យោងតាមមន្ត្រី និងកសិករ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាហ្វេខេត្តមណ្ឌលគិរី ដែលជាខេត្តមានផ្ទៃដីសម្រាប់ ដាំកាហ្វេច្រើនបំផុតក្នុងប្រទេសកម្ពុជា កំពុងបន្តឡើងថ្លៃ ដោយសារបរិមាណ ប្រើប្រាស់ផលិតផលកាហ្វេកំពុងកើនឡើង។
លោក ឆាយ ម៉ៅ ម្ចាស់ចម្ការកាហ្វេទំហំ ប្រាំហិកតា នៅក្រុងសែនមនោរម្យ បានមានប្រសាសន៍ថា ឥឡូវនេះគាត់អាចលក់ទិន្នផលកាហ្វេ បានចំនួន១០តោន ក្នុងតម្លៃ៨.០០០រៀល ឬ ប្រហែលពីរដុល្លារក្នុងមួយគីឡូក្រាមហើយ១ភាគ៣ នៃបរិមាណទិន្នផលត្រូវបានលក់ក្នុងតម្លៃជាង ៦.០០០រៀល ក្នុងមួយគីឡូក្រាមកាលពីពាក់កណ្តាលឆា្នាំមុន។
លោក ឆាយ ម៉ៅ បន្តទៀតថា ”ឆ្នាំនេះ តម្លៃកាហ្វេកើនឡើង ដោយសារតែប្រជាជនគាំទ្រកាហ្វេ ក្នុងស្រុក ដោយពួកគេឲ្យតម្លៃថ្លៃជាងកាហ្វេនាំចូលពីប្រទេសជិតខាង”។
លោក ហេង សុខម មន្ត្រីមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថាប្រជាជនក្នុងខេត្តមណ្ឌលគិរីដាំកាហ្វេបាន ១៥៣តោនលើផ្ទៃដីចម្ការកាហ្វេទំហំ៤១ហិកតា ជាបរិមាណទិន្នផលប្រហាក់ប្រហែលនឹងឆ្នាំមុន។
លោកហេងសុខមបានបន្ថែមថា”យើងគិតថា ផលិតផលកាហ្វេរបស់យើង អាចផ្គត់ផ្គង់ទៅទីផ្សារគ្រប់គ្រាន់ក្នុងពេលបច្ចុប្បន្ន ដូច្នេះ យើងមិនចំបាច់នាំចូលកាហ្វេពីប្រទេសដទៃទៀតទេ”។
លោកមានប្រសាសន៍បន្ថែមទៀតថាខេត្តមណ្ឌលគិរី បាននាំចេញកាហ្វេ ប្រហែលជា១០ភាគរយ នៃបរិមាណសរុប ទៅលក់ នៅប្រទេសថៃ ប្រទេសវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន”។
លោក ហេង សុខម ក៏បានបន្តថា កសិករខេត្តមណ្ឌលគិរីជាច្រើនកំពុងដំាដើមកាហ្វេថ្មីឡើងវិញ ស្របពេលដើមកាហ្វេជាច្រើនកំពុងឈានដល់អាយុ២០ឆ្នាំ។ យោងតាមម្ចាស់ហាងកាហ្វេ ដូចជា អ្នក ស្រីអួន ចន្ធី អាយុ៤២ឆ្នាំដែលបច្ចុប្បន្នកំពុង លក់កាហ្វេក្នុងតម្លៃប្រហែល ១.៥០ដុល្លារក្នុង
មួយគីឡូក្រាមជាតម្លៃខ្ពស់ជាងការលក់ក្នុងពេលនេះកាលពីឆ្នាំជាដើមនោះ បានឲ្យ ដឹងថា តម្លៃកាហ្វេ ដែលដាក់លក់ក្នុងហាងក្នុងរាជធានីភ្នំពេញបានកើនឡើង ដោយសារខាងកសិដ្ឋានដាំកាហ្វេក៏ដំឡើងថ្លៃដែរ។
អ្នកស្រីបានបន្ថែមថា ”ឥឡូវនេះកាហ្វេមណ្ឌលគិរី កំពុងពេញនិយម” ដោយគាត់លក់ក្នុងតម្លៃពី៧.៥០ដុល្លារទៅប្រាំបីដុល្លារបើធៀបទៅ នឹងឆ្នាំទៅគាត់លក់ក្នុងតម្លៃតែ៦.២០ដុល្លារទៅ៦.៥០ដុល្លារប៉ុណ្ណោះ។
លោកសូយសូណាប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ដែលជាខេត្តមានផ្ទៃដីដាំកាហ្វេធំបំផុតទីពីរក្នុងប្រទេសកម្ពុជា បានថ្លែងថាប្រជាជនក្នុងខេត្តរបស់លោកអាចដាំកាហ្វេត្រឹមតែប្រហែលពាក់កណ្តាលនៃបរិមាណសរុប ដែលប្រជាជនបានដាំក្នុងខេត្តមណ្ឌល គិរី ប៉ុណ្ណោះ ទោះបីជាពួកគាត់ប្រើប្រាស់ដីច្រើនជាងសម្រាប់ដំាកាហ្វេក៏ដោយ។
លោក សូយ សូណា បានថ្លែងថា ”យើងកំពុងតែប្រើប្រាស់ដី ទំហំ៧០ហិកតា សម្រាប់ធ្វើជាចម្ការកាហ្វេ ប៉ុន្តែយើងផលិតកាហ្វេបានតែ៨០តោនប៉ុណ្ណោះកាលពីឆ្នាំមុន”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង