កាលពីម្សិលមិញ នៅឯស្ថានទូតចិនក្នុងរាជធានីភ្នំពេញ មានអ្នកតំណាងប្រជាពលរដ្ឋប្រាំនាក់មកពីសហគមន៍បឹងកក់បានប៉ុនប៉ងដាក់ញត្តិមួយជូនប្រធានាធិបតី ហ៊ូ ជីនថាវ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងការបណ្ដេញពួកគាត់ចេញពីតំបន់បឹងកក់ ។
ស្ត្រីទាំងប្រាំនាក់ដែលត្រូវបានគេណែនាំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញនោះ បានឲ្យដឹងថា នៅឯស្ថានទូត ពួកគាត់បានជួបមន្ត្រីនគរបាល១០នាក់ ដែលបានប្រាប់ពួកគាត់ថាស្ថានទូតបិទទ្វារមិនធ្វើការទេថ្ងៃនេះហើយបានប្រាប់ឲ្យពួកគាត់មើលសេចក្តីប្រកាសមួយដាក់នៅទ្វារចូល ដែលសេចក្តីប្រកាសនោះសរសេរថា ស្ថានទូតនឹងចូលធ្វើការវិញនៅថ្ងៃទី៥ខែមេសា។
ចេង ឡេ លេខាទី៣ ប្រចាំស្ថានទូតចិនបានបញ្ជាក់ថា ស្ថានទូតមិនធ្វើការទេ ពីព្រោះក្រុមមន្ត្រីកំពុងជាប់រវល់ជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជីនថាវ ប៉ុន្តែបានបដិសេធថា មិនមែនបិទដើម្បីរារាំងអ្នកតវ៉ាមិនឲ្យបង្ហាញពីកង្វល់របស់ពួកគាត់នោះទេ។ លោក ហ៊ូ ជីនថាវ បានចាកចេញពីប្រទេសកម្ពុជាកាលពីម្សិលមិញ។
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលៃទុកដី១២,៤៤ហិកតាសម្រាប់គ្រួសារដែលត្រូវបានបណ្ដេញចេញពីបឹងកក់ដោយសារគម្រោងរបស់ក្រុមហ៊ុន ស៊ូកាគុ អុីនដែលមានលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជន ជាប្រធាននិងឧបត្ថម្ភដោយក្រុមហុ៊នវិនិយោគទុនចិននោះតំណាងសហគមន៍ទាំងប្រាំរូបនេះ ថ្លែងថាមានបញ្ហាជាច្រើនមិនទាន់បានដោះស្រាយ។
ញតិ្តដែលមានស្នាមមេដៃអ្នកភូមិចំនួន២៩នាក់នេះ បានជំរុញឲ្យលោក ហ៊ូ ជិនថាវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ៩៤គ្រួសារដែលត្រូវបានបណ្តេញចេញពីដីទំហំ១២, ៤៤ហិកតានេះ ទទួលបានប័ណ្ណកម្មសិទ្ធិដី និងឲ្យមានការកំណត់ព្រំប្រទល់ដី១២,៤៤ហិកតានេះឲ្យបានច្បាស់លាស់។ អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិសហគមន៍បឹងកក់និយាយថា “យើងចង់ឲ្យលោក ហ៊ូ ជីនថាវ ប្រធានាធិបតីនៃសាធារណរដ្ឋចិន ជួយជំរុញរដ្ឋាភិបាល ក្រុមហ៊ុនចិននេះនិងក្រុមហ៊ុន ស៊ូកាគុ អុីនឲ្យដោះស្រាយបញ្ហាដែលមិនទាន់ចប់នេះ”៕
ប្រែសម្រួលដោយហម សុផាណ្ណា