មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយថាលោកថាក់ស៊ីនស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ដើម្បីសួរសុខទុក្ខឪពុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកព្រឹទ្ធាចារ្យហ៊ុន នាង ដែលកំពុងតែធ្លាក់ខ្លួនឈឺ។
លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក ថាក់ស៊ីនស៊ីណាវ៉ាត្រាដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននិងធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីថ្ងៃសុក្រ។
លោកផៃស៊ីផានបានមានប្រសាសន៍ថា “បើតាមខ្ញុំយល់ លោកបានមកប្រទេសកម្ពុជា ដើម្បីសួរសុខទុក្ខឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាលក្ខណៈឯកជន ដោយសារតែលោកកំពុងតែមានជំងឺធ្ងន់ធ្ងរ ហើយខ្ញុំបានឮថាលោកថាក់ស៊ីនបានចាកចេញពីកម្ពុជា តាំងពីព្រឹកមិញម៉្លេះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថាលោកមិនបានដឹងថាតើមានមនុស្សប៉ុន្មាននាក់បានធ្វើដំណើរមកជាមួយលោក ថាក់ស៊ីនស៊ីណាវ៉ាត្រាទេឬក៏លោក ថាក់ស៊ីនបានធ្វើអ្វីផ្សេងទៀតនៅពេលលោកស្នាក់នៅក្នុងប្រទេសកម្ពុជានោះដែរ។លោកបានមានប្រសាសន៍ថា “ នោះគឺជាការធ្វើដំណើរក្រៅផ្លូវការ”។
លោក ផៃស៊ីផានបានមានប្រសាសន៍ថាលោកមិនអាចអះអាងបានទេ ចំពោះសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ដែលថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានទៅសួរសុខទុក្ខសកម្មជនថៃ លោក វីរ៉ា ស៊ុមខ្វាមឃីតនិងជំនួយការរបស់គាត់ឈ្មោះរ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូនដែលកំពុងតែជាប់ពន្ធនាគាររយៈពេលវែងពីបទធ្វើចារកម្ម។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួនឯង និងកំពុងរត់គេចខ្លួន បានមកដល់ប្រទេសកម្ពុជាដោយមានសមាជិកគណបក្សកាន់អំណាចភឿថៃនៅក្នុងប្រទេសថៃ បានមកចូលរួមដែរ៕
ប្រែសម្រួលដោយ ឌឿង សាវតា