29 C
Phnom Penh

ប្រទេស​​​កម្ពុជា​​​គ្រោង​​​នឹង​​​បញ្ជូន​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឲ្យ​​​ទៅ​​​ចូលរួម​​​ពិនិត្យ​​​ការ​​​បោះឆ្នោត​​​នៅភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ខៀវកាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌​មាន​ បាន​មាន​ប្រ​សាសន៍ ​កាល​ពី​ម្សិល​មិញ​ថា ​ប្រទេស​កម្ពុជា​បានយល់​ព្រម​បញ្ជូន​អ្នក​សង្កេត​ការណ៍​ តាម​ការ​ស្នើ​សុំពី​សំណាក់​ប្រទេស​​​​ភូមា​ ដើម្បី​ត្រួត​ពិនិត្យ​មើលដំណើរ​​​ការ​បោះ​ឆ្នាត ​ជា​ប្រ​វត្តិ​សាស្រ្ត​ របស់​ភូមា​នៅ​ខែ​មេសា​ខាង​មុខ​នេះ។

លោក​ ខៀវ​ កាញារីទ្ធ​ បានមាន​​​ប្រសា​​​សន៍ ​ប្រាប់ក្រុមអ្នក​យក​ព័ត៌មាន ​បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែននិងលោក​ ថេនសេន ​ប្រធានា​ធិបតីភូមា​ថាលោក​ ថេនសេន ​បាន​សន្យា​ថារដ្ឋាភិបាល​របស់លោកដែល​គាំទ្រដោយយោធានឹងរៀបចំការ​​​បោះ​​​ឆ្នោត​ប្រកប​ដោយ​តម្លាភាព​។

ប្រទេស​ភូមា​បានអញ្ជើញ​ប្រទេស​ជា​​​សមាជិក​​​​អាស៊ាន ​ជិតខាង​របស់ខ្លួន ​និងប្រទេស​​​​ដទៃ​​​ទៀត​ ឲ្យចូលរួម​សង្កេតការណ៍​បោះ​​​ឆ្នោត​​​​របស់ខ្លួន​ នៅក្នុង​ខែមេសា​ ដែលត្រូវបាន​​​ប្រកួតប្រជែងជាលើកដំបូង​ ជាមួយ​នឹង​​​លោកស្រីអ៊ុង​ សានស៊ូជីដែលជា​ម្ចាស់ពាន​រង្វាន់​ណូ​បែល​សន្តិភាព​ មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ​ចាប់​តាំងពីឆ្នាំ១៩៩០​​​មក។គណបក្ស​សម្ព័ន្ធជាតិ​ប្រជា​ធិបតេយ្យ​បានឈ្នះ​ឆ្នោត​ កាលពី​ការ​បោះឆ្នោត​លើក​​​មុនប៉ុន្តែ​មេដឹកនាំ​យោធា​បាន​ច្រាន​ចោល​នូវលទ្ធផល​បោះឆ្នោត​នោះ។

ចាប់តាំង​ពីចូលកាន់​អំណាចតាម​ការ​បោះឆ្នោត​មួយ ​ដែល​គេចាត់​ទុកថា​ ជាការ​បោះឆ្នោតបែបលេង​សើច​នៅ​ឆ្នាំ២០១០រដ្ឋាភិបាល​របស់​លោក​ ថេន​ សេន ​បានចា​ប់ផ្តើម​ធ្វើ​កំណែ​ទម្រង់​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​​​ខ្លាំង ​ដូចជា​ការ​លុបចោលពីការ​ឃុំឃាំង​លោកស្រីស៊ូជីនៅក្នុងផ្ទះ​ ការ​ដោះលែង​អ្នក​​​ទោស​នយោបាយ​រាប់រយ​នាក់និង​ការ​បន្ធូរបន្ថយ​នូវ​ការរឹតបន្តឹង​ខាង​សេរីភាពសារ​ព័ត៌មាន។គេយល់​ឃើញ​ថាការ​បោះឆ្នោត​នៅ​​​ខែក្រោយនេះ​ គឺជា​ការ​សាក​​​ល្បង​​​បង្ហាញ​​​​ឲ្យ​ឃើញ​ពី​​ការខិតខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ភូមា​ ក្នុងការ​ធ្វើកំណែ​ទម្រង់​ជាច្រើន​ ដើម្បី​ឲ្យ​ទទួលបានការ​​​លុប​ចោល​ទណ្ឌកម្ម​ផ្នែកសេដ្ឋកិច្ច។

លោក ​ខៀវកាញារីទ្ធ​ បាន​មាន​ប្រសាសន៍ថា“ប្រធានា​ធិបតី​ភូមា​បាន​ធានា​ថាលោក​នឹង​ព្យាយាម​ធ្វើឲ្យ​ការ​បោះឆ្នោត​មាន​តម្លាភាពនិង​អាច​ទទួល​យក​បាន។នេះ​គឺជា​ហេតុ​ផល​ ដែល​លោក​ចង់​ឲ្យមាន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត”​។

កាល​ពី​ថ្ងៃច័ន្ទ​ សមាគម​អាស៊ាន ​បាន​អះ​​​អាង​ថាប្រទេស​ភូមា​បាន​អញ្ជើញ​រដ្ឋ​ជា​សមាជិក​ឲ្យ​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់ខ្លួនទៅចូលរួម​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត។

កាល​ពីម្សិល​មិញ​ លោក​ ខៀវកាញារីទ្ធ ​បាន​បន្ថែម​ថា ​ប្រធានា​ធិបតី​ភូមា​បានសម្រេច​​​ចិត្តមួយជំហានទៀត​​។ក្រៅពី​មានអ្នកសង្កេត​​​ការណ៍មកពីបណ្តាប្រទេសជា​សមាជិក​អាស៊ាន​ លោក ​ ខៀវ ​កាញារីទ្ធ ​​លើក​ឡើង​​​​ថា​ លោក ​ ថេនសេន​ ក៏​បាន​អញ្ជើញ​ “ប្រទេស​​​​ផ្សេងៗ​ទៀត​ដែរដូចជា​ប្រទេសចិន ​ជប៉ុន​ សហរដ្ឋអាមេរិក​ អូស្ត្រាលីនូវែល​សេឡង់​ និង​ឥណ្ឌា​ឲ្យ​បញ្ជូន​អ្នក​សង្កេត​ការណ៍របស់ខ្លួន​​ សម្រាប់ត្រួតពិនិត្យក្នុង​អំឡុង​ពេល​បោះឆ្នោតនៅភូមា​”។

លោក​ ខៀវ ​កាញារីទ្​្ធបាន​ឲ្យដឹង​ទៀត​​​ថាប្រទេស​កម្ពុជា​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​​​ខ្លួន​ទៅ​ភូមា​ ប៉ុន្តែ​មិនទាន់​សម្រេច​​ថា​ តើ​ត្រូវ​បញ្ជូន​នរណា​នោះទេ។ប្រទេស​កម្ពុជា​បាន​តវ៉ាម្តង​ហើយ​ម្តង​ទៀត ​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​លោក​ខាងលិច​ប្រឆាំង​នឹង​ប្រទេស​ភូមា ​ហើយ​លោកថេន​ សេន​ បាន​យក​ឱកាស​នេះ​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ ហ៊ុនសែន​។

លោក​ ខៀវកាញារីទ្ធ​ បាន​ថ្លែងថា​ “លោក​បាន​អរគុណ​ប្រទេស​កម្ពុជាដែល​បាន​គាំទ្រ​ប្រទេស​ភូមា​ទាំង​នៅក្នុង​តំបន់ ​និង​នៅលើ​​​ឆាក​​​​អន្តរជាតិ”។ លោក​ ខៀវកាញារីទ្ធបាន​​​មានប្រសាសន៍​ថាលោក ​ ហ៊ុន ​សែន​ និង​លោក​ ថេន​ សេន​ ក៏បាន​ពិភាក្សា​គ្នា​អំពី​ការពង្រឹង​ទំនាក់ទំនង​​​ខាង​ពាណិជ្ជកម្ម ​និង​ទេសចរណ៍ ​ព្រម​ទាំង​ពិភាក្សា​អំពី​ការ​បង្កើត​សមាគមនាំអង្ករ​ចេញ​​​ថែម​​​ទៀតផងដែរ។លោក​​ ថេន ​សេន ​បាន​កំណត់​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ៕

ប្រែស​ម្រួល​ដោយ ​ ហួង ​កុក​ទៀន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស