សាលារាជធានីភ្នំពេញបានប្រកាសនៅតាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រថាក្រុមហ៊ុនសាជីវកម្មវិនិយោគទុនកម្ពុជាក្រៅប្រទេស (OCIC) កំពុងតែសិក្សាពីលទ្ធភាពសាងសង់ផ្លូវក្រោមដីប្រវែង២៧២ម៉ែត្រ នៅពីក្រោមចំណុចប្រសព្វគ្នារវាងមហាវិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធស្ថាបត្យករមកពីក្រុមហ៊ុន OCIC បានជួបពិភាក្សាជាមួយលោកកែបជុតិមាអភិបាលសាលារាជធានីភ្នំពេញហើយបានបង្ហាញលោកនូវគំនូប្លង់ដំបូងសម្រាប់សាងសង់ផ្លូវក្រោមដីនេះដែលមានទទឹង១៤ម៉ែត្រហើយអាចឲ្យរថយន្តកំពស់៣,៥ម៉ែត្របើកបរបាន។ផ្លូវក្រោមដីនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើនឡើងនៅត្រង់ចំណុចផ្លូវប្រសព្វដែលមានចរាចរណ៍មមាញឹកនេះនៅរាជធានីភ្នំពេញមានរថយន្តប្រហែល ២៣០,០០០ គ្រឿងនិងម៉ូតូប្រហែល៩០០,០០០គ្រឿងហើយប្រសិនបើគ្មានប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅពេល
ឆាប់ៗនេះទេចរាចរណ៍នឹងមានការកកស្ទះកាន់តែខ្លាំង។លោកកែបជុតិមាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា“វាជាគម្រោងថ្មីមួយនិងជាដំណោះស្រាយមួយទៀតសម្រាប់ បញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ”។ លោកបានបន្ថែមទៀតថាការសាងសង់ផ្លូវក្រោមដីនោះត្រូវចំណាយប្រាក់ប្រមាណពីរលានដុល្លារ។
លោកកែបជុតិមាក៏បានមានប្រសាសន៍ផងដែរថាក្រុមហ៊ុន OCIC នៅមានការងារដែលត្រូវធ្វើច្រើនទៀតនៅក្នុងដំណាក់កាលសិក្សាដំបូងដូចជាការគូរប្លង់ជម្រើសផ្សេងៗទៀតមុនពេលការងារសាងសង់គម្រោងនេះចាប់ផ្តើម។កាលពីបីឆ្នាំកន្លងទៅសាលារាជធានីបានត្រួតពិនិត្យគម្រោងសាងសង់ផ្លូវក្នុងរាជធានីភ្នំពេញដើម្បីបញ្ចៀសការកកស្ទះររាចរណ៍តាមដងផ្លូវក្នុងរាជធានី។
កាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកសម្ពោធឲ្យប្រើប្រាស់ស្ពានអាកាសមួយដែលបានសាងសង់ដោយក្រុមហ៊ុនOCICនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធ និងមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក។ស្ពានអាកាសបន្ទាប់នឹងត្រូវបានបញ្ចប់នៅមុនពេលបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ហើយស្ពានអាកាសនោះនឹងឆ្លងកាត់ស្ទឹងមួយនៅស្ទឹងមានជ័យដែលជាកន្លែងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារតែចំនួនអ្នកបើកបរយានយន្តចេះតែកើនឡើងនៅក្នុងរាជធានីភ្នំពេញ។ ស្ពាននេះក៏សាងសង់ដោយក្រុមហ៊ុនOCIC ដែរ។
លោក ទូច សំណាង ជាស្ថាបត្យករ និងជាប្រធានគម្រោងរបស់ក្រុមហ៊ុន OCIC បាននិយាយថាវិស្វករកំពុងតែសិក្សាពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកក្នុងរាជធានីអំឡុងពេលសាងសង់ផ្លូវក្រោមដីត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្ស។លោកក៏បានបញ្ជាក់ផងដែរ ថាការសាងសង់គម្រោងនេះនឹងត្រូវប្រើពេលប្រហែលប្រាំមួយខែ៕(រាយការណ៍បន្ថែមដោយ Abby Seiff)
ប្រែសម្រួលដោយ ហួង កុកទៀននិងស៊ា ស៊ុយឈាង