ​​​ឲ្យ​ដឹង​​​ថាលោក​ ប៊ុនអ៊ាងគឺ​ជាអ្នក​ជំទាស់​តែ​ម្នាក់​គត់​ក្នុង​ចំណោម​​​កសិករទាំង​​​១៦គ្រួសារ​នៅ​​​លើ​កោះនេះចំណែកឯ​​​១៥​​​គ្រួសារ​​​ផ្សេង​​​ទៀត​​​បាន​​​ទទួល​​​យក​​​ដំណោះ​​​ស្រាយនេះ​​​ជា​​​ផ្លូវការរួចហើយ​​​កាលពី​​​ថ្ងៃពុធ​​​។​​​ លោក​​​បានអះអាង​​​ថា​​​ លោក​ពយ​​​ គឺជា​​​សមាជិក​​​គ្រួសារ​​​របស់​​​ ឈ្មោះ ​​​ប៊ុនអ៊ាង ​​​ប៉ុន្តែ​អ្នក​​​ទាំង​ពីរបាន​​​និយាយថា​​​ពួកគេ​​​មានដីផ្សេងគ្នា​និង​​​គ្រាន់​​​តែ​​​ជា​​​សាច់​​​ញាតិ​​​ឆ្ងាយ​​​ពីគ្នា​ប៉ុណ្ណោះ។

លោកបាន​​​និយាយ​​​ថា​​ ​ទោះបីជា​​​គ្រួសារ​​​មួយ​​​នេះ មិន​​​ព្រម​​​ទទួល​​​យក​​​ដំណោះ​​​ស្រាយ​​​បែប​​​នេះក៏ដោយ ​​​ក៏យើង​​​មិន​​​ប្រើ​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ឬអំពើ​​​ហិង្សា​​​ដើម្បី​​បង្ខំឲ្យ​​ពួក​គេចាកចេញ​​​ពីកោះ​​​នេះដែរ។​​​យើងនឹង​​​បន្ត​​​សម្រប​​​សម្រួល​​​​​​ដើម្បីរក​​​​ដំណោះ​​​ស្រាយ​​​មួយ​​​ដោយ​​​សន្តិវិធី”។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា​​​ខ្លួន​​​កំពុង​​​សើុប​​​អង្កេត​​​​បញ្ហានេះ៕

ប្រែសម្រួលដោយ​​​  ហម​​ សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស