មន្ត្រីរដ្ឋបាលព្រៃឈើបាននិយាយថា សំណើររបស់រដ្ឋបាលព្រៃឈើក្នុងការដាក់បញ្ចូលព្រៃឡង់ ដែលជាព្រៃចុងក្រោយឲ្យជាតំបន់ការពារត្រូវបានកាត់បន្ថយជាង២០ភាគរយដោយសល់ត្រឹមតែ៤៨០.០០០ហិកតាប៉ុណ្ណេាះ។
ក្នុងពេលបើកសិក្ខាសាលាពិគ្រោះយោបល់នៅទីក្រុងភ្នំពេញកាលពីខែមុនរដ្ឋបាលព្រៃឈើនិងអ្នកភូមិបានពិភាក្សាគ្នាសុំរក្សាទុកព្រៃ ឡង់ទំហំ ៦១៥.០០០ហិកតាជាតំបន់ការពារក៏ប៉ុន្តែកាលពីម្សិលមិញ លោកធនសារ៉ាត់អ្នកនាំពាក្យរដ្ឋបាលព្រៃឈើបានមានប្រសាសន៍ថាឥឡូវនេះគេបានកាត់តំបន់ព្រៃឡង់មកនៅត្រឹមតែចំនួន៤៨៤.៨៧២ហិកតាប៉ុណ្ណេាះដើម្បីដាក់ជាតំបន់ការពារ ដែលស្ថិតនៅជាប់ខេត្តក្រចេះកំពង់ធំព្រះវិហារនិងស្ទឹងត្រែង។
លោកសារ៉ាត់ បានមានប្រសាសន៍ថារដ្ឋបាលព្រៃឈើបានរៀបចំសំណើរួចរាល់ហើយដោយគ្រោងបញ្ជូនសំណើនេះទៅក្រសួងកសិកម្មក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់មកបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើការអនុម័ត។
លោកសារ៉ាត់បានបន្ថែមទៀតថាកាលពីម្សិលមិញ រដ្ឋបាលព្រៃឈើបានទទួលការស្នើសុំរបស់អ្នកភូមិ អំពីការព្រាងផែនទីការពារព្រៃឡង់ហើយ។
លោក ស៊ីនសានអ្នកតំណាងឲ្យបណ្តាញប្រជាជនការពារព្រៃឡង់បាននិយាយថាអ្នកភូមិស្វាគមន៍នឹងការព្រាងផែនទីរបស់រដ្ឋបាលព្រៃឈើប៉ុន្តែលោកបានបន្ថែមថាពួកអ្នកភូមិនៅមានការព្រួយបារម្ភពីព្រោះ “តំបន់ព្រៃសំខាន់ៗត្រូវបានគេកាត់ចេញពីផែនទីព្រាងផ្ទុយទៅវិញតំបន់ដីស្រែចម្ការរបស់អ្នកភូមិបែរជាត្រូវគេដាក់បញ្ចូលក្នុងផែនទីរបស់តំបន់ការពារទៅវិញ”។
លោក សាន បានបន្ថែមទៀតថា សមាជិកក្រុមអ្នកភូមិ ដែលមានភូមិជាប់តំបន់ក្នុងខេត្តទាំងបួន កំពុងតែស្វែងរកជួបជាមួយអង្គការក្រៅរដ្ឋាភិបាលនៅរាជធានីភ្នំពេញ ដើម្បីសុំឲ្យជួយគូរផែនទី ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជីភីអេស(GPS) ដើម្បីកំណត់ដែនការពារឲ្យបានត្រឹមត្រូវ។
លោកសានបានលើកឡើងទៀតថា “យើងនឹងនាំយកការយល់ឃើញរបស់យើងទៅរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យនិងប្រៀបធៀបជាមួយផែនទីព្រាងរបស់រដ្ឋបាលព្រៃឈើ”។
លោកឈុតវុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិ ដែលបានជួយកំណត់ដែនការពារបាននិយាយថា អ្នកភូមិប្រញាប់ជំទាស់ពេកពីព្រោះរដ្ឋាភិបាលមិនទាន់បានបញ្ចប់ផែនការរបស់ខ្លួននៅឡើយទេ។
ព្រៃឡង់ជាតំបន់ព្រៃបៃតងពិសេសមួយ ដែលមានផ្ទៃដីទំនាបទំហំ៦៥០.០០០ហិកតា និងមានតំបន់ព្រៃស្នូលមិនទាន់ប៉ះពាល់ទំហំ១៣៥.០០០ហិកតា ហើយធនធានព្រៃឡង់ផ្តល់នូវចំណូលដល់គ្រួសារជនជាតិដើមកួយរាប់ម៉ឺនគ្រួសារ។
កាលពីឆ្នាំទៅ ក្រុមអង្គការសង្គមស៊ីវិលបានបើកយុទ្ធនាការការពារព្រៃឡង់ ពីព្រោះវាកំពុងតែទទួលរងនូវការកាប់បំផ្លាញដើម្បីធ្វើកសិកម្មជីករករ៉ែនិងការ កាប់ឈើដោយខុសច្បាប់។ នៅសប្តាហ៍ក្រោយក្រុមអ្នកការពារព្រៃឡង់នឹងធ្វើការដើរល្បាតរយៈពេល១៥ថ្ងៃ ដើម្បីបណ្តេញអ្នកកាប់ឈើខុសច្បាប់។
លោក មា៉ាឃឹស ហាតកេ (Marcus Hardtke) អ្នកជំនាញផ្នែកបរិស្ថាន ឯករាជ្យ បានលើកឡើងថា ការព្រាងផែនទីតំបន់ការពារនេះបានបញ្ចូលនូវតំបន់សំខាន់ៗរួចហើយ។លោកបានបន្ថែមថា“ជាសរុប ផែនទីព្រាងថ្មីៗនេះគឺសម្រាប់ការពារតំបន់ព្រៃក្រាស់”។
លោកបានថ្លែងថារឿងដែលគួឲ្យព្រួយបារម្ភមួយទៀតនោះគឺការផ្តល់ដីសម្បទានរុករករ៉ែដែលគ្របដណ្តប់មួយផ្នែកធំលើតំបន់ព្រាងទុកការពារនេះ។លោកបានបន្ថែមថា“បញ្ហានេះ ជារឿងគួរឲ្យបារម្ភនៅពេលក្រុមមន្ត្រីពិភាក្សានៅទីស្តីការគណៈរដ្ឋមន្ត្រី”។លោកបន្តទៀតថាដែនតំបន់ការពារព្រៃឡង់នៅមិនទាន់ច្បាស់លាស់នៅឡើយទេនៅពេលមានការជជែកគ្នាក្នុងជួររដ្ឋាភិបាល វានឹងមានការផ្លាស់ប្តូរ៕
ប្រែសម្រួលដោយហួងកុកទៀន