31 C
Phnom Penh

រាជរដ្ឋាភិ​បាល​​​កម្ពុជា កំពុង​​​តែខិតខំជំរុញការ​​​ផ្តល់​ដី​សម្ប​ទាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទិន្ន​ន័យ​ ចេញដោយ​​អង្គ​ការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​​បាន​ឲ្យ​ដឹង​​កាល​​ពី​ម្សិលមិញ​​ថា ​រដ្ឋា​ភិបាល​​បាន​​ផ្តល់​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​​ប្រ​ហែល​៣០០.០០០​ហិកតា​រួច​ទៅ​ហើយ​ រហូត​មក​ទល់​​​នឹង​​ឆ្នាំ​នេះ។

តាមតួ​លេខ​នេះ ​គឺដីសម្បទាន​មាន​ទំហំ​ស្មើ​នឹង​៤០​ភាគ​រយ​នៃ​​ដី​​សម្ប​ទាន​សរុប​ ដែល​​ត្រូវបាន​ផ្តល់​ឲ្យ​​ក្នុងឆ្នាំ២០១១​​ដោយ​​​​បាន​​ធ្វើ​ឲ្យ​មាន​​ការ​​ព្រួយ​បារម្ភ​​ថែម​ទៀត ពី​សំណាក់​​អង្គ​ការ​សិទ្ធិ​​មនុស្ស ចំពោះ​សន្ទុះនៃ​​ការ​ផ្តល់​​ដី​សម្ប​ទាន​ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​ក្រី​​ក្រ​បំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា។​

យោង​តាម​តួ​លេខ​ដែល​​អង្គ​​ការ​អាដហុក​បាន​បញ្ចេញ​​នេះ​​​​ឲ្យ​ដឹង​ថា ​​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ដី​ទំហំ​​ជាង​២,៥​លាន​ហិក​តា​​កំពុង​ត្រូវ​បាន​ជួល​​តាមរូបភាពដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ហើយ​បើគិត​មក​​ត្រឹម​ដំណាច់​ឆ្នាំ​២០១១​ ​មានក្រុម​ហ៊ុន​ឯក​ជន​ចំនួន​២២៥​​ទទួល​បាន​ដី​សម្ប​ទាននេះ។

​​លោក ​ធនសារាយ ​ប្រ​ធាន​អង្គ​ការ​អាដ​ហុក ​បាន​​មាន​ប្រ​សាសន៍​ថា ​គ្រាន់​តែ​កាល​ពី​ឆ្នាំ​មុន​ ដីទំហំ​៧៥១.៨៨២​ហិក​តា​ត្រូវ​បាន​ផ្តល់​ជា​ដី​សម្ប​ទាន​ ដោយ​២​ភាគ​៣​នៃ​ដី​ទាំង​នោះ ​មាន​ទី​តាំង​​​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃការ​ពារ។ ថ្លែង​កាល​ពី​ម្សិល​មិញ នៅ​​ពេល​ចាប់​ផ្តើម​

​បញ្ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្តី​ពី​សិទ្ធិ​ដី​ធ្លី និង​សិទ្ធិ​លំនៅ​ដ្ឋាន​​ ​លោក ​ធន​សារាយ បាន​លើក​ឡើង​ថា “ ​តួ​លេខ​​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​​​មិន​មាន​ដី​នៅ​សល់​ច្រើន សម្រាប់​ផ្តល់​ជា​​​សម្ប​ទាន​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ទៀត​ទេ”។

លោក​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ​​តួ​លេខ​​​ពិត​ប្រា​កដ​ទំនង​​ជា​ខ្ពស់​ជាង​នេះ​ទៅ​​ទៀត​ ដោយ​លោក​គូស​បញ្ជាក់​ថា ​របាយ​ការ​ណ៍​នេះ​មិន​​​រាប់​បញ្ចូល​​ដី​សម្ប​ទាន​សម្រាប់​រុករករ៉ែ​ចំនួន​៥៦​កន្លែង​ និង​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​ចំនួន​២២​កន្លែង​ ដែល​ត្រូវ​បាន​ផ្តល់​​ឲ្យ​​កាល​ពី​ឆ្នាំ​មុន​នោះ​​ទេ។

លោក​បាន​មាន​ប្រ​សាសន៍​ថា “ ​យើង​ពិត​ជា​មាន​​ការ​ព្រួយ​បារម្ភ​​​​ណាស់​ថា ​នៅ​​រយ:​ពេល​ពីរ​បី​ឆ្នាំ​​ខាង​មុខ​ទៀត នឹង​លែង​មាន​តំបន់​ដី​ការ​ពារ​ទៀត​ហើយ”។

រ​បាយ​ការណ៍​​​​៣២​ទំព័រ​នេះ ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​នូវ​បញ្ហា​ដីធ្លី​នានា​​ ដោយ​រួម​​ទាំ​ង​​ការ​​កើន​ឡើង​​ នៃការ​តវ៉ា​ដោយ​ហិង្សា ​និងផល​ប៉ះ​ពាល់ដោយការ​បណ្តេញ​ចេញ​ ក៏ដូចផល​ប៉ះ​ពាល់​ផ្នែក​ហិ​រញ្ញ​វត្ថុ​​​ទៅ​លើ​គ្រួ​សារ​ ដែល​កំពុង​តែ​មាន​វិវាទ​ដី​ធ្លី​ផងដែរ។

​របាយ​ការណ៍​នេះ​បញ្ជាក់​ថា ​រហូត​មក​ទល់​នឹង​ដំណាច់​ឆ្នាំ​២០១១​​​ មាន​ប្រជា​ពល​រដ្ឋ​ជាង​២០០.០០០​គ្រួ​សារ​​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ដី​សម្បទាន​​​សេដ្ឋ​កិច្ច​ ​ដែល​​​នាំ​ឲ្យ​មានផល​ប៉ះ​ពាល់​​យ៉ាង​ធ្ងន់​ធ្ងរ។ លោកធនសារាយ ​បាន​មាន​ប្រ​សាសន៍​ថា “ មាន​​ផល​ប៉ះ​ពាល់​ជា​ច្រើន​​កើត​ចេញ​ពី​ដី​​សម្បទាន​​សេដ្ឋ​កិច្ច​ ហើយ​មាន​តែ​ក្រុម​ហ៊ុន​ធំៗ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍”។

លោក​មាន​ប្រ​សាសន៍​ទៀត​ថា ​ការ​សន្យា​​បង្កើត​​ការ​ងារ និង​ការ​អភិ​វឌ្ឍ​​ កម្រ​នឹង​​បាន​ផ្ដល់​ផលប្រយោជន៍ដល់​​ប្រ​ជា​ជន​​​រង​ផល​ប៉ះ​ពាល់ទាំង​នោះ​ណាស់។

​លោក​បាន​មាន​ប្រ​សាសន៍​ថា “ រដ្ឋា​ភិបាលជឿ​ថា វា​ជា​គោល​នយោ​បាយ​សម្រាប់អភិ​វឌ្ឍ​តាមរយៈការ​​ផ្តល់​​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​ពី​ព្រោះ​វា​ជួយ​បង្កើត​ការ​ងារ​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​​​ក្នុង​មូល​ដ្ឋាន​ ហើយ​បែប​នោះមិន​ប្រាកដថាត្រឹម​ត្រូវទាំអស់នោះទេ​”។

ផ្ទុយ​ទៅ​វិញ ​​អ្នក​ភូមិ​​ដែល​ជា​កសិករ​​រក​បាន​ត្រឹម​តែ​មួយ​​​ចម្អែត​ក្រ​ពះ ​ត្រូវ​បង្ខំ​ចិត្ត​​ស្វែង​​រក​ការ​ងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​ នៅ​ពេល​​

​​​ពួកគាត់​បាត់​បង់​​ដី​ធ្លី​របស់​ខ្លួន។

លោក​​បាន​មាន​ប្រ​សាសន៍​ថា “ ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​​​ទៅ​​ធ្វើ​ការ​ងារ​​ដោយ​ប្រថុយប្រថាននៅ​ក្នុង​ប្រទេស​ថៃ ​ឬ​ប្រទេស​ម៉ាឡេ​ស៊ីពី​ព្រោះ​​​នៅ​តាម​តំបន់​​ដីសម្ប​ទាន ​​គ្មាន​ការងារ​​សម្រាប់​ឲ្យ​​ពួក​គាត់​ធ្វើ​នោះ​ឡើយ​”។

ខណ:ដែល​បុគ្គល​​​ទទួល​​បាន​​អត្ថ​​ប្រ​យោជ​ន៍​តិច​តួច​នោះ ការផ្តល់ដីសម្ប​ទាន​សេដ្ឋ​កិច្ច​បាន​ក្លាយ​ជា​ប្រាក់​ចំណូល​យ៉ាង​ក្រាស់​ក្រែល​ សម្រាប់​រដ្ឋា​ភិបាល។​យោងតាម​ការ​ប៉ាន់​ប្រ​មាណរបស់​អង្គ​ការ​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា ​​ ផ្អែក​លើ​​ថវិ​កា​​ជាតិ​ឆ្នាំ​២០១០​​របស់​រដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ពេល​ថ្មីៗ​បំផុត​នេះ ​​រដ្ឋា​ភិ​បាល​​អាចរក​ចំណូល​បាន​ប្រ​ហែល​២០​លាន​ដុល្លារ​ពី​សម្ប​ទា​ន​ដី​សេដ្ឋ​កិច្ច៕

​ប្រែ​សម្រួល​ដោយ តែមសុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស