28 C
Phnom Penh

គ.ជ.ប ត្រូវបាន​​​ជម្រុញ​​​ឲ្យ ​ហាម​​​ប្រាម​​​គណបក្ស​នយោបាយពី​​​ការ​​​ប្រើ​​​ប្រាស់​​​ធន​​​ធាន​​​របស់​​​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាលចំនួន៩បានចេញ​សេចក្តីថ្លែងការណ៍​មួយកាលពី​ចុងសប្តាហ៍មុន ​ជំរុញ​ឲ្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ ហៅកាត់ថាគ.ជ.បពង្រឹង​ច្បាប់ដែល​ហាមឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ។

សេចក្តី​ថ្លែងការណ៍​នេះចេញ​បន្ទាប់​ពី​គណៈ​កម្មាធិការ​ ដើម្បីការបោះឆ្នោត​ដោយ​​​សេរីនិងយុត្តិធម៌ចេញរបាយការណ៍​មួយ​​​ចោទថា​ មន្ត្រីរាជការ​ខ្វះ​អព្យាក្រឹតភាព​ខាង​​​នយោបាយហើយថា​ត្រូវ​​មាន​ការ​ពង្រឹង​​​ច្បាប់​ និងធ្វើ​វិសោធនកម្ម​ច្បាប់ដើម្បីរារាំង​ការរំលោភ​បែបនេះ។

លោកយ៉ុងគឹមអេង​ នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​ប្រជាពលដ្ឋដើម្បី​​អភិវឌ្ឍន៍​ និង​សន្តិភាពដែល​បានចុះហត្ថលេខា​លើ​​​សេចក្តីថ្លែងការណ៍នោះជាមួយ​អង្គការ​​ក្រៅរដ្ឋា​​​ភិបាល​មួយចំនួន​​ដូចជា​ អង្គការលីកាដូគណៈ​​​កម្មាធិការ​អព្យាក្រឹតនិងមិនលម្អៀងដើម្បី​ការបោះឆ្នោត​ដោយសេរីនិងយុត្តិធម៌​នៅ​​​កម្ពុជាបាន​មាន​ប្រសាសន៍ថា”គ.ជ.បត្រូវតែដាក់ទោស​អ្នកនយោបាយនិងគណបក្ស​ណា​ដែលប្រើប្រាស់​ធនធានរដ្ឋ”។

លោកទេពនីថាអគ្គលេខាធិការ​ គ.ជ.បបាន​មានប្រសាសន៍ថាគណៈ​កម្មាធិការ​របស់​​​លោកកំពុង​ធ្វើការ​យ៉ាង​ត្រឹមត្រូវ​ក្នុងការពង្រឹង​​​​ច្បាប់ពាក់​ព័ន្ធដោយលោកបាន​លើក​យកឧទាហរណ៍​កាល​ពីឆ្នាំ២០០៨ដែល​តាមច្បាប់​នោះខ្លួន​​បានពិន័យទាហាន​កងយោធពលខេមរ​​​​ភូមិន្ទម្នាក់​ បន្ទាប់ពី​គេបានលើក​​​​ស្លាក​​​​​​​សញ្ញារបស់គណបក្ស​ប្រជាជន​​​កម្ពុជា​​​នៅខេត្តកំពត។

លោកបានបន្តថា”គ.ជ.បបានអនុវត្តច្បាប់ហើយ​យើងមានសិទ្ធិ​ពិន័យនិងដាក់ទោស​ពួកគេតែ​ក្នុងអំឡុង​ពេល​ឃោសនា​បោះឆ្នោតនិងពេល​បោះឆ្នោត​ប៉ុណ្ណោះ”។

ទោះជាយ៉ាងណាលោកទេពនីថា​ បាន​​​បន្ថែមថាគ.ជ.បមានអំណាចអនុវត្តច្បាប់តែ​ក្នុង​រយៈពេល​១៥ថ្ងៃ​ប៉ុណ្ណោះ​មុន​​​ការ​​​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវ​ចំ​ថ្ងៃទី៣​ខែមិថុនា។លោក​​​បាន​​​ថ្លែងថាមុន​​​រយ​​​ៈ​ពេលនេះ​ការ​អនុវត្តច្បាប់គឺ​ជាការទទួលខុស​ត្រូវ​របស់​រដ្ឋាភិបាល។

លោកជាមយៀបសមាជិកសភា​មក​​​ពី​​​​គណបក្ស​ប្រជាជនកម្ពុជា​​​ បាន​បដិសេធថាគណបក្ស​​ប្រជាជន​កម្ពុជា​មិនបានប្រើ​ប្រាស់​​ធន​ធាន​រដ្ឋនោះទេហើយបាន​បដិសេធចំពោះការអះអាងរបស់​​​​អង្គការ​​​​ក្រៅរដ្ឋាភិបាល​ដែលថាទូរទស្សន៍​ជាតិ​​​កម្ពុជាដែល​ជាទូរទស្សន៍រដ្ឋបានផ្តល់ម៉ោង​ផ្សព្វផ្សាយ​ឲ្យ​គណបក្សប្រជាជនកម្ពុជា​​ច្រើនជាងគេ។​

លោក​ ជាមយៀប ​បាន​មាន​ប្រសាសន៍ថា”យើង​មិនបាន​ប្រើធនធាន​រដ្ឋដូច​​​គេចោទ​​​​ប្រកាន់នោះទេ។យើង​បានបង់ប្រាក់​​ឲ្យ​​​ប្រព័ន្ធផ្សព្វផ្សាយនិងទូរទស្សន៍ឬក៏វិទ្យុដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​របស់យើង​គ្រប់​​​ពេល​​​ផ្សាយ​ ហើយ​បាន​ចាត់ទុកការ​តវ៉ា​របស់គណ​​​បក្សប្រឆាំង​ថាជាការ​ច្រណែន។​

សេចក្តី​ថ្លែងការណ៍របស់អង្គការក្រៅរដ្ឋ​​​ា​​​ភិបាលទាំងនេះក៏បាន​ស្នើ​សុំឲ្យព្រះ​​មហា​​​ក្សត្រ​ និងរដ្ឋសភា​ជួយស្វែងរកដំណោះ​ស្រាយ​ខាងនយោបាយ​ដើម្បី​ឲ្យលោក​ សមរង្ស៊ីបាន​វិល​ត្រឡប់​មកវិញ។

លោក​ សមរង្ស៊ីបាននិរទេស​ខ្លួន​ឯង​ដើម្បី​​​​ជៀសវាងទោស​ជាប់​​​​​​ពន្ធនាគារ​​​​​​១២ឆ្នាំ​ដែល​លោកហៅ​​​​ថាជា​​​រឿង​​​នយោ​​​បាយ ​ហើយ​ថ្មីៗ​​​​​​នេះបានប្រកាសអំពី​​​​​​ផែន​​​ការវិល​​​ត្រឡប់​មកកាន់​ប្រទេស​​​កម្ពុជាវិញមុន​​​ពេល​ការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា​។

លោកជាម ​ យៀបបាន​ធ្វើការ​កត់សម្គាល់ថា​ ប្រធាន​គណបក្ស​សមរង្ស៊ី​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​ចេញ​ពីអាសនសភា​បន្ទាប់​ពី​ការ​កាត់​ទោសលោក​ ហើយ​ប្រសិន​បើលោក​ចង់​វិលត្រឡប់​មកវិញលោក​​ត្រូវតែ​ប្រឈមមុខ​នឹងការកាត់​ទោស​របស់​តុលាការ។

លោកជាម​ យៀប ​បាន​មាន​ប្រសាសន៍​បន្តថា”លោកសមរង្ស៊ីមិនមែន​ជាសមាជិក​សភាទេហើយគាត់គឺជាអ្នកទោសម្នាក់​ដែល​ត្រូវតែ​គោរព​ច្បាប់​របស់កម្ពុជា៕

ប្រែសម្រួលដោយ​ សា៊ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស