អ្នកប្រឹក្សាយោបល់ម្នាក់ ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកាលពីម្សិលមិញថា ការស្ដារឡើងវិញនូវបណ្ដាញផ្លូវដែក ដែលទ្រុឌទ្រោមនៅក្នុងប្រទេសកម្ពុជា មានរយៈពេលជិតប្រាំមួយខែ ហួសពីការគ្រោងទុក និងតម្លៃការងារក្នុងរយៈពេលជាងមួយឆ្នាំ ក៏ដូច្នេះដែរ គឺគម្រោងនេះអស់ប្រាក់ហើយ។
លោកប៉ូលផៅវើ (Paul Power) អ្នកប្រឹក្សាយោបល់គម្រោងផ្លូវដែក របស់ក្រសួងនេះបានមានប្រសាសន៍ កាលពីម្សិលមិញថាគម្រោងស្ដារផ្លូវដែក ដែលមានចម្ងាយ៦០០គីឡូម៉ែត្រ ពេលនេះនឹងត្រូវបញ្ចប់ក្នុងខែតុលា ឆ្នាំ២០១២។ លោកបានបន្ថែមទៀតថា គម្រោងនឹងចំណាយទឹកប្រាក់អស់ពី៥០ទៅ១០០លានដុល្លារ ដើម្បីបញ្ចប់គម្រោងនេះ គឺលើសពីចំនួនទឹកប្រាក់១៤០លានដុល្លារ ដែលបានដាក់បញ្ចូលក្នុងគម្រោងនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិអូស្ត្រាលី។
លោកបានមានប្រសាសន៍ថា “ យើងកំពុងតែសហការគ្នា ដើម្បីឲ្យដឹងថាតើវានឹងត្រូវចំណាយប៉ុន្មានទៀត ហើយទឹកប្រាក់នេះគួរបានមកពីណា”។ លោកបានបន្ថែមថា រដ្ឋាភិបាល និងអ្នកគាំទ្រគម្រោងនេះបានបា៉ន់ប្រមាណខុសអំពីចំនួនទឹកប្រាក់ត្រូវចំណាយលើកំណាត់ផ្លូវដែកដំបូង ដែលត្រូវស្ដារឡើងវិញនោះ ។
លោកបានមានប្រសាសន៍ថា “ នៅពេលយើងចុះទៅសិក្សាផ្លូវដែក ហើយពិនិត្យមើលថាផ្លូវដែកនេះ ជារឿយៗបែកបាក់ជាកំណាត់ៗ ដូច្នេះគេមិនទាន់ដឹងថា ត្រូវការអ្វីនោះទេ រហូតដល់យើងពិនិត្យមើល។នោះ គឺជាហេតុឲ្យមានការចំណាយកើនកាន់តែច្រើនឡើង”។
លោក ផោវើ ក៏បានមានប្រសាសន៍ផងដែរថាក្រុមហ៊ុនថល់ហូលឌីង (Toll Holdings) ដែលទទួលបានសិទ្ធិសម្បទានរយៈពេល៣០ឆ្នាំ ក្នុងប្រតិបត្តិការបណ្ដាញផ្លូវដែកជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបកម្ពុជា បានជូនដំណឹងដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈលិខិតមួយច្បាប់កាលពីថ្ងៃសុក្រថាខ្លួននឹងបញ្ឈប់ប្រតិបត្តិការទាំងអស់ នៅចុងខែនេះហើយ។
លោក ផៅវើ បានមានប្រសាសន៍ថា នៅក្នុងលិខិតនេះក្រុមហ៊ុន ថល់ ហូលឌីង បានលើកឡើងថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែមីនារហូតដល់ខែមករា ឆ្នាំ២០១៣ ហើយនឹងផ្អាកបុគ្គលិកចំនួនពាក់កណ្ដាលក្នុងចំណោមបុគ្គលិក១២០នាក់របស់ខ្លួន។ ក្រមហ៊ុន ថល់ ហូលឌីង បានផ្ដល់សិទ្ធិដល់ក្រុមហ៊ុន TSO របស់បារាំងឲ្យអនុវត្តការងារស្ថាបនាផ្លូវដែកបន្តទៀត។
លោក ទូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងចំពោះលិខិតនេះ និងបានមានប្រសាសន៍ថា ការងារអនុវត្តគម្រោងនេះនឹងបញ្ឈប់នៅចុងខែនេះ ប៉ុន្ដែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយ។គេនៅមិនទាន់ច្បាស់ថា ហេតុអ្វីក្រុមហ៊ុនថល់ហូលឌីងសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួននោះ ហើយលោក ដេវីត ឃើ (David Kerr)អគ្គនាយកក្រុមហ៊ុន ថល់ រ៉ូយ៉ាល់ អយស្ម័យយាន (Toll Royal Railways) បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញនេះ។
យោងតាមលោក ផៅវើ បានឲ្យដឹងថាទោះជាយ៉ាងណា អ្វីដែលគេដឹងគឺថាក្រុមហ៊ុន TSO ដែលជាក្រុមហ៊ុនស្ថាបនាផ្លូវដែកមិនបានបំពេញតាមកាលកំណត់ពីរលើកហើយក្នុងការបញ្ចប់គម្រោងផ្លូវដែកចម្ងាយ២៦៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ បន្ទាប់ពីពិធីបើកការដ្ឋានបណ្ដាញផ្លូវដែកក្នុងឆ្នាំ២០០៩មក ក្រុមហ៊ុននេះមុនដំបូងបានមានបំណងចង់បញ្ចប់ការងារស្ថាបនាក្នុងខែតុលា ឆ្នាំ២០១០។កាលបរិច្ឆេទនោះ ត្រូវបានពន្យារពេលរហូតដល់ខែឧសភា ឆ្នាំ២០១១ ហើយការអនុវត្តជាក់ស្តែង ក៏បានខកខានដែរ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងសាធារណការចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ការងារស្ថាបនាផ្លូវដែកពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបញ្ចប់បានត្រឹម៥២ភាគរយប៉ុណ្ណោះ ខណៈដែលបណ្ដាញផ្លូវដែកចម្ងាយ៣៨៦គីឡូម៉ែត្រ រវាងរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែតបញ្ចប់បានត្រឹមតែ១៨ភាគរយ។
បណ្ដាញផ្លូវដែកទី៣ ដែលមានចម្ងាយ៤៨ គីឡូម៉ែត្រ រវាងក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ បានបញ្ចប់រួចរាល់ហើយ។
ADBបានចេញសេចក្ដីប្រកាសមួយ កាលពីម្សិលមិញដោយលើកឡើងថា ការផ្អាករបស់ក្រុមហ៊ុន ថល់ ហូលឌីង និងឈានទៅរកការពន្យារពេលគម្រោងបន្ថែមទៀត។ សេចក្ដីប្រកាសនេះលើកឡើងថា“ធនាគារអភិវឌ្ឍន៍អាស៊ីព្រួយបារម្ភថាប្រសិនបើរថភ្លើង ដែលត្រូវប្រើប្រាស់ សម្រាប់ការងារគម្រោងស្តារផ្លូវដែកលែងមានទៀតហើយនោះ ការផ្អាកអាចនាំមកនូវការពន្យារពេលតទៀតដល់ការស្ថាបនាផ្លូវ”។ សេចក្ដីប្រកាសនេះបន្ថែមទៀតថា ផ្លូវដែកនេះ បានធ្វើឲ្យមានការពន្យារពេល ដោយសារទឹកជំនន់បានជន់លិចយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំទៅ និងបញ្ហាស្មុគស្មាញទាក់ទងនឹងការរើលំនៅដ្ឋានរបស់អ្នកភូមិ។ លោក ផោវើ បានមានប្រសាសន៍ថាពេលនេះគម្រោងមិនអាចបញ្ចប់មុនចុងឆ្នាំ២០១៣ទេ។
លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៅក្រសួងសាធារណការ បានមានប្រសាសន៍ថា ការពន្យារពេលគម្រោងនេះបាននាំឲ្យការរំពឹងទុករបស់ក្រុមហ៊ុន ថល់ហូលឌីងក្នុងការស្វែងរកប្រាក់ចំណេញត្រូវបានកាត់បន្ថយ ហើយវាអាចជាហេតុផលសម្រាប់ពួកគេក្នុងការផ្អាកគម្រោងនេះ។
លោកបានមានប្រសាសន៍ថា “ ក្រុមហ៊ុន ថល់ ហូលឌីង ចំណាយលុយច្រើនណាស់ ក៏ប៉ុន្ដែគេទទួលបានប្រាក់ចំណេញតិចតួចបំផុត ដូច្នេះខ្ញុំគិតថា វាជាហេតុផលនាំឲ្យមានការផ្អាកនេះ”៕
ប្រែសម្រួលដោយ ចេវប៊ុននី