ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាអគ្គមេបញ្ជាការកងទ័ពថៃបានសុំឲ្យមានការចរចាឡើងវិញអំពីតំបន់គ្មានយោធា ដែលតុលាការយុត្តិធម៌អន្តរជាតិ(ICJ)បានបញ្ជាឲ្យបង្កើតឡើងកាលពីឆ្នាំមុននៅជុំវិញតំបន់ប្រាសាទព្រះវិហារ។
តុលាការយុត្តិធម៌អន្តរជាតិបានបង្កើតតំបន់គ្មានយោធាទំហំ១៧,៣គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទព្រះវិហារនិងតំបន់ព្រំដែនមានជម្លោះនៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៨ខែកក្កដា។
តុលាការនេះបានកំណត់កូអរដោនេច្បាស់លាស់សម្រាប់មុំទាំងបួននៃតំបន់នេះនិងបានបង្គាប់ឲ្យថៃនិងកម្ពុជាដកកងទ័ពរបស់ខ្លួនជាបន្ទាន់។វិធានការនេះ គឺជាមធ្យោបាយដើម្បីជួយទប់ស្កាត់មិនឲ្យមានការបាញ់គ្នាដដែលៗនៅទីនោះដូចកាលពីខែមេសា និងខែឧសភាឆ្នាំ២០១១ទៀត។
ប្រទេសទាំងពីរបានប្តេជ្ញាថានឹងអនុវត្តតាមសេចក្ដីសម្រេចនេះប៉ុន្តែមិនទាន់មានប្រទេសណាមួយអនុវត្តតាមសេចក្តីសម្រេចនេះនៅឡើយទេ។កាលពីខែធ្នូប្រទេសទាំងពីរបានយល់ព្រមបង្កើតក្រុមការងាររួមមួយដើម្បីរកវិធីដកកងទ័ព ប៉ុន្តែ ក្រុមការងារនេះ មិនទាន់បានជួបគ្នានៅឡើយទេ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក ថាណាសាក់ ប៉ាទីម៉ាប៉ាកន អគ្គមេបញ្ជាការកងទ័ពថៃបានថ្លែងក្នុងសប្ដាហ៍នេះថាពេលនេះក្រុមការងារនេះនឹង “ពិចារណាឡើងវិញ”អំពីតំបន់គ្មានយោធានេះ។
យោងតាមអត្ថបទមួយចុះផ្សាយតាមកាសែត ឌឹណេសិន របស់ថៃ ដែលមានចំណងជើងថា “ថៃព្យាយាមឲ្យមានការកែសម្រួលតំបន់គ្មានព្រំដែននៅជំុវិញប្រាសាទព្រះវិហារ”មានខ្លឹមសារថា “ យើងមិនដឹងថានរណាជាអ្នកបង្កើតតំបន់នេះ ឬនរណាជាអ្នកកំណត់ចំណុច ABCDនេះទេ។ដូច្នេះប្រសិនបើយើងអាចពិភាក្សាជាមួយកម្ពុជា យើងអាចរស់នៅជាមួយគ្នាដោយសន្តិភាព”។
គ្មានកាសែតណាមួយបានរាយការណ៍ច្បាស់លាស់ថាឧត្តមសេនីយ៍ថាណាសាក់ចង់និយាយយ៉ាងម៉េចនោះទេចំពោះពាក្យថា “ ពិចារណាឡើងវិញ” ឬ“ កែសម្រួល” តំបន់នេះ។ លោកវរសេនីយ៍ឯកវីរ៉ាឈុនអ្នកនាំពាក្យកងទ័ពថៃបានថ្លែងថាលោកមិនបានដឹងពីការលើកឡើងរបស់អគ្គមេបញ្ជាការថៃរូបនេះទេ។លោកបានថ្លែងថា“នៅពេលនេះខ្ញុំគ្មានព័ត៌មានអ្វីឡើយហើយលោកបានបដិសេធមិនបញ្ជាក់ពីគោលជំហរបច្ចុប្បន្នរបស់កងទ័ពចំពោះសេចក្តីបង្គាប់របស់តុលាការនេះឡើយ”។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបាននិងកំពុងដឹកនាំកិច្ចចរចារបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃអំពីការដកទ័ពនេះ ក៏មិនបានដឹងអំពីការដកស្រង់សម្តីរបស់ឧត្តមសេនីយ៍ថាណាសាក់ ផ្សាយតាមសារព័ត៌មាននេះដែរ។
លោកបានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ការបើកកិច្ចប្រជុំលើកទីមួយរបស់ក្រុមការងាររួមនេះ និងកំពុងរង់ចាំការអញ្ជើញពីភាគីថៃដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទីមួយនេះ។ឧត្តមសេនីយ៍ឯក ឈុំសុជាតិ បានមានប្រសាសន៍ថានៅពេលណាកិច្ចប្រជំុនេះចាប់ផ្តើម បញ្ហាតែមួយគត់ដែលភាគីកម្ពុជានឹងលើកយកមកពិភាក្សានោះគឺថាតើត្រូវដកទ័ពនៅពេលណានិងដោយរបៀបណា។
លោក កុយគួងអ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថាលោកមិនបានដឹងអំពីផែនការដែលបានរាយការណ៍របស់ឧត្តមសេនីយ៍ថៃរូបនេះទេ។ លោកបានមានប្រសាសន៍ថា“ប្រសិនបើឧត្តមសេនីយ៍រូបនេះចង់សួរពីចំណុចទាំងនេះគាត់គួរតែសួរទៅតុលាការយុត្តិធម៌អន្តរជាតិវិញ។អ្វីដែលយើងចង់បានគឺឲ្យភាគីថៃដកទ័ពចេញពីតំបន់គ្មានយោធានេះ។ប្រទេសទាំងពីរត្រូវតែដកកងទ័ពដោយមានការជួយជ្រោមជ្រែងពីក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេសីុ”។
ភាគីថៃ និងកម្ពុជាបានយល់ព្រមឲ្យបង្កើតក្រុមមួយដែលមានអ្នកសង្កេតការណ៍កម្ពុជា ឥណ្ឌូណេសីុនិងថៃដើម្បីឃ្លាំមើលការដកកងទ័ព ព្រមទាំងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃដែលបានចរចាគ្នាបន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ ហម សុផាណ្ណា