34 C
Phnom Penh

យុថ្កា​ទម្ងន់​ប្រាំពី​រតោន​​ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ផ្អើល​ទៅ​គោរព​បូជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុថ្កា​ដ៏​ធំ​​ ​ដែល​មាន​​ទម្ងន់​ប្រាំពីរ​​​​តោន ​ត្រូវបាន​អ្នក​នេ​សាទ​រក​ឃើញ​នៅ​ចំណុច​ប្រ​សព្វ​នៃ​ទន្លេ​សាប និង​ទន្លេ​​បា​សាក់ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រហើយ​ត្រូវបាន​​​ដឹក​យក​ទៅ​​រក្សា​ទុក​នៅ​​​វត្ត​មួយ​ក្នុងរាជ​ធានី​ភ្នំ​ពេញដែល​នៅ​ទី​នោះ​វា​បាន​ក្លាយ​ជា​ទី​​គោរព​​សក្ការបូជា ​និង​ធ្វើ​​ឲ្យ​​​​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ ដែល​ជឿ​ថាវា​​ជា​វត្ថុ​​ស័ក្កសិទ្ធិ។

យុថ្កា​​តូច​ជា​ង​នេះ​មួយ​ទៀត ​មាន​ទម្ងន់​ពីរ​តោន​ ត្រូវ​បាន​​ស្ទូច​ចេញ​ពី​ទឹក​​​នៅ​​ចំណុច​​ប្រ​សព្វ​ដដែល​នេះ ​​កាល​ពី​ខែ​មុន ហើយ​ក៏​បាន​ទាក់​ទាញ​​អ្នក​​​គោ​រព​​បូជា​​យ៉ាង​ច្រើន​កុះ​ករផង​ដែរ​ ចាប់​តាំង​ពី​​បាន​ដាក់​តាំង​នៅ​វត្ត​ប្រ​ជុំ​​សាគរ​ ក្នុង​សង្កាត់​ជ្រោយ​ចង្វាខណ្ឌ​ឫស្សីកែវ​ មក។

លោកយឿន​ ចន្ថាចៅសង្កាត់​រង​ជ្រោយ​ចង្វា បាន​មាន​ប្រ​សាសន៍​ថា  លោក កែប​ ជុតិមាអភិបាល​រាជ​ធានី​ភ្នំ​ពេញ​ បាន​សម្រេច​ចិត្ត​​​​​ស្ទូច​យុថ្កា​​ទម្ងន់​ប្រាំ​ពីរ​តោន​​នេះ​ដាក់រថ​យន្ត​ដឹក​ទំនិញ​ រួច​ក៏​​ដឹក​វា​យក​ទៅ​​រក្សា​ទុក​នៅ​វត្ត​ដដែល​នេះ។​

ទោះ​បី​​ជាអាជ្ញាធរ​មិន​ដឹង​ថា ​យុថ្កា​​នេះ​មានចំណាស់ប៉ុណ្ណា​​​ក្តី​ ក៏​លោក​បាន​មាន​ប្រ​​សា​សន៍​ថា ​​វា​​អាចមាន​អាយុ​កាល​តាំង​ពី​សម័យ​អាណា​និគម​និយម​​បា​រាំង​មក​ម៉្លេះ​។ លោក​បាន​​មាន​ប្រ​សាសន៍​ថា “ ប្រ​ជា​ពល​រដ្ឋ​មាន​អារម្មណ៍​ល្អ​​ស្រស់​ស្រាយ​ បន្ទាប់​ពី​​បាន​បន់​ស្រន់​ចំពោះយុថ្កា​នេះ​មក  ​ពី​ព្រោះ​ពួក​គាត់​ជឿថា ​​វា​​ស័ក្កសិទ្ធិ​អាច​ព្យា​បាល​ជំ​ងឺ​បាន​”។

លោកយឿន ​ចន្ថាបាន​មាន​ប្រ​សាស​ន៍​ថា ​សាលា​រា​ជធានី​​បាន​សម្រេច​​ចិត្ត​ហើយ​ថានៅ​ទី​បំផុត​​នឹង​យក​យុថ្កា​ទាំង​ពីរ​នេះ​​​ទៅ​ដាក់​តាំង​បង្ហាញ​សម្រាប់​សាធា​រណជន​ នៅ​សួន​ជ្រោយ​ចង្វា​​ថ្មី ​​តាម​បណ្តោយ​មាត់​ទន្លេ ដែល​បច្ចុប្បន្ន​នេះ​​​​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ស្ថាប​នា។ យុថ្កា​ទី​មួយ​​ត្រូវ​បាន​​អ្នក​ស្រី​ ច័ន្ទ​ វណ្ណា ​​បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​ម្នាក់​ ដែល​ជឿ​លើ​អបិយ​ជំនឿ​ជាវ​ពី​អ្នក​នេ​សាទ ​ដែល​

បាន​រក​វា​ឃើញ ពីព្រោះ​អ្នក​ស្រី​ជឿ​​ជាក់​យ៉ាង​​មុត​មាំ​ថា ​វា​​ស័ក្ក​សិទ្ធិអាច​​ព្យា​បាល​ជំងឺ​បាន។ ទោះ​បី​ជា​អ្នក​ស្រី​មិន​ពាក់​ព័ន្ធ​នឹង​យុថ្កា​ទី​ពីរ​នេះ​ក្តី​ ក៏​អ្នក​ស្រី​និយាយ​ថា ​អ្នក​ស្រី​បាន​​យល់​សប្តិ​​ កាល​ពី​​ខែ​មុន​ថា ​​នឹង​រក​ឃើញ​យុថ្កា​​ ទីពីរ​នេះ​ទៀត។

អ្នក​​ស្រី​បាន​និយាយថា “ខ្ញុំ​បាន​យល់​សប្តិ​​ឃើញ​​អណ្តាត​ភ្លើង​ពណ៌​ខៀវ​មួយ​ចេញ​ពី​យុថ្កា​ទី​មួយ​ ហោះ​ឆ្ពោះ​ទៅ​រក​ចំណុច​ប្រ​សព្វ​នៃ​ទន្លេចតុមុខ​ ហើយ​​​ព្រះ​​បាន​​មក​​ប្រាប់​ខ្ញុំ​​​ឲ្យ​​ស្វែង​រក​អ្វី​មួយ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទន្លេ​នេះ។​

ចាប់​តាំង​ពី​ការ​យល់​សប្តិ​នោះ​មក​ ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​វិល​មុខ​ធីងធោង​​ និង​មិន​ស្រួល​ខ្លួនរហូត​​ទាល់​តែ​​រក​ឃើញ​យុថ្កា​ទី​ពីរ​នេះ​។ ពេល​នោះ​ ខ្ញុំ​ក៏​មាន​អារម្មណ៍​​ស្រួល​ភ្លាម​​មួយ​រំពេច”។

អ្នក​ស្រី​ធ្លាប់​បានអះ​អាង​រួច​​មក​ហើយ​ថា ​អ្នក​ស្រី​​​នឹង​បរិច្ចាគ​​យុថ្កា​ ដែល​អ្នក​ស្រី​បាន​ជាវ នេះជូន​ទៅ​ព្រះ​បរម​រាជ​វាំង​ ប៉ុន្តែ​សាលារាជ​ធានី​ភ្នំពេញ​ ​​បាន​​ស្នើ​សុំ​ឲ្យ​រក្សា​​វាទុក​នៅ​វត្ត​នេះ​​​ជា​​បណ្តោះ​អា​សន្ន​សិន។

អ្នក​ស្រី​ ពៅណា​គ្រីអាយុ​៦៣​ឆ្នាំ​ ជា​ប្រ​ជា​ពល​រដ្ឋ​ម្នាក់​រស់​នៅ​​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ​បាន​ទៅវត្ត​ប្រ​ជុំ​សាគរ ​ដើម្បី​​អុជ​ធូប​បួង​សួង​នៅ​ចំពោះ​​មុខ​យុថ្កា​​ថ្មី​នេះ​ កាល​ពី​ម្សិល​មិញ​។ អ្នក​ស្រី​បាន​​និយាយ​ថា កម្លាំង​ស័ក្ក​សិទ្ធិ​ខ្លាំង​របស់​យុថ្កា​នេះ​ បាន​ធ្វើ​​ឲ្យ​គាត់​វិល​មុខ​ធីង​ធោង​ រហូត​ទាល់តែ​គាត់​លុបលាង​មុខ​នឹងទឹក​មន្ត​​ ទើប​បាត់។

អ្នក​ស្រី​បាន​​និយាយថា “​ខ្ញុំ​ជឿ​ថា វាជា​វត្ថុ​បុរាណដ៏​​ស័ក្ក​សិទ្ធិ ​ដែល​អាច​ព្យា​បាល​ជំងឺ​យើង​​បាន​”។​អ្នក​ស្រី​បាន​បន្ត​ទៀត​ថា “ ​ក្នុង​មួយ​ជី​វិត​របស់​ខ្ញុំ​ ខ្ញុំ​មិន​ធ្លាប់​​បាន​​ឃើញ​យុថ្កា​ធំ​អី​បែប​នេះ​ពី​មុន​មក​ទេ”។

ប៉ុន្តែ​​យុវ​ជន​ គង់ វុទ្ធា ​អាយុ​២១​ឆ្នាំ​ ជា​និស្សិត​សាកល​វិទ្យា​ល័យ ​​​ដែល​បាន​​ឈប់​នៅ​វត្ត​​នេះ ​ដើម្បីមើលមនុស្ស​ម្នា​ផ្អើល​ឈូ​ឆរ​ទៅ​​សំពះយុថ្កា​​ទាំង​នេះ ​​បាន​និយាយថា ​ខ្លួន​មិន​ជឿ​ឡើយ។

យុវ​ជន​រូប​នេះ​បាន​​និយាយ​ថា “ អ្នក​ខ្លះ​ជឿ​ថា យុថ្កា​នេះ​ស័ក្ក​សិទ្ធិ ​និង​អាច​ព្យា​បាល​ជំងឺ​មនុស្ស​បាន​ នៅ​ពេល​ដែល​ពួក​គាត់​ទៅ​បួង​សួង​បន់​ស្រន់។ នោះ​ជា​ជំនឿ​របស់​ពួក​គាត់ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​​គិត​ថា វា​គ្រាន់​តែ​ជា​យុថ្កា​ធម្ម​តា​ប៉ុណ្ណោះ”៕

ប្រែ​សម្រួល​ដោយ​  តែមសុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស